នៅដើមឆ្នាំ១៩៧៧ វង់ សន ត្រូវបានអង្គការបញ្ជូនចេញពីខេត្តតាកែវ ដោយធ្វើដំណើរតាមរទេះភ្លើងឆ្ពោះទៅកាន់ខេត្តបាត់ដំបង។ សន មានតួនាទីជាអ្នកយាម និងចាំការពារភ្ញៀវជនជាតិចិន និងជនជាតិកូរ៉េ ដែលបានស្នាក់នៅក្នុងខេត្តបាត់ដំបង។
សន មានអាយុ៦៣ឆ្នាំ កើតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃ សន ប្រកបមុខរបរធ្វើស្រែចម្ការ និងជាជាងប៉ះកង់ម៉ូតូ នៅក្នុងភូមិកណ្ដាល ឃុំអូររំដួល ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង។ សន មានឪពុកឈ្មោះ សុត (ស្លាប់) និងម្ដាយឈ្មោះ សាំង (ស្លាប់)។ សន មានបងប្អូនបង្កើតចំនួន៤នាក់ (ក្នុងនោះមានស្រី៣នាក់) ហើយគាត់គឺជាកូនពៅនៅក្នុងគ្រួសារ។ បងប្អូនរបស់ សន បានស្លាប់ម្នាក់ហើយ។ សន មានប្រពន្ធឈ្មោះ ឈុន រ៉េន និងមានកូនចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់។
កាលនៅវ័យកុមារ សន ធ្លាប់ចូលរៀនបានប្រហែលជា២ទៅ៣ខែតែប៉ុណ្ណោះ ក៏មានព្រឹត្តការណ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ បន្ទាប់មកនៅក្នុងភូមិមានការទម្លាក់គ្រាប់បែកសន្ធឹកសន្ធាប់ បណ្តាលឱ្យគ្រូលែងហ៊ានមកបង្រៀន ដូច្នេះ សន ត្រូវបង្ខំចិត្តឈប់រៀន។ បន្ទាប់ពីកើតមាន រដ្ឋប្រហារ សន ត្រូវរស់នៅជាមួយឪពុកម្ដាយ និងបងៗនៅផ្ទះ ព្រមទាំងជួយធ្វើការងារស្រែចម្ការ។
នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយដណ្ដើមបានទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តនានាបានដោយជោគជ័យ។ បន្ទាប់មកទៀត អង្គការចាប់ផ្ដើមប្រមែប្រមូលទ្រព្យសម្បត្តិ រួមទាំងវត្ថុមានតម្លៃផ្សេងៗដាក់ជារបស់រួម ហើយអ្នកភូមិមិនមានសិទ្ធិយករបស់របរទាំងនេះឡើយ។ មិនយូរប៉ុន្មាន សន និងកុមារមួយចំនួនត្រូវបានអង្គការបំបែកចេញពីឪពុកម្ដាយ និងបងប្អូន រួចបញ្ជូនទៅនៅក្រុមសិល្បៈប្រចាំឃុំពន្លៃ។ សន ហ្វឹកហាត់រាំច្រៀងបានរយៈពេលប្រហែល៣ខែ ក៏ត្រូវអង្គការផ្លាស់មកនៅក្នុងកងកុមារភូមិ ធ្វើស្រែ រែកដី និងលើកប្រឡាយវិញ។
នៅឆ្នាំ១៩៧៦ សន រួមទាំងកុមារនៅក្នុងភូមិ ត្រូវបានអង្គការបញ្ជូនចេញពីកងទៅហ្វឹកហាត់អំពីក្បួនយុទ្ធសាស្រ្តយោធា ដើម្បីត្រៀមចូលបម្រើកងទ័ពបដិវត្តន៍ខ្មែរក្រហម។ សន បានហ្វឹកហាត់នៅភ្នំយាយទេព ស្ថិតនៅខាងជើងភ្នំអង្គរបុរី ក្នុងខេត្តតាកែវ។ ក្នុងពេលជាមួយគ្នា សន ត្រូវហ្វឹកហាត់ពីក្បួនយុទ្ធសាស្រ្តប្រយុទ្ធ និងត្រូវដឹកជញ្ជូនគ្រាប់រំសេវទៅឱ្យកងទ័ពនៅសមរភូមិផង។
ដើមឆ្នាំ១៩៧៧ សន និងកុមារមួយចំនួនត្រូវបានអង្គការដកពីកន្លែងហ្វឹកហាត់កងទ័ពពីខេត្តតាកែវ រួចបញ្ជូនតាមរថភ្លើងទៅកាន់ខេត្តបាត់ដំបង។ សន មានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ព្រោះមិនដឹងថាអង្គការបញ្ជូនគាត់ទៅក្នុងគោលបំណងអ្វីឬបញ្ជូនឱ្យទៅធ្វើអ្វីនោះទេ។ សន ធ្វើដំណើរដល់ទីរួមខេត្តបាត់ដំបងនៅវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រ។ ខ្មែរក្រហមបានដាំបាយទទួលក្រុមកុមារទាំងអស់ហូប រួចហើយឱ្យចូលសម្រាក។ លុះព្រឹកព្រលឹម សន ត្រូវបានអង្គការហៅមកចូលរួមប្រជុំជួរ។ អង្គការបានដាក់ផែនការ និងបែងចែកកុមារជាក្រុមៗ។ ក្រុមកុមារមួយចំនួនត្រូវបានបញ្ជូនទៅធ្វើជាពេទ្យ ឯក្រុមកុមារមួយចំនួនទៀត ត្រូវបានបញ្ជូនទៅរោងចក្រកំពង់គល់ផលិតស្ករស ហើយក្រុមរបស់ សន ត្រូវបានបញ្ជូនទៅយាម និងចាំការពារភ្ងៀវបរទេស។ ក្នុងក្រុមរបស់ សន មានគ្នាចំនួន៤នាក់ ដែលមកពីភូមិនិងតំបន់ផ្សេងៗពីគ្នា ប៉ុន្តែ សន នៅចាំមិត្តម្នាក់ឈ្មោះ គឿន ដែលជាអ្នករស់នៅភូមិអំពិល។ សន និងគឿន យាមនៅទីតាំង៧មករាចាស់, នៅស្ពានថ្មីក្បែរចំណតឡានក្រុងចម្លាក់រូបសេះ។ សន ស្នាក់នៅក្នុងផ្ទះមួយក្បែរផ្សារបឹងឈូក។ ក្នុងពេលចាំការពារ មេកងបានដាក់បញ្ជាឱ្យ សន ត្រូវតែកាន់អាវុធជាប់ជានិច្ច ដើម្បីការពារសុវត្ថិភាពភ្ញៀវ ខ្លាចមានសត្រូវចូលមក។
អំឡុងពេលប្រចាំការ សន ឃើញមានភ្ញៀវបរទេសជាច្រើន រួមមាន ជនជាតិចិន និងជនជាតិកូរ៉េ។ សន មានប្រធានឈ្មោះ វុធ កាន់ក្ដាប់កុមារក្នុងមួយកងតូចមានគ្នាប្រហែល៣០នាក់។ ការងារយាមគឺមានវេនយប់ និងវេនថ្ងៃ ហើយត្រូវផ្លាស់ប្ដូរវេនគ្នា និងត្រូវដាំបាយជំនួសគ្នាម្ដងម្នាក់។ សន នៅយាមនៅខាងកើតផ្លូវរទេះភ្លើងម្ដុំព្រៃដូង។ សន យាមពេលថ្ងៃសម្រាកពេលយប់ យាមយប់សម្រាកពេលថ្ងៃ។ សន នៅចាំយាមភ្ញៀវរហូតដល់កងទ័ពវៀតណាមចូលមកដល់ទីរួមខេត្តបាត់ដំបង។ ពេលនោះ សន បានរត់ចេញពី អង្គភាពនិងអ្នកធ្វើការជាមួយគ្នា។
នៅឆ្នាំ១៩៧៩ សន បានរត់ភៀសខ្លួនចូលទៅក្នុងព្រៃដោយមិនមានបាយដាច់ទឹកហូប រហូតបានជួបជាមួយកងទ័ពខ្មែរក្រហមមកពីខេត្តកោះកុង។ សន បានស្នាក់នៅរួមគ្នាជាមួយកងទ័ពមកពីខេត្តកោះកុង។ បន្ទាប់មក សន ទៅនៅក្នុងកងវរសេនាធំលេខ៩០៥ នៃកងពលលេខ៦៤ ដែលមាន តាប៉ៃ គឺជាប្រធានកងវរសេនាធំ និង កន គឺជាប្រធានកងពល។ សន មិនធ្លាប់បានចូលទៅសមរភូមិវាយប្រយុទ្ធជាមួយកងទ័ពវៀតណាមទ្រង់ទ្រាយធំទេ។ យូរៗម្តងទើប សន ត្រូវអង្គភាពបញ្ជូនទៅវាយតទល់ជាមួយកងទ័ពវៀតណាមនៅតាមឃុំម្ដង។
ចន្លោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ សន នៅក្នុងកងភាពប្រយុទ្ធដដែល។ ជួនកាល សន ត្រូវវាយតទល់ជាមួយកងទ័ពវៀតណាមក្នុងមួយយប់បីដង និងបានបែងចែកកម្លាំងជាក្រុមតូចៗដើម្បីលួចវាយឆ្លក់។ កងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាមវាយប្រយុទ្ធគ្នាខ្លាំងក្លាណាស់ នៅតាមបណ្ដោយព្រំដែន រហូតដល់កងទ័ពវៀតណាមវាយចូលមកលើភ្នំព្រឹក្ស។ ក្រុមគ្រួសារប្រពន្ធកូនរបស់កងទ័ពខ្មែរក្រហមត្រូវភៀសខ្លួនទៅរស់នៅក្នុងទឹកដីថៃ ចំណែកប្តីជាកងទ័ពត្រូវចូលមកប្រយុទ្ធក្នុងទឹកដីខ្មែរ។ សន ដើរល្បាតនិងវាយនៅតាមព្រំដែនរហូតឆ្នាំ១៩៨៧។ សន និងកងទ័ពមួយចំនួនបានដើរថ្មើរជើងទៅវាយយកឃ្លាំងដាក់ស្រូវដាក់អង្កររបស់កងទ័ពវៀតណាមនៅចង្អើរខ្ទីញ និងថ្មគោល។ ប៉ុន្តែមិនទាន់ដើរដល់គោលដៅផង សន ដើរជាន់មីនដែលកងទ័ពខ្មែរក្រហមដូចគ្នាដាក់ការពារខ្លួនពីកងទ័ពវៀតណាម បណ្តាលឱ្យដាច់ជើងម្ខាង។ បន្ទាប់ពីរងរបួស សន ត្រូវបានកងទ័ពសែងទៅព្រំដែនឆ្លងកាត់ព្រែកឆ្មា ដើម្បីទៅព្យាបាលនៅមន្ទីរពេទ្យ។ បន្ទាប់ពីបានធូរស្បើយពីរបួស សន បានត្រឡប់មកនៅក្នុងអង្គភាពទ័ពវិញ ប៉ុន្តែមិនអាចចេញទៅប្រយុទ្ធទៀតឡើយ។
នៅឆ្នាំ១៩៩០ សន បានសុំស្នើទៅមេបញ្ជាការឱ្យចូលស្ដីដណ្ដឹងឈ្មោះ ឈុន រ៉េន ដើម្បីរៀបការតាមប្រពៃណី ព្រោះធ្លាប់ស្គាល់គ្នាជាយូរហើយ។ ស្ដីដណ្ដឹងរួច សន បានសុំអនុញ្ញាតមេអង្គភាពទៅរៀបការនៅជំរំតាង៉ុក ព្រោះមិនអាចរៀបការនៅក្នុងអង្គភាពបាន។ បន្ទាប់ពីរៀបការរួច សន និងប្រពន្ធ បានត្រឡប់ចូលមករស់នៅតាមព្រំដែនក្នុងទឹកដីកម្ពុជាវិញ។ សន នៅអង្គភាពខាងក្រោយ ដូច្នេះមេកងដាក់ការងារឱ្យគាត់បិតចម្រូង និងយាមល្បាតនៅតាមព្រំដែន។ ចំណែកប្រពន្ធ សន ធ្វើជាអ្នកដឹកជញ្ជូនគ្រាប់ទៅសមរភូមិ។ ក្រោយសមាហរកម្មឆ្នាំ១៩៩៦ សន បានមករស់នៅក្នុងភូមិកណ្ដាលវិញ។ សន បានត្រឡប់មកលេងស្រុកកំណើត ទើបដឹងថាឪពុកម្ដាយរបស់គាត់បានស្លាប់ដោយសារអត់អាហារបរិភោគ តាំងពីឆ្នាំ១៩៧៦។
អត្ថបទ ៖ មឿន ស្រីណុច បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



