«ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនរួមមួយគឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ការប្រើកម្លាំងយោធាមិនមែនជាដំណោះស្រាយ។ វានឹងអូសបន្លាយគ្រប់ជំនាន់។ ការប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកខំប្រឹងបិទគម្របហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសារទាំងអស់គ្នា»។
បើទោះបីជាមានសង្រ្គាមពាក្យសម្តីយ៉ាងខ្លាំងក្លារវាងប្រជាជនថៃនិងប្រជាជនកម្ពុជាចាប់តាំងពីមានជម្លោះព្រំដែន និងការឈ្លានពានរបស់ទាហានថៃមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនរួមមួយគឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។
ប្រទេសថៃព្យាយាមប្រើកម្លាំងយោធាដើម្បីឈ្លានពានប្រទេសកម្ពុជា និងបំផុសចលនាប្រជាជនថៃឱ្យគាំទ្រយុទ្ធនាការរបស់ខ្លួន ដោយយកហេតុផលមិនត្រឹមត្រូវថា នេះធ្លាប់ជាទឹកដីរបស់ថៃនិងសន្យាទាមទារយកមកវិញ។
ចំណែកប្រទេសកម្ពុជាព្យាយាមអត់ធ្មត់និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយប្រកាន់គោលការណ៍ការពារខ្លួននិងទឹកដីគឺ៖ «បើកងទ័ពថៃមិនបាញ់កងទ័ពកម្ពុជាមុនទេ កងទ័ពកម្ពុជាមិនតបតទៅវិញទេ»។
ហេតុអ្វីបានជាពាក្យថាសន្តិភាពនិងបទឈប់បាញ់ពិបាកសម្រាប់ប្រជាជនថៃនិយាយចេញមក បើទោះបីខ្លួនបានទទួលស្គាល់ថា យោធាថៃបានឈ្លានពានប្រទេសកម្ពុជាពិតមែន?
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ Pravit Rojanaphruk អ្នកកាសែតជើងចាស់របស់ Khaosod English បានផ្តួចផ្តើមឱ្យមានការដើរដើម្បីសន្តិភាពនៅវេលាម៉ោង៣ល្ងាច នៅទីក្រុងបាងកក។ គាត់បានសង្ឃឹមថា ប្រហែលមានមនុស្សច្រើននាក់ចូលរួម។ ប៉ុន្តែផ្ទុយស្រឡះ គឺមានតែប្រជាជនថៃ៦នាក់ប៉ុណ្ណោះ រួមទាំងគាត់បានបង្ហាញខ្លួននៅទីក្រុងបាងកក និង១០នាក់នៅខេត្តឈាងម៉ៃ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ត្រូវបានរិះគន់យ៉ាងចាស់ដៃពីប្រជាជនថៃមួយចំនួនធំ។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ Miss World 2025 Opal Suchata បានជំរុញឱ្យយុវជនស្វែងរកសន្តិភាព នៅក្នុងពិធីទទួលរង្វាន់ Global Leadership Achievement Award ប៉ុន្តែត្រូវបានប្រជាជនថៃរិះគន់ដូច Pravit ដែរ។
បណ្តាថ្នាក់ដឹកនាំក្នុងជួរកងទ័ពថៃ បានលើកពាក្យពេជន៍និងសម្តែងអាកប្បកិរិយាធ្វើសង្រ្គាម ឈ្លានពាន បំបាក់ បំផ្លាញ និងទាមទារយកទីតាំងមួយចំនួនពីប្រទេសកម្ពុជា រហូតដល់ថ្នាក់ហ៊ានសម្លាប់ជនស៊ីវិលស្លូតត្រង់។
នៅក្នុងការបញ្ចេញមតិលើបណ្តាញសង្គម សារព័ត៌មាន យូធ្យូប របស់ថៃ ទាក់ទិននឹងជម្លោះព្រំដែនកម្ពុជា-ថៃ គឺភាគច្រើនជាទស្សនញុះញង់និងជំរុញឱ្យកងទ័ពថៃបន្តប្រតិបត្តិការយោធា។ អ្នកទាំងនោះមិនបានគិតឬគិតតិចតួចដល់ប្រជាជនភៀសសឹកថៃដែលជាអ្នករងគ្រោះពិតប្រាកដ។
ចំណែកប្រទេសកម្ពុជានិងប្រជាជនកម្ពុជា ទាំងក្មេងទាំងចាស់ ប្រុសស្រី គ្រប់សាសនា ស្រែកហៅរកសន្តិភាពនិងធ្វើសកម្មភាពដើម្បីសន្តិភាព។
ខ្ញុំសូមសួរទៅរដ្ឋាភិបាលថៃនិងយោធាថៃថា «តើអ្នកនៅស្រមៃចង់បានទឹកដីកម្ពុជានិងរកលេសធ្វើសង្រ្គាមដល់ពេលណា? អ្នកតែងតែយកវិធីដោះស្រាយចាស់ដែលដូនតាអ្នកបានធ្វើមកលើប្រទេសកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១៨ មកអនុវត្តលើប្រទេសកម្ពុជានៅសតវត្សរ៍ទី២១នេះទៀត? តើអ្នកគិតថា ប្រទេសកម្ពុជានៅតែបណ្តោយឱ្យអ្នកធ្វើបែបនេះទៀតឬយ៉ាងណា?
ខ្ញុំសូមសួរទៅប្រជាជនថៃថា «តើអ្នកឆ្ងល់ទេថា ប្រសិនបើទឹកដីនេះធ្លាប់ជាទឹកដីរបស់អ្នក ហេតុអ្វីបានជាប្រជាជនកម្ពុជាហៅអ្នកថាជាចោរតជំនាន់មកដល់សព្វថៃ្ងនេះ? អ្នកឮឬធ្វើមិនឮ? តើអ្នកដឹងឬធ្វើមិនដឹង?
ខ្ញុំយល់ថា ប្រសិនបើប្រទេសថៃពិតជាចង់ដោះស្រាយជម្លោះព្រំដែនត្រឹមជំនាន់នេះមែន ហើយបញ្ចប់ឱ្យបានឆាប់ នោះដំណោះស្រាយល្អសម្រាប់ប្រទេសយើងទាំងពីរគឺ៖
- កងទ័ពថៃ ឈប់បាញ់
- ដោះស្រាយជម្លោះដោយសន្តិវិធីនិងមានភាគីទី៣ចូលរួម ព្រោះការដោះស្រាយតែរវាងប្រទេសកម្ពុជានិងប្រទេសថៃគឺលែងមានប្រសិទ្ធភាពហើយ។
- វិលទៅរកការអនុវត្តសេចក្តីប្រកាសរួមដែលបានធ្វើឡើងនៅទីក្រុងកូឡាឡំពួរកាលពីខែតុលា។
- ឈប់ព្យាយាមរកលេសសង្រ្គាមទៀត
ដូច្នេះការប្រើកម្លាំងយោធាមិនងាយចប់ដើម្បីដោះស្រាយជម្លោះព្រំដែន នឹងអូសបន្លាយគ្រប់ជំនាន់។ ការប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកប្រឹងបិទគម្របហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសារទាំងអស់គ្នា។
អត្ថបទ ៖ សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ សេតវិមាន



