នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដើម្បីលើកកម្ពស់ការចងចាំ ការកសាងសន្ដិភាព និងការផ្សះផ្សា តាមរយៈការជំរុញឱ្យមានការពិភាក្សាបើកទូលាយ និងសិក្សារៀនសូត្រអំពីកំហុសអតីតកាល ក្នុងគោលបំណងប្រែក្លាយសង្គម និងវប្បធម៌ដែលធ្លាប់តែលិចលង់ឱ្យរស់ឡើងវិញ។ វេទិកាថ្នាក់រៀននេះ មានការចូលរួមពីសិស្សានុសិស្សនៃវិទ្យាល័យអន្លង់វែងចំនួន៣នាក់។
ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានធ្វើបទបង្ហាញអំពីដំណើរដើមទងនៃផ្នែកខ្លះដែលឈានទៅដល់ការបង្កើតរបបខ្មែរក្រហម ពិព័រណ៍រូបថតប្រវត្តិសាស្ត្រ សៀវភៅបោះពុម្ពផ្សាយ និងឯកសារភស្តុតាងនានា ដែលឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្ដែងនៅក្នុងរបបខ្មែរក្រហម។ ក្រៅពីនេះ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានពិភាក្សាជាមួយសិស្សានុសិស្សផ្ទាល់ មុននឹងសួរសំណួរស្ទាប់ស្ទង់មតិដើម្បីស្វែងយល់អំពីចំណេះដឹងរបស់សិស្សទាក់ទងនឹងប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ និងសកម្មភាព របស់សិស្សានុសិស្សចូលរួមនៅក្នុងវេទិកាប្រវត្ដិសាស្រ្ដដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងកន្លងមក។ ក្នុងនោះដែរ សិស្សានុសិស្សមានចំណាប់អារម្មណ៍ ចង់មកទីនេះនៅថ្ងៃខាងមុខទៀត ដើម្បីទស្សនាខ្សែភាពយន្តឯកសារប្រវត្ដិសាស្រ្ដខ្មែរក្រហម សិក្សាស្រាវជ្រាវ សិក្សាពីវិធីសាស្រ្តក្នុងការសរសេរសាច់រឿង និងសរសេរតែងសេចក្ដី។
សិស្សានុសិស្សទាំងអស់យល់ឃើញថា ការរៀនសូត្ររបស់ខ្លួនទាក់ទងនឹងមុនវិជ្ជាប្រវត្តិសាស្រ្តនៅសាលារៀន គឺមានសារសំខាន់ណាស់ និងមានបំណងបបួលមិត្ដភក្តិនៅក្នុងថ្នាក់ផ្សេងទៀតមកទស្សនកិច្ចមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហមដែលខ្លួនចង់ដឹង និងព្រឹត្តិការណ៍សំខាន់ៗ រួមជាមួយរូបថតដែលដាក់តាំងបង្ហាញនៅការិយាល័យនេះ។ តមក សិស្សបានបង្ហាញអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដូចខាងក្រោម៖
ស៊ីវ ណាវី ភេទស្រី អាយុ១៥ឆ្នាំ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា៖ «កាលពីមុន ខ្ញុំធ្លាប់តែឮប្រវត្ដិសាស្រ្ដខ្មែរក្រហមតាមរយៈការនិទានប្រាប់ពីយាយតា និងអានសៀវភៅនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដោយសារសាលារដ្ឋមិនទាន់បង្រៀនស៊ីជម្រៅ។ បើមានឱកាស ខ្ញុំចង់បបួលមិត្ដភក្ដិដែលរៀននៅក្នុងថ្នាក់ជាមួយគ្នាឱ្យមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ពីតម្លៃនៃប្រវត្ដិសាស្រ្ដ និងទស្សនាខ្សែភាពយន្តឯកសារខ្មែរក្រហមដែលខ្ញុំមិនធ្លាប់បានទស្សនា។ ខ្ញុំយល់ថា យុវជនគ្រប់រូបត្រូវតែដឹងអំពីប្រវត្ដិសាស្រ្ដដែលចាស់ៗបានជួបប្រទះ ដើម្បីកុំឱ្យបាត់បង់ ហើយជួយយើងឱ្យចៀងវាងការភ័ន្ដច្រឡំបង្កជាការរើសអើងរវាងគ្នា និងជួយទប់ស្កាត់ការកកើតនូវរបបប្រល័យពូជសាសន៍ខ្មែរក្រហមសាជាថ្មី»។
មឿន សាមីតត្រា ភេទស្រី អាយុ១៥ឆ្នាំ យល់ឃើញថា៖ «ការរៀនសូត្រពីប្រវត្ដិសាស្រ្ដបានធ្វើឱ្យខ្ញុំយល់ដឹងពីសង្គមខ្មែរដែលជួបប្រទះរឿងរ៉ាវជាច្រើនក្នុងអតីតកាល។ ខ្ញុំនៅមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាមានការសម្លាប់គ្នាឯង រវាងជាតិសាសន៍ខ្មែរដូច្នេះ។ ខ្ញុំចាប់អារម្មណ៍ទៅលើរូបភាពនៃសាកសពរបស់កងទ័ពខ្មែរក្រហម និងកងទ័ពវៀតកុង ដែលត្រូវបានសម្លាប់ដោយទាហានសាធារណរដ្ឋខ្មែរ នៅមុខស្ថានទូតបារាំងប្រចាំនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧០ និងផែនទីវាលពិឃាតនៅកម្ពុជាឆ្នាំ១៩៧៥។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឆ្នាំ១៩៧៩ គឺរកឃើញគុកចំនួន១៩៧កន្លែង បូជនីយដ្ឋានរំឮកអំពីអំពើប្រល័យពូជសាសន៍ចំនួន៨១ទីតាំង ដែលបានបង្ហាញក្នុងសៀវភៅ (អំពើប្រល័យពូជសាសន៍ និងការសម្លាប់រងា្គល នៅក្នុងប្រវត្ដិសាស្រ្ដពិភពលោក)»។
សាញ់ លីហ៊រ ភេទស្រី អាយុ១៥ឆ្នាំ រៀបរាប់ថា៖ «នៅពេលមានការរំឭក អំពីកងទ័ពខ្មែរក្រហម នៅក្នុងតំបន់អន្លង់វែង ខ្ញុំនឹកឃើញដល់ចាស់ៗ ដែលជាអតីតខ្មែរក្រហមកំពុងរស់នៅសព្វថ្ងៃ ហើយខ្ញុំធ្លាប់បានស្គាល់ រួមមានទាំងជីតាខ្ញុំ និងមេភូមិខ្ញុំ។ នៅពេលបច្ចុប្បន្ន ខ្ញុំមិនធ្លាប់ឃើញមានរឿងរ៉ាវអ្វីកើតឡើង ជាអវិជ្ជមានទេ បន្ទាប់ពីអតីតខ្មែរក្រហមទាំងនោះបានស្ម័គ្រចិត្ដរួមរស់នៅក្នុងសង្គមជាតិសាជាថ្មី»។
ជាកិច្ចបញ្ចប់នៃវេទិកាថ្នាក់រៀន ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានស្នើសុំឱ្យយុវជនចូលរួមនៅក្នុងកម្មវិធីសង្គមឱ្យបានកាន់តែច្រើន និងរៀនសូត្រស្វែងយល់ពីអ្វីដែលខ្លួនចង់ដឹងទាក់ទងនឹងប្រវត្ដិសាស្ដ្រ ដើម្បីភ្ជាប់ខ្លួនទៅនឹងរឿងរ៉ាវនៃសង្គម។
អត្ថបទ ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា










