វាគឺពិតជាគួរឱ្យភ្ញាក់ផ្អើលនិងងឿងឆ្ងល់យ៉ាងខ្លាំង នៅពេលរដ្ឋាភិបាលថៃបង្ហាញនូវជំហរយ៉ាងមោះមុតដោយគ្មានភាពអៀនខ្មាស ក្នុងការបំភាន់និងប្រឌិតព័ត៌មានភូតភរយ៉ាងធ្ងន់ធ្ងរ ដែលអះអាងអំពីជម្លោះព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសកម្ពុជា នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ។ ជាសំណាងល្អ សហគមន៍អន្តរជាតិគ្រាន់តែពិនិត្យមើលការពិតជាក់ស្តែងនៅទីតាំងមូលដ្ឋាននានា និងកំណត់ត្រាប្រវត្តិសាស្ត្រ គឺអាចធ្វើការសន្និដ្ឋានបានប្រកបដោយអំណះអំណាងសមហេតុផលអំពីអ្វីដែលជាតម្រូវការចាំបាច់ ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជាដោយសន្តិវិធី។
មានចំណុចមួយចំនួនដែលអាចចាត់ទុកថាគឺជាការពិត ចំពោះការលើកឡើងរបស់រដ្ឋាភិបាលថៃនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ ហើយការពិភាក្សាផ្សេងទៀតគឺអាចចាប់ផ្តើមពីចំណុចទាំងនោះ៖ ទី១) គឺ គ្មានការសង្ស័យឡើយដែលថាប្រទេសថៃបានសម្តែងការខឹងសម្បារចំពោះការបញ្ចេញនូវខ្សែអាត់សំឡេងសន្ទនារវាងថ្នាក់ដឹកនាំថៃ និងកម្ពុជា ជាសាធារណៈ, ទី២) គឺ យោធាថៃមួយចំនួនពិតជាបានរងរបួសដោយសារគ្រាប់មីននៅតាមបណ្តោយព្រំដែន និងទី៣) គឺ ប្រាកដណាស់ដែលថា ថៃ និងកម្ពុជា មានប្រជាជនរាប់សែននាក់កំពុងទទួលរងផលប៉ះពាល់ពីជម្លោះដ៏សោកសៅមួយនេះ។
ជាអកុសល រាល់ព័ត៌មានដែលពិត ដូចថៃបានលើកឡើងគឺគ្មានអង្គហេតុណាមួយក្នុងចំណោមខាងលើនោះ អាចយកមកប្រើប្រាស់ជាសេចក្តីសំអាងសមរម្យជាមូលដ្ឋានដើម្បីបង្ហាញភាពត្រឹមត្រូវចំពោះសកម្មភាពយោធារបស់ខ្លួនប្រឆាំងនឹងប្រទេសកម្ពុជាបានឡើយ។ ទោះបីជាយ៉ាងណា ការខ្វះខាតអង្គហេតុពិតប្រាកដគឺមិនបានរារាំងរដ្ឋាភិបាលថៃនោះទេ ក្នុងការបង្កើតនូវកាលៈទេសៈបំភ្លៃ និងប្រឌិតព័ត៌មានភូតភរ ដើម្បីបង្ហាញថា ថៃគឺជាជនរងគ្រោះស្លូតត្រង់ ពីការ «បង្កហេតុ» របស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា។ រដ្ឋាភិបាលថៃ បានអះអាងដោយគ្មានភស្តុតាងច្បាស់លាស់ណាមួយអាចបញ្ជាក់ថា គ្រាប់មីនដែលធ្វើឱ្យយោធារបស់ខ្លួនរងរបួសគឺពិតជាគ្រាប់មីនដែលកម្ពុជាលួចកប់ដោយសម្ងាត់នៅលើទឹកដីថៃ។ ប៉ុន្តែភាគីថៃហាក់បានមើលរំលងការពិតដោយមានចេតនាដែលថាតំបន់ទាំងនោះគឺជាតំបន់សម្បូរទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានបន្សល់ទុកកាលពីអំឡុងពេលសង្គ្រាមរាប់ទសវត្សរ៍កន្លងទៅ។ លើសពីនេះទៅទៀត ភាគីថៃបានអះអាងថា យោធារបស់ខ្លួនគឺមិនមែនជាអ្នកឈ្លានពានមុននៅក្នុងជម្លោះនេះឡើយ ហើយប្រជាជនកម្ពុជាដែលបានភៀសសឹក គឺជាប្រជាជនកម្ពុជាដែលបានមករស់នៅលើដីថៃតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដោយមិនអើពើចំពោះការតវ៉ារបស់ភាគីថៃ។
រាល់ព័ត៌មានប្រឌិតភូតភរទាំងនេះ ត្រូវបានបង្កើតឡើងសំដៅទៅលើសហគមន៍អន្តរជាតិដែលនៅឆ្ងាយពីទីតាំងមូលដ្ឋានជាក់ស្តែង និងមានឆន្ទៈទទួលយកការអះអាងរបស់ប្រទេសថៃដោយផ្អែកសុទ្ធសាធទៅលើការសន្មតថា ប្រទេសថៃគឺគ្មានចេតនាក្នុងការបំភាន់ ឬភូតភរសោះឡើយ។ ជាថ្មីម្តងទៀត ប្រទេសថៃកំពុងប្រឈមមុខនឹងភាពទាល់ច្រកជាមួយនឹងកំណត់ត្រាប្រវត្តិសាស្ត្រនៃសកម្មភាពរបស់ខ្លួននៅតាមបណ្តោយព្រំដែនជាមួយប្រទេសកម្ពុជា។ ជាច្រើនលើកច្រើនសារ ប្រទេសថៃបានព្យាយាមរំលោភបំពាន និងត្រួតត្រាលើទឹកដីរបស់ប្រទេសកម្ពុជា។ នៅក្នុងសតវត្សរ៍ទី១៩ ប្រទេសថៃបានចូលកាន់កាប់ទឹកដីរបស់ប្រទេសកម្ពុជាយ៉ាងទូលំទូលាយ រហូតដល់រដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលកម្ពុជាបានរុញច្រានយោធាថៃឱ្យចេញពីតំបន់ទាំងនោះ។ នៅពេលសង្គ្រាមលោកលើកទី២ចាប់ផ្តើម ប្រទេសថៃបានចូលមកកាន់កាប់ទឹកដីរបស់ប្រទេសកម្ពុជាជាថ្មីម្តងទៀត រហូតដល់ត្រូវបានរុញច្រានចេញដោយសហរដ្ឋអាមេរិក។ ជាចុងក្រោយក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ថៃបានអនុវត្តសកម្មភាពយោធារបស់ខ្លួនម្តងហើយម្តងទៀតដើម្បីរំខាន និងបង្កការគំរាមកំហែងដល់ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងទឹកដីរបស់ខ្លួននៅតាមបណ្តោយព្រំដែន។ បន្ថែមពីនេះ នៅពេលប្រឈមមុខទៅនឹង សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិពាក់ព័ន្ធនឹងតំបន់ជាក់លាក់មួយចំនួនតាមបណ្តោយព្រំដែន ដូចជាប្រាសាទព្រះវិហារ ជាដើម ប្រទេសថៃបានជ្រើសរើសយកការមើលរំលង និងបដិសេធមិនគោរពច្បាប់អន្តរជាតិ។
ការប៉ុនប៉ងនាពេលថ្មីៗនេះរបស់ប្រទេសថៃ ក្នុងការកាន់កាប់តំបន់ទាំងឡាយក្រោមការប្រឌិតព័ត៌មានភូតភរដែលថាតំបន់ទាំងនោះគឺជាផ្នែកមួយរបស់ប្រទេសថៃជាដរាបមក ដែលការអះអាងទាំងនេះគឺមិនមែនជារឿងថ្មីថ្មោង ហើយក៏មិនមែនជាយុទ្ធសាស្ត្រប្លែកក្នុងការបង្កើតឱ្យមានការប្រឌិតព័ត៌មានភូតភរនោះដែរ។ ការលើកឡើង និងការបង្ហាញជំហររបស់ប្រទេសថៃ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ គឺជាការយកគំនិតចាស់គំរឹលមកប្រើប្រាស់ឡើងវិញ ដើម្បីសម្រេចបំណងប្រាថ្នាដ៏យូរអង្វែងរបស់ខ្លួន ក្នុងការទទួលបានសិទ្ធិគ្រប់គ្រងលើទឹកដីរបស់ប្រទេសកម្ពុជា។ ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា សហគមន៍អន្តរជាតិនឹងចងចាំពីសច្ចភាពប្រវត្តិសាស្ត្រ ហើយទទួលស្គាល់នូវការវិវត្តន៍នាពេលថ្មីៗនេះថាគឺគ្រាន់តែជាការលើកឡើងសាជាថ្មីនូវរឿងរ៉ាវដែលធ្លាប់កើតមានកាលពីអតីតកាលតែប៉ុណ្ណោះ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



