មជ្ឈមណ្ឌលឯកសារកោះថ្មរៀបចំវេទិកាអប់រំស្ដីពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង ទិវាជាតិនៃការចងចាំ ២០ ឧសភា

នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាអប់រំស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និង ទិវាជាតិនៃការចងចាំ ដល់សិស្សានុសិស្សចំនួន៧នាក់ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ ​ វេទិកាអប់រំគឺធ្វើឡើងនៅទីតាំងផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។  គោលបំណងនៃវេទិកាអប់រំ គឺដើម្បីឱ្យសិស្សានុសិស្សស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩​៧៩)  បណ្តុះស្មារតីឱ្យចេះស្រឡាញ់សន្តិភាព ជំរុញការផ្សះផ្សាជាតិ និងសាមគ្គីភាព។

ជាកិច្ចចាប់ផ្ដើម កញ្ញា វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម បានទទួលស្វាគមន៍សិស្សានុសិស្ស ដោយធ្វើការណែនាំខ្លួន ក្រុមការងារ ប្រវត្តិនៃការកសាងទីតាំងផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀង ដែលសិស្សានុសិស្សអាចមកអានសៀវភៅ ទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហម ចាប់ពីថ្ងៃចន្ទដល់សុក្រ និងស្វែងយល់ពីអំពីសកម្មភាពការងារដែលបានអនុវត្តកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ ផ្ទះសហគមន៍ភូមិក្តុលលើ-សាលាគរុភណ្ឌស្ទៀងគឺជាទីតាំងជួបជុំ កន្លែងធ្វើបុណ្យ និងជាកន្លែងផ្ដល់ចំណេះដឹងដល់ក្មេងៗជំនាន់ក្រោយអំពីប្រវត្តិសាស្រ្ត និងបង្ហាញអត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិចស្ទៀងនៅក្នុងភូមិក្ដុលលើ។ បន្ទាប់មក ស៊ីថា បានណែនាំសិស្សានុសិស្សអំពីពិព័រណ៍រូបថតចំនួន៤ផ្ទាំង គឺ១)ផ្ដោតសំខាន់ទៅលើដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧, ២) កិច្ចចរចាសន្តិភាព , ៣) កិច្ចព្រមព្រៀងសន្តិភាព និង ៤) ការងារមនុស្សធម៌។

តមក លោក  ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើបទបង្ហាញដល់សិស្សានុសិស្សពីមូលហេតុនៃការផ្លាស់ប្ដូរ «ទិវាចងកំហឹង» មកជា «ទិវាជាតិនៃការចងចាំ» វិញ គឺដើម្បីលុបបំបាត់ការស្អប់ ចងគំនុំ និងបង្វែរការឈឺចាប់ក្នុងអតីតកាលទៅជាការរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម ជំរុញឱ្យមានការផ្សះផ្សាជាតិ និងការថែរក្សាសន្តិភាព។ ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់នូវសង្គ្រាម និងមហាសោកនាដកម្មដ៏ជូរចត់ជាទីបំផុត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅជាទូទៅថារបបខ្មែរក្រហម ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។  ត្រឹមតែរយៈពេល៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ តែប៉ុណ្ណោះ របបខ្មែរក្រហមធ្វើឱ្យប្រជាជនស្លូតត្រង់ប្រមាណជាង២លាននាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌។ ប្រជាជនភាគច្រើនរងការកាប់សម្លាប់ ការធ្វើទារុណ​កម្ម ការអត់ឃ្លាន និងជំងឺគ្មានថ្នាំសង្កូវព្យាបាល។ របបខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីផ្ទះសម្បែងដោយបង្ខំ បែកបាក់ក្រុមគ្រួសារ និងបង្ខំឱ្យធ្វើការហួសកម្លាំង។ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជន ដូចជា សិទ្ធិដើរហើរ សិទ្ធិជំនឿសាសនា សិទ្ធិទទួលបានការអប់រំ និងសូម្បីតែសិទ្ធិរស់រានមានជីវិត គឺត្រូវបានលុបបំបាត់ចោលទាំងស្រុង។

ចុងបញ្ចប់នៃវេទិកាអប់រំស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និង ទិវាជាតិនៃការចងចាំ ២០ ឧសភា សិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖

តុង ស៊ីវហ្វុង បានរៀបរាប់ថា៖ «ថ្ងៃនេះ ខ្ញុំបានចូលរួមស្ដាប់បងៗក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ធ្វើបទបង្ហាញអំពីរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងទិវាជាតិនៃការចងចាំ ២០ ឧសភា។ ពេលខ្ញុំស្ដាប់បងៗធ្វើបទបង្ហាញចប់ ខ្ញុំបានចូលទៅអានឯកសារនៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកកោះថ្ម។ ឯកសារដែលខ្ញុំយកមកអានមានចំណងជើងថា ទស្សនាវដ្ដីស្វែងរកការពិត។ ខ្ញុំពិតជារីករាយណាស់ ពេលបានដឹងពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម ព្រោះវាជាចំណេះដឹងថ្មីសម្រាប់ខ្ញុំ»។

ឡយ ធាវី បាននិយាយថា៖ «ថ្ងៃនេះខ្ញុំមានពេលទំនេរពីការសិក្សារយៈពេលមួយម៉ោង ទើបខ្ញុំសម្រេចចិត្តមកអានសៀវភៅនៅផ្ទះសហគមន៍ភូមិក្ដុលលើ-សាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម។ ទីតាំងផ្ទះសហគមន៍ភូមិក្ដុលលើ-សាលាគរុភណ្ឌស្ទៀង គឺសម្បូរទៅដោយសៀវភៅប្រវត្តិ​សាស្រ្ត ជាពិសេសប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្ញុំចាប់អារម្មណ៍អានសៀវភៅ «បូជាភ្លើង» ហើយក្នុងសៀវភៅ ខ្ញុំបានជួបពាក្យពិបាកជាច្រើន ដូចជាពាក្យ ជនជាតិជ្វីហ្វ និង ហូឡូខសន៍ ដែលខ្ញុំមិនដែលជួបប្រទះពីមុនមក ដូច្នេះខ្ញុំនឹងខិតខំសិក្សារៀនសូត្របន្ថែមទៀត។

អត្ថបទ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖