ការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ប្រទេសថៃ

នាពេលថ្មីៗនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បាន​ថ្លែងថា «កម្ពុជាគឺមិនអាច​ហាមឃាត់​ទំនិញនាំចូលពីប្រទេស​ថៃទាំងស្រុងបានទេ ព្រោះយើងជាសមាជិកនៃអង្គការ​ពាណិជ្ជកម្មពិភពលោក និង​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)» ។ មតិលើកឡើងរបស់លោក ត្រូវទទួលរងការរិះគន់។ ទោះបីជាយ៉ាងណាក្តី ការចាត់វិធានការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ មិនមែនជាសកម្មភាព​ឈ្លាសវៃសម្រាប់​កម្ពុជា​នោះទេ។

ស្ថានភាពភូមិសាស្ត្រនយោបាយ​របស់​កម្ពុជា តែងតែមានភាពស្មុគស្មាញ លំបាកលំបិន និង​ប្រឈមនឹង​គ្រោះថ្នាក់ ហើយ​នៅក្នុង​បរិបទសព្វថ្ងៃ គឺគ្មានអ្វីខុសប្លែកឡើយ។ ប្រទេសកម្ពុជា ត្រូវតែ​ប្រកាន់ខ្ជាប់វិន័យ​ក្នុងការ​អនុវត្ត​ទំនាក់ទំនងការបរទេស​ ឥរិយាបថយោធា ព្រមទាំងគោលនយោបាយសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​របស់​ខ្លួន។ ដូច​ដែលខ្ញុំ​ធ្លាប់បាន​លើកឡើង​នៅក្នុង​អត្ថបទវិចារណកថា​ដទៃទៀត ជម្លោះបច្ចុប្បន្នរវាង​ប្រទេស​កម្ពុជានិងប្រទេសថៃគឺកើតចេញពីការ​ប្រឈមតតាំងគ្នារវាងប្រទេសទាំងពី​រ ដោយអូសបន្លាយ​អស់រយៈកាលជាច្រើនជំនាន់មកហើយ។ ការប្រឈមតតាំងគ្នា​អស់រយៈកាលជាច្រើនជំនាន់នេះ មិនអាច​សម្រេច ឬដោះស្រាយបាន​តាមរយៈ​សកម្មភាព ឬការយកជ័យជម្នះភ្លាមៗបានឡើយ។ ផ្ទុយទៅវិញ ការប្រឈមតតាំងគ្នានេះ ទាមទារនូវ​យុទ្ធសាស្ត្រ​រយៈពេលវែង ដោយឈរលើ​មូលដ្ឋាននៃភាពអត់ធ្មត់។ ប្រទេសកម្ពុជា មិនគួរបណ្តែតបណ្តោយខ្លួន​ទៅតាម​អារម្មណ៍មួយកម្សួល រួចចាត់ជាវិធានការ​តបដោយកំរោល ចំពោះការ​ហាមឃាត់​ទំនិញនាំចូលពីប្រទេសថៃ​ទាំងស្រុង ដែលសកម្មភាពនេះ នឹងបង្កជា​ផលប៉ះពាល់ចំពោះស្ថានភាព​សេដ្ឋកិច្ច និងផល​ប្រយោជន៍ជាយុទ្ធសាស្ត្រ​រយៈពេលវែង​របស់កម្ពុជាទៅវិញ។

ក្រៅពីជាការប្រឈមតទល់គ្នា​ជាច្រើនជំនាន់ ជម្លោះបច្ចុប្បន្ននេះ នឹងមិនអាចសម្រេច ឬដោះស្រាយបានតាម  រយៈការ​ប្រកួតប្រជែងជាយុទ្ធសាស្ត្រតែមួយមុខ។ កម្ពុជា ត្រូវតែអនុវត្តភាពជាអ្នកដឹកនាំ វិន័យ និងយុទ្ធសាស្ត្រប្រកបដោយថាមវន្ត នៅគ្រប់វិស័យ​នៃ​អំណាចជាតិ ដែលរួមមាន វិស័យនយោបាយ វិស័យយោធា វិស័យការទូត វិស័យសេដ្ឋកិច្ច និងវិស័យព័ត៌មាន។ តើការហាមឃាត់ទាំងស្រុងលើទំនិញនាំចូលពីប្រទេសថៃ អាចនឹងផ្ដល់ផលចំណេញសេដ្ឋកិច្ចខ្លះ ឬយ៉ាងណានោះ គឺមិនមានភាពច្បាស់លាស់ទេ ប៉ុន្តែអ្វីដែលច្បាស់លាស់នោះគឺ ការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃទាំងស្រុង ប្រាកដជាស្របទៅនឹងផែនការរបស់របបដឹកនាំថៃ ដែលប៉ុនប៉ងធ្វើឱ្យកម្ពុជាស្ថិតនៅឯកោពីពិភពលោក។ យ៉ាងហោចណាស់ចាប់តាំងពីដើមសតវត្សរ៍ទី២០មក ប្រទេសថៃបានស្វះស្វែង​សម្រេចឱ្យបាននូវគោលដៅនយោបាយការបរទេសដ៏ចម្រូងចម្រាសបំផុតមួយចំនួនរបស់ខ្លួន មកលើកម្ពុជា តាមរយៈការប្រកាន់ខ្ជាប់នូវយន្តការទ្វេភាគីនិយម។ ម្តងហើយម្តងទៀត មហិច្ឆតាជាតិនិយមរបស់ថៃមកលើកម្ពុជា ត្រូវបានរារាំងពីសំណាក់មហាអំណាចបរទេស ជាពិសេសគឺប្រទេសបារាំង និងសហរដ្ឋអាមេរិក។ នៅពេលដែលកម្ពុជាត្រូវបានកាត់ផ្ដាច់ឱ្យនៅឯកោពីពិភពលោក ថៃអាច​បង្កើនការទាញយកផលប្រយោជន៍ពីកម្ពុជា ហើយច្បាស់ណាស់ ថៃនឹងលើកឡើងថាសកម្មភាពដែលកម្ពុជាដាក់ចេញចំពោះវិស័យសេដ្ឋកិច្ចនេះ ជាការប្រមាថដល់ច្បាប់ និងទំនៀមទម្លាប់អន្តរជាតិ។

ប្រទេស​កម្ពុជា បាន​អនុវត្តភាពចាស់ទុំ​ដ៏វិសេសវិសាលរបស់ខ្លួន តទល់ទៅនឹង​ការឈ្លានពានជាច្រើនលើកច្រើនសា​របស់​ប្រទេសថៃ ហើយកម្ពុជាមិនត្រូវ​ចុះញ៉ម ទោរទន់ ឬបាត់បង់ជំនឿចិត្តលើសមត្ថភាពរបស់ខ្លួនក្នុងការ​ទទួលបាន​ជ័យជម្នះឡើយ។ កម្ពុជា នឹង​ទទួលបានជ័យជម្នះលើជម្លោះនេះ លុះត្រាតែកម្ពុជា នៅតែបន្ត​រក្សា​វិន័យ និង​ជំហរយុទ្ធសាស្ត្រ​នៅក្នុង​ការ​ដាក់ចេញជាវិធានការរបស់ខ្លួន។

អត្ថបទ ៖ ឆាំង យុ គឺជា​នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ និងជា​ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖