នេះគឺជាស្ថានភាពដ៏សោកសៅមួយដែលបានបន្ថែមកាន់តែខ្លាំងឡើង និងរីករាលដាលទៅលើឫសគល់ចម្បងដែលប្រទេសថៃកំពុងស្វែងរកការសម្លុតប្រទេសកម្ពុជា ឱ្យទទួលយកការទាមទារដោយគ្មានមូលដ្ឋានច្បាប់របស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា គឺជាការទាមទារដែលរឹងទទឹងប្រឆាំងទៅនឹងទស្សនអន្តរជាតិលើបញ្ហាដែនអធិបតេយ្យភាព រួមទាំងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ។
នេះគឺជាព័ត៌មានវិជ្ជមានមួយដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលធ្វើជាអ្នកសម្របសម្រួល និងត្រូវបានគេអះអាងថាបានបញ្ចុះបញ្ចូលប្រទេសថៃឱ្យបញ្ឈប់ការប្រយុទ្ធ ប៉ុន្តែវាគឺជារឿងគួរឱ្យកត់សម្គាល់ថា បន្ទាប់ពីការសន្ទនាសម្របសម្រួលតាមទូរសព្ទរបស់ប្រធានាធិបតីអាមេរិក លោក អានុទីន ឆានវីរគុល នាយករដ្ឋមន្រ្តីថៃ បានប្រាប់សន្និសីទសារព័ត៌មានថា បទឈប់បាញ់នឹងកើតឡើង លុះត្រាណាតែ៖ «កម្ពុជាត្រូវបញ្ឈប់ការបាញ់ប្រហារ ដកកងទ័ពរបស់ខ្លួនចេញ និងដោះមីនទាំងអស់ដែលខ្លួនបានដាក់»។
វាហាក់ដូចជាគួរឱ្យចាប់អារម្មណ៍ ខណៈពេលដែលយោធាថៃកំពុងធ្វើសកម្មភាពយោធានៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដោយវាយប្រហារភូមិឋាន និងទីតាំងវប្បធម៌របស់ខ្មែរ យោធាថៃ បានចៀសផុតពីគ្រាប់មីនហាក់ដូចជាអព្ភូតហេតុ ដែលគ្រាប់មីនទាំងនោះហើយដែលប្រទេសថៃបានអះអាងថាជាប្រភពធ្វើឱ្យយោធារបស់ខ្លួនទទួលរងរបួស។ វាគួរឱ្យចាប់អារម្មណ៍ផងដែរថាប្រទេសថៃនៅតែបន្តការទាមទារនូវលក្ខខណ្ឌនានាសម្រាប់ការចរចាសន្តិភាព អំឡុងពេលដែលយោធារបស់ថៃកំពុងធ្វើសកម្មភាពឈ្លានពាន បាញ់ផ្លោង និងវាយប្រហារមកលើប្រទេសកម្ពុជា។
សរុបសេចក្តីមកយោធាប្រទេសថៃកំពុងបន្តសាកល្បងនូវឆន្ទៈ និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីសន្តិភាពពិភពលោក។ យោធាដែលដាក់លក្ខខណ្ឌសម្រាប់សន្តិភាព ខណៈពេលដែលកំពុងវាយប្រហារ និងឈ្លានពានភាគីម្ខាងទៀត មិនមែនជាអ្នកចាប់អារម្មណ៍ដ៏ពិតប្រាកដចំពោះសន្តិភាពនោះទេ។ សកម្មភាពឈ្លានពានរបស់យោធាថៃប្រឆាំងនឹងប្រទេសកម្ពុជា គឺមិនស័ក្តិសមជាប្រទេសមានភាពចាស់ទុំ អភិវឌ្ឍន៍ ដែលមានការគោរពច្បាប់អន្តរជាតិនោះទេ។ អំពើឈ្លានពានដែលគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវប្រឆាំងនឹងសមាជិកអាស៊ានដូចគ្នាត្រូវតែបញ្ឈប់។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ ហេង ស៊ីនិត/មជ្ឈមណ្ឌលឯកសារកម្ពុជា



