នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកធ្វើទស្សនកិច្ចមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនៃស្រុកអន្លង់វែងជាទីដែលសង្គ្រាមត្រូវបានបញ្ចប់ និងសន្តិភាពចាប់ផ្តើមកើតមានឡើងវិញ។ លោកជំទាវឯកអគ្គរដ្ឋទូតបានក្លាយទៅជាអ្នកការទូតទីពីរនៃបណ្តាប្រទេសអាស៊ានដែលបានអញ្ជើញមកដល់តំនប់អន្លង់វែង ខណៈដែលប្រទេសកម្ពុជាកំពុងធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន។
នៅវេលាម៉ោង៨:០០នាទីព្រឹក លោកជំទាវឯកអគ្គរដ្ឋទូតបានមកដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ មានគោលបំណងស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រអន្លង់វែងដែលជាទីតាំងតស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម។ ស្រុកអន្លង់វែង មានទីតាំងប្រវត្តិសាស្រ្តចំនួន១៤កន្លែងដែលបម្រើឲ្យគោលដៅទេសចរណ៍ជាតិ និងអន្តរជាតិ។
នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកជំទាវអគ្គរដ្ឋទូតនេះ បណ្ឌិត លី សុខឃាង ក៏បានបង្ហាញអំពីកិច្ចការងារមួយចំនួនទាក់ទងនឹងការបង្កើតវេទិកាថ្នាក់រៀនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
បន្ទាប់មក លោកជំទាវឯកអគ្គរដ្ឋទូត បានធ្វើដំណើរឆ្ពោះទៅកាន់អតីតផ្ទះ ប៉ុល ពត និង ខៀវ សំផន, អតីតផ្ទះប្រជុំរបស់ តាម៉ុក នៅលើភ្នំដងរែក និងសារមន្ទីរផ្ទះ តាម៉ុក។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសាកម្ពុជា បានរៀបរាប់យ៉ាងក្បោះក្បាយអំពីទីតាំងប្រវត្តិសាស្ត្រនីមួយៗ និងបានផ្តោតការពិភាក្សាអំពីពាក្យ «សន្តិភាព» ដែលប្រទេសកម្ពុជាបានទទួលនាពេលបច្ចុប្បន្ន។
ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ក៏បានចូលរួមធ្វើអត្ថាធិប្បាយអំពីរឿងរ៉ាវប្រវត្តិសាស្ត្រនៃការធ្វើសង្គ្រាមនៅតំបន់អន្លង់វែង និងការសម្រេចបាននូវសន្តិភាព ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ននេះ អន្លង់វែងចាប់ផ្ដើមបោះជំហានទៅរកការប្រែមុខមាត់ថ្មី តាមរយៈការសាងសង់ «ស្តូបឈ្នះ ឈ្នះ អន្លង់វែង»។ មុនពេលវិលត្រឡប់មកវិញ លោកជំទាវឯកអគ្គរដ្ឋទូត ត្យូ ឡេឆេង សម្តែងនូវការកោតសរសើរចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីសង្គ្រាម និងសន្តិភាពនៅប្រទេសកម្ពុជា ព្រមទាំងបេសកកម្មរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក្នុងការអប់រំយុវជនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
អត្ថបទ ៖ មេក វិន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង