យុវជនក្នុងស្រុកអន្លង់វែងទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរផ្ទះ តាម៉ុក

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ យុវជននៃស្រុកអន្លង់វែង បានធ្វើដំណើរមកទស្សនកិច្ចសិក្សានៅសារមន្ទីរផ្ទះ តាម៉ុក ក្រោមការសម្របសម្រួលពីមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ដំណើរទស្សនកិច្ចសិក្សានាថ្ងៃនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ព្រឹត្តិការណ៍ក្រោយឆ្នាំ១៩៧៩ និងការកសាងសន្តិភាពដល់យុវជនជំនាន់ក្រោយ។

យុវជននឹងបានស្វែងយល់ពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ និងការធ្វើសមាហរណកម្មរបស់កម្លាំងខ្មែរក្រហមចុងក្រោយនៅស្រុកអន្លង់វែង ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើបទបង្ហាញអំពីសន្តិភាពរបស់បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ នៅក្នុងនោះ មានការលើកឡើងអំពីការផ្សះផ្សា និងការយល់ដឹងពីតម្លៃសន្តិភាព ការផ្លាស់ប្តូរផ្នត់គំនិត ការពង្រឹងស្មារតីអត់ឱនដើម្បីផ្សះផ្សាជាតិ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍មិនឱ្យកើតមានជាសាជាថ្មី រួមទាំងការស្រាវជ្រាវផ្ទាល់ពីវត្ថុតាង បណ្តុះជំនាញវិភាគ សាកសួរព័ត៌មាន និងការកត់ត្រាប្រវត្តិសាស្ត្រទាក់ទងទីតាំងជាក់ស្តែង។

នៅទីតាំងសារមន្ទីរផ្ទះ តាម៉ុក ក្នុងស្រុកអន្លង់វែង គឺឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រយ៉ាងជូរចត់ និងការវិវត្តនៃរបបខ្មែរក្រហម តាំងពីចំណុចចាប់ផ្តើមរហូតដល់ថ្ងៃដួលរលំចុងក្រោយ តាមរយៈការតាំងពិព័រណ៍រូបថតចំនួន១០០ផ្ទាំង។ ផ្ទះទី៣របស់ តាម៉ុក ដើមឡើយ ត្រូវបានប្រើប្រាស់សម្រាប់ទទួលសមាជិកគ្រួសារ និងប្រជាជនដែលមកស្នើសុំស្រូវអង្ករ ឬគោក្របី។ ប៉ុន្តែបច្ចុប្បន្ន នៅក្នុងបរិវេណផ្ទះទាំងនេះ ត្រូវប្រែក្លាយជាកន្លែងដាក់តាំងរូបថតប្រវត្តិសាស្ត្រ និងផ្ទាំងគំនូរចំនួន១០០ ដើម្បីទុកជាមេរៀនអប់រំសន្តិភាព។ រូបថតទាំង១០០សន្លឹក គឺជាភស្តុតាងមិនអាចប្រកែកបាននៃរបបវាលពិឃាត។ រូបភាពនៃពិព័រណ៍បានបង្ហាញពីការរស់នៅយ៉ាងវេទនា ការបង្អត់អាហារ និងការកាប់សម្លាប់ ដែលយុវជនជំនាន់ក្រោយត្រូវសិក្សាដើម្បីយល់ពីផលវិបាកនៃសង្គ្រាមស៊ីវិល។ រូបភាពខ្លះបង្ហាញពីព្រឹត្តិការណ៍ធ្វើសមាហរណកម្ម និងការទម្លាក់អាវុធរបស់កងទ័ពខ្មែរក្រហមចុងក្រោយនៅស្រុកអន្លង់វែង ក្នុងឆ្នាំ១៩៩៨។ រូបភាពទាំងនេះបង្ហាញពីការបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត និងការចាប់ផ្តើមកសាងនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវឯកភាពជាតិពេញលេញ។

ដំណើរទស្សនកិច្ចសិក្សាបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការណែនាំយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ បន្ថែមលើនេះ សិស្សបានស្តាប់បទបង្ហាញដោយសង្ខេបអំពីប្រវត្តិស្រុកអន្លង់វែង និងការជ្រើសរើសទីតាំង ផ្ទះតាម៉ុក នៅក្បែរប្រព័ន្ធទឹក ដែលជាចំណុចយុទ្ធសាស្ត្ររបស់យោធាខ្មែរក្រហម។

តាមរយៈការផ្ដួចផ្ដើមរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដំណើរទស្សនកិច្ចសិក្សានេះទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ការផ្លាស់ប្តូរការយល់ដឹងរបស់សិស្សមិនត្រឹមតែស្គាល់ប្រវត្តិសាស្ត្រតែប៉ុណ្ណោះទេ ប៉ុន្តែបានយល់កាន់តែច្បាស់ពីផលវិបាកនៃសង្គ្រាម និងតម្លៃដ៏មហាសាលនៃសន្តិភាពដែលកំពុងមានសព្វថ្ងៃ។ នៅក្នុងដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សទទួលបានសៀវភៅ ឯកសារ និងខិត្តប័ណ្ណព័ត៌មានទាក់ទងនឹងប្រវត្តិសាស្ត្រ ដែលចងក្រងដោយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង សម្រាប់សិក្សាបន្ថែម។ លើសពីនេះ ដំណើរទស្សនកិច្ចសិក្សានេះ បានបង្កើនភាពស្និទ្ធស្នាល បង្កើតស្មារតីចេះជួយគ្នា និងការសហការគ្នាយ៉ាងស្អិតរមួតរវាងយុវជន និងសហគមន៍។

ដំណើរទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរផ្ទះ តាម៉ុក ក្រោមការផ្ដួចផ្ដើមរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ពិតជាមានតម្លៃ និងអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ការអប់រំ និងបំប្លែងអតីតសមរភូមិសង្គ្រាម ឱ្យទៅជាថ្នាក់រៀនអប់រំសន្តិភាពដ៏រស់រវើក។

អត្ថបទ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖