តើលក្ខខណ្ឌ “សាមញ្ញ” ទាំងបីមកពីក្រសួងការបរទេសប្រទេសថៃពិតជា“សាមញ្ញ”ដូចដែលប្រទេសថៃគិតមែនដែរឬទេ?

ទស្សនៈពីជនជាតិថៃ ម៉ារ៉ាត វង្សវីឡៃ

លក្ខខណ្ឌគឺវាសាមញ្ញណាស់។ តើអញ្ចឹងមែនទេ? នេះគឺជាអ្វីដែលប្រទេសកម្ពុជាត្រូវតែធ្វើ ហើយបន្ទាប់មកសង្គ្រាមនឹងត្រូវបានបញ្ចប់។ មិនចាំបាច់រក្សាមុខមាត់ទេ ពីព្រោះប្រទេសកម្ពុជាគ្មានមុខមាត់អ្វីទៀតនោះទេ។

ការឆ្លើយតបពី លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

សំណើរបស់ប្រទេសថៃដែលលើកឡើងថាសាមញ្ញ បានរំឭកខ្ញុំអំពីសំណើដ៏សាមញ្ញមួយផ្សេងទៀតដែលត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ១៩៣៨។ ជាថ្នូរនឹងការដោះដូរយកសន្តិភាពនាពេលនោះ ប្រទេសឆេកូស្លូវ៉ាគីបានប្រគល់តំបន់ព្រំដែនមួយដែលខ្លួនគ្រប់គ្រង និងសម្បូរទៅដោយប្រជាជនអាល្លឺម៉ង់រស់នៅតំបន់ស៊ុយដែតតង់ឡង់ ទៅឱ្យណាស៊ីអាល្លឺម៉ង់។ វាដូចនឹងសំណើស្វែងរកសន្តិភាពរបស់ប្រទេសថៃក្នុងពេលបច្ចុប្បន្នដែរ។ សំណើនេះត្រូវបានលើកឡើងថាមានភាពចាំបាច់និងសមស្របមួយ ហើយប្រហែលជាងាយស្រួលមួយ ដើម្បីសម្រុះសម្រួលនិងធានាសន្តិភាពនៅអឺរ៉ុបក៏ប៉ុន្តែរឿងទាំងអស់នេះគឺជាប្រវត្តិសាស្ដ្រនៃសង្គ្រាមលោកលើកទី២។ ប្រទេសថៃគឺមិនមែនជាណាស៊ីអាល្លឺម៉ង់ទេ ហើយជម្លោះនេះគឺមិនមែនជាបុព្វហេតុនៃសង្គ្រាមលោកនោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខខណ្ឌស្វែងរកសន្តិភាពរបស់ប្រទេសថៃគឺគ្មានអ្វីក្រៅពីការបិទបាំងដើម្បីបន្តសង្គ្រាមឈ្លានពានមកលើកម្ពុជាតែប៉ុណ្ណោះ។

ការទាមទាររបស់ប្រទេសថៃនូវដែនអធិបតេយ្យរបស់ប្រទេសកម្ពុជាគឺគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ហើយប្រទេសថៃគឺមិនអាចស្វែងរកការគ្រាំទ្រពីអន្តរជាតិបានដែរ។ ដូច្នេះអ្វីដែលយើងកំពុងជួបប្រទះ ប្រសិនបើនិយាយឱ្យសាមញ្ញទៅគឺជាការរំលោភបំពានច្បាប់អន្តរជាតិ ការរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលនិងគាំទ្រដោយសហរដ្ឋអាមេរិក ហើយជាការសម្លុតនិងគំរាមកំហែងប្រទេសជិតខាងដែលជារដ្ឋអធិបតេយ្យមួយរបស់ប្រជាជាតិអាស៊ាន។ យើងមិនអាចចរចាដោយចុងកាណុងបានទេ ហើយការលើកឡើងអំពីលក្ខខណ្ឌបទឈប់បាញ់របស់ប្រទេសថៃគឺមិនអាចទទួលយកបានទាល់តែសោះ ខណៈពេលដែលប្រទេសថៃមិនគោរពកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្របសម្រួលនិងគាំទ្រដោយសហរដ្ឋអាមេរិក។

ស្ថានភាពបច្ចុប្បន្នអាចនាំមកនូវការរីករាលដាលកាន់តែខ្លាំងឡើងនៃភ្លើងសង្គ្រាម មិនត្រឹមតែនៅតំបន់ព្រំដែនរវាងប្រទេសថៃនិងកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែហានិភ័យនៃការរីករាលដាលយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃនេះនឹងអាចជះឥទ្ធិពលដល់តំបន់ និងប្រហែលជាទៅដល់ពិភពលោកទាំងមូល។ ជម្លោះនេះគឺត្រូវតែបញ្ចប់ ហើយមិនមែនដោយ សារលក្ខខណ្ឌសាមញ្ញជ្រុលនិយមកំណត់ដោយរដ្ឋាភិបាលថៃនោះទេ។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖