បុគ្គលិកអង្គការស៊ីប៉ា មកសិក្សាស្វែងយល់អំពីការរក្សាទុកឯកសារ និងចងក្រងឯកសារ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២៦ បុគ្គលិកអង្គការស៊ីប៉ាចំនួន១៩នាក់ បានមកទស្សនកិច្ចសិក្សាស្វែងយល់អំពីរក្សាទុកឯកសារ និងចងក្រងឯកសារ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីបម្រើដល់ សាធារណជន រួមមាន ប្រជាជន សិស្ស និសិ្សត បុគ្គលិករាជការ អង្គការក្រៅរដ្ឋាភិបាល និងអ្នកដែលចាប់អារម្មណ៍មកសិក្សាស្រាវជ្រាវទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម។ ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយអ្នកស្រី ម៉ៅ កូឡាប ប្រធានកម្មវិធីអភិវឌ្ឍន៍យុវជន និងបណ្ណាល័យរបស់អង្គការស៊ីប៉ា ដោយទទួលស្វាគមន៍ពីលោក រស់ សំពៅ ប្រធានព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ជាកិច្ចចាប់ផ្តើមលោក រស់ សំពៅ បានធ្វើការណែនាំខ្លួន និងបុគ្គលិកមួយរូប គឺលោក ឆេង វ៉េង គឺជាអ្នករៀបចំចុះបញ្ជី ថតចម្លង បញ្ចូលទិន្នន័យ និងគ្រប់គ្រងឯកសារនៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។   លោក រស់ សំពៅ បានលើកឡើងថា មជ្ឈមណ្ឌលឯកសារកម្ពុជាមាន ឯកសារប្រមាណជាង១លានទំព័រ និងចែកចេញជា ៥ប្រភេទគឺ ឯកសារក្រដាស, ឯកសារព័ត៌មានវត្ថុតាង, ឯកសារបទសម្ភាសន៍, ឯកសាររូបថត និង ឯកសារខ្សែភាពយន្ត។ លោក រស់ សំពៅ បានបន្ថែមថា ក្រៅពីរៀបចំបម្លែងឯកសារដែលប្រមូលបានកន្លងមកទៅជាឌីជីថល និងបញ្ចូលទៅក្នុងប្រពន្ធទិន្នន័យ ក្រុមការងារបានកំពុងបញ្ចូលឯកសាររបស់ក្រុមនិស្សិតស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាប្រមាណ៤ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា ដែលបានចុះជួប និងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ៤ម៉ឺនទាក់ទងនឹងសុខភាព និងប្រវត្តិ​សាស្រ្ត ទៅក្នុងប្រពន្ធទិន្នន័យដែរ។ លើសពីនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា បានតម្តល់ឯកសារទាំងនេះ នៅតាមបណ្តាសាខាខេត្តនានារួមមាន ៖ មជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ, មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង, មជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម, មជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ, អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ បុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង, មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ខេត្តពោធិ៍សាត់ និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ខេត្តឧត្តរមានជ័យ។ ឯកសារទាំងនេះសាធារណជនអាចស្វែងរកបាននៅលើគេហទំព័ររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ឬស្នើសុំមកកាន់មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា។

បន្ទាប់មក អ្នកស្រី សូ ហ្វារី នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងការងារអភិវឌ្ឍន៍សហគមន៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមមូលដ្ឋាន រួមមាន គម្រោងសូត្រចាម, គម្រោងស្តីអំពីសន្តិភាពនៅតាមបណ្តោយព្រំដែន ដែលឆ្លុះបញ្ចាំងចេញពីជម្លោះកម្ពុជា-ថៃនៅពេលថ្មីនេះៗ និងគម្រោងប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មក្រោមប្រធានបទ «ពោធិ៍​ចិនតុងកើតឡើងវិញ ការបម្លែងអាកាសយានដ្ឋានភ្នំពេញចាស់ឱ្យក្លាយជាទីក្រុងអេប៉ុង» រៀបចំឡើងដោយ សមាគមស្ថាបត្យករខ្មែរ  ក្នុងគោលបំណងបម្លែងអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងចាស់ទំហំជាង ៤៥០ហិកតា ឱ្យទៅជាឧទ្យានទីក្រុងអេប៉ុង បៃតង និងការពារទឹកជំនន់ ដែលក្នុងនោះក្រុមស្ថាបត្យកម្មព្រះបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលបានជ័យលាភីលេខ១។

បន្ទាប់មក បុគ្គលិកអង្គការស៊ីប៉ា ទស្សនាទីតាំងតម្កល់ឯកសារ, បន្ទប់ពិព័រណ៍សូត្រចាម ដែលជាគម្រោងអភិវឌ្ឍន៍ក្នុងសហគមន៍ ផ្ទាំងពិព័រណ៍ស្នាដៃប្រកួតប្រជែងរបស់ក្រុមស្ថាបត្យកម្មព្រះបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖