រហូតមកដល់ខែមេសា ឆ្នាំ២០២២ នេះ គឺមានរយៈពេល៤៧ឆ្នាំមកហើយ ចាប់តាំងពីរបបខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្នុងរយៈពេលជាង៣ឆ្នាំតែប៉ុណ្ណោះដែលកងយោធារបស់ខ្មែរក្រហមឡើងគ្រប់គ្រងអំណាច របបនេះបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ប្រមាណជាងពីរនាក់ និងបានបំផ្លាញស្ទើរទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ សាសនា ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ ។ នៅពេលបច្ចុប្បន្ន មាន ប្រជាជនដែលមានអាយុលើសពី៥០ ប្រមាណជាង៥លាននាក់តែប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនោះ នៅតែចងចាំអំពីទុក្ខលំបាកនិងហេតុការណ៍ដ៏ភ័យរន្ធត់ដែលខ្លួនបានជួបប្រទះ និងបានចាប់ផ្តើមកសាងប្រទេសជាតិឡើងវិញដោយគ្មានអ្វីទាំងអស់ ជាមួយនឹងភាពទ្រុឌទ្រោមដែលបន្សល់ទុកពីរបបនេះ។ ទោះបីយ៉ាងណា រហូតមកទល់នឹងពេលសព្វថ្ងៃ សាច់រឿងរបស់អ្នករានមានជីវិតទាំងនោះ មិនទាន់ត្រូវបានលាតត្រដាង និងផ្សព្វផ្សាយឲ្យបានទូលំនៅឡើយ។
មជ្ឈមណ្ឌលឯកសារកម្ពុជាដោយមានការគាំទ្រពីប្រទេសជាដៃគួ និងរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតកម្មវិធីជាច្រើនដើម្បីឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាចរៀបរាប់សាច់រឿងខ្លួន តាមរយៈការបង្កើតកម្មវិធី វេទិកាប្រវត្តិសាស្រ្តគ្រួសារដែលអ្នករស់មានជីវិតពីរបបខ្មែរក្រហមអាចរៀបរាប់ពីរឿងរ៉ាវរបស់ខ្លូនប្រាប់ទៅដល់កូនចៅ និងសាច់ញាតិរបស់ខ្លួន, វេទិកាថ្នាក់រៀនស្តីអំពីការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដែលផ្តល់ឱកាសឲ្យសិស្សសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យតាមរយៈគ្រូឧទ្ទេស និងវាគ្មិនធ្វើបទបង្ហាញ និង គម្រោងសុខភាព និងប្រវត្តិសាស្រ្ត ដែលមានក្រុមអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលរស់នៅតាមតំបន់ដាច់ស្រយាលទូទាំងប្រទេសកម្ពុជា រាប់ពាន់នាក់ កំពុងចុះទៅសួរសុខទុក្ខ និងស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងស្តាប់រឿងរ៉ាវរបស់គាត់។ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា នឹងកត់ត្រា រួចហើយសរសេរសាច់រឿងរបស់អ្នករស់រានមានជីវិតរបបខ្មែរក្រហមទាំងនោះដើម្បីបោះពុម្ពផ្សាយនៅលើគេហទំព័រសារព័ត៌មាន, ទស្សនាវដ្តីស្វែងរកការពិត និងចែកជូនសាធារណជនដើម្បីអាន។
សាច់រឿងរបស់អ្នករស់រានមានជីវិតទាំងនេះ គឺជាឯកសារប្រវត្តិសាស្រ្ត និងនៅតែមានសារប្រយោជន៍សម្រាប់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ ខណៈដែលប្រទេសជាច្រើននៅពិភពលោកនៅតែបារម្ភពីការកើតឡើងនូវអំពើហិង្សា និងកាប់សម្លាប់យ៉ាងរង្គាល ដែលនាំទៅដល់អំពើប្រល័យពូជសាសន៍។
អត្ថបទ ៖ សោម ប៊ុនថន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា