«សាមគ្គីភាពក្នុងពេលមានសង្គ្រាម គឺជាកម្លាំងដ៏ខ្លាំងក្លា ដើម្បីរក្សាកម្លាំងស្នូល និងស្មារតីរបស់យើងឱ្យនៅរស់រវើក។ វាចាំបាច់ណាស់ដែលសាមគ្គីភាពនេះត្រូវតែរក្សា និងធ្វើឱ្យល្អឥតខ្ចោះ ខណៈដែលបទឈប់បាញ់មិនទាន់មាននៅឡើយ។ កម្លាំងសាមគ្គីនេះក៏គួរតែត្រូវបានបញ្ចូលទៅក្នុងដំណើរការកសាងសន្តិភាព»។
ខណៈពេលដែលវីរកងទ័ពកម្ពុជានៅជួរមុខកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញនឹងទាហានឈ្លានពានថៃនៅតំបន់ជម្លោះជាច្រើនទីតាំង ប្រជាជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសកំពុងទាមទារឱ្យទាហានថៃបញ្ឈប់ការប្រយុទ្ធ និងការឈ្លានពានអធិបតេយ្យភាព និងទឹកដីកម្ពុជា តាមរយៈយុទ្ធសាស្ត្រទំនាក់ទំនង និងការដង្ហែរក្បួនសន្តិភាព ព្រមទាំងការរៀបចំជំនួយសម្រាប់វីរ កងទ័ព និងជនភៀសសឹកកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ ការងារស្ម័គ្រចិត្តបានលេចឡើងយ៉ាងត្រដែត តាមរយៈការរៃអង្គាសថវិកាមនុស្សធម៌ ការវេចខ្ចប់អាហារ និងការចែកចាយទៅដល់វីរៈកងទ័ពនិងជនភៀសសឹក។ កិច្ចខិតខំប្រឹងប្រែងនេះបង្ហាញពីសាមគ្គីភាពដ៏ស្អិតរមួយ ដែលជាកម្លាំងដ៏មានឥទ្ធិពលប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃ។
មនសិការរបស់យើងជំរុញឱ្យយើងធ្វើការងារស្ម័គ្រចិត្តតាមរយៈការធ្វើសកម្មភាពជាក់ស្តែងនិង មានប្រយោជន៍។ នេះគឺជាកម្លាំងជំរុញដែលផុសចេញពីក្នុងចិត្តនេះ ដែលកើតឡើងដោយសារយើងជាមនុស្សស្មោះត្រង់និងប្រាថ្នារស់នៅក្នុងសន្តិភាព។ ទាហានថៃបានឈ្លានពាននិងបំផ្លិចបំផ្លាញផ្ទះសម្បែងជនស៊ីវិល សាលារៀន មន្ទីរពេទ្យ ស្ពាន វត្តអារាម និងប្រាសាទបុរាណ បានបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន និងបានធ្វើឱ្យជនស៊ីវិលរាប់សែននាក់នៅក្នុងខេត្តជាច្រើន បានភៀសសឹកទៅកាន់ទីកន្លែងសុវត្ថិភាព។
អ្នកស្ម័គ្រចិត្តទាំងនេះមកពីមជ្ឈដ្ឋានផ្សេងៗគ្នា បាននិងកំពុងធ្វើការដោយមិនចេះនឿយហត់ ដើម្បីរក្សាកម្លាំងស្នូល និងស្មារតីរបស់វីរកងទ័ពកម្ពុជា និងប្រទេសជាតិ ឱ្យនៅរស់រវើក ដើម្បីការពារអធិបតេយ្យភាពនិងទឹកដីកម្ពុជាពីការឈ្លានពាន និងការពារតម្លៃនិងសេចក្តីថ្លៃថ្នូររបស់យើង ។
ខណៈពេលដែលការឈ្លានពានរបស់ទាហានថៃបានឈានចូលដល់ថ្ងៃទី11 (ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥) ហើយបទឈប់បាញ់នៅតែមិនទាន់មកដល់ វាចាំបាច់ណាស់ដែលសាមគ្គីភាពនេះត្រូវតែរក្សា និងធ្វើឱ្យល្អឥតខ្ចោះ។ កិច្ចខិតខំប្រឹងប្រែងនេះក៏គួរតែត្រូវបានបញ្ចូលទៅក្នុងដំណើរការកសាងសន្តិភាពរបស់យើងផងដែរ។
អត្ថបទ ៖ សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



