សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការនៃកំណត់អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិចស្ទៀង

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការនៃការកំណត់អត្តសញ្ញាណសហគមន៍ ដោយមានការចូលរួមពីប្រជាជន ជនជាតិដើមភាគតិចស្ទៀង មន្ត្រីមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ អាជ្ញាធរឃុំទន្លូង និងអាជ្ញាធរភូមិក្តុលលើ ស្ថិតនៅទីតាំងផ្ទះសហគមន៍ស្ទៀងភូមិក្តុលលើ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ភូមិក្តុលគឺជាទីកន្លែងដែលសម្តេច ហ៊ុន សែន ធ្លាប់រស់នៅ មុនពេលសម្តេចរត់ភៀសខ្លួនទៅប្រទេសវៀតណាម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីស្នើសុំការគាំទ្រ និងប្រមូលកម្លាំង វាយផ្តួលរំលំរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ជាកិច្ចចាប់ផ្តើម លោក ផាន់ ចន្នី ជំទប់ទី១ឃុំទន្លូង បានឡើងមានមតិស្វាគមន៍ ចំពោះមន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ អាជ្ញាធរភូមិក្តុលលើ និងប្រជាពលរដ្ឋរស់នៅភូមិក្តុលលើ ចំពោះការអញ្ជើញមកចូលរួមនាថ្ងៃនេះ។ លោក ផាន់ ចន្នី បានលើកឡើងថា៖ ខ្ញុំសប្បាយចិត្តបានឃើញលោកតា លោកយាយ អ៊ំ ពូ មីង បង និងប្អូនៗ បានអញ្ជើញចូលរួមប្រជុំ។ លោកបន្តថា បងប្អូននៅភូមិក្តុលលើភាគច្រើនគឺជាជនជាតិដើមភាគតិចស្ទៀង ដែលមានជីដូន ជីតា ម្តាយ ឪពុកចេះនិយាយភាសាស្ទៀង រួមទាំងមានប្រពៃណីទំនៀមទម្លាប់ ហើយការប្រជុំនេះគឺផ្តោតលើបងប្អូនជនជាតិដើមភាគតិចស្ទៀងរស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំតែម្តង។

បន្ទាប់មកទៀត លោក មាស សម្បត្តិ គឺជាអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ កាលពីលើកមុនខ្ញុំបានចុះមកជួបជាមួយពុកម៉ែបងប្អូននៅភូមិក្តុលលើម្តងរួចមកហើយទាក់ទងនឹងការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច ហើយបានសន្យាថាខ្ញុំចុះជួបពុកម៉ែបងប្អូនជនជាតិដើមភាគតិចស្ទៀងម្តងទៀត គឺនៅថ្ងៃនេះតែម្តង។ ចំណែកអ្នកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទ បានចោទជាសំណួរថា ហេតុអ្វីបានជាត្រូវហៅថាជនជាតិដើមភាគតិចស្ទៀង? អ្នកស្រី សំ សុម៉ា បានពន្យល់ថា ៖ ថ្ងៃនេះខ្ញុំលើកឡើងពីប្រធានបទ ការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ ព្រោះជនជាតិដើមភាគតិចស្ទៀង គឺជាជនជាតិដែលរស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយជនជាតិទាំងនោះបង្ហាញនូវឯកភាពជាតិពន្ធុ សង្គម វប្បធម៌ និងសេដ្ឋកិច្ច ប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និងការដាំដុះលើដីដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាត ទំនៀមទម្លាប់នៃការប្រើប្រាស់ដីជាសមូហភាព និងឯកជនភាព។ អ្នកស្រី សំ សុម៉ាលី បានបន្តថា៖ បងប្អូនជនជាតិដើមភាគិតិចមិនហ៊ានទទួលស្គាល់ខ្លួនឯងជាជនជាតិដើមភាគតិចទេ ព្រោះខ្លាចមានការរើសអើង។ អ្នកស្រី លើកឧទាហរណ៍ពីបុរសជនជាតិកួយម្នាក់នៅខេត្តកំពង់ធំ គ្រាន់តែការស្លៀកពាក់សម្លៀកបំពាក់ពណ៌ក្រហម មានការរើសអើងថា « អីចឹង! ឱ្យតែជនជាតិស្លៀកពាក់អ្វីមិនដែលច្រឡំគេ» ទង្វើទាំងនេះបង្ហាញពីការរើសអើងពូជសាសន៍។

អ្នកស្រី សំ សុម៉ាលី ចង់ឱ្យប្រជាជនដែលជាជនជនដើមភាគតិចរស់នៅក្នុងភូមិក្តុលលើកំណត់អត្តសញ្ញាណថា ខ្លួនជាជនជាតិដើមភាគតិចស្ទៀង ដើម្បីរក្សាភាសា ប្រពៃណី ទំនៀមទម្លាប់ នឹងឈានទៅរកការអភិវឌ្ឍន៍។

កញ្ញា ទី វិចិត្យកញ្ញា មានតួនាទីជាអនុប្រធានការិយាល័យ ក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងអំពីដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចជាជំហានៗដូចខាងក្រោម៖

ជំហានទី១៖ ផ្សព្វផ្សាយការយល់ដឹងនៅក្នុងចំណោមអាជ្ញាធរជាតិ ថ្នាក់ខេត្ត (មន្ទីរជំនាញពាក់ព័ន្ធ) ស្រុក ឃុំ ភូមិ និងសហគមន៍ ជនជាតិដើមភាគតិច។

ជំហានទី២៖ សហគមន៍ជនជាតិដើមភាគតិច បង្ហាញឆន្ទៈក្នុងការចាប់ផ្តើមដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច។

ជំហានទី៣៖ ធ្វើការផ្សព្វផ្សាយដល់សហគមន៍គោលដៅ។

ជំហានទី៤៖ សហគមន៍ជនជាតិដើមភាគតិច បោះឆ្នោតជ្រើសរើសតំណាងគណៈកម្មការ និងប្រកាសស្វ័យអត្តសញ្ញាណខ្លួនជាជនជាតិដើមភាគតិច និង

ជំហានទី៥៖ ការដាក់ពាក្យ ការវាយតម្លៃ និងទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដោយក្រសួងអភិវឌ្ឍន៍ជនបទ។

ចុងបញ្ចប់នៃសិក្ខាសាលា អ្នកស្រី សំ សុម៉ាលី ថ្លែងអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកមេមត់ ព្រមទាំងប្រជាជនដែលបានចូលរួមស្តាប់ការប្រជុំនៅថ្ងៃនេះដោយយកចិត្តទុកដាក់ និងជូនពរឱ្យមានសុខភាពល្អ ជួបតែសេចក្តីសុខ ហើយត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖