ពេលរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានចុះទៅសាលាឃុំទម្លូង និងបានជួបជាមួយជំទប់ទី១ ឃុំទន្លូង ឈ្មោះ ប៉ឹង ប៊ុនថន និងលោក ផាន់ ចន្នី ដែលជាជំនួយការរដ្ឋបាលឃុំទន្លូង។ គោលបំណងដែលក្រុមការងារចុះទៅសាលាឃុំទន្លូង ដើម្បីផ្តល់ដំណឹងដល់សាលាឃុំអំពីមជ្ឈមណ្ឌលឯកសារកោះថ្ម មានគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងគម្រោងនេះយើងមានផ្តល់សេវាពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅនៅតាមមន្ទីរសម្រាកព្យាបាលដែលជាដៃគូររបស់យើងនៅក្នុងឃុំទម្លូង នៅទីរួមស្រុកមេមត់ និងនៅស្រុកត្បូងឃ្មុំ ដោយមិនគិតថ្លៃ។ លោកជំទប់ទី១ និងលោកជំនួយការរដ្ឋបាលឃុំ បានឯកភាព និងជួយផ្សព្វផ្សាយដល់ប្រពលរដ្ឋនៅក្នុងឃុំទម្លូងទាំងមូលជ្រាបជាព័ត៌មាន និងមកទទួលការពិនិត្យសុខភាពនៅតាមមន្ទីរសម្រាកព្យាបាលដែលជាដៃគូររបស់មឃ្ឈមណ្ឌលឯកសារកោះថ្ម។ លោកជំទប់ទី១ ក៏មានសំណូមពរចង់ឲ្យខាងមជ្ឈមណ្ឌលឯកសារកោះថ្មមកជួបប្រជុំជាមួយមេភូមិទាំង១៣ ក្នុងថ្ងៃណាមួយ ដើម្បីផ្សព្វផ្សាយ ក៏ដូចជាពន្យល់ពួកគាត់ឲ្យកាន់តែច្បាស់ ហើយងាយស្រួលដល់មេភូមិទៅផ្សព្វផ្សាយបន្តទៀតដល់ប្រជាពលរដ្ឋក្នុងភូមិរបស់ពួកគាត់។
នៅចន្លោះពីថ្ងៃទី២៤ – ២៧ ខែមករា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មរួមមាន ឡុង ដានី រី លក្ខិណា គាត ស្រីឡែន និងឈុំ រ៉ា បានចុះសម្ភាសន៍លើគម្រោងវេទិកាប្រវត្តិសាស្រ្តគ្រួសារចំនួន១០គ្រួសារនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំបន្តពីឆ្នាំ២០២១។ ភូមិសាទុំ គឺជាភូមិមួយស្ថិតនៅជាប់ព្រំដែន (កម្ពុជា-វៀតណាម) និងជាអតីតសមរភូមិក្តៅមួយរវាងទាហានសហរដ្ឋអាមេរិក និងកងទ័ពវៀតកុងនៅអំឡុងទសវត្សរ៍ចុងឆ្នាំ១៩៦០ និងដើមឆ្នាំ១៩៧០។ អ្នកភូមិសាទុំបានឲ្យដឹងថា នៅចុងឆ្នាំ១៩៦០ កងទ័ពវៀតកុងបានសាងសង់បន្ទាយ និងមន្ទីរពេទ្យធំមួយកន្លែងស្ថិតនៅចម្ងាយប្រមាណ៤គីឡូម៉ែត្រប៉ែកខាងជើងភូមិសាទុំ។ បន្ទាយ និងមន្ទីរពេទ្យនោះស្ថិតនៅក្នុងព្រៃក្បាលជាំជ្រៃ ព្រៃកញ្ជន់ក្បែរត្រពាំងទឹកមួយ។ នៅពេលនោះមានកងទ័ពវៀតកុងត្រូវរបួសនៅតាមសមរភូមិជាច្រើនត្រូវបានដឹកមកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។ នៅអំឡុងពេលនោះក៏មានអ្នកភូមិសាទុំមួយចំនួនបានទៅសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់វៀតកុងនោះដែរ។ អ្នកភូមិសាទុំដែលមានអាយុលើសពី៦០ឆ្នាំភាគច្រើនបានស្គាល់បន្ទាយ និងមន្ទីរពេទ្យរបស់កងទ័ពវៀតកុងយ៉ាងច្បាស់ ពីព្រោះពួកគាត់ធ្លាប់បានទៅលេង ឬយកបន្លែបង្ការទៅលក់ឲ្យកងទ័ពវៀតកុងនៅក្នុងបរិវេណមន្ទីពេទ្យនោះ។
អ្នកភូមិសាទុំក៏បានឲ្យទៀតថា នៅក្នុងឆ្នាំ១៩៦៩ ឬឆ្នាំ១៩៧០ យន្តហោះបេ៥២របស់ទាហានសហរដ្ឋអាមេរិកបានមកទម្លាក់គ្រាប់បែកស្រោចលើបន្ទាយ និងមន្ទីរពេទ្យដែលធ្វើឲ្យកងទ័ពវៀតកុងជាច្រើនបានស្លាប់ និងរបួស។ ចំណែកកងទ័ពដែលនៅសេសសល់បានរត់គេចខ្លួនចេញពីបន្ទាយ និងមន្ទីរពេទ្យអស់តែម្តង។ នៅអំឡុងឆ្នាំ១៩៨៥ ឬឆ្នាំ១៩៨៦ កងទ័ពវៀតណាមក៏បានចុះមកទីតាំងបន្ទាយ និងមន្ទីរពេទ្យក្នុងភូមិសាទុំ គាស់យកសាកសពកងទ័ពវៀតកុងដែលបានកប់នៅក្បែរបន្ទាយ និងមន្ទីរពេទ្យត្រឡប់ទៅប្រទេសវៀតណាមវិញ។ សេចក្តីសង្ខេបរឿងរ៉ាវគ្រួសារនីមួយៗមានដូចខាងក្រោម៖
១-ឯម ប៉ាន់ ភេទប្រុស អាយុ៨៣ឆ្នាំ មានស្រុកកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុករបស់ខ្ញុំឈ្មោះ ឯម ឡិប និងម្តាយឈ្មោះ ឡុក ឈុន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ស្រីចំនួន២នាក់ និងប្រុសចំនួន៤នាក់។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ខ្វាន់ សៀង។ កូនរបស់ខ្ញុំទាំងអស់ចំនួន៩នាក់ ស្រីចំនួន៣នាក់ និងប្រុសចំនួន៦នាក់។
កាលពីនៅតូចៗខ្ញុំរៀននៅសាលាវត្តក្រវៀន បានត្រឹមថ្នាក់អាទិដ្នាន និងថ្នាក់បរិវច្ឆនដ្ឋាន ខ្ញុំក៏បួសបានចំនួន៥វស្សា នៅវត្តក្រវៀន ហើយបួសជាភិក្ខុបានចំនួនមួយវស្សា។ ពេលដែលខ្ញុំសឹកមកវិញ ខ្ញុំក៏យកប្រពន្ធតែម្តង។ ខ្ញុំមានកូន៤នាក់ ក៏ចូលបម្រើជាកងទ័ពរបស់លន់ នល់ ដែលមានទីតាំងភ្នំពេញ-កំពង់ចាម។ ខ្ញុំបានទៅទទួលការហ្វឹកហ្វឺននៅឡាំស៊ើង ប្រទេសវៀតណាម។ ខ្ញុំទៅហាត់រៀនបានចំនួន៣ខែ ដែលបង្រៀនដោយយួនហាណូយ ចំណែកទាហានអាមរិកជាអ្នកឈរមើល។ ការបង្រៀនមានដូចជា រៀនផ្នែកចម្បាំង បាញ់កាំភ្លើង លូន ក្រាប ប្រើកាំភ្លើងធំ។ ពេលដែលហាត់រៀនចប់ខ្ញុំក៏ត្រឡប់មកកំពង់ចាមវិញ។ ខ្ញុំមានតួនាទីកាន់កាំភ្លើងធំ១០៥មីលីម៉ែត្រ ដែលមានទីតាំងនៅស្តាតចាស់ ខេត្តកំពង់ចាម តែអាចប្រតិបត្តិការជុំវិញខេត្តកំពង់ចាម។ មួយរេស៊ីម៉ង់មាន៤ បាត់តឺយ៉ង់ ក្នុងមួយបាត់តឺយ៉ង់ មាន៤កប៉ាល់ញី។ មួយកប៉ាល់ញីមាន១៥០នាក់។ បើមានកម្លាំងពេញ មួយរេស៊ីម៉ង់ ស្មើនឹង២៤០០នាក់។ មេបញ្ជាការរបស់ខ្ញុំឈ្មោះ ដួង ចាន់ហ៊ាន។ នៅកន្លែងកាំភ្លើងធំមានគ្នា៥នាក់ ដើម្បីផ្លាស់ប្តូរជួយបាញ់គ្នា។ កាំភ្លើងធំ១៥០មីលីម៉ែត្រ អាចបាញ់ចម្ងាយ៤០គីឡូម៉ែត្រ។ ពេលដែលមានសញ្ញាតេអូឲ្យបាញ់ទៅទិសខាងណាៗ ខ្ញុំក៏តម្រង់កាំភ្លើងទៅកាន់ទិសដែលផ្តល់សញ្ញា។ នៅឆ្នាំ១៩៧៣ មានការវាយប្រហារគ្នាខ្លាំង ពីសំណាក់យោធាខ្មែរក្រហម ទាល់តែមានម៉ារីនឡើងពីភ្នំពេញទៅជួយអន្តរាគមន៍ ទើបអាចយកឈ្នះកម្លាំងយោធាខ្មែរក្រហម។ កម្លាំងខ្មែរក្រហមក៏មានបាញ់មកក្បែរៗទីតាំងប៉ុស្តិ៍របស់ខ្ញុំដែរ។ ទាហានលន់ នល់ហៅ «ប៉ុស្តិ៍យាម» ថាជាទីតាំងសង់ទីយ៉ង់ ចំណែកខ្មែរក្រហមហៅថា មន្ទីរគយគន់។ ខ្ញុំនៅកាន់កាំភ្លើងធំរហូតដល់ឆ្នាំ១៩៧៥ បែកទីក្រុងកំពង់ចាម។ ពេលដែលខ្ញុំទៅប្រចាំការនៅកំពង់ចាម ខ្ញុំយកប្រពន្ធនិងកូនទៅនៅជាមួយដែរ។
ពេលដែលបែកភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំបានដោះសម្លៀកបំពាក់ជាយោធាចេញ ហើយស្លៀកសម្លៀកបំពាក់ខ្មៅ។ ពេលដែលខ្ញុំធ្វើដំណើរពីកំពង់ចាមមកទឹកឆា បានជួបជាមួយយោធាខ្មែរក្រហម ពួកគេហៅខ្ញុំតែសមមិត្តទេ ព្រោះពាក់ខោអាវខ្មៅដូចគ្នា ហើយគេសួរថាមិត្តធ្វើអី? ខ្ញុំចេះតែឆ្លើយថាធ្វើជាកម្មករ។ ខ្ញុំមិនបានទៅត្រឡប់ទៅស្រុកកំណើតវិញទេ។ ខ្ញុំធ្វើដំណើររហូតដល់ភូមិតាឡី សង្កាត់គ។ ពេលទៅដល់ខ្មែរក្រហមឲ្យខ្ញុំធ្វើស្រែ ចំណែកខែប្រាំង ឲ្យខ្ញុំឡើងត្នោត និងអារឈើ។ ដំបូងឡើយខ្មែរក្រហមដាក់ខ្ញុំជាប្រជាជនថ្មី ប៉ុន្តែដោយឃើញស្នាដៃខ្ញុំឡើងត្នោតបានទឹកត្នោតច្រើន និងរំងាស់ស្ករត្នោតបានច្រើនដែរ ហើយខ្ញុំអារឈើបានស្អាតណាស់ ទើបយូរៗខ្មែរក្រហមឲ្យខ្ញុំស្មើភាពជាមួយប្រជាជនចាស់។ ក្រៅពីឡើងត្នោត ខ្ញុំធ្វើជាកងចល័ត ដោយមាន៥អំរែក ហើយមួយម៉ែត្រគូបនៅឯទំនប់បឹងតោក ហើយពេលខ្លះគេឲ្យខ្ញុំដឹកអុសយកទៅឲ្យអ្នករែកដី។ រទេះដឹកអុសពេលមួយដែលដឹកអុសទៅត្រូវរន្ទះបាញ់ស្លាប់អ្នកដឹកអុសនោះទៅ។ នៅសង្កាត់គ ខ្ញុំធ្លាប់ឃើញមានមន្ទីរសន្តិសុខដែលឈ្មោះ មិត្តសុខ ធ្វើជាប្រធាន។ ឆ្នាំ១៩៧៩ រៀបនឹងបែកទីក្រុងភ្នំពេញ មិត្តសុខ បានយកឆ្អឹងខ្មោចដែលសម្លាប់ហើយ យកមកចាក់ប្រេងដុតចោល។ នៅពេលដែលរបបខ្មែរក្រហមដួលរលំ ខ្ញុំធ្វើជាអាចារ្យ ប្រមូលលោកបាន៣អង្គ នៅវត្តដីដុះ។ ឆ្នាំ១៩៨៣ ទើបខ្ញុំត្រឡប់មកស្រុកកំណើតវិញ ហើយធ្វើចំការរហូតដល់សព្វថ្ងៃ។
២-ទិត្យ យាន់ ភេទស្រី អាយុ៧៤ឆ្នាំ។ មានស្រុកកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃនេះខ្ញុំរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ ភ្លុយ (ស្លាប់) និងមានម្ដាយឈ្មោះ ខ្លូ (ស្លាប់)។ ខ្ញុំមានបងប្អូន៧ នាក់ (ប្រុស១នាក់ ស្រី៦នាក់) ខ្ញុំជាកូនទី៤។ ប្ដីរបស់ខ្ញុំឈ្មោះ ហន មានកូន៧ នាក់ (ប្រុស២នាក់ ស្រី៥នាក់)។ កាលពីខ្ញុំនៅក្មេង ខ្ញុំមិនបានរៀនសូត្រនោះទេ ព្រោះកាលនោះមិនមានសាលាដូចសម័យនេះ បើចង់រៀនត្រូវទៅរៀននៅវត្ត មានមនុស្សតិចតួចណាស់បានរៀន ភាគច្រើនមានតែសិស្សប្រុស។ ខ្ញុំនៅផ្ទះមើលប្អូន និងជួយធ្វើស្រែចម្ការឪពុក ម្ដាយរបស់ខ្ញុំបន្តិចបន្ដួច។ ក្រោយមកមិនបានប៉ុន្មាន ខ្ញុំអាយុ២០ឆ្នាំ ខ្ញុំបានរៀបការជាមួយប្ដីរបស់ខ្ញុំ យើងមានកូនម្នាក់។ ឆ្នាំ១៩៧០ ខ្ញុំឮអ្នកភូមិនិយាយពីរឿងបាតុកម្មទម្លាក់សម្ដេច សីហនុ នៅមេមត់ ប៉ុន្តែអ្នកភូមិរបស់ខ្ញុំមិនបានទៅចូលរួមជាមួយគេទេ។ បន្តពីនេះមិនបានប៉ុន្មាន នៅជិតៗភូមិរបស់ខ្ញុំ មានគ្រាប់ផ្លោងរបស់ទាហានអាមេរិក ទម្លាក់ដើមី្បតាមរកទាហានវៀតកុង។ វៀតកុងតែងតែលាក់ខ្លួនពីទាហានអាមេរិកតាមព្រៃនៃភូមិរបស់ខ្ញុំ អ្នកភូមិនៅពេលឮសំឡេង គ្រាប់ផ្លោងម្ដងៗ តែងនាំគ្នារត់ចូលក្នុងរណ្ដៅមិនថាថ្ងៃ មិនថាយប់នោះទេ។ សង្គ្រាមអាមេរិកបានបញ្ចប់ទៅ មិនបានប៉ុន្មានផងស្រាប់តែមានសង្គ្រាម ប៉ុល ពត មួយទៀតមកដល់។ ឆ្នាំ១៩៧៥ ក្នុងភូមិរបស់ខ្ញុំត្រូវបានខ្មែរក្រហមបង្គាប់ឲ្យធ្វើស្រែប្រវាស់ដៃ បន្ទាប់ពីប្រមូលផលបាន អ្នកភូមិត្រូវដាក់ជារួម ប៉ុន្តែមិនបានកំរ៉ៃជារបស់ខ្លួនទេ ពេលនោះអ្នកភូមិក៏ បានហូបរួមជាមួយគ្នាដែរ។ ប្រវាស់វៃបាន១ឆ្នាំ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងគ្រួសាររបស់ខ្ញុំទៅ ក្រចេះ ស្រុកសំបុកសំបូរ ខ្ញុំរស់នៅក្នុងភូមិកោះរៀល ដោយខ្ញុំឆ្លងទន្លេទៅរស់នៅទីនោះបានហូបគ្រប់គ្រាន់មួយថ្ងៃ៣ពេល។ កាលនោះខ្ញុំត្រូវបានខ្មែរក្រហមមិនឲ្យខ្ញុំធ្វើការទេព្រោះខ្ញុំកំពុងកូនខ្ចីកូនទី៣ ចំណែកប្ដីរបស់ខ្ញុំខ្មែរក្រហមបានឲ្យគាត់ ទៅដាំដំណាំ ដូចជាពោត ចេក។ ខ្ញុំរស់នៅភូមិកោះរៀលបាន១ខែ ខ្មែរក្រហមបានជម្លៀសខ្ញុំទៅស្ទឹងត្រង់ សម្រាកនៅទីនោះបាន៣យប់ ជិះកាណូតមកកំពង់ចាមវិញ។ ខ្ញុំដើររហូត៥ថ្ងៃទើបមកដល់មេមត់។ ខ្ញុំដើរពីមេមត់រហូតមកដល់ស្រុកកំណើតភូមិសាទុំវិញ។ ក្រោយពេល ខ្ញុំមកដល់ស្រុកណើតវិញ ផ្ទះរបស់ព្រៃដុះជុំវិញ ឆេះអស់គ្មានសល់ទេ។ ខ្ញុំនិងប្ដីរបស់ខ្ញុំបាននាំគ្នា កាប់ឆ្កាព្រៃ និងទៅរកទិញស្រូវពូជពីវៀតណាម យកមកធ្វើពូជ និងដាំដំណាំ ធ្វើចម្ការរហូតមកសព្វថ្ងៃ។
៣-ស្បោង អ៊ូច ភេទស្រី អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំឈ្មោះ ស្បោង និងម្តាយឈ្មោះ យ៉ាប។ ខ្ញុំមានបងប្អូនទាំងអស់ចំនួន៨នាក់ ស្រីចំនួន៧នាក់ និងប្រុសចំនួន១នាក់។ សព្វថ្ងៃនៅសល់តែស្រី៣នាក់ទេ។ គ្រួសារទី១ឈ្មោះ ប៊ុន ស្លាប់នៅជំនាន់ខ្មែរក្រហម។ គ្រួសារទី២ឈ្មោះ ឈីន ស្លាប់ដោយសារជំងឺ៦ឆ្នាំ។ ខ្ញុំមានកូន៦នាក់ ស្រីចំនួន៣នាក់ និងប្រុសចំនួន៣នាក់ ប៉ុន្តែស្លាប់អស់ស្រី២នាក់ ដោយសារជំងឺកញ្ជ្រិលនៅសម័យខ្មែរក្រហម។ សព្វថ្ងៃខ្ញុំនៅសល់កូន៤នាក់ ស្រីចំនួន១នាក់ និងប្រុស៣នាក់។
កាលពីនៅតូចៗខ្ញុំមិនបានរៀនសូត្រទេ ព្រោះតែគ្មានសាលារៀននៅក្បែរផ្ទះ បើចង់ទៅរៀនមានវត្តលោក ហើយនៅឆ្ងាយពីផ្ទះទៀត។ ខ្ញុំធ្លាប់ឃើញនៅចំការកៅស៊ូរបស់បារាំងនៅមេមត់ សុទ្ធតែកម្មករជាជនជាតិវៀតណាម ពេលដែលខ្ញុំបររទេះគោជាមួយឪពុកទៅផ្សារមេមត់ រកដូរអំបិល ប្រហុកយកមកភូមិវិញ។ ខ្ញុំរៀបការតាំងពីជំនាន់សម្តេចសីហនុ ហើយខ្ញុំបានកូន៤នាក់នៅពេលដែលមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាមេរិក ដើម្បីតាមរកទាហានយៀកកុង។ អ្នកភូមិផ្សេងទៀត ក៏ដូចជាគ្រួសារខ្ញុំដែរ បានរត់គេចពីការទម្លាក់គ្រាប់បែករហូតទៅដល់ស្រែកណ្តាល ស្រែសោម ខាងជើងមេមត់។ ខ្ញុំរស់នៅភូមិស្រែសោមបានមួយឆ្នាំទើបត្រឡប់មកភូមិសាទុំវិញ។ ពេលដែលត្រឡប់មកភូមិកាប់ចំការដាំស្រូវបាន២ឆ្នាំ ទើបមានចលនាខ្មែរក្រហមចូលមកក្នុងភូមិ បំផុសប្រជាជនឲ្យធ្វើស្រែប្រវាស់ដៃ។ ពេលដែលប្រមូលផលមកដាក់រួមហើយចែកចំណែកតាមគ្រួសារ។ រហូតដល់ឆ្នាំ១៩៧៥ ទើបខ្មែរក្រហមចូលគ្រប់គ្រងពេញលេញ ហើយប្រមូលរបស់របរដាក់រួម ព្រមទាំងហូបបាយរួម ធ្វើស្រែប្រមូលផលដាក់រួម។ របបអាហារដែលខ្មែរក្រហមចែកឲ្យគឺស្ងោរចេកលាយជាមួយបាយ ពេលខ្លះបានបបរ ចំណែកប្រុសៗឲ្យហូបបាយឆ្អែតហើយទៅកាប់រណ្តៅនៅព្រែកតាអុង។
នៅពេលដែលខ្មែរក្រហមចោទពួកអ្នកភូមិថាក្បាលយួន ខ្លួនខ្មែរហើយ ខ្មែរក្រហមបានជម្លៀសប្រជាជនក្នុងភូមិទាំងអស់ឲ្យទៅដល់ខេត្តក្រចេះ។ ពេលដែលដល់ខេត្តក្រចេះ កូនរបស់ខ្ញុំបានកើតជំងឺកញ្ជ្រិលស្លាប់អស់២នាក់ ព្រោះតែគ្មានថ្នាំគ្រប់គ្រាន់ និងរបបអាហារហូបមិនឆ្អែត។ ប្តីរបស់ខ្ញុំក៏មានជំងឺគ្រុនចាញ់ហើយស្លាប់នៅនឹងខេត្តក្រចេះ។ ចំណែកខ្ញុំខ្មែរក្រហមឲ្យទៅកាប់ឆ្ការព្រៃដើម្បីដាំស្រូវ របបអាហារក៏ហូបមិនគ្រប់គ្រាន់។ ក្រោយមកខ្មែរក្រហមបានជម្លៀសខ្ញុំឲ្យទៅដល់ថ្មគ្រែ និងជិះកាណូតមកស្ទឹងត្រង់។ ខ្ញុំមករស់នៅបុស្សខ្នុរបានមួយខែ កងទ័ពវៀតណាមក៏ចូលមកដល់ ហើយរំដោះប្រជាជន និងប្រកាសឲ្យប្រជាជនត្រឡប់ទៅស្រុកកំណើតវិញ។ ខ្ញុំនិងកូនបានត្រឡប់មកស្រុកកំណើតវិញ ហើយខំកាប់ឆ្ការដីដើម្បីដាំស្រូវ ដែលបានស្រូវពូជពីវៀតណាម ទៅស៊ីឈ្នួលបានជារបបស្រូវមួយគីឡូក្នុងមួយថ្ងៃ។ ខ្ញុំចេះបញ្ជាន់អារក្ខ បើគេរកមើលទៅថាខុសអារក្ខព្រៃភ្នំ គឺគេមកអញ្ជើញខ្ញុំឲ្យបញ្ជាន់អារក្ខនៅវាលស្រែ នៅព្រៃ ត្រូវមានភ្លេង មានបាយដំណើប មានមាន់ស្ងោរ សាច់ជ្រូក ស្រាស ទឹកផ្អែម។ ហើយពេលខ្លះក៏មានគេមករកបញ្ជាន់នៅនឹងផ្ទះដែរ ព្រោះតែគេមានបងប្អូនឈឺព្យាបាលនៅពេទ្យមិនជា ទើបគេមករកថាខុសអី ដើម្បីងាយស្រួលរៀបចំឲ្យត្រូវតាមអ្នកដែលគេចង់បាន។ ចំណែកដង្វាយនៅផ្ទះមានតាមសទ្ធា ៥ពាន់ ឬមួយម៉ឺនរៀល។ រាល់ខែមីនា រៀងរាល់៣ឆ្នាំម្តង ត្រូវលេងភ្លេចឡើងអារក្ខម្តងនៅផ្ទះរបស់ខ្ញុំ។
៤-ឯម សុគន្ធ ភេទស្រី អាយុ៦៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ម្ដាយរបស់ខ្ញុំឈ្មោះ ឡុ ឈុន និងឪពុកឈ្មោះ ឯម លឹប។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ស្លាប់បីនាក់ នៅរស់បួននាក់ ។ បងប្អូនរបស់ខ្ញុំបីនាក់ស្លាប់នៅក្នុងសម័យអាមេរិកកាំង អំឡុងពេលធ្វើសង្គ្រាមរវាងពួកយៀកកុង និងអាមេរិកកាំង ។ អាមេរិកចូលមកដល់ក្នុង ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពួកវាបានចូលមករកយៀកកុងដែលមកលាក់ខ្លួននៅក្នុងទឹកដីប្រទេសកម្ពុជា។ ពួកយៀកកុងបានបោះទីតាំងនៅក្នុងភូមិសាទុំ មានមន្ទីរពេទ្យសម្រាប់ទុកព្យាបាលអ្នកជំងឺនៅក្នុងព្រៃ ពួកគេបានលាក់ខ្លួននៅតាមអូរក្បាលជ្រៃ កញ្ជាន់ បុស្សសំព័រ ។ កាលពីមុនប្រជាជនអត់សូវមានរបស់របរលក់ដូរទេ ប្រជាជនភាគច្រើនយកអង្ករលក់ទៅឲ្យពួកយៀកកុង។ គ្រួសាររបស់ខ្ញុំពេលឮស្នូរគ្រាប់កាំភ្លើង គ្រាប់បែក ដែលអាមេរិកទម្លាក់រកពួកយៀកកុង គ្រួសាររបស់គាត់បានរត់ចូលទៅពួននៅក្នុងរណ្ដៅដែលគ្រួសាររបស់ខ្ញុំ បានជីកទុកកាលពីមុនដើម្បីត្រៀមលាក់ខ្លួន ។ ទាល់តែឈប់ឮស្នូរគ្រាប់ទើបពួកខ្ញុំត្រឡប់ចូលស្រុកភូមិផ្ទះរបស់គាត់វិញ ។ ដល់ឆ្នាំ ១៩៧៥ គាត់ត្រូវធ្វើការងារប្រវាស់ដៃនៅក្នុងភូមិស្រទុំនៅឡើយ។ ចំពោះការហូបចុកទៅតាមផ្ទះរៀងខ្លួន ។ ក្រោយមកទៀត ទើបអង្គការបង្កើតជាសហករណ៍ឱ្យប្រជាជន ហូបរួម ដេករួម ធ្វើការងាររួមជាមួយគ្នា។ ខ្ញុំមានអាយុ១៧ឆ្នាំ ត្រូវបានអង្គការជ្រើសតាំងឲ្យទៅធ្វើការងារនៅតាមកងចល័ត ចាប់តាំងពីពេលនោះមកខ្ញុំមិនបាននៅក្នុងភូមិសាទុំទៀតទេ ព្រោះអង្គការចាត់តាំងឲ្យទៅនៅ ភូមិក្រវៀន។ នៅទីនោះ អង្គការឲ្យខ្ញុំធ្វើស្រែចំការ ស្ទូងស្រូវ ដកសំណាប បានពីរបីខែក៏ជម្លៀសខ្ញុំឲ្យទៅនៅភូមិខ្មួរ ចេញពីភូមិខ្មួរឲ្យទៅនៅភូមិជ្រៃឡើង ។ ចេញពីទីនោះទៅគេជម្លៀសខ្ញុំឲ្យទៅនៅមេមត់ខាងអណ្ដូងថ្ម។ គេចាត់តាំងឲ្យខ្ញុំនៅតាមក្រុម ខ្ញុំនៅក្នុងក្រុម(គ)។ ការហូបចុកបានពីរពេលគឺពេលថ្ងៃត្រង់ ហើយនឹងពេលល្ងាច ។ តែអាហារភាគច្រើនសុទ្ធតែបបរលាយទឹក ហើយនិងលាយចេកលាយពោតនៅក្នុងមួយនាក់ទទួលបានមួយវែងឬកន្លះចាន។ ក្រោយមកទៀត ខ្មែរក្រហមជម្លៀសចេញពីទីនោះឲ្យទៅខេត្តក្រចេះ។ ពេលទៅដល់ខេត្តក្រចេះយប់កន្លែងណាសម្រាកកន្លែងនោះ ហើយម្ហូបអង្ករដែលខ្ញុំដាក់យកទៅមិនបានគ្រប់គ្រាន់ទេ ព្រោះពេលទៅប្រញាប់ប្រញាល់ខ្លាំងពេក។ ពេលទៅដល់ ស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ខ្មែរក្រហមប្រើឱ្យខ្ញុំធ្វើស្រែ ស្ទូងស្រូវ ធ្វើទំនប់ ដែលជាការងារធ្ងន់ហើយគ្មានពេលឈប់សម្រាក។ រួចមកទៀត ខ្មែរក្រហមជម្លៀសខ្ញុំឲ្យទៅនៅភូមិតាពុំ តាប៉ាង ខ្ញុំថាពិបាកជាងគេគឺកន្លែងភូមិតាពុំ និងតាប៉ាង ព្រោះនៅកន្លែងធ្វើការងារទាំងយប់ ប្រសិនបើអត់បានធ្វើការងារទេ ប្រធានសហករណ៍មិនឲ្យហូបបាយនោះទេ។ នៅទីនោះអង្គការឲ្យខ្ញុំធ្វើស្រែធ្វើទំនប់លើកប្រព័ន្ធភ្លឺស្រែ។ នៅបានពីរបីខែខ្មែរក្រហមជម្លៀសខ្ញុំឲ្យទៅនៅភូមិចឹង នៅទីនោះមានមនុស្សស្លាប់ជាច្រើននាក់ ពួកគាត់ស្លាប់ភាគច្រើនសុទ្ធតែអត់បាយ។ ចាប់តាំងពីគេជម្លៀសខ្ញុំចេញពីស្រុកភូមិមកខ្ញុំមិនដែលបានជួបជាមួយឪពុកម្ដាយទេ ព្រោះអំឡុងពេលជម្លៀស ខ្មែរក្រហមមិនឲ្យខ្ញុំបានទៅជួបជុំគ្រួសារឪពុកម្ដាយទេ ហើយខ្មែរក្រហមមិនឲ្យខ្ញុំទៅសួរសុខទុក្ខ ឬទៅលេងគ្រួសារទេ។ អំឡុងពេលដែលខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិ ទៅនៅខេត្តក្រចេះ ខ្ញុំឃើញមាន ឃុំជាំក្រវៀន ឃុំជាំតាម៉ៅ ឃុំទន្លូងដែលជម្លៀសហើយឲ្យធ្វើការស្រែចំការនៅខេត្តក្រចេះទាំងអស់។ អង្គការមិនអនុញ្ញាត្តិឲ្យមនុស្សកំលោះក្រមុំនិយាយជាមួយគ្នាមួយទល់មួយនោះទេដោយខ្លាចខុសសីលធម៌។ មុនពេលទៅធ្វើការប្រធានកងបានហៅប្រជុំគ្នាជាមុនប្រាប់អំពីការងារដែលត្រូវធ្វើ។ ក្រោយមកទៀត ខ្មែរក្រហមជម្លៀសឲ្យខ្ញុំទៅនៅ ភូមិជយោ ភូមិស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ទៅដល់ខេត្តកំពង់ចាមស្រូវចាប់ផ្ដើមទុំ អ្នកដែលត្រូវបានគេជម្លៀសពីខេត្តក្រចេះអង្គការចាត់តាំងឲ្យប្រជាជនទៅច្រូតស្រូវ។ នៅទីនោះខ្ញុំបានហូបបាយឆ្អែតគ្រប់គ្រាន់មួយថ្ងៃបានបីពេលគឺពេលព្រឹក ពេលរសៀល និងពេលល្ងាច។ នៅទីនោះបាន២ទៅ៣ ខែស្រាប់តែមានឃើញទាហានវៀតណាមចូលមកដល់ហើយឲ្យពួកខ្ញុំត្រឡប់ទៅស្រុកស្រែរបស់យើងវិញ។ ខ្ញុំបានធ្វើដំណើរដោយថ្មើរជើងពេលចេញមកគេបានបើកអង្ករឱ្យដែរអ្នកខ្លះច្រើន អ្នកខ្លះយកតិចទៅតាមកម្លាំងដែលអាចយកទៅរួច។ ដើរបានប្រមាណជាកន្លះខែទើបដល់ភូមិស្រុកវិញ ពេលមកដល់ឃើញសុទ្ធតែព្រៃដុះជុំវិញ និងផ្ទះសម្បែងត្រូវបានភ្លើងឆេះអស់បាត់ហើយ។ ពេលមកដល់ក៏មិនទាន់មានអង្ករហូបគ្រប់គ្រាន់ដែរគ្រួសារខ្ញុំនាំគ្នាជីកដំឡូងយកទៅហូប។ ក្រោយមកទៀតពួកគេបានយកទៅដោះដូរជាមួយវៀតណាមដែលជាខ្មែរយើងគាត់បានរស់នៅទីនោះ មានអ្នកខ្លះយកមាសទៅដូរយកពូជស្រូវដើម្បីបានមកសាបព្រោះ លើដីដែលខ្ញុំបានកាប់ឆ្ការ ។ រយៈពេលពីរឆ្នាំក្រោយមកទើបមានស្រូវហូបគ្រប់គ្រាន់ពេញបរិបូណ៌ ។
៥- ពល សារ៉ន ភេទស្រី អាយុ៨៣ឆ្នាំ មានស្រុកកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិកំណើតរបស់ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ ទាន់ ពល (ស្លាប់សម័យអាមេរិក) និងមានម្ដាយឈ្មោះ ទេញ (ស្លាប់)។ ខ្ញុំមានបងប្អូន៥ នាក់ (ស្រី៤នាក់ និងប្រុស១នាក់)។ ប្ដីរបស់ខ្ញុំឈ្មោះ អៀន ជា ខ្ញុំមានកូន១១ នាក់ ( ស្រី៥ នាក់ ប្រុស៦ នាក់) កូនខ្ញុំស្លាប់នៅជំនាន់អាមេរិក៣ នាក់ ជាមួយប្ដីរបស់ខ្ញុំ។ កាលពីនៅក្មេងៗ ខ្ញុំមិនបានរៀនសូត្រទេ ព្រោះសាលារៀនមានតែក្នុងវត្តនោះទេ នៅទីនោះភាគច្រើនមានប្រុសៗ ដែលទៅរៀន។ ខ្ញុំនៅផ្ទះជួយធ្វើស្រែ ចម្ការ ម្ដាយឪពុករបស់ខ្ញុំ។ នៅពេលបានផលយកទៅលក់នៅមេមត់ បានមួយគីឡូបីរៀល។ ក្រោយមកទៀតខ្ញុំបានទៅធ្វើជាកម្មករចៀរជ័រកៅស៊ូបារាំង ជាមួយឪពុករបស់ខ្ញុំ។ បារាំងបានឲ្យខ្ញុំ និងឪពុករបស់ខ្ញុំយាមរោងមួយ ដែលជាកន្លែងសម្រាប់សម្រាក។ កម្មករចម្ការកៅស៊ូបារាំងភាគច្រើនជាជនជាតិវៀតណាម ខ្ញុំបានប្រាក់ខែពីបារាំងប្រាំពីររៀល។ ខ្ញុំធ្វើកម្មករចៀរជ័រនៅ ខ្ជាយ បាន១ឆ្នាំ ខ្ញុំរៀបការជាមួយប្ដីរបស់ខ្ញុំ មានកូន៣នាក់។
ឆ្នាំ១៩៧០ អាមេរិកចូលមកដល់ក្នុងភូមិរបស់ខ្ញុំ និងមានគ្រាប់ផ្លោងទៀតផង។ ខ្ញុំនិងគ្រួសារបាននាំគ្នារត់ទៅភូមិរលឹម។ កាលឆ្នាំនោះ១៩៧០ នៅមេមត់មានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ ប្ដីរបស់ខ្ញុំមានបំណងទៅចូលរួមបាតុកម្មជាមួយគេដែរ ប៉ុន្តែនៅពេលទៅដល់ពាក់កណ្ដាលផ្លូវ មានអ្នកប្រាប់ថា កុំទៅអីមានមនុស្សស្លាប់ច្រើនណាស់ ប្ដីរបស់ខ្ញុំក៏បានត្រឡប់មកភូមិរលឹមវិញ។ អាមេរិកទម្លាក់គ្រាប់បែកខ្លាំង ទាំងយប់ ទាំងថ្ងៃ ខ្ញុំនិងប្ដីពួនកៀនជ្រោះ ពេលបររទេះទៅស្រែដំរីផុង។ ក្រោយមក ខ្ញុំបានត្រឡប់មកស្រុកកំណើតភូមិសាទុំវិញ។ បន្ទាប់ពី មកដល់ផ្ទះវិញ ខ្ញុំធ្វើចម្ការ ស្រែធម្មតា។ ខ្មែរក្រហមចូលមកដល់ក្នុងភូមិ ហើយបានឲ្យអ្នកភូមិធ្វើស្រែប្រវាស់ដៃ ដាក់រួមគ្នានៅផ្ទះ មន្ទីរកិនស្រូវ។ បន្ទាប់ពីប្រវាស់ដៃ មិនបានប៉ុន្មាន អ្នកភូមិត្រូវបានខ្មែរក្រហមឲ្យហូបរួម។ ថ្ងៃត្រង់នៅម៉ោង១១ និងមានអ្នកគោះជួង ហៅឲ្យទៅហូបបាននៅផ្ទះមន្ទីរកិនស្រូវ។ ខ្មែរក្រហមឲ្យអាហារយើង៣ពេល ព្រឹក, ថ្ងៃត្រង់ និងល្ងាច។ កាលនោះខ្ញុំមិនបាននៅជុំគ្រួសារទេ ប្ដីរបស់ខ្ញុំត្រូវបានចាត់តាំងទៅធ្វើការកន្លែងផ្សេង លើកប្រព័ន្ធភ្លឺស្រែ និងបិទទំនប់។ ចំណែកកូនរបស់ខ្ញុំខ្មែរក្រហមឲ្យទៅនៅអង្គភាពកាប់ដី លើអាចម៍គោ។ កូនស្រីម្នាក់ទៀត ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យទៅធ្វើពេទ្យនារី។ កាលនោះខ្មែរក្រហមបានបង្រៀនចាស់ៗនៅក្នុងភូមិ ខ្ញុំក៏បានចូលរៀនដែរ។ ខ្មែរក្រហមបង្រៀនសរសេរអក្សរ, ក, ខ និងបង្រៀនឲ្យចេះប្រកបអក្សរ។ ខ្មែរក្រហមបានបើកខ្មៅដៃពាក់កណ្ដាល និងសៀវភៅឲ្យចាស់ៗ។ ខ្មែរក្រហមបង្រៀនកន្លះម៉ោង បន្ទាប់ពីហូបបាយរួច និងបានបង្រៀនឲ្យចេះសរសេរថា “ បងៗយោធាជិះនាវាការពារកោះ” ។ ឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសខ្ញុំទៅក្រវៀន នៅពេលទៅដល់ទីនោះ ខ្មែរក្រហមឲ្យខ្ញុំដាំទំពាំង, ចេក នៅមិនបានប៉ុន្មានខ្មែរក្រហមជម្លៀសទៅទាំងយប់ ខ្ញុំបានជម្លៀសទៅក្រចេះទៀត។ ពេលជម្លៀសនោះ បងប្រុសខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើស្រែ លើប្រព័ន្ធភឺ្ល តែលើកមិនត្រូវ ខ្មែរក្រហមបានប្រមាទថា សម្លាប់គាត់ តែមិនបានសម្លាប់នោះទេ។ នៅទៅនោះមិនបានប៉ុន្មានផង ខ្មែរក្រហមជម្លៀសខ្ញុំទៅដោយជិះកាណូត ទៅអូរស្ពឺរួចទៅជួបឡានមកពីភ្នំពេញ បើកដោយវៀតណាម។ អ្នកនៅទីនោះបានហៅឲ្យឡើងឡានទៅ និងឈប់នៅកំពង់ចាម។ ពេលទៅដល់កំពង់ចាមបាន១យប់ ព្រឹកឡើងឆ្លងទន្លេបិទ នៅបាន៣យប់។ ក្រោយពីស្នាក់នៅទន្លេបិទ៣យប់ ខ្ញុំបានជិះឡានជាមួយវៀតណាមទៅមេមត់។ ដល់មេមត់ខ្ញុំបានដើររហូតរយៈពេល៣ថ្ងៃ មកភូមិសាទុំវិញ។ នៅពេលមកដល់ផ្ទះ ខ្ញុំបានដាំបន្លែ ពោត ស្រូវ និងបានធ្វើរហូតមកដល់សព្វថ្ងៃនេះ។
៦-យិន សាន ភេទប្រុស អាយុ៨៧ឆ្នាំ បច្ចុប្បន្ននៅ ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ឪពុក ឈ្មោះ យិន ហើយម្តាយឈ្មោះ ញ៉ែន គាត់ទាំងពីរបានស្លាប់អស់ ។ ខ្ញុំមានបងប្អូនចំនួនពីរនាក់ ខ្ញុំជាកូនទីមួយ ចំណែកប្អូនស្រីជាកូនទីពី មានឈ្មោះ យិន សារិន។ ខ្ញុំមានកូនពីរនាក់ ស្រីម្នាក់និងប្រុសម្នាក់ សព្វថ្ងៃរស់នៅជាមួយកូនស្រីពៅ ។ កាលពីកុមារភាពខ្ញុំអត់បានសិក្សារៀនសូត្រទេ ព្រោះកាលនោះអត់មានគ្រូបង្រៀន ម្យ៉ាងទៀតខ្ញុំរស់នៅក្នុងទឹកដីវៀតណាម ភូមិទឹកជឿត ស្រុកឡុកនិញ ខេត្តប៊ិនឡុង។ នៅទីនោះមានសង្រ្គាមខ្លាំង រវាងអាមេរិក និងយៀកកុង។ អាមេរិកចូលមកទម្លាក់គ្រាប់បែកកន្លែងដែលខ្ញុំរស់នៅ ដែលធ្វើឲ្យប្រជាជននៅទីនោះមានរបួសនិងស្លាប់។ ពេលដែលឮសូរគ្រាប់នាំគ្នាលាក់ខ្លួននៅក្នុងរណ្តៅដែលបានជីកទុកសម្រាប់លាក់ខ្លួន ទាល់តែឈប់ឮសូរគ្រាប់ទើបចេញពីរណ្តៅរួចត្រឡប់ទៅផ្ទះវិញ។ កាលពីមុនមានវត្តខ្មែរ ប្រជាជនប្រកបរបធ្វើស្រែចម្ការធម្មតា ខ្ញុំថាពីដើមជាទឹកដីរបស់ខ្មែរ ព្រោះកាលមុនមានប្រជាជនខ្មែររស់នៅចំនួន៦ភូមិ នៅក្នុងមួយភូមិមាន៣០ទៅ៤០គ្រួសារ។ មានពួកយៀកកុងខាងជើងនិងធីវគីខាងត្បូងបានធ្វើសង្គ្រាម ហើយបានវាយជាមួយខ្មែរដែរ។ អំឡុងពេលសង្គ្រាមមានសល់គ្រាប់មីនពេញផ្ទៃដី ខ្ញុំត្រូវបានពិការជើងម្ខាងដោយសារជាន់មីន ខ្ញុំថាដើរទៅទាក់ខ្សែមីនរបស់ពួកយៀកកុង។ ពេលខ្ញុំដើរមានគ្នាចំនួនបីនាក់ តែពីរនាក់ទៀតអត់មានត្រូវរបួសអ្វីទេ ខ្ញុំឆ្ងល់ថាម៉េចបានត្រូវគ្រាប់តែខ្ញុំម្នាក់ឯងវិញ។ ខ្ញុំមិនបានទៅពេទ្យសម្រាប់ព្យាបាលទេ មានតែប្រើប្រាស់ថ្នាំខ្មែរប៉ុណ្ណោះ អត់មានពេទ្យកាត់ជើងខ្ញុំទេ តែប្រើថ្នាំខ្មែរយូរៗទៅជើងខ្ញុំស្អុយរលួយដាច់ខ្លួនឯង។ ដោយសាតែទាហានអាមេរិក អុកឡុកខ្លាំងពេកទើបខ្ញុំចេញពីវៀតណាម មករស់នៅភូមិសាទុំវិញ។ ប្រជាជនភាគច្រើន រកស៊ីស្រែចំការ អ្នកខ្លះមកលក់អង្ករទៅឲ្យយៀកកុង ព្រោះមានកងទ័ពនៅតាមព្រៃ តាមព្រំប្រទល់។ ក្រោយពេលបាតុកម្មបានពីរឆ្នាំស្រាប់តែគាត់មករស់នៅ ភូមិសាទុំ ជាមួយម្តាយមីងវិញ។
នៅក្នុងសម័យខ្មែរក្រហមគេចាប់ឲ្យខ្ញុំរៀបការ មុនពេលរៀបការគេប្រាប់តែមួយថ្ងៃប៉ុណ្ណោះ ប្រាប់ថាត្រៀមខ្លួនទៅព្រឹកស្អែករៀបការ។ ខ្ញុំជាកំលោះចាស់មានអាយុ៣៥ឆ្នាំ ព្រោះខ្ញុំពិការជើងសម័យអាមេរិកទើបគ្មានអ្នកយកខ្ញុំ។ ពេលព្រឹកឡើងខ្ញុំបានទៅកន្លែងគេចាប់គូ ហើយខ្មែរក្រហមឲ្យអង្គុយទល់មុខគ្នា ខ្ញុំមានអារម្មណ៍រំភើប ភ័យដោយសារមិនធ្លាប់មានគូ។ ខ្ញុំនិយាយក្នុងចិត្តថាអាចចិញ្ចិមគេរស់ដែរឬទេ? ក្នុងចំណោមនោះមានចំនួន៣៨គូ ខ្ញុំជាគូទី៥។ ពេលរៀបការ ខ្មែរក្រហមបានជប់លៀងកាប់គោមួយក្បាល និងជ្រូកបីក្បាលនាំគ្នាសប្បាយនៅទីនោះ ខ្ញុំមិនបាននៅជប់លៀងទេ គេឲ្យទៅផ្ទះរួចហូបបាយក្នុងផ្ទះ។ ប្រពន្ធរបស់ខ្ញុំពេលនោះមានអាយុ២៨ឆ្នាំ គាត់ធ្លាប់រៀបការម្តងរួចមកហើយ។ ក្រោយមកខ្មែរក្រហមឲ្យខ្ញុំបានឈប់សម្រាកពីការងារបីថ្ងៃ និងមានឈ្លបមកចាំលួចមើល ដើម្បីតាមដានថាខ្ញុំនិងគ្រួសារចុះសម្រុងគ្នាឬអត់។ ខ្ញុំជាអ្នកនិយាយរកប្រពន្ធមុន។ ក្រោយមកទៀត ខ្មែរក្រហមបានជម្លៀសគ្រួសារខ្ញុំចេញពីភូមិសាទុំ ឲ្យនៅទន្លេ ភូមិសោយ ប៉ើស រការខ្នុរ។ ប្រពន្ធរបស់ខ្ញុំត្រូវខ្មែរក្រហមចាត់ឲ្យធ្វើស្រែស្ទួង ស្រូវ។ ចំណែកខ្ញុំជាជនពិការជើងម្ខាង ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យធ្វើបង្គី កន្ត្រកជាមួយមនុស្សចាស់ៗ។ នៅទីនោះមានប្រជាជនខ្មែរ និងប្រជាជនចាម ពីផ្ទះខ្ញុំទៅកន្លែងធ្វើការចម្ងាយ៥ម៉ែត្រ ខ្ញុំដើរបានដោយសារកាន់ឈើច្រត់។ ចំពោះអាហារមានពីរពេល គឺពេលព្រឹកនិងពេលល្ងាច មានតែបបរលាយជាមួយទឹក ក្នុងម្នាក់១ទៅ២វែក ហើយខ្មែរក្រហមមិនឲ្យហូបអ្វីផ្សេងទេ។ ប្រធានក្រុមជាជនជាតិចាម ដែលជាអ្នកគ្រប់គ្រង។ អ្នកដែលរកត្រីសាច់បានត្រូវយកទៅសហករណ៍ បើយកទុកហូបតែម្នាក់ឯងប្រធានក្រុមដឹងគេយកទៅកសាង ។ ខ្ញុំឃើញគេចាប់មនុស្ស៣ទៅ៤នាក់ឡើងលើរទះ អ្នកទាំងនោះសុទ្ធតែប្រជាជនចាស់ ហើយអ្នកភូមិនិយាយថា គេយកទៅសម្លាប់ចោល។ នៅភូមិសោយបានមួយឆ្នាំខ្មែរក្រហមចាប់ផ្តើមជម្លៀសដល់ ភូមិតាពុំ តាប៉ាង ឃុំឈូក ស្រុកក្រូចឆ្មា នៅទីនោះគេឲ្យខ្ញុំធ្វើ បង្គីរ កន្ត្រក កញ្ជើរ ល្អី ដដែល ។ ប្រធានដែលគ្រប់គ្រងក៏ពិការដែរ ។ ពេលគេរំដោះបានខ្ញុំនៅ ភូមិតាប៉ាង ឃុំឈូក ស្រុកក្រូចឆ្មារ។ ខ្ញុំរស់នៅទីនោះរហូតមានអាយុ៤ឆ្នាំ ទើបនាំប្រពន្ធកូនត្រឡប់ទៅស្រុកកំណើតវិញ ។ មកដល់ ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខ្ញុំចាប់ផ្តើមធ្វើផ្ទះកាប់ឆ្ការព្រៃដើម្បីបានដីដាំដំណាំ ។ ពូជស្រូវបានមកពីវៀតណាម ដែលដូរមាសខ្លះ ដូរកម្លាំងខ្លះ។ ឥឡូវខ្ញុំពិការជើងម្ខាង ខាងឆ្វេង កាលសម័យអាមេរិក ហើយខ្ញុំងងឹតភ្នែកទាំងសងខាងរយះពេលបីឆ្នាំ។
៧-សឹម ទន ភេទប្រុស អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅស្រុកកូនទ្រាំង ខេត្តតាយនិញ ប្រទេសវៀតណាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុករបស់ខ្ញុំឈ្មោះ សឹម ចំណែកម្តាយឈ្មោះ ប្រុស។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ស្រីចំនួន២នាក់ និងប្រុសចំនួន៣នាក់។ បងស្រីខ្ញុំម្នាក់ស្លាប់នៅឆ្លូង ក្នុងជំនាន់ខ្មែរក្រហម ចំណែកបងប្រុសស្លាប់ធ្វើទាហានឲ្យអាមេរិកកាំង ស្លាប់នៅប្រទេសវៀតណាម។ ប្រពន្ធរបស់ខ្ញុំឈ្មោះ សូ សាវឿន ខ្ញុំគ្មានកូនទេ។ ខ្ញុំបានរត់មកស្រុកខ្មែរនៅឆ្នាំ១៩៦២ដល់១៩៦៣ ព្រោះតែនៅប្រទេសវៀតណាមកំពុងតែមានសង្រ្គាមខ្លាំង ហើយរបបអាហារចែកឲ្យម្នាក់កន្លះកំប៉ុងក្នុងមួយពេល។ ខ្ញុំគិតថាបើនៅប្រទេសវៀតណាម ខ្ញុំច្បាស់ជាស្លាប់មិនខាន ខ្ញុំក៏ប្រថុយរត់មកស្រុកខែ្មរជាមួយមិត្តភក្តិខ្ញុំម្នាក់ (មិនចាំឈ្មោះ)។ ពេលមកដល់ភូមិសាទុំ ត្រូវទៅដល់សង្កាត់ជាំក្រវៀន ដើម្បីរាយការណ៍ថាពួកខ្ញុំចូលមកប្រទេសខ្មែរ។ សង្កាត់ជាំក្រវៀនបានរាយការណ៍ទៅថ្នាក់លើទៀត ប៉ូលីសបានមកហៅពួកខ្ញុំឲ្យឡើងទៅភ្នំពេញ ហើយខ្ញុំនិងមិត្តជាប់គុកនៅជិតវត្តស្រះចក៦ខែ។ នៅក្នុងគុកភាគច្រើនសុទ្ធតែអ្នករត់ឆ្លងដែន។ ខ្ញុំនៅក្នុងគុកបានមួយខែ មេគុកបានតែងតាំងខ្ញុំឲ្យធ្វើជាអ្នកមើលការខុសត្រូវនៅក្នុងគុក។ គ្រប់ចំនួន៦ខែ ក៏ដោះលែងឲ្យខ្ញុំទៅកាន់សង្កាត់ជាំក្រវៀនវិញ។ ខ្ញុំមានបងប្អូនច្រើនដែលរស់នៅភូមិម្ខោះ តែខ្ញុំទៅរស់នៅភូមិសាទុំ។ ខ្ញុំរៀបការប្រពន្ធទី១ នៅឆ្នាំ១៩៦៨ ដោយគ្មានកូនទេ ហើយក៏បែកគ្នាវិញ។ ខ្ញុំមកដាំស្រូវ និងធ្វើចំការ។ ពេលដែលកងទ័ពវៀតកុងមកធ្វើការនៅមន្ទីរពេទ្យក្នុងព្រៃ ខ្ញុំមិនដែលទៅលេងមន្ទីរពេទ្យទេ ព្រោះខ្លាចគេជួបខ្ញុំ។
នៅពេលដែលទាហានអាមេរិកទម្លាក់គ្រាប់បែកខ្លាំងនៅក្នុងភូមិសាទុំ ព្រោះតែស៊ើបការណ៍បានថាវៀតកុងលាក់ខ្លួននៅក្នុងព្រៃ ជិតភូមិសាទុំ។ យន្តហោះអាមេរិកមកទម្លាក់បេ-៥២ ជ្រុំត្រង់ព្រៃកញ្ជាន់ តែកងទ័ពវៀតកុងក៏ដឹងខ្លួនមុនដែរ ទើបដកអស់នៅសល់តែអ្នកពិការ ដែលពិបាកនឹងយកចេញពីមន្ទីរពេទ្យក្នុងព្រៃកញ្ជាន់។ ប្រជាជនដែលរស់នៅក្នុងភូមិទាំងអស់ បានជម្លៀសចេញពីភូមិ អ្នកខ្លះនៅត្រឹមភូមិប្រិយ៍ ចំណែកខ្ញុំទៅដល់ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ ពេលដែលទាហានអាមេរិកដកអស់ពីប្រទេសខ្មែរ ទើបខ្ញុំត្រឡប់មកភូមិវិញ។ ឆ្នាំ១៩៧៤ ទើបខ្ញុំយកប្រពន្ធមួយទៀត នៅតែគ្មានកូនរហូតដល់សព្វថ្ងៃ។ ពេលត្រឡប់មកភូមិវិញ ចាប់ផ្តើមធ្វើស្រែប្រវាស់ដៃ ប្រមូលផលបានចែកទិន្នផលតាមគ្រួសាររៀងៗខ្លួន។ នៅពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រង ខ្ញុំស្ថិតនៅក្នុងកងចល័ត ភ្ជួរស្រែ លើកប្រឡាយ និងធ្វើស្រែរួម។ ការហូបរួមមិនគ្រប់គ្រាន់ទេ។ ខ្ញុំទៅលើកភ្លឺស្រែដល់សួង ឃុំឈើទាលជ្រុំ។ ខែប្រាំងវិញ វាស់ឡូដែលមានទទឹង១០ម៉ែត្រ បណ្តោយ១០ម៉ែត្រ ហើយនៅខាងសួងសំបូរត្រី បបរលាយជាមួយសម្លរត្រី។ ក្រោយមកខ្មែរក្រហមចោទខាងបូព៌ា ថាក្បាលយួន ខ្លួនខ្មែរ បានជម្លៀសឲ្យទៅខាងឆ្លូង។ ខ្ញុំទៅលើកប្រឡាយ និងលើកភ្លឺស្រែ។ ខ្ញុំធ្លាប់ឃើញគ្រួសារណាដែលយកប្រពន្ធ ឬប្តីជាជនជាតិវៀតណាម គឺខ្មែរក្រហមដឹកយកទៅទាំងរទេះៗ យកតែអ្នកដែលជាជនជាតិវៀតណាមទេ ប្តី ឬ ប្រពន្ធខ្មែរនិងកូនមិនយកទៅទេ។ ពីទៅបីថ្ងៃដឹក៤ទៅ៥រទេះ។ នៅពេលដែលកងទ័ពវៀតណាមទៅដល់ឆ្លូង ខ្ញុំក៏ដើរវិលត្រឡប់មកភូមិសាទុំវិញ តែមួយថ្ងៃទេ ចំណែកប្រពន្ធខ្ញុំគាត់ជម្លៀសទៅផ្សេង។ គាត់ទៅដល់ខាងចំការលើ គាត់ចំណាយពេលយូរជាងខ្ញុំទម្រាំមកដល់ស្រុកកំណើតវិញ។
៨ – ទិត្យ យិន ភេទស្រី អាយុ៨៩ ឆ្នាំ។ សព្វថ្ងៃរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ ទិត្យ(ស្លាប់) និងមានម្ដាយឈ្មោះ ខ្លូ (ស្លាប់) ខ្ញុំមានបងប្អូន ៧នាក់ (ស្រី៦ ប្រុស១) ខ្ញុំមានប្ដីឈ្មោះ ថ្នូម (ស្លាប់) នៅសម័យខ្មែរក្រហម ខ្ញុំមានកូន៦ នាក់(ស្រី២ ប្រុស៤) ។ កាលពីខ្ញុំនៅក្មេងខ្ញុំមិនបានរៀនសូត្រទេ ព្រោះអត់សាលារៀនមានតែរៀននៅវត្ត។ ខ្ញុំនៅផ្ទះ ជួយធ្វើការងារឪពុកម្តាយខ្ញុំ ធ្វើស្រែចម្ការ។ ក្រោយមក ខ្ញុំបានរៀបការជាមួយប្ដីរបស់ខ្ញុំបានកូន៣នាក់ ស្រាប់តែមានអាមេរិកចូលមកដល់ក្នុងភូមិ។ ឆ្នាំ១៩៧០ ខ្ញុំបានរត់ទៅក្រវៀន ក្រោយមកទៅមេមត់។ អាមេរិកបានទម្លាក់គ្រាប់បែក ដើម្បីតាមរកវៀតកុង។ វៀតកុងបានពួនតាមព្រៃ នៅជិតភូមិរបស់ខ្ញុំ វៀតកុងមិនហ៊ានចូលភូមិទេ ព្រោះខ្លាចអាមេរិកឃើញ។ កាលនោះមានគ្រាប់ផ្លោង ធ្លាក់ចូលក្នុងភូមិ ប៉ុន្តែមិនត្រូវប្រជាជនទេ។ អ្នកភូមិនាំគ្នារត់ចូលរណ្តៅ អាមេរិកទម្លាក់ច្រើនខ្លាំងណាស់នៅមេមត់។ បន្ទាប់ពី សង្គ្រាមអាមេរិកបញ្ចប់ទៅ ខ្ញុំបានត្រឡប់មកផ្ទះវិញ ត្រឡប់មកបាន១ឆ្នាំ មានខ្មែរក្រហមចូលក្នុងភូមិម្ដងទៀត។ ខ្មែរក្រហមបានឲ្យអ្នកភូមិធ្វើស្រែប្រវាស់ដៃ បន្ទាប់មកហូបរួម តែហូបមិនឆ្អែតទេ។ ខ្មែរក្រហមឲ្យខ្ញុំលើកប្រព័ន្ធភ្លឺស្រែ ខ្ញុំមិនបានរស់នៅជុំគ្រួសារទេ។ ខ្មែរក្រហមបាន បែងចែកការងារ ស្រីផ្សេង ប្រុសផ្សេង ប្ដីខ្ញុំធ្វើការផ្សេង។ ក្រោយមកខ្មែរក្រហមជម្លៀសខ្ញុំទៅ ស្ពឹកលូន ធ្វើស្រែ នៅទីនោះមិនបានប៉ុន្មាន ខ្មែរក្រហមជម្លៀសខ្ញុំទៅក្រចេះ។ នៅក្រចេះបាន២ថ្ងៃ ជម្លៀសខ្ញុំដោយឆ្លងកាណូតទៅស្ទឹងត្រង់ នៅបាន១យប់ ខ្ញុំបានត្រឡប់ទៅមេមត់ ខ្ញុំរស់នៅមេមត់បាន១០ខែ ត្រឡប់មកភូមិសាទុំវិញ។ នៅពេលដល់ផ្ទះខ្ញុំបានរកគ្រាប់ស្រូវយកមកដាំ និងធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។
៩- ឡិប ភាច អាយុ៨៣ឆ្នាំ ភេទស្រី មានស្រុកកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តពោធិ៍សាត់។ ឪពុករបស់ខ្ញុំឈ្មោះ អែម ឡិប និងម្តាយឈ្មោះ អុំ។ ខ្ញុំមានបងប្អូន៣នាក់ ស្រី២នាក់ និងប្រុសម្នាក់។ គ្រួសាររបស់ខ្ញុំឈ្មោះ ម៉ិញ ហឹស និងមានកូន១២នាក់ ស្រី២នាក់ និងប្រុស១០នាក់ សព្វថ្ងៃនៅសល់៦នាក់ ស្រី២ និងប្រុស៤នាក់។ កាលពីតូចៗខ្ញុំមិនបានរៀនសូត្រទេ ព្រោះតែពាក្យសំដីរបស់ម្តាយខ្ញុំថា “កូនអើយ! កុំខ្លួនយើងជាស្រី វាមិនហោះទេ”។ ខ្ញុំក៏នៅជួយធ្វើស្រែចំការ ម្តាយឪពុក និងជួយមើលប្អូនៗ រហូតដល់ខ្ញុំរៀបការ។ ខ្ញុំរៀបការនៅអាយុ១៨ឆ្នាំ ជំនាន់សង្គមរាស្ត្រនិយម។ តាំងពីខ្ញុំដឹងក្តីមក ភូមិរបស់ខ្ញុំដាំដូងមិនបានផ្លែហូបទេ គឺមានសង្រ្គាមរត់ចោលផ្ទះសម្បែង ទៅរស់នៅភូមិផ្សេង ហើយពេលដែលត្រឡប់មកវិញ ត្រូវដាំសារជាថ្មី។ ពេលដែលអាមេរិកផ្លោង និងទម្លាក់បេ-៥២ ដើម្បីតាមរកយៀកកុង ខ្ញុំនិងប្រជាជនដទៃទៀតក្នុងភូមិទាំងអស់ បានរត់ទៅភូមិប្រិយ៍ ដើម្បីរួចផុតពីគ្រាប់ផ្លោង។ ខ្ញុំរស់នៅ និងធ្វើស្រែចំការនៅភូមិប្រិយ៍បានរយៈពេលមួយឆ្នាំ ទើបត្រឡប់មកភូមិសាទុំវិញ បន្ទាប់ពីស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែក។ ពេលដែលរស់នៅភូមិប្រិយ៍ខ្ញុំបានកូនចំនួន៣នាក់។ កាលពីដើមភូមិសាទុំនិយមធ្វើចម្ការដាំស្រូវជាលក្ខណៈវិលជុំ។ ក្រោយពីស្ងប់ស្ងាត់លែងមានឮសម្លេងយន្តហោះរបស់អាមេរិក ក៏មានការធ្វើស្រែប្រវាស់ដៃ ពេលបានផលគឺចែកទិន្នផលតាមសមាជិកគ្រួសារ។ ពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រង ខ្មែរក្រហមបានបែងចែកកម្លាំងដូចជាចាស់ៗឲ្យធ្វើស្រែ ស្ទូងស្រូវ ដក ជម្រះស្មៅ ហើយទៅហូបបាយនៅរោងបាយ។ មេភូមិដែលគ្រប់គ្រងពួកខ្ញុំឈ្មោះ ម៉ៅ អោក និងគណៈឃុំឈ្មោះ លាង។
ឆ្នាំ១៩៧៧ ខ្មែរក្រហមជម្លៀសប្រជាជនដែលនៅភូមិភាគបូព៌ា ឲ្យទៅខាងភូមិចឹង។ ខ្មែរក្រហមបានប្រាប់អ្នកភូមិថា ខ្លាចយួនចូលមក និងខ្លាចអាមេរិកទម្លាក់គ្រាប់បែកទៀត ទើបជម្លៀសប្រជានចេញពីភូមិ។ ពេលទៅដល់ភូមិចឹង ខ្មែរក្រហមចាត់ឲ្យខ្ញុំជិះដំរីដើម្បីទៅរកស្បូវ ប៉ុន្តែខ្ញុំខ្លាចដំរី មិនហ៊ានជិះ សុខចិត្តដើរទៅច្រូតស្បូវ។ ពេលដែលខ្ញុំទៅធ្វើការគឺខ្ញុំទុកកូនតូចនៅជាមួយយាយៗ។ ថ្ងៃមួយពេលល្ងាចដែលខ្ញុំទៅយកកូនពីយាយៗ គាត់បានប្រាប់ថាកូនខ្ញុំមិនព្រមហូបបបរទេ ខ្ញុំបានយកមកកូនមកស្ទាប ស្រាប់តែខ្លួនរបស់គេក្តៅណាស់ ហើយខ្ញុំបានប្រាប់ទៅប្រធានកងថាកូនឈឺ សុំយកកូនទៅពេទ្យ ឬក៏សុំថ្នាំ។ តែប្រធានកងបានឲ្យខ្ញុំយកកូនទៅពេទ្យនៅស្រែរនាម ប៉ុន្តែខ្ញុំមិនស្គាល់ផ្លូវទេ ចុងក្រោយកូនប្រុសរបស់ខ្ញុំបានស្លាប់។ ខ្ញុំនៅភូមិចឹងបានមួយឆ្នាំ ទើបខ្មែរក្រហមបានជម្លៀសពួកខ្ញុំទៅថ្មគ្រែ និងជិះកាណូតទៅស្ទឹងត្រង់ចំការលើ។ ខ្ញុំទៅដល់ភូមិបុស្សខ្នុរ ប្រជាជនចាស់បានឲ្យពួកខ្ញុំទៅដកសណ្តែកដី បានចំនួនតែ២ថ្ងៃ កងទ័ពវៀតណាមក៏បានទៅដល់ភូមិបុស្សខ្នុរ ហើយប្រកាសថាបងប្អូនមានផ្ទះសំបែងនៅឯណា អញ្ជើញត្រឡប់ទៅវិញ។ ខ្ញុំនិងគ្រួសារបានត្រឡប់មកស្រុកវិញ ហើយសម្រាកនៅកំពង់ចាមមួយយប់ រង់ចាំឆ្លងសាឡាងធំមកខាងទន្លេបិទ។ ខ្ញុំធ្វើដំណើរមកដល់មេមត់ចំណាយពេលអស់កន្លះខែ ព្រោះតែយប់ត្រង់ណា សម្រាកកន្លែងហ្នឹង ហើយដើរមិនយូរទេ ព្រោះមានកូនតូច ដូច្នេះដើរតែពេលមេឃត្រជាក់ទេ។ ខ្ញុំបានទៅរកស្រូវដល់កាត់ដៃ ហើយបានយកមកបុក ដើម្បីទុកហូប។ ពេលដែលមកដល់ភូមិ សុទ្ធតែព្រៃ ហើយកាប់ឆ្ការដើម្បីបានដីធ្វើផ្ទះនៅ និងរស់នៅរហូតដល់សព្វថ្ងៃ។
១០-ឈ្មោះ ឯម ម៉ើ ភេទប្រុស អាយុ៩១ឆ្នាំ កើតនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣១ បានរៀរាប់ថា៖ ខ្ញុំមានបងប្អូនចំនួន៧នាក់ ប្រុស៦ នាក់ និងស្រីម្នាក់ ហើយខ្ញុំជាកូនបងគេ។ ម្ដាយឈ្មោះ ឡុ ឈុន ស្លាប់មុនជំនាន់បារាំង តាំងពីខ្ញុំមានអាយុ១២ឆ្នាំ មានស្រុកកំណើតនៅភូមិសាទុំ។ ចំណែកឪពុកឈ្មោះ ឯម។ ម្ដាយឪពុកសុទ្ធតែជនជាតិខ្មែរ ។ កាលពីកុមារភាពខ្ញុំអត់បានរៀនសូត្រចេះដឹងច្រើននោះទេ។ កាលពីក្មេងបងប្រុសរបស់ខ្ញុំឱ្យខ្ញុំចូលរៀនតែខ្ញុំចិត្តមិនដាច់ពីម្ដាយ ដោយសារតែមិនទាន់ឈប់បៅ។ កាលពីដើមគ្មានសម្លៀកបំពាក់ទេ ខ្ញុំបានសំបកទល់ធ្វើជាសម្លៀកបំពាក់ ហើយខ្ញុំដំវាឲ្យទក់ដូចជាកំណាត់ខោអាវអញ្ចឹងដែរ។ ដល់អាយុ១១ឆ្នាំ ខ្ញុំបានទៅរៀននៅវត្តក្រវៀន រៀនបានបួនឆ្នាំលោកគ្រូចៅអធិការឲ្យបួសនៅអាយុ១៥ឆ្នាំ។ លោកគ្រូចៅអធិកាឈ្មោះ វែង ជាចៅអធិការវត្តក្រវៀន ។ រួចមកខ្ញុំបានសិក្សាពីព្រះសង្ឃមានលោកគ្រូដូចជា លោកគ្រូអ៊ុង, លោកគ្រូវែង, លោកគ្រូជឹង បានបង្រៀនអំពីធម៌វិន័យនិងអក្សរសាស្ត្រជាដើម។ អំឡុងពេលដែលសិក្សានៅក្នុងវត្តមានសិស្សជាច្រើនរហូតដល់៤០នាក់ នៅក្នុងនោះមានសិស្សស្រីចំនួន៥នាក់ក្រៅពីនោះសុទ្ធតែសិស្សប្រុស។ កាលពីសង្គមមុនដោយសារតែប្រជាជនមិនសូវឲ្យកូនស្រីបានសិក្សារៀនសូត្រទេ ព្រោះខ្លាចកាលណាមានចំណេះដឹង ចេះសរសេរសំបុត្រស្នេហា។ ខ្ញុំបួសបានចំនួន៨វស្សា បួសសាមណេរបាន៥វស្សា បួសភិក្ខុបានបីវស្សា។ ក្រោយមក ខ្ញុំបានសឹកពីព្រះពុទ្ធសាសនា ធ្វើជាប្រជាជន ធ្វើស្រែចម្ការធម្មតាវិញ។ ក្រោយពីសឹក មេឃុំកាលនោះគេហៅថាមេស្រុក បានប្រើឲ្យគាត់សរសេរឯកសាររបាយការណ៍ជំនួសស្មៀន ព្រោះស្មៀនរវល់តែផឹកស្រា ខ្ញុំបានធ្វើការជំនួសស្មៀនអស់រយៈពេលបីខែហើយខ្ញុំគិតថាទៅលេងផ្ទះម្ដាយខ្ញុំវិញនៅភូមិធំ។ ម្យ៉ាងទៀត អត់មានអ្នកណាធ្វើការងារជំនួសឪពុកម្ដាយរបស់ខ្ញុំ។ កាលពីដើមឡើយនៅក្នុងភូមិសាទុំមានតែផ្លូវមួយខ្សែទេ ដំបូងបារាំងបានចូលមកធ្វើចំការកៅស៊ូនៅខាងក្រឡុងសិទ្ធិ ខ្ជាយ ដែលមានកម្មករទាំងខ្មែរនិងវៀតណាម។ ឪពុករបស់ខ្ញុំមានចំណេះដឹងគេឲ្យវាស់វែងដីធ្លីសម្រាប់ធ្វើផ្លូវ។ ពីដើមសម័យមុន អ្នកចេះដឹងបារាំងឲ្យឈ្មោះថាថី ។ បារាំងបានធ្វើផ្លូវពីស្រុកឡុកនិញទៅព្រៃនគរ រួចមកឆ្លងកាត់ស្ពានភូមិសាទុំ ខាងភូមិប្រិយ ខាងអូរអង្កាម ក្រឡុងសិទ្ធិ រហូតទៅដល់មេមត់។ កាលពីដើមនៅក្នុងភូមិសាទុំប្រជាជនមិនសូវហ៊ានចូលព្រៃទេព្រោះខ្លាចសត្វខ្លាដំរី។ ខ្ញុំបានជួបសម្ដេចព្រះសីហនុ បានម្ដងកាលពីទ្រង់ចុះមកដល់មេមត់ កាលហ្នឹងសម្ដេចមានអាយុ១១ឆ្នាំ ខ្ញុំបានចាប់ដៃរបស់ទ្រង់ត្រជាក់ដូចទឹកកក។ កាលពីដើម នៅក្នុងភូមិសាទុំនេះមានផ្ទះចំនួន១៧ខ្នងមិនសូវមានផ្លូវច្រើនទេ។ គេថាភូមិសាទុំក្លាយមកពីស្រីយំដែលស្រីនោះមកពីខាងភូមិព្រៃហើយដើរចុកជើងរួចអង្គុយយំ គាត់ថាមិនមែនទេពាក្យទាំងអស់នេះកើតឡើងដោយសារតែអ្នកផឹកស្រាហើយបាននិយាយតៗគ្នា។ ម្យ៉ាងវិញទៀតភូមិនេះមានឈ្មោះថាស្ទំ អ្នកខ្លះថាពីដើមមានសត្វជាច្រើនហើរមកទុំលើដើមពោធិ៍ ទុំហើយក៏ហើរត្រឡប់ទៅវិញ ។ កាលពីដើមឱ្យតែពេលល្ងាចនាំគ្នាដាក់ខោអាវចូលក្នុងផ្នត់ ដើម្បីត្រៀមពេលឮសំឡេងគ្រាប់កាំភ្លើងនាំគ្នាចូលរត់ពួននៅក្នុងព្រៃ ព្រោះខ្លាចចោរប្លន់។ ខ្ញុំដឹងថាចោរទាំងអស់ហ្នឹងមានខ្មែរយើងខ្លះ វៀតណាមខ្លះ ។ បារាំងពីមុនយកយួនមកពីហាណូយឲ្យចៀរជ័រកៅស៊ូ អត់មានខ្មែរយើងទេ ព្រោះបារាំងថាខ្មែរយើងប្រើមិនបាន។ ពេលដែលខ្ញុំពេញកំលោះហើយខ្ញុំចង់រៀបការជាមួយមនុស្សស្រីដែលខ្ញុំស្រឡាញ់តែម្តាយរបស់ខ្ញុំមិនយល់ព្រម។ ខ្ញុំនៅតែរឹងរូសចង់បានកូនប៉ូលីស ឪពុកឈ្មោះតាឡឹក ប្រពន្ធឈ្មោះ យ៉ុង។ ខ្ញុំបានរៀបការជាមួយកូនប៉ូលីសប្រពន្ធដើមរបស់ខ្ញុំបានកូនពីរនាក់ ហើយកូនម្នាក់បានស្លាប់នៅក្នុងសម័យ ប៉ុល ពត។ ប្រពន្ធម្នាក់ទៀតនៅរស់ឈ្មោះ ឆន តែពិការដៃម្ខាងដោយសារពស់ចឹក ។ ប្រពន្ធដើមរបស់ខ្ញុំដែលបានកូនពីរ គាត់មិនសូវរវល់ជាមួយគ្រួសារ មិនសូវខ្វល់ខ្វាយចំពោះកូនចៅទេ គាត់ចូលចិត្តតែដើរសប្បាយមានប្រុសផ្សេងក្រៅពីខ្ញុំ។ ដោយសារតែមិនចុះសម្រុងនឹងគ្នា ខ្ញុំបានិយាយជាមួយប្រពន្ធខ្ញុំតាមសម្រួល ថាបើមិនស្រឡាញ់ទេយើងលែងគ្នាទៅ។ ក្រោយពេលខ្ញុំបានលែងលះជាមួយប្រពន្ធដើមរបស់ខ្ញុំហើយ ខ្ញុំបានរៀបការក្រោយនៅ ឆ្នាំមមែ មានកូនចំនួន៧នាក់ ។ មុនពេលបាតុកម្មទម្លាក់សម្ដេចសីហនុ ខ្ញុំបានកូនពីរ ។ ចាប់តាំងពីពេលនោះមកខ្ញុំចាប់ផ្ដើមរកស៊ីលក់ដូរអង្ករវិញ។ អង្ករខ្ញុំយកមកពីមេមត់យកទៅលក់ឲ្យយួន ខ្ញុំនៅដឹកអង្ករនឹងកង់ហើយរុញម្ដងបាន២០គីឡូក្រាម ហើយចំណេញក្នុងមួយគីឡូក្រាមមួយរៀល។ អង្ករខ្ញុំដឹករាល់ថ្ងៃសូម្បីតែពេលយប់ក៏ខ្ញុំមិនសូវបានគេងផង ដឹកអង្ករទាំងនោះដឹកយកទៅឱ្យពួកយៀកកុង ខ្ញុំដឹកជញ្ជូនអង្ករឲ្យពួកយៀកកុង នៅត្រពាំងទាហត ត្រពាំងឈើខ្លឹម តែមានអ្នកលក់ច្រើនមកពី ឃុំជាំ ហើយទទួលបានលុយខ្មែរមកវិញក្រោយពីលក់អង្ករឲ្យទៅពួកយៀកកុង។ មេដែលទទួលទិញអង្ករឈ្មោះ សៅ ភុក។ ដោយសារតែមានសង្រ្គាមរវាងអាមេរិកកាំងហើយនិងពួកយៀកកុង លុយដែលខ្ញុំខំរកទាំងអស់មិនបានចាយទេ ហើយក្របីរបស់ខ្ញុំមេមួយ ឈ្មោលមួយ សុទ្ធតែធំៗលក់បានតម្លៃត្រឹមតែ១០០០ រៀលប៉ុណ្ណោះ។ ពេលអាមេរិកចូលមកស៊ើបការណ៍រកពួកយៀកកុង វាចាត់តាំងឲ្យមានអ្នករត់សំបុត្រលាក់ការណ៍សម្ងាត់មួយនាក់ ពីរនាក់ អ្នករត់សំបុត្រភាគច្រើនសុទ្ធតែប្រជាជនខ្មែរដែលរស់នៅក្នុងភូមិសាទុំ ។
ពួកយៀកកុងបានតាំងទីជម្រក ហើយបានបង្កើតមន្ទីរពេទ្យនៅក្នុងព្រៃកាដូនម៉ាច ព្រៃតាសឹង។ នៅពេទ្យហ្នឹងមានពេទ្យធំ មានការវះកាត់ប្រើឧបករណ៍ទំនើបៗ។ ពួកយៀកកុងមានខ្មែរយើងបកប្រែដែរ ហើយខ្លះក៏និយាយភាសាខ្មែរបានតែមិនសូវច្បាស់។ ខ្ញុំបានយកម្ដាយក្មេករបស់ខ្ញុំទៅព្យាបាលនៅទីនោះ ក្រោយមកម្ដាយក្មេកបានជាសះស្បើយឡើងវិញ។ ក្រោយពេល អាមេរិកស៊ើបការណ៍ដឹងហើយទើបអាមេរិកទម្លាក់គ្រាប់បែកដើម្បីសម្លាប់ពួកយៀកកុង ។ គ្រាប់បែកបេណាំហាយ(B-52) ជាច្រើនគ្រាប់បានផ្ទុះរង្គើរដល់ប្រជាជនដែលរស់នៅក្នុងភូមិដាច់ដំបូលផ្ទះដែលប្រក់ស្លឹកទ្រាំង។ ម៉ោង ៥ល្ងាចហើយការទម្លាក់មានពីលើ នៅកន្លែងជម្រកពួកវា កង់បានខ្ទេចបាក់បែកអស់ទាំងស្រុងមានប្រជាជននៅក្នុងភូមិសាទុំរងរបួស និងស្លាប់ហើយទាហានយៀកកុងបានស្លាប់ជាច្រើននាក់ ។ អំឡុងពេលសង្គ្រាមរវាងអាមេរិកនិងយៀកកុង ប្រជាជននៅក្នុងភូមិសាទុំ បានភៀសខ្លួនទៅរស់នៅ ភូមិក្រវៀន ភូមិដូង ពេលសង្គ្រាមចប់អស់មួយឆ្នាំ ទើបប្រជាជននាំគ្នាមករស់នៅក្នុងភូមិវិញ។ នៅក្នុងរបប លន់ នល់ ខ្ញុំបានបាត់បង់សាច់ញាតិនិងបងប្អូនឈ្មោះ ឯម ទឹម, ប្រពន្ធអ៊ុំ, កូនឈ្មោះឆក និងមីងម្នាក់ទៀត ។
នៅក្នុងសម័យ ប៉ុល ពត ខ្ញុំត្រូវបានគេជម្លៀសចេញពីភូមិសាទុំ ឲ្យនៅភូមិខ្មួរ ដោយខ្មែរក្រហមចាត់តាំងឲ្យខ្ញុំធ្វើជាសិប្បកម្ម មានតែពីរនាក់ហើយនិងម្នាក់ទៀតឈ្មោះ ឆក អោយគាត់ធ្វើជានង្គ័ល រនាស់។ ចំណែកប្រពន្ធកូនរបស់ខ្ញុំនៅក្នុងភូមិសាទុំនៅឡើយទេ។ មិនបានយូរប៉ុន្មានគេបានជម្លៀសប្រពន្ធខ្ញុំឲ្យទៅតាមក្រោយ ហើយខ្ញុំបានរស់នៅជាមួយគ្នា។ គេចាត់តាំងឲ្យខ្ញុំទៅរកត្រីសាច់ ដាក់នៅក្នុងសហករណ៍ជាសមូលហភាព ចំណែកប្រពន្ធខ្ញុំវិញគេប្រើឱ្យស្ទូងស្រូវធ្វើស្រែ។ មួយឆ្នាំក្រោយមក គេជម្លៀសគ្រួសារគាត់ឲ្យនៅ ភូមិតាអឹម ឃុំជាំតាម៉ៅ ឃើញគេបាញ់គ្នាជាមួយវៀតណាម ហើយវៀតណាមបានស្លាប់ នៅទីនោះ ធ្វើស្រែដូចនៅខ្មួរដែរ។ ខ្ញុំធ្វើស្រែលើកប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយ។ បន្ទាប់ពី ចេញពីហ្នឹងគេជម្លៀសឲ្យនៅកូនក្រពើ ចេញពីកូនក្រពើ ទៅនៅឆ្លូង ចេញពីឆ្លូងទៅដល់ភូមិចឹង ហើយយប់កន្លែងណាដេកកន្លែងនោះ។ ដល់ចឹងខ្មែរក្រហមចាប់ផ្ដើមឲ្យខ្ញុំនៅជាសហករណ៍។ មេសហករណ៍បានចោទប្រកាន់ខ្ញុំថា ខ្ញុំបានលួចក្របីរដ្ឋហើយយកកាំភ្លើងមកភ្ជង់ខ្ញុំត្រង់ក្បាល។ រួចមកខ្មែរក្រហមយកខ្ញុំទៅដាក់ឃុំទាំងអស់រយៈពេលមួយយប់។ ខ្ញុំបាននិយាយថា ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ។ បើសម្លាប់ខ្ញុំក៏មិនខ្លាចស្លាប់ដែរ។ ក្រោយពីឃុំឃាំងខ្លួនគាត់អស់មួយយប់ ព្រឹកឡើងខ្មែរក្រហមឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញ ហើយឲ្យខ្ញុំបររទេះដឹកសំណាប។ ចំណែកកូនរបស់ខ្ញុំគេប្រើឱ្យរើសអាចម៍គោធ្វើជី។ ចំពោះម្ហូបអាហារមានតែបបរលាយទឹកប៉ុណ្ណោះ ហើយការហូបចុកមិនដែលបានឆ្អែតគ្រប់គ្រាន់នោះទេ ។ ថ្ងៃមួយខ្ញុំបានទៅយកសំណាប បររទេះអោយអ្នកស្ទូងតាមធម្មតា ខ្ញុំមានគំនិតថាបើមិនលួចច្បាស់ជាដាច់ពោះស្លាប់ ខ្ញុំបានយកផ្លែសន្ទូចដាក់ចូលនៅក្នុងហោប៉ៅ រួចពេលទៅដល់ទឹកខ្ញុំចាប់ផ្ដើមយកផ្លែសន្ទូចចេញដើម្បីយកទៅស្ទូចត្រី។ នៅទីនោះមានគ្នាបីបួននាក់ ខ្ញុំនិយាយថាបើយើងចង់ស៊ីឆ្អែតយើងកុំរាយការណ៍ឲ្យអ្នកណាបានដឹង។ ក្រោយពេលស៊ីឆ្អែតហើយ ខ្ញុំបានវេចខ្ចប់យកទៅឱ្យប្រពន្ធកូនរបស់ខ្ញុំនៅឯផ្ទះថែមទៀតផង ។ នៅក្នុងភូមិចឹង ខ្ញុំបានស្លាប់ឪពុកក្មេកម្នាក់ ដោយសារអត់បាយហូបចុក ហើយរាងកាយរបស់គាត់ស្គមស្គាំង ស្លេកស្លាំង ។ ក្រោយមកទៀត ខ្មែរក្រហមឲ្យខ្ញុំធ្វើជាជាងឈូសឈើនិងចាំងសរសរ។ នៅក្នុងមួយថ្ងៃឲ្យបានពីរទៅបីដើម បើមិនបានតាមគោលការណ៍របស់អង្គការទេ នឹងត្រូវចាប់ទៅសម្លាប់ចោល។ បន្ទាប់ពីនៅភូមិហ្នឹងអស់រយៈពេលមួយឆ្នាំ អង្គការជ្រើសរើសខ្ញុំឱ្យទៅនៅស្រែរនាម ខេត្តក្រចេះ។ មកដល់ភូមិកន្ទួត ប្រជាជននាំគ្នារត់ព្រោះខ្លាចខ្ញុំ ។ ហើយខ្ញុំនិយាយថាកុំរត់អីខ្ញុំមកល្អជាទេ។ ខ្ញុំបានស្នាក់នៅមួយយប់ស្រាប់តែពួកខ្មែរក្រហមបាននិយាយគ្នាថា នឹងបើកឡានទៅក្រចេះទាំងយប់។ ក្រោយពេលខ្ញុំបានដំណឹងនេះរួចហើយខ្ញុំពិភាក្សាជាមួយកូនៗនិងប្រពន្ធខ្ញុំ ឲ្យមកលួចឡើងឡានដើម្បីទៅដល់ក្រចេះទាំងយប់។ អំឡុងពេលនោះពួកខ្មែរក្រហមមិនបានចាប់អារម្មណ៍ថាខ្ញុំឡើងឡាននោះទេ។ ដល់ពេលព្រឹកឡើងខ្ញុំបានចុះពីលើឡាន ហើយពួកខ្មែរក្រហមបានសួរថាតើលោកពូឡើងលើឡានកាលពីពេលណា។ ខ្ញុំថាលួចឡើងតាំងពីយប់មកម្ល៉េះ ហើយពួកខ្មែរក្រហមបានសួរថាតើលោកពូចង់ទៅណា? ខ្ញុំឆ្លើយថាខ្ញុំមិនដឹងទៅណានោះទេ។ ក្រោយមកពួកខ្មែរក្រហមបាននាំខ្ញុំទៅនៅកន្លែងមួយ ហើយរកកន្លែងដេកនឹងឲ្យអង្ករដើម្បីបានដាំបាយហូប។ ព្រឹកឡើងខ្ញុំចេញដំណើរដើរតាមផ្លូវដែលមានគន្លងចេះតែដើរៗរហូតទៅដល់ថ្មគ្រែ។ នៅទីនោះខ្ញុំឃើញមានយោធា ហើយត្រីងៀតជាច្រើន ដោយសារតែខ្ញុំឃ្លានខ្លាំងពេកទើបខ្ញុំដាច់ចិត្តសុំយោធាយកទៅហូប។ រួចមកប្រធានសហករណ៍នៅទីនោះបានសួរទៀតលោកពូមកពីណា? ខ្ញុំឆ្លើយថាខ្ញុំមិនដឹងមកពីណាទេយប់កន្លែងណាគាត់ដេកកន្លែងនោះ។ ខ្ញុំនិយាយទៅកាន់ប្រធានសហករណ៍ខ្មែរក្រហមថា ចង់សម្លាប់ក៏សម្លាប់ទៅដល់ទន្លេហើយ បោះឲ្យត្រីស៊ីក៏បានដែរ។ តែប្រធានសហករណ៍មិនបានធ្វើអ្វីខ្ញុំទេ ហើយបានចាត់តាំងឲ្យខ្ញុំទៅធ្វើសំបុកមាន់។ ដោយសារតែ ឃ្លានខ្លាំងពេកខ្ញុំចាប់ផ្ដើមលួចពងមាន់នៅក្នុងសំបុក មួយសម្បុកខ្ញុំយកមួយគ្រាប់។ ដោយសារតែខ្ញុំចេះជាងឈើ ដល់ថ្មគ្រែមេសហករណ៍ឲ្យខ្ញុំធ្វើជាងឈើដដែល។ ថ្ងៃមួយមានអ្នកឃ្វាលគោម្នាក់បានប្រាប់ខ្ញុំថា នៅផ្ទះដែលខ្ញុំរស់នៅមានមនុស្សស្លាប់ទាំងគ្រួសារ ឪពុក ម្ដាយ និងកូន។ ស្លាប់ដោយសារលេបថ្នាំទាំងគ្រួសារព្រោះតែស្ដាយទ្រព្យសម្បត្តិ។ អ្នកឃ្វាលគោបានសួរខ្ញុំថាខ្លាចខ្មោចដែរឬទេ? ខ្ញុំឆ្លើយថាស្លាប់ហើយគ្មានអ្វីត្រូវខ្លាចឡើយ។ បានប៉ុន្មានថ្ងៃគេជម្លៀសខ្ញុំឲ្យឡើងកាណូតពីស្ទឹងត្រង់ នៅក្នុងកាណូតមានពីរជាន់ហើយមនុស្សរាប់ពាន់នាក់ ។ ឡើងពីស្ទឹងត្រង់ទៅ យប់ឡើងឡានដើម្បីទៅដល់តាអុង តែដល់ហើយគ្មានបានបាយទេ មានតែដំឡូងមកហូបជំនួសបាយម្នាក់បន្តិច ដើម្បីកុំឲ្យហេវខ្លាំងពេករួចហើយមកដល់ទួលស្រូវ។ កំឡុងពេលនោះស្រូវចាប់ផ្ដើមទុំល្មម តែបានហូបបាយលាយចេកគ្រាន់បើជាងនៅចឹង។ ខ្មែរក្រហមបានប្រើខ្ញុំឱ្យរែកទឹក ជីកដី ធ្វើជី ដើម្បីស្រោចស្ពៃ ដោយសារតែខ្ញុំអត់បាយយូរពេក ទើបខ្ញុំគ្មានកម្លាំងក្នុងការរែកទឹក ពេលព្រឹកគ្មានបានចាក់ទឹកទេ ខ្ញុំក៏ដួលកំពប់ទឹកអស់ទៅ ។ ខ្ញុំនៅបានប្រហែលកន្លះខែ ស្រាប់តែមានទាហានវៀតណាមចូលមកដល់ ហើយឲ្យអ្នកបូព៌ាត្រឡប់មកផ្ទះវិញ ។ អ្នកទាំងអស់គ្នាត្រូវត្រឡប់ទៅស្រុកកំណើតពីថ្ងៃនេះទៅ គ្រួសារខ្ញុំបានចាប់ផ្ដើមធ្វើដំណើរដោយថ្មើរជើងពីបុស្បខ្នុរ រហូតដល់កំពង់ចាម។ ពេលទៅដល់ក្រុងសួងខ្ញុំរើសកួរស្រូវ រួចធ្វើដំណើរដល់មេមត់ ចេញពីមេមត់ដល់ភូមិដូង។ ពេលនោះខ្ញុំមិនទាន់ត្រឡប់ទៅផ្ទះរបស់ខ្ញុំទេ ខ្ញុំនៅភូមិដូងមួយយប់ពីរយប់ដើម្បីឲ្យអ្នកទៅស៊ើបការណ៍ទីនោះថាមានសុវត្ថិភាពដែរឬអត់។ មុនពេលចូលទៅក្នុងភូមិខ្ញុំបានដុតព្រៃដើម្បីឲ្យគ្រាប់មីនដែលគេកប់ផ្ទុះអស់ ទើបតែនាំប្រជាជនចូលទៅរស់នៅ ។ ព្រោះកាលពីសម័យអាមេរិកកាំង និងពួកយៀកកុងបានរាយគ្រាប់មីនពេញភូមិពេញព្រៃ ។
អត្ថបទ និងរូបថត ៖ ឡុង ដានី, រី លក្ខិណា, គៀត ស្រីឡែន, ឈុំ រ៉ាកុម ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម