រាល់វចនានុក្រមល្បីល្បាញទាំងអស់បានកំណត់និយមន័យពាក្យ «ការឈ្លានពាន» ជាទូទៅថាគឺជាទង្វើ ដែលយោធាឈានចូលប្រទេសដទៃដោយប្រើប្រាស់កម្លាំងដើម្បីគ្រងគ្រងលើទីតាំងទាំងនោះ (ជាឧទាហរណ៍គឺការឈ្លានពានរបស់ប្រទេសអាល្លឺម៉ង់ទៅលើប្រទេសប៉ូឡូញក្នុងឆ្នាំ១៩៣៩)។ និយមន័យមួយផ្សេងទៀតទៅលើពាក្យ «ការឈ្លានពាន» នេះបានពិពណ៌នាថាគឺជាការចូលលុកលុយរបស់យោធាដើម្បីដណ្តើមយក ប្លន់យក ទន្ទ្រានយក ឬរំលោភយកដែនដីរបស់ប្រទេសដទៃ។ ពាក្យមួយទៀតដែលប្រហាក់ប្រហែលវានោះគឺ «ការកាន់កាប់ដោយអរិភាព» ផ្តោតជាពិសេសទៅលើសកម្មភាពលុកលុយរបស់យោធាតែម្ដង។ ផ្អែកទៅលើកាលៈទេសៈនានា ទោះបីជាភាគីថៃប្រហែលជាមិនចង់ឮគេហៅការកាន់កាប់ដោយអរិភាពរបស់ខ្លួនទៅលើទឹកដីកម្ពុជាថាជា «ការឈ្លានពាន»ក៏ដោយ ទង្វើរបស់ថៃគឺពិតជាមានសភាពស្របទៅនឹងនិយមន័យខាងលើ។
រដ្ឋាភិបាលថៃចង់រារាំងប្រព័ន្ធផ្សព្វផ្សាយសាធារណៈ សហគមន៍អន្តរជាតិនិងភាគីកម្ពុជា ចំពោះការប្រើប្រាស់ពាក្យ «ការឈ្លានពាន» ក្នុងការពិពណ៌នាអំពីការគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនសព្វថ្ងៃទៅលើទីតាំងមួយចំនួនដែលស្ថិតដែនអធិបតេយ្យភាពរបស់កម្ពុជា ស្របពេលដែលបទឈប់បាញ់បានចូលជាធរមាន ដោយសារតែពាក្យនេះបានធ្វើឳ្យប៉ះពាល់ដល់ភាពស្របច្បាប់នៃទង្វើរបស់ខ្លួនដែលពុំស្របទៅតាមដំណើរការឈានទៅសម្រេចបានសន្ដិភាព។
ទោះបីជាយ៉ាងណាក្ដីវាគឺជារឿងចាំបាច់ក្នុងការចងចាំថា អំឡុងពេលនៃការឈ្លានពានរបស់ប្រទេសថៃមកលើផ្នែកខ្លះនៃដែនអធិបតេយ្យភាពរបស់កម្ពុជា ប្រជាជនកម្ពុជាបានទទួលរងការធ្វើទុក្ខបុកម្នេញ។ អាជីវកម្មនានាត្រូវបានបិទឈប់ដំណើរការទាំងស្រុង ការរស់នៅប្រចាំថ្ងៃបានប្រព្រឹត្តទៅក្រោមការបង្ខិតបង្ខំ និងការយាយីពីកងកម្លាំងប្រដាប់អាវុធបរទេស ហើយព័ត៌មានអំពីទង្វើដ៏អាក្រក់នេះកំពុងត្រូវបានបិទបាំងដោយរដ្ឋាភិបាលថៃដែលកំពុងប៉ុនប៉ងអនុវត្តសកម្មភាពកាន់កាប់នេះដោយលាក់លៀម។
ចូរកុំយល់ច្រឡំឳ្យសោះ ការកាន់កាប់ដោយអរិភាពនេះក៏ជាការឈ្លានពានដែរ ហើយវាគឺជាភស្តុតាងបន្ថែមទៀតនៃការរំលោភបំពានជាបន្តបន្ទាប់និងដោយចំហរបស់ប្រទេសថៃ ចំពោះដំណើរការឈានទៅសម្រេចបានសន្តិភាពដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិកនិងអាស៊ាន។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្តាញសារព័ត៌មានថៃ



