នួន មិន ៖ ត្រូវគ្រាប់កាំភ្លើងតែមិនស្លាប់ ពេលពរកូនរត់គេចខ្លួន

ខ្ញុំឈ្មោះ នួន មិន អាយុ៧៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ក្នុងនោះមានស្រី៤នាក់ និងប្រុស២នាក់។ ខ្ញុំមានប្តីឈ្មោះ ចាប និងមានកូនស្រីម្នាក់។ ប្តីរបស់ខ្ញុំគឺជាអតីតទាហាន លន់ នល់។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីកងទ័ពខ្មែរក្រហមបានវាយលុក និងគ្រប់គ្រងទីក្រុងភ្នំពេញរួចមក ស្រាប់ តែប្ដីរបស់ខ្ញុំបានបាត់ខ្លួនដោយមិនដឹងមូលហេតុតាំងពីពេលនោះមក។ ខ្ញុំបានធ្លាក់ខ្លួនជាស្រ្តីមេម៉ាយ រស់នៅជាមួយកូនស្រីដោយគ្មានទីពឹង និងត្រូវសម្របខ្លួនជាមួយរបបសង្គមថ្មីរបស់ខ្មែរក្រហម។ ខ្មែរក្រហមបង្ខំខ្ញុំឱ្យធ្វើការងារធ្ងន់ធ្ងរ ដូចជា លើកប្រព័ន្ធភ្លឺស្រែ ជីកប្រឡាយ ជីកព្រែក គាស់គល់ឈើ ហើយជួនកាលត្រូវចាត់តាំងឱ្យធ្វើកន្ទេល។ ជារៀងរាល់ល្ងាច ប្រធានកងតែងតែហៅប្រជាជនទាំងអស់ទៅប្រជុំជីវភាព ដើម្បីធ្វើការទិតៀន និងស្វ័យទិតៀនគ្នាទៅវិញទៅមក អំពីលទ្ធផលការងារ និងការជិះជាន់កម្លាំងពលកម្មអ្នកដទៃ។ នៅក្នុងអង្គប្រជុំ ខ្ញុំធ្លាប់ត្រូវប្រធានកងទិតៀនថា ក្នុងមួយថ្ងៃខ្ញុំធ្វើកន្ទេលមិនបានមួយ។ ទោះ​បីជាពេលនោះ ខ្មែរក្រហមមិនយកខ្ញុំទៅកសាង ប៉ុន្តែការទិតៀនធ្វើឱ្យខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយខិតខំប្រឹងប្រែងធ្វើការងារថែមទៀត ព្រោះបើធ្វើការមិនទាន់តាមផែនការ ប្រធានកងនឹងទិតៀនបន្តទៀតមិនខាន។

ក្រោយមក ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើជាប្រធានក្រុមដឹកនាំកុមារ និងមនុស្សចាស់ចំនួន១០ នាក់ ទៅជីកព្រែក២ខ្សែ នៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅទីនោះ ខ្ញុំសង្កេតឃើញមានកងចល័ត និងកងកុមារជាច្រើនត្រូវបានបញ្ជូនមកជីកព្រែកដែរ។ ខ្ញុំពិតជាអាណិតក្មេងៗ ព្រោះការងារជីកព្រែក កាប់ដី និងរែកដី គឺនឿយហត់ខ្លាំងណាស់។ ខ្ញុំត្រូវកាប់ដី និងរែកដីរហូតក្រិនស្មា។ ចំណែកការហូបមានការខ្វះខាត និងរស់នៅគ្មានអនាម័យ ព្រោះរយៈពេល៦ថ្ងៃទើបខ្មែរក្រហមអនុញ្ញាតឱ្យខ្ញុំទៅងូតទឹកម្ដង។ បន្ទាប់ពីជីកព្រែកទាំង២ខ្សែរួចរាល់ ខ្មែរក្រហមបានឱ្យប្រធានក្រុមនីមួយៗដឹកនាំសមាជិកក្រុមវិលត្រឡប់មកកន្លែងស្នាក់នៅវិញ ហើយខ្ញុំលែងធ្វើជាប្រធានក្រុមទៀតហើយ។ ពេលនោះ ប្រធានកងបានចាត់តាំងខ្ញុំឱ្យទៅធ្វើការក្នុងកងចល័តលើកភ្លឺស្រែដូចកាលពីមុន។ ខ្ញុំយល់ថាការចាត់តាំងឱ្យធ្វើប្រធានក្រុម ឬកូនក្រុម គឺមិនខុសគ្នាឡើយ ព្រោះក្នុងកាលៈទេសៈនោះ ឱ្យតែនរណាធ្វើអ្វីខុសបន្តិច ដឹងតែខ្មែរក្រហមយកទៅកសាង រៀនសូត្រ ឬ សម្លាប់ចោលភ្លាមដោយមិនរើសមុខឡើយ ហើយជួនកាលប្រធានក្រុមអាចនឹងត្រូវឈ្លបខ្មែរក្រហមយកទៅសម្លាប់មុនសមាជិកក្រុម។

សោកនាដកម្មថ្មីបានចូលមកដល់នៅក្នុងខែធ្នូ ឆ្នាំ១៩៧៧ ដោយសារតែគ្រួសាររបស់ខ្ញុំត្រូវខ្មែរក្រហមចាត់ទុកថាជាប្រជាជនថ្មី។ ពេលនោះប្រធានភូមិបានមកចុះបញ្ជីឈ្មោះសមាជិកគ្រួសារខ្ញុំទាំង៨នាក់ ដើម្បីបញ្ជូនទៅខេត្តពោធិ៍សាត់ជាមួយប្រជាជនថ្មីជាច្រើនគ្រួសារទៀត។ ខ្មែរក្រហមបានយកឡានជាច្រើនគ្រឿងមកដឹកខ្ញុំ និងប្រជាជនឆ្ពោះទៅកាន់ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីជិះស្រឡាង ទៅភ្នំពេញ រួចបន្តធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់។ ពេលទៅដល់ខេត្តពោធិ៍សាត់ គណៈកងដែលរង់ចាំនៅទីនោះបានបែងចែកប្រជាជនទៅតាមតំបន់ផ្សេងៗគ្នា ដោយប្រជាជនខ្លះត្រូវអង្គការបញ្ជូនបន្តតាមរថភ្លើងទៅខេត្តបាត់ដំបង។ រីឯគ្រួសាររបស់ខ្ញុំ និងប្រជាជនមកពីភូមិតាកោ ត្រូវបានគណៈកងនាំមកកាន់ភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីធ្វើរោងស្នាក់នៅ និងធ្វើការងារ។ នៅទីនោះ ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំទាំងអស់ត្រូវខ្មែរក្រហមបំបែកឱ្យទៅធ្វើការនៅកន្លែងផ្សេងៗគ្នា។ ប្អូនប្រុសរបស់ខ្ញុំទាំង២នាក់ ម្នាក់ជាអតីតទាហាន លន់ នល់ និងម្នាក់ទៀតជាប្រជាជន ត្រូវអង្គការបញ្ជូនឱ្យទៅធ្វើការនៅក្នុងកងចល័តនៅឆ្ងាយពីភូមិ ហើយបាត់ដំណឹងរហូតមកដល់សព្វថ្ងៃ។ ខ្ញុំគិតថា ខ្មែរក្រហមបានយកប្អូនប្រុសខ្ញុំទាំងពីរទៅសម្លាប់ចោល ព្រោះបើសិនជាប្អូនរបស់ខ្ញុំនៅរស់ច្បាស់ជាត្រឡប់មករកគ្រួសារវិញមិនខាន។ ចំណែកខ្ញុំ ត្រូវប្រធានភូមិចាត់តាំងចូលក្នុងកងចល័ត ជីកប្រឡាយ លើកភ្លឺស្រែ រែកដី ស្ទូង ដក និងច្រូតកាត់ ទាំងយប់ទាំងថ្ងៃ។

ក្រោយពេលខ្ញុំរស់នៅក្នុងខេត្តពោធិ៍សាត់បានរយៈពេលមួយឆ្នាំ កងទ័ពស្ម័គ្រចិត្តវៀតណាមចូលមករំដោះធ្វើឱ្យប្រជាជនជ្រួលច្របល់ជាខ្លាំង។ ពេលនោះ មានប្រជាជនមកពីខេត្តស្វាយរៀងម្នាក់ដែលមានស្មារតីរឹងមាំ បានស្រែកប្រាប់ប្រជាជនទាំងអស់ឱ្យនាំគ្នាតស៊ូរត់គេចខ្លួន ដោយគាត់និយាយថា «បើនៅគឺស្លាប់ បើទៅអាចរស់»។ ឮដូច្នេះ ក្រុមខ្ញុំប្រញាប់ប្រញាល់រៀបចំខោអាវ និងដើររកបងប្អូនដើម្បីចាកចេញភ្លាមៗ។ ប៉ុន្តែពេលរត់ទៅដល់ទីតាំងមួយ ស្រាប់តែឃើញប្រជាជនកកកុញ ឈរបន្តកន្ទុយគ្នា ព្រោះកងទ័ពខ្មែរក្រហមបានស្ទាក់នៅផ្នែកខាងមុខ។ គ្រួសាររបស់ខ្ញុំស្ថិតនៅជួរក្រោយគេបង្អស់។ រំពេចនោះ ស្រាប់តែមានសំឡេងគ្រាប់បែក ដែលខ្មែរក្រហមបោក និងបាញ់តម្រង់មកលើហ្វូងប្រជាជន បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ នៅក្នុងស្ថានភាពចលាចល ខ្ញុំប្រញាប់រត់ចេញពីកន្លែងកើតហេតុ ដោយដៃម្ខាងបីកូន និងដៃម្ខាងទៀតកាន់សម្ភារប្រើប្រាស់។ ស្របពេលដែលខ្ញុំកំពុងគេចខ្លួន ស្រាប់តែមានគ្រាប់កាំភ្លើងមួយគ្រាប់ហោះមកចំបញ្ឆិតកញ្ជឹងកខ្ញុំ ចំពេលខ្ញុំឱនដាក់កូនចុះឱ្យដើរលើដី បណ្ដាលឱ្យហូរឈាមយ៉ាងច្រើន និងបន្សល់ទុកស្លាកស្នាមរហូតមកដល់សព្វថ្ងៃ។

ក្រុមគ្រួសារខ្ញុំមិនអាចរត់គេចខ្លួនបានឡើយ គឺខ្មែរក្រហមបានកៀងគរគ្រួសារខ្ញុំ និងប្រជាជនដែលនៅសេសសល់ទាំងអស់យកទៅផ្តុំគ្នានៅកន្លែងមួយ។ ខ្ញុំភិតភ័យយ៉ាងខ្លាំងព្រោះឃើញសាកសពមនុស្សស្លាប់គរគ្នាពាសពេញវាលស្រែ។ ខ្មែរក្រហមបម្រុងនឹងសម្លាប់ក្រុមខ្ញុំចោលទាំងអស់ ប៉ុន្តែសំណាងល្អ មានកម្មាភិបាលខ្មែរក្រហមចិត្តធម៌ម្នាក់ទៀត បានចេញមុខមកជួយការពារ មិនឱ្យយោធាខ្មែរក្រហមប៉ះពាល់ប្រជាជនសូម្បីតែម្នាក់ ថែមទាំងបង្គាប់ឱ្យកូនចៅទៅរកបាយរកទឹកមកឱ្យប្រជាជនហូប និងឱ្យសម្រាកនៅទីនោះចំនួនមួយយប់។

លុះព្រឹកឡើង យោធាខ្មែរក្រហមទាំងនោះបានរត់ភៀសខ្លួនបាត់អស់។ ដោយឃើញឱកាសល្អ ក្រុមគ្រួសារខ្ញុំ និងប្រជាជនដទៃទៀតបាននាំគ្នាចាកចេញពីទីនោះ ដើម្បីធ្វើដំណើរវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ក្រុមគ្រួសារខ្ញុំជួបការលំបាកវេទនាយ៉ាងខ្លាំង ព្រោះគ្មានស្បៀងអាហារគ្រប់គ្រាន់ ដូច្នេះយើងត្រូវដើរសុំបាយប្រជាជនហូបតាមផ្លូវ។ លើសពីនេះ ខ្ញុំ និងបងប្អូនត្រូវផ្លាស់វេនគ្នាអៀវឪពុកម្ដាយដែលមានជំងឺនិងគ្មានកម្លាំងកំហែងក្នុងការធ្វើដំណើរទៅមុខ។ ក្រុមគ្រួសារខ្ញុំ ត្រូវចំណាយពេលធ្វើដំណើរដោយថ្មើរជើងអស់រយៈពេលមួយខែ ទើបមកដល់ស្រុកកំណើតវិញ។ ក្រោយពីរបបខ្មែរក្រហមត្រូវដួលរលំ ខ្ញុំបានចាប់ផ្ដើមជីវិតថ្មីដោយប្រកបរបរធ្វើស្រែចម្ការ។ សព្វថ្ងៃ ខ្ញុំមានសេចក្តីសប្បាយរីករាយ និងជ្រះថ្លាក្នុងចិត្តជាខ្លាំង ព្រោះបានរស់នៅជុំគ្នាជាមួយបងប្អូនស្រីទាំង៤នាក់ និងមានសំណាងបានរស់រានមានជីវិតពីរបបខ្មែរក្រហម ។ ប៉ុន្តែខ្ញុំនៅតែនឹកស្រណោះការស្លាប់បាត់បង់ជីវិតប្អូនប្រុសរបស់ខ្ញុំពីរនាក់ក្នុងរបបខ្មែរក្រហម។

អត្ថបទ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖