កិច្ចការជាតិ និងបរទេសរបស់ប្រទេសថៃ

លោក បាឡានគូរ៉ា អ្នកនាំពាក្យនៃក្រសួងការបរទេសថៃបានថ្លែងថា ប្រទេសថៃទាមទារនូវលក្ខខណ្ឌចំនួនបីសម្រាប់ការចរចាបទឈប់បាញ់៖ ទី១) កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាសាធារណៈ; ទី២) បទឈប់បាញ់ត្រូវតែអនុវត្ត និងរក្សាឱ្យបាន; និង ទី៣) កម្ពុជាត្រូវតែសហការប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន។

ជាការឆ្លើយតបរបស់ខ្ញុំចំពោះលក្ខខណ្ឌទាំងបីនេះ គឺសាមញ្ញ៖ វាជាលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់សម្រាប់ការស្វែងរកសន្តិភាព ខណៈពេលដែលប្រទេសថៃកំពុងបន្តធ្វើការវាយប្រហារដោយមិនសមហេតុផលមកលើប្រជាជនស៊ីវិលនៅប្រទេសជិតខាង ដែលនេះគឺជាការចំអក និងមាក់ងាយច្បាប់អន្តរជាតិ។ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួល និងគាំទ្រដោយសហរដ្ឋអាមេរិក ប្រទេសថៃមានកាតព្វកិច្ចក្នុងការបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់របស់ខ្លួនដែលកំពុងរំលោភបំពានលើកិច្ចព្រមព្រៀង។ ចាប់តាំងពីប្រទេសថៃបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ទាហានថៃបានធ្វើសកម្មភាពផ្ទុយស្រឡះ និងខុសពីខ្លឹមសារ និងស្មារតីក្នុងការអនុវត្តនូវបទឈប់បាញ់។ ប្រទេសថៃបានបង្កើនការវាយប្រហារ និងឈ្លានពានរបស់ខ្លួនកាន់តែខ្លាំងឡើង រួមទាំងការវាយលុកតាមផ្លូវគោកចូលមកក្នុងទឹកដីប្រទេសកម្ពុជា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់គ្រាប់ផ្លោងដោយកាំភ្លើងធំ ជាងនេះទៅទៀតប្រទេសថៃបានពង្រីកសមរភូមិប្រយុទ្ធដែលធ្វើឱ្យខេត្តជាច្រើនក្នុងប្រទេសកម្ពុជាទទួលរងនូវការវាយប្រហារ និងបណ្ដាលឱ្យមានប្រជាជនខ្មែរស្លូតត្រង់យ៉ាងច្រើនលើសលប់រងរបួស និងបាត់បង់ជីវិត។

នេះគឺមិនមែនជាសកម្មភាពដែលសមហេតុផលសម្រាប់ប្រទេសមួយដែលមានភាពចាស់ទុំក្នុងការការពារខ្លួននោះទេ។ នេះគឺជាសកម្មភាពរបស់ប្រទេសដែលមានចេតនាបង្កជម្លោះ ដើម្បីដណ្តើមកាន់កាប់ទឹកដីពីប្រទេសដែលមានសន្តិភាពមួយទាំងបំពានច្បាប់អន្តរជាតិ។ ពិភពលោកមិនត្រឹមតែនឹងកត់សម្គាល់អំពីលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់ក្នុងស្វែងរកសន្តិភាពរបស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកនឹងចងចាំជារៀងរហូតអំពីការឈ្លានពានទាំងមិនសមហេតុផលដោយប្រទេសថៃ និងការទាមទារដោយខុសច្បាប់មកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖