វីរកងទ័ព ថន ភិទិ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ភិទិ មានឪពុកឈ្មោះ ថន ធី អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ចំណែកម្តាយឈ្មោះ ទី អិត អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ភិទិ មានបងប្អូនចំនួន៤នាក់ គឺស្រី២នាក់ និងប្រុស២នាក់។ ក្រោយមក ក្រុមគ្រួសាររបស់ ភិទិ បានផ្លាស់មករស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យតាំងពី ភិទិ នៅតូច។
កាលពីក្មេង ភិទិ បានចូលរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យសង្កែ ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ភិទិ បានឈប់រៀនត្រឹមថ្នាក់ទី៩ ដោយសារស្ថានភាពគ្រួសារមានការខ្វះខាតខ្លាំង។ នៅពេលត្រឡប់មកពីសាលារៀនវិញ ភិទិ តែងតែស៊ីឈ្នួលធ្វើការងារឱ្យអ្នកភូមិដើម្បីរកលុយជួយទ្រទ្រង់ជីវភាពគ្រួសារ។ ថ្ងៃមួយក្នុងឆ្នាំ ២០១៨ ភិទិ បានសម្រេចចិត្តសុំឪពុកម្តាយទៅធ្វើការងារជាពលករចំណាកស្រុកនៅប្រទេសថៃតាមរយៈមិត្តភក្តិ និងបងប្អូននៅក្នុងភូមិជាមួយគ្នា។ ដោយសារជីវភាពខ្វះខាតខ្លាំង ឪពុកម្តាយបានអនុញ្ញាតឱ្យ ភិទិ ចេញទៅធ្វើការងារជាពលករចំណាកស្រុកទាំងនៅវ័យក្មេង។ ពេលធ្វើការងារជាពលករនៅប្រទេសថៃ ភិទិ តែងតែផ្ញើប្រាក់មួយចំនួនមកជួយទំនុកបម្រុងឪពុកម្តាយ និងទុកមួយចំនួនសម្រាប់ចាយវាយផ្ទាល់ខ្លួន។ ភិទិ បានខិតខំធ្វើការងារនៅប្រទេសថៃរហូតដល់ឆ្នាំ២០២២ ទើបសម្រេចចិត្តត្រឡប់មករស់នៅស្រុកកំណើតវិញ រួចហើយបន្តធ្វើស្រែចម្ការជាមួយឪពុកម្តាយ។
នៅក្នុងឆ្នាំ២០២២ ដដែលនោះ ភិទិ បានសុំការអនុញ្ញាតពីឪពុកម្តាយដើម្បីប្រឡងចូលបម្រើកងទ័ព។ ពេលនោះឪពុកម្តាយបានអនុញ្ញាតឱ្យ ភិទិ ដាក់ពាក្យប្រឡង និងបានប្រឡងជាប់ចូលបម្រើកងទ័ពដូចបំណងប្រាថ្នានៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ ក្រុមគ្រួសារ ភិទិ មានក្តីរីករាយជាពន់ពេក ពីព្រោះបានឃើញកូនប្រុសចូលបម្រើជាតិមាតុភូមិ និងបានជួយសម្រាលបន្ទុកគ្រួសារមួយផ្នែកធំ។
ក្រោយពេលបានចូលបម្រើកងទ័ពពេញសិទ្ធិ ភិទិ ត្រូវបានថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទបញ្ជូនទៅហ្វឹកហ្វឺននៅសាលាពលទាហានទី៥ ចំណុះយោធភូមិភាគទី៥ ក្នុងខេត្តបាត់ដំបងរយៈពេល៦ខែ។ បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺន ភិទិ ត្រូវបានថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទចាត់តាំងឱ្យមកបំពេញភារកិច្ចនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។ ភារកិច្ចចម្បងរបស់ ភិទិ ពេលនោះ គឺចុះល្បាតនៅតាមដងទន្លេសាប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងមើលការខុសត្រូវតាមតំបន់អភិរក្សផ្សេងៗ។ លោក ថន ធី ដែលត្រូវជាឪពុករបស់ ភិទិ បានរៀបរាប់ថា កូនប្រុសរបស់ខ្ញុំគឺជាមនុស្សរឹងមាំ និងស្ងប់ស្ងាត់តាំងពីនៅក្មេង ហើយកូនខ្ញុំមិនដែលបង្ហាញភាពលំបាករបស់ខ្លួនឱ្យឪពុកម្តាយដឹងឡើយ។
នៅពេលផ្ទុះសង្រ្គាមកម្ពុជា-ថៃលើកទី១នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភិទិ មិនទាន់ត្រូវបានបញ្ជូនទៅសមរភូមិ ពីព្រោះមានរបួសលើស្មងជើងដោយសារមុតពូថៅអំឡុងពេលចុះទៅល្បាតតាមដងទន្លេសាបកាលពីខែមិថុនាកន្លងទៅ។ ពេលនោះ ភិទិ មិនបានប្រាប់ក្រុមគ្រួសារឱ្យដឹងថាខ្លួនមានរបួសស្មងជើងទេពីព្រោះខ្លាចឪពុកម្តាយមានការព្រួយបារម្ភ។ មេបញ្ជាការបានមើលឃើញស្ថានភាពរបួសរបស់ ភិទិ ពិបាកក្នុងការធ្វើដំណើរទៅមក ទើបសម្រេចឱ្យ ភិទិ នៅប្រចាំការនៅក្នុងបន្ទាយរហូតដល់ជាសះស្បើយ។
នៅចុងខែសីហា ឆ្នាំ២០២៥ មេបញ្ជាការបម្រុងនឹងបញ្ជូន ភិទិ ទៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ប៉ុន្តែបងប្អូនធម៌របស់ ភិទិ បានស្នើសុំមេបញ្ជាការឱ្យ ភិទិ មកឈរជើងនៅសមរភូមិមុខតំបន់ «បឹងត្រកួន» វិញ។ ពេលទៅដល់សមរភូមិមុខតំបន់បឹងត្រកួនភ្លាមៗ ភិទិ មិនទាន់ប្រាប់ឪពុកម្តាយ ពីព្រោះមិនចង់ឱ្យពួកគាត់បារម្ភ។ លុះឈរជើងនៅសមរភូមិមុខតំបន់បឹងត្រកួនបានមួយរយៈ ទើបមិត្តភក្តិនៅក្នុងក្រុមជាមួយ ភិទិ បានប្រាប់ទៅឪពុកម្តាយរបស់ ភិទិ។ ចាប់តាំងពីបានដឹងថា ភិទិ ប្រចាំការនៅសមរភូមិជួរមុខ ក្រុមគ្រួសារបានទំនាក់ទំនងទៅ ភិទិ ជាប្រចាំរហូតដល់ថ្ងៃផ្ទុះសង្គ្រាមតាមព្រំដែនកម្ពុជាថៃជាលើកទី២នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
បើតាមការបញ្ជាក់ពីលោក ថន ធី គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ពេលផ្ទុះអាវុធភ្លាមៗ លោកបានទំនាក់ទំនងជាមួយកូនប្រុសបានធម្មតា ប៉ុន្តែមួយថ្ងៃក្រោយមក លោក ថន ធី មិនអាចទាក់ទងកូនប្រុសបានឡើយ ពីព្រោះថ្នាក់ដឹកនាំបានតម្រូវឱ្យកងទ័ពជួរមុខបិទប្រព័ន្ធអេឡិចត្រូនិកដែលនៅជាប់ខ្លួនទាំងអស់។ ចាប់តាំងពីពេលនោះមកលោក ថន ធី និងប្រពន្ធបានត្រឹមតែទន្ទឹងរង់ចាំផ្លូវកូនប្រុសទាក់ទងមកវិញ ប៉ុន្តែមិនឃើញទូរសព្ទមកសោះ។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ លោក ថន ធី និងប្រពន្ធ បានទទួលដំណឹងថាកូនប្រុសបានពលីជីវិតក្នុងសមរភូមិហើយ។ មិត្តរួមអាវុធរបស់ ភិទិ បានប្រាប់លោក ថន ធី និងភរិយាថា មុនពេល ភិទិ ពលី គឺមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លា នៅក្នុងគ្រានោះឈ្មោះ មករា ដែលជាមិត្តរួមអាវុធជាមួយ ភិទិ បានស្រែកឱ្យនាំគ្នាដកថយបន្តិច៖ «បងប្អូនយើង! ថយសិន រកកន្លែងមានសុវត្ថិភាព!» ប៉ុន្តែដោយសារសំឡេងគ្រាប់កាំភ្លើងលាន់រំពងខ្លាំងពេក ធ្វើឱ្យ ភិទិ និងវីរកងទ័ពកម្ពុជាដែលនៅក្នុងលេណដ្ឋានស្តាប់មិនឮ និងមិនអាចដកថយបានភ្លាមៗឡើយ។ មួយរំពេចនោះ ដ្រូនរបស់ទាហានថៃមកទម្លាក់គ្រាប់បែកចំលេណដ្ឋានរបស់ ភិទិ ដែលមានសមាជិកប្រមាណ១០នាក់ និងបានពលីអស់ចំនួន៨នាក់។ នៅក្នុងចំណោមវីរកងទ័ពបានពលី គឺមាន ភិទិ ម្នាក់ដែរ។ ចំណែក មករា និងកងទ័ពម្នាក់ទៀតបានដកថយមករកទីកន្លែងសុវត្ថិភាពទាន់ពេលវេលា និងមានរបួសស្រាល ហើយបានរួចផុតពីគ្រោះថ្នាក់ ។
វីរកងទ័ព ថន ភិទិ បានពលីនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែរហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៥ ទើបក្រុមជួយសង្គ្រោះអាចយកសាកសពចេញពីសមរភូមិមកធ្វើបុណ្យតាមប្រពៃណីខ្មែរ។ លោក ថន ធី បានឱ្យដឹងថា ពេលទទួលដំណឹងថាកូនប្រុសបានពលីនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ភ្លាម ក្រុមគ្រួសារខ្ញុំ និងក្រុមគ្រួសារវីរកងទ័ព៧នាក់ទៀតបានមកជួបជុំគ្នាដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យរៀបចំធ្វើបុណ្យសពតាមប្រពៃណីខ្មែរឧទ្ទិសកុសលផលបុណ្យរួមគ្នា នៅវត្តចម្ការខ្នុរ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយពុំទាន់មានសាកសពនៅឡើយ។ លុះដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ទើបក្រុមការងារជួយសង្គ្រោះអាចយកសាកសពវីរកងទ័ពមកប្រគល់ឱ្យក្រុមគ្រួសារ ពេលនោះសាកសពមានសភាពហើមខ្លាំងពីព្រោះបានពលីបានរយៈពេល៧ថ្ងៃមកហើយ។ សាកសពរបស់វីរកងទ័ព ថន ភិទិ ត្រូវបានគ្រួសារយកទៅធ្វើបុណ្យសពតាមប្រពៃណីខ្មែរម្តងទៀតនៅវត្តស្វាយចាស់ ក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ទោះបីជាការពលីជីវិតរបស់វីរកងទ័ព ថន ភិទិ បានបន្សល់ទុកនូវភាពសោកសៅ និងការឈឺចាប់យ៉ាងខ្លាំងក្រៃលែងសម្រាប់ឪពុកម្តាយ និងក្រុមគ្រួសារ ប៉ុន្តែស្នាដៃ គុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់ ថន ភិទិ ក្នុងនាមជាវីរកងទ័ពដ៏ក្លាហានរបស់កម្ពុជា គឺស្ថិតនៅជាប់ក្នុងក្រឳបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូបជាដរាប។ ការបូជាសាច់ស្រស់ឈាមស្រស់របស់ វីរកងទ័ព ថន ភិទិ សម្រាប់ការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង គឺជាការលះបង់មិនអាចកាត់ថ្លៃបាន។
អត្ថបទ ៖ ធី គឹមហុង បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



