នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម រួមមានឡុង ដានី សុខ វណ្ណៈ គាត ស្រីឡែន និង ឈុំ រ៉ា បានចុះទៅធ្វើការងារនៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅវេលាម៉ោង៩៖៣០ នាទីព្រឹកថ្ងៃដដែល ក្រុមការងារបានមកដល់សាលាឃុំជាំ និងជួបជាមួយលោកមេឃុំជាំឈ្មោះ មើក នូវ និងជំនួយការរដ្ឋបាលឃុំឈ្មោះ ខា សារឿន។ បន្ទាប់ពីបានណែនាំខ្លួន និងបង្ហាញលិខិតអំពីការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្មដល់លោកមេឃុំ មើក នូវ រួចមក ឡុង ដានី បានធ្វើបទបង្ហាញអំពីគម្រោងនៃការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម (១៩៧៥ -១៩៧៩)។ គម្រោងសុខភាពនេះមានគោលបំណងដូចខាងក្រោម ៖
១) ដើម្បីធ្វើឲ្យប្រសើរឡើងស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅតាមគោលដៅដែលបានកំណត់អាយុចាប់ពី៥០ឆ្នាំឡើង គឺជាអ្នកដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម (១៩៧៥-១៩៧៩)។
២) លើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ និងការទទួលបានសេវាកម្មសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
៣) ធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមសហគមន៏ដាច់ស្រយាលសម្រាប់ជាព័ត៌មានមូលដ្ឋានក្នុងការរៀបចំជំនួយអភិវឌ្ឈន៏នាពេលអនាគតដល់ប្រជាជនក្នុងសមហគមន៏។
បន្ទាប់ពីធ្វើបទបង្ហាញចប់ ឡុង ដានី បានជម្រាបលោកមេឃុំ មើក នូវ ពីពេលវេលានៃការចាប់ផ្តើមការងារគម្រោងពីខែមីនា ឆ្នាំ២០២២ នេះ និងខែបន្តបន្ទាប់ទៅ ក្រុមការងារនឹងចុះជួបដើម្បីស្តាប់រឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងស្ថានភាពសុខភាពរបស់ពួកគាត់នៅតាមភូមិនីមួយៗក្នុងឃុំជាំ ស្រុកមេមត់។ បន្ទាប់មកអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាចទៅពិនិត្យសុខភាពនៅតាមមន្ទីរពិនិត្យ និងសម្រាកព្យាបាលជំងឺដែលជាដៃគូររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម នៅឃុំទន្លូង (បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ វេជ្ជបណ្ឌិត តាំង ស៊ីមាន) នៅទីរួមស្រុកមេមត់ (មន្ទីរសម្រាកព្យាល និងសម្ភពមេឌីកា២៤ម៉ោង) និងនៅស្រុកត្បូងឃ្មុំ (មន្ទីរពេទ្យ KV) បានដោយឥតគិតថ្លៃ។
លោកមេឃុំ មើក នូវ បានមានប្រសាសន៍ថា លោកមានការរីករាយដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានចុះមកជួបសួរនាំប្រជាជនរបស់លោកដែលធ្លាប់បានឆ្លងកាត់ការលំបាកវេទនាក្នុងរបបខ្មែរក្រហម និងអាចឲ្យពួកគាត់ទៅពិនិត្យសុខភាពដោយមិនអស់ថវិកាថែមទៀត។ ជាចុងក្រោយលោក មើក នូវ បានទូរសព្ទផ្តល់ដំណឹងដល់មេភូមិទាំងអស់ក្នុងឃុំជាំឲ្យបានដឹងអំពីវត្តមានរបស់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មចុះទៅជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិរបស់គាត់នៅក្នុងពេលឆាប់ៗខាងមុខនេះ។
អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម