នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដឹកនាំដោយលោក ផេង ពង្សរ៉ាស៊ី បានយកសៀវភៅដែលបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ចំនួន៣០០ក្បាល ទៅចែកជូនដល់គ្រឹះស្ថានមធ្យមសិក្សាចំនួនពីរក្នុងខេត្តព្រៃវែង គឺ៖ វិទ្យាល័យ ធាយ ស្ថិតក្នុងស្រុកបាភ្នំ និង វិទ្យាល័យ ត្រពាំងជ្រែ ស្ថិតក្នុងស្រុកមេសាង ខេត្តព្រៃវែង។
ការឧបត្ថម្ភសៀវភៅ និងឯកសារប្រវត្តិសាស្ត្រនាពេលនេះ មានគោលបំណងសំខាន់ៗពីរគឺ៖ ទី១) លើកកម្ពស់ការយល់ដឹង និងការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ឱ្យកាន់តែស៊ីជម្រៅដល់សិស្សានុសិស្ស និង ទី២) គាំទ្រ និងសម្រួលដល់ការបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យារបស់លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សា។
វិទ្យាល័យ ធាយ (ស្រុកបាភ្នំ)
នៅក្នុងឱកាសទទួលសៀវភៅ និងឯកសារស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហមចំនួន២០០ក្បាល លោក ថោង ភីណាក់ អាយុ៥០ឆ្នាំ គឺជានាយករងវិទ្យាល័យធាយ បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបញ្ជាក់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃឯកសារទាំងនេះក្នុងការចូលរួមចំណែកផ្តល់ចំណេះដឹងដល់សិស្សានុសិស្សនៅសាលារបស់លោក។ លោក ភីណាក់ បានប្តេជ្ញាចិត្តថា នឹងជំរុញ ព្រមទាំងលើកទឹកចិត្តសិស្សឱ្យចូលមកស្រាវជ្រាវ និងអានឯកសារប្រវត្តិសាស្រ្តខ្មែរក្រហមនៅក្នុងបណ្ណាល័យ នាឱកាសបើកបវេសនកាលខាងមុខ។
សៀវភៅទាំងនេះនឹងយកទៅតម្កល់ទុកក្នុងបណ្ណាល័យបណ្តោះអាសន្ន ដែលបច្ចុប្បន្នវិទ្យាល័យកំពុងប្រើប្រាស់បន្ទប់រៀនមួយធ្វើជាសាលអាន និងកន្លែងផ្ទុកសៀវភៅ។ យ៉ាងណាមិញ វិទ្យាល័យកំពុងតែរៀបចំគម្រោងសាងសង់បណ្ណាល័យថ្មីក្រោមជំនួយរបស់សប្បុរសជន ហើយរំពឹងថានឹងលេចរូបរាងឡើងជាផ្លូវការនៅឆ្នាំ២០២៧។
បន្ថែមពីនេះលោក ថោង ភីណាក់ បានចែករំលែកព័ត៌មានប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍អំពីទីតាំងរបស់វិទ្យាល័យ ធាយ ដែលមានការប្រែប្រួលជាច្រើនសម័យកាល។ នៅឆ្នាំ១៩៧៣ ទីតាំងនេះដើមឡើយជាបរិវេណវត្តថ្មី ដែលត្រូវបំផ្លាញទាំងស្រុងដោយការទម្លាក់គ្រាប់បែក ហើយសំណល់បាក់បែកនៃវត្ត ត្រូវប្រជាជនសែងយកទៅធ្វើជាទំនប់ និងជួសជុលផ្លូវនៅសងខាង «ស្ពានស្នេហ៍»។ ចូលដល់របបខ្មែរក្រហម ទីតាំងវត្តដែលបាក់ត្រូវបានកែប្រែទៅជា «មន្ទីរសង្គមកិច្ច» ដោយមានសង់រោងពេទ្យតូចមួយសម្រាប់ព្យាបាលយុទ្ធជនរបួស និងជួយសម្រាលកូនប្រជាជនក្នុងតំបន់។ ជាក់ស្តែង ម្តាយរបស់លោក ភីណាក់ ផ្ទាល់ បានសម្រាលរូបលោកនៅក្នុងមន្ទីរពេទ្យតូចមួយនេះកាលពីឆ្នាំ១៩៧៥។ ចាប់តាំងពីក្រោយឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន អាជ្ញាធរបានកែប្រែទីតាំងនេះទៅជាគ្រឹះស្ថានសិក្សាវិញ ដោយចាប់ផ្តើមដំបូងពីការសាងសង់អគារមួយខ្នង (មាន៣បន្ទប់) សម្រាប់សិស្ស១០៨នាក់ ក្នុងឆ្នាំ១៩៨០។ ក្រោយមកទៀត ទីតាំងនេះត្រូវបានដំឡើងកម្រិតជា «សាលាមធ្យមសិក្សាកម្រិត១» ឬ «អនុវិទ្យាល័យ ធាយ» នៅក្នុងឆ្នាំ១៩៨៥ ហើយទើបតែទទួលបានការដំឡើងកម្រិតបន្ថែមទៀតជា «វិទ្យាល័យ ធាយ» ជាផ្លូវការនៅដើមឆ្នាំ២០២៦។
វិទ្យាល័យ ត្រពាំងជ្រែ (ស្រុកមេសាង)
នៅក្នុងពិធីទទួលសៀវភៅ ព្រមទាំងឯកសារស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហមចំនួន១០០ក្បាល លោក ស៊ីន សារ៉ុន អាយុ៥៩ឆ្នាំ ជានាយកវិទ្យាល័យ ត្រពាំងជ្រែ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង និងបានបញ្ជាក់ថា វិទ្យាល័យរបស់លោកពិតជាមានការខ្វះខាតសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រហមជាយូរមកហើយ។ ជាមួយគ្នានេះ លោកបានស្នើសុំឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា បញ្ជូនបុគ្គលិកជំនាញផ្នែកប្រវត្តិសាស្ត្រខ្មែរក្រហមមកធ្វើបទបង្ហាញ និងដឹកនាំការពិភាក្សាផ្ទាល់ជាមួយសិស្សានុសិស្សនៅក្នុងវិទ្យាល័យបន្ថែមទៀត។ លោក ស៊ីន សារ៉ុន ផ្ទាល់ គឺជាសាក្សីរស់ម្នាក់ដែលបានជួបប្រទះ និងឆ្លងកាត់ដោយផ្ទាល់នូវព្រឹត្តិការណ៍ «បន្សុទ្ធកម្ម» ដ៏ជូរចត់ពីកម្មាភិបាលខ្មែរក្រហមភូមិភាគនិរតីមកលើកម្មាភិបាលភូមិភាគបូព៌ា ពីចុងឆ្នាំ១៩៧៧ ដល់ដើមឆ្នាំ១៩៧៨ ហើយលោកបានចែករំលែកបទពិសោធន៍និងការចងចាំរបស់លោកដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។
គួរបញ្ជាក់ដែរថាវិទ្យាល័យ ត្រពាំងជ្រែ គឺជាអតីតអនុវិទ្យាល័យមួយដែលទើបតែទទួលបានការប្រកាសដំឡើងកម្រិតទៅជាវិទ្យាល័យ ជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងខែសីហា ឆ្នាំ២០២៦ ថ្មីៗនេះ។
តាមរយៈលទ្ធផលវិជ្ជមាននៃបេសកកម្ម មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងខេត្តតាកែវ នឹងបន្តសកម្មភាពចែកចាយសៀវភៅ និងឯកសារប្រវត្តិសាស្ត្រខ្មែរក្រហមជាបន្តបន្ទាប់ទៀត ជូនដល់គ្រប់ស្ថាប័ន អង្គភាព ឬសាលារៀននានាក្នុងខេត្តទាំងពីរ ដែលមានតម្រូវការ និងបានដាក់ពាក្យស្នើសុំ។
សកម្មភាពនេះ មិនត្រឹមបំពេញបន្ថែមនូវប្រភពឯកសារក្នុងបណ្ណាល័យក្នុងសាលារៀនតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងការចងចាំប្រវត្តិសាស្ត្រពីសាក្សីរស់ទៅកាន់គ្រូបង្រៀនវ័យក្មេង និងសិស្សានុសិស្សជំនាន់ក្រោយ ដើម្បីចូលរួមចំណែកការពារសន្តិភាព និងទប់ស្កាត់ការកើតឡើងវិញនូវរបបប្រល័យពូជសាសន៍។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា






