លោក ហែម បូរ៉ាវុធ ស្វែងរកសាច់ញាតិដែលបានបាត់ខ្លួនក្នុងរបបខ្មែរក្រហម

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ហែម បូរ៉ាវុធ និងគ្រួសារ បានអញ្ជើញមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ ដើម្បីស្វែងរកសមាជិកគ្រួសារដែលបានបែកគ្នាតាំងពីរបបខ្មែរក្រហមគ្រប់គ្រងប្រទេស។ នេះជាលើកទីពីរហើយដែលលោក ហែម បូរ៉ាវុធ បានធ្វើដំណើរពីប្រទេសបារាំងមកកាន់កម្ពុជា ដើម្បីបន្តបេសកកម្មស្រាវជ្រាវស្វែងរកសាច់ញាតិដែលបានបាត់ខ្លួន។

បុគ្គលិកប្រចាំការនៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានផ្តល់កិច្ចសហការយ៉ាងយកចិត្តទុកដាក់ ដោយបានពិភាក្សាជុំវិញព័ត៌មាននៃការបាត់ខ្លួន ដើម្បីជួយស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតលើគេហទំព័រ databases.dccam.org/paper-documents ព្រមទាំងបានផ្តល់បញ្ជីឈ្មោះឯកសារដែលមានតម្កល់នៅក្នុងការិយាល័យ ជូនលោក និងក្រុមគ្រួសារដើម្បីពិនិត្យ និងស្វែងរកឈ្មោះសមាជិកគ្រួសាររបស់លោក។

ជាមួយគ្នានេះ លោក ហែម បូរ៉ាវុធ និងគ្រួសារ បានស្នើសុំឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជាជួយផ្សព្វផ្សាយដំណឹងនេះដល់សាធារណជន ដោយសង្ឃឹមថានឹងបានទទួលព័ត៌មានបន្ថែមពីសមាជិកគ្រួសារ តាមរយៈបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ស្គាល់ ឬដឹងពីស្ថានភាពគ្រួសាររបស់លោកនាអតីតកាល។ សមាជិកគ្រួសារចំនួន៨នាក់ ដែលបានបាត់ខ្លួន រួមមាន៖ ហែម បូរ (ឪពុកបង្កើត), កោះ ផាន់ណា (ម្ដាយបង្កើត), ហែម ចាន់បូរី (បងស្រី), ហែម សុខបូរ៉ា (បងប្រុស), ហែម ប៊ុនណារី (ប្អូនស្រី), ហែម បុប្ផាគន្ធ (ប្អូនស្រី), ហែម បុប្ផារដ្ឋ (ប្អូនស្រី) និង ហែម បូរិទ្ធី (ប្អូនប្រុស)។

ដោយសារសមាជិកគ្រួសារទាំងអស់បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម ហើយពុំដែលមានសាច់ញាតិណាម្នាក់បានជួបលោក ហែម បូរ៉ាវុធ វិញ ទើបព័ត៌មានលម្អិតអំពីប្រវត្តិគ្រួសារក្នុងរបបខ្មែរក្រហមមិនបានដឹងច្បាស់លាស់។ យ៉ាងណាមិញ លោក ហែម បូរ៉ាវុធ ទទួលបានព័ត៌មានតែមួយគត់ពីអ្នកស្គាល់គ្នាម្នាក់ដែលបានប្រាប់ថា គ្រួសាររបស់លោកត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញជាមួយប្រជាជនជាច្រើនទៀតឆ្ពោះទៅកាន់ខេត្តតាកែវ។ លោកបានបញ្ជាក់តាមសម្តីអ្នកស្គាល់គ្នានោះថា៖ «បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គការបានជម្លៀសក្រុមគ្រួសាររបស់ខ្ញុំទាំង៨នាក់ ឱ្យទៅរស់នៅម្តុំជើងចាប ក្នុងខេត្តតាកែវ»។ គួរបញ្ជាក់ថា «ជើងចាប» ជាឈ្មោះវត្តមួយកន្លែងស្ថិតក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ កាលពីសម័យខ្មែរក្រហម វត្តនេះត្រូវបានប្រើប្រាស់ជាទីកន្លែងឃុំឃាំង សួរចម្លើយ និងសម្លាប់មនុស្ស ដោយជនរងគ្រោះភាគច្រើន គឺជា «ប្រជាជន ១៧ មេសា» ដែលត្រូវខ្មែរក្រហមជម្លៀសចេញពីភ្នំពេញ។

លោក ហែម បូរ៉ាវុធ មិនបានស្ថិតនៅក្នុងព្រឹត្តិការណ៍ជម្លៀសដោយបង្ខំក្នុងឆ្នាំ១៩៧៥ ទេ ព្រោះលោកត្រូវបានឪពុកបញ្ជូនឱ្យទៅសិក្សានៅប្រទេសបារាំងតាំងពីវ័យជំទង់ ក្នុងសម័យសង្គមរាស្ត្រនិយម។ ដោយសារកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ លោកមិនអាចវិលត្រឡប់មកកាន់ប្រទេសវិញ ហើយបានបន្តរស់នៅប្រទេសបារាំងរហូតមកដល់បច្ចុប្បន្ន។

លោក ហែម បូរ ដែលត្រូវជាឪពុកលោក បូរ៉ាវុធ គឺជាឥស្សរជនជាន់ខ្ពស់ និងជាអ្នកជំនាញផ្នែកភស្តុភារកម្មដ៏លេចធ្លោមួយរូប ដែលបានដឹកនាំស្ថាប័នរថភ្លើងជាតិឆ្លងកាត់របបនយោបាយធំៗចំនួនពីរ គឺសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ។ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជតម្រិះដឹកនាំរបស់សម្ដេចព្រះ នរោត្តម សីហនុ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ លោក ហែម បូរ ត្រូវបានតែងតាំងជាអគ្គនាយកនៃក្រុមហ៊ុនរថភ្លើងរដ្ឋកម្ពុជា។ ស្នាដៃដ៏ធំបំផុតរបស់លោក គឺការដឹកនាំបច្ចេកទេស និងគ្រប់គ្រងការដ្ឋានផ្ទាល់ក្នុងការស្ថាបនាខ្សែផ្លូវរថភ្លើងទី២ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ប្រវែង២៧០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តតាកែវ កំពត និងកែប រហូតបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែធ្នូ ឆ្នាំ១៩៦៩។ ក្នុងបេសកកម្មនេះ លោក ហែម បូរ បានចុះបំពេញភារកិច្ច និងសហការយ៉ាងជិតដិតជាមួយអាជ្ញាធរខេត្តតាកែវ ដោយសារស្ថានីយខេត្តតាកែវជាចំណុចឈប់ចតយុទ្ធសាស្ត្រដំបូងគេ បន្ទាប់ពីភ្នំពេញ។ លោក ហែម បូរ៉ាវុធ បានបញ្ជាក់ថា ថ្វីត្បិតតែឪពុកគាត់មានស្រុកកំណើតនៅទីក្រុងភ្នំពេញពិតមែន ប៉ុន្តែគាត់បានមកស្នាក់នៅ និងធ្វើការនៅក្នុងខេត្តតាកែវអស់រយៈពេលយ៉ាងយូរ។

នៅក្នុងសម័យសាធារណរដ្ឋខ្មែរ (ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០) លោក ហែម បូរ មិនបានចាកចេញពីប្រទេសឡើយ ដោយលោកនៅតែបន្តកាន់តំណែងជាអគ្គនាយកក្រុមហ៊ុនរថភ្លើងជាតិដដែល។ ក្នុងបរិបទសង្គ្រាមស៊ីវិលរ៉ុំារ៉ៃនៅកម្ពុជា បេសកកម្មរបស់លោកបានប្រែប្រួលពី «ការកសាង» មកជា «ការការពារ និងជួសជុល» ផ្លូវរថភ្លើងវិញ។ នៅពេលផ្លូវជាតិលេខ៤ ត្រូវកាត់ផ្តាច់ ខ្សែផ្លូវដែកទិសខាងត្បូងបានក្លាយជាផ្លូវដង្ហើមសេដ្ឋកិច្ចតែមួយគត់។ រាល់ពេលមានការដាក់មីនបំផ្លាញផ្លូវដែក និងស្ពានពីកងទ័ពខ្មែរក្រហម លោក ហែម បូរ តែងតែដឹកនាំក្រុមវិស្វករចុះជួសជុលភ្លាមៗទាំងគ្រោះថ្នាក់ ដើម្បីរក្សាចរន្តដឹកជញ្ជូន។ លោកបានសហការជាមួយកងទ័ពជាតិក្នុងការបំពាក់កាំភ្លើងយន្តលើក្បាល និងទូររថភ្លើង ដើម្បីការពារការវាយឆ្មក់។ លោក ហែម បូរ បានបំពេញភារកិច្ចជាអ្នកបច្ចេកទេសជាន់ខ្ពស់ បម្រើវិស័យផ្លូវដែកកម្ពុជាដោយស្មោះត្រង់ រហូតដល់ថ្ងៃដួលរលំនៃរបបសាធារណរដ្ឋខ្មែរ នៅខែមេសា ឆ្នាំ១៩៧៥។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖