ប្រហែលជាគ្មានពេលវេលាណាដែលគ្រោះថ្នាក់ លំបាក និងពោរពេញទៅដោយសម្ពាធ ហើយនិងភាពតានតឹង នៅអំឡុងពេលសមរភូមិប្រយុទ្ធ នាពេលយប់ងងឹតដែលឈានចូលមកដល់នោះទេ។ ទោះបីជាតំបន់អាស៊ីអាគ្នេយ៍មានអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ នារដូវខ្យល់ធ្លាក់ពីខាងជើងនេះយើងមានអាកាសធាតុត្រជាក់ខុសពីធម្មតាដែលគ្របដណ្តប់ជុំវិញតំបន់ព្រៃក្រាស់ ហើយគឺគ្មានទីកន្លែងណាដែលមានអារម្មណ៍ត្រជាក់ស្រឹបជាងនៅសមរភូមិជួរមុខនៃជម្លោះរវាងប្រទេសកម្ពុជាជាមួយប្រទេសថៃនោះឡើយ។
វីរកងទ័ពកម្ពុជា បានដើរល្បាត និងឃ្លាំមើលនៅតាមបណ្ដោយព្រំដែនយ៉ាងប្រុងប្រយ័ត្ន ក្នុងការស្វែងរកសកម្មភាព ឬចលនាណាមួយ ដែលចង្អុលបង្ហាញអំពីការវាយប្រហារដែលខិតជិតមកដល់។ ក្នុងករណីនេះ វីរកងទ័ពកម្ពុជាមិនត្រឹមតែសង្កេតមើលសកម្មភាពទាំងនោះដោយភាពស្ងៀមស្ងាត់តែប៉ុណ្ណោះទេ ប៉ុន្តែវីរកងទ័ពកម្ពុជាថែមទាំងធ្វើប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លា ដោយប្រើប្រាស់កាំភ្លើងធំ កាំភ្លើងយន្តធុនធ្ងន់ និងអាវុធផ្សេងទៀត ដើម្បីទប់ទល់នឹងយោធាថៃ ដែលព្យាយាមវាយដណ្តើមកាន់កាប់ទឹកដីកម្ពុជា និងបំផ្លាញសមត្ថភាពក្នុងការការពារខ្លួនរបស់វីរកងទ័ពកម្ពុជានៅតាមតំបន់ទាំងនោះ។
វាពិតជាពិបាកក្នុងការស្រមៃ សូម្បីតែយល់អំពីការប្រយុទ្ធដ៏គ្រោះថ្នាក់ជាទីបំផុត ដែលវីរកងទ័ពកម្ពុជាកំពុងប្រឈម។ ក្រៅពីស្ថានភាពស្ងប់ស្ងាត់ ដែលវីរកងទ័ពកម្ពុជាមួយចំនួនកំពុងរង់ចាំបើកការវាយប្រហារទប់ទល់ ឬស្ថានភាពហិង្សាដ៏សាហាវ ដែលវីរកងទ័ពកម្ពុជាមួយចំនួនទៀតកំពុងប្រឈមមុខ ក្នុងការការពារ ឬវាយបណ្តេញទាហានថៃចេញពីទឹកដីប្រទេសកម្ពុជាក៏ដោយ ក៏មានស្ថានភាពតានតឹងមួយទៀតដែលកើតមានឡើងជាទូទៅចំពោះវីរកងទ័ពយើងដែលឈរជើងនៅសមរភូមិ នោះគឺការប្រឹងជម្នះជាមួយនឹងអាកាសធាតុដ៏ត្រជាក់នាពេលយប់ងងឹត ការប្រុងស្មារតី និងការលំបាកក្នុងការសម្រាន្តដោយភាពស្ងៀមស្ងាត់ ហើយតែងតែត្រៀមខ្លួនជានិច្ចសម្រាប់សកម្មភាពឆ្លើយតបជាបន្ទាន់ណាមួយនៅពេលដែលវីរកងទ័ពសម្រាកមិនបានគ្រប់គ្រាន់ ដែលហួសពីការទ្រាំទ្រដ៏លំបាកទៅទៀត។ លើសពីនេះ គឺភាពអស់កម្លាំងបន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយ និងជួនកាល វីរកងទ័ពកម្ពុជាស្ថិតក្រោមការវាយប្រហារ ទាំងកំពុងកាន់សព្វាវុធធ្ងន់ៗ ឬចូលរួមក្នុងសមរភូមិដ៏សាហាវឃោរឃៅ។ ជាងនេះទៅទៀត វីរកងទ័ពកម្ពុជានៅជួរមុខ ត្រូវប្រឈមមុខនឹងភាពលំបាកផ្នែកផ្លូវចិត្ត ដែលកើតមានឡើងនាពេលខ្លះ ដោយសារភាពឯកោពីក្រុមគ្រួសារ មិត្តភក្តិ និងអនាគតរបស់ខ្លួនដែលមិនអាចកំណត់បានជាមុន។
ភាពតានតឹងនៃជម្លោះនេះ និងការប្រឈមអំឡុងពេលប្រតិបត្តិការប្រយុទ្ធនៅពេលយប់ងងឹត គឺមិនអាចពិពណ៌នាបានគ្រប់ជ្រុងជ្រោយដោយសេចត្តីអត្ថាធិប្បាយខ្លីបែបនេះទេ ប៉ុន្តែយ៉ាងហោចណាស់ យើងទទួលស្គាល់ថានេះ គឺជាការតស៊ូ និងទុក្ខលំបាកពិតរបស់វីរកងទ័ពកម្ពុជាដែលការពារប្រទេសកម្ពុជារបស់យើង។ វាជាការពិតដែលបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នអាចឲ្យកងទ័ពធ្វើប្រតិបត្តិការនៅពេលយប់ ប៉ុន្តែទោះបីជាមានបច្ចេកវិទ្យាទំនើបនេះ ឬក្រៅពីនេះក៏ដោយ ក៏មិនអាចលុបបំបាត់បញ្ហាប្រឈម និងភាពស្មុគស្មាញដែលកើតមានឡើងអំឡុងពេលសង្គ្រាមបានដែរ។ ខណៈពេលដែលបច្ចេកវិទ្យា មានសារសំខាន់ និងចាំបាច់បំផុតសម្រាប់ពង្រឹងសមត្ថភាពរបស់វីរកងទ័ពក្នុងការប្រឈមនឹងសត្រូវដែលមានបច្ចេកវិទ្យាទំនើបក៏ដោយ ភាពអង់អាចក្លាហាន វិន័យ និងការតាំងចិត្តដោយភាពស្ងៀមស្ងាត់គឺមានសារសំខាន់ និងចាំបាច់ ហើយវីរកងទ័ពកម្ពុជាដែលនៅជួរមុខ បានកំណត់នូវភាពរឹងប៉ឹង និងការឆ្លើយតបប្រកបដោយភាពចាស់ទុំរបស់ខ្លួន ចំពោះការឈ្លានពានដ៏សាហាវព្រៃផ្សៃពីសំណាក់យោធាថៃ។
អនាគតនៃយុទ្ធសាស្ត្រសង្គ្រាម ត្រូវបានពិពណ៌នាជារឿយៗថា គឺជាអនាគតដែលពឹងផ្អែកកាន់តែខ្លាំងឡើងលើសព្វាវុធទំនើប និងបច្ចេកវិទ្យាព័ត៌មាន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ភាពខ្លាំងនៃមេបញ្ជាការ វិន័យកងទ័ព និងតម្លៃនៃកងទ័ពគឺនៅតែមានសារសំខាន់ ក្នុងការធានាបាននូវជ័យជម្នះនាពេលអនាគត ក៏ដូចជានៅក្នុងពេលបច្ចុប្បន្ន។ ដូច្នេះប្រជាជនខ្មែរមានហេតុផលគ្រប់គ្រាន់ក្នុងការមានមោទកភាព និងការជឿជាក់ទៅលើវីរកងទ័ពកម្ពុជារបស់ខ្លួន។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ ហេង ស៊ីនិត/មជ្ឈមណ្ឌលឯកសារកម្ពុជា



