កិច្ចសម្ភាសន៍រវាងសារព័តមាន គិរីផូស និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
សំណួរ៖ (ប្រាក់ ចាន់ថុល/គិរីផូស) តើការប្រយុទ្ធគ្នាតាមព្រំដែនកម្ពុជានិងថៃ កើតឡើងសាជាថ្មីនៅពេលនេះ មានគ្រោះថ្នាក់កម្រិតណា បើប្រៀបធៀបទៅនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាលពីខែកក្កដា កន្លងមក?
ចម្លើយ៖ (ឆាំង យុ/មជ្ឈមណ្ឌលឯកសារកម្ពុជា) ស្ថានភាពបច្ចុប្បន្ន វាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ ហើយប្រហែលជាប្រទេសថៃមានគ្រោះថ្នាក់ច្រើនជាងប្រទេសកម្ពុជា ពីព្រោះកងទ័ពដែលសម្ដែងនូវភាពអួតក្អេងក្អាងហួសហេតុដូចមន្ត្រីជាន់ខ្ពស់យោធាថៃបច្ចុប្បន្ន តាមប្រវត្តិ សាស្ត្រគឺតែងតែនាំទៅរកការបរាជ័យ។ ជម្លោះនេះគឺមិនមែនជាជម្លោះរវាងប្រទេសថៃ និងកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែវាជាជម្លោះទាក់ទងនឹងប្រវត្តិសាស្ត្រ សិទ្ធិមនុស្ស ហើយចំពោះប្រទេសថៃ វាគឺជាការ តស៊ូដណ្តើមអំណាចកំពូលក្នុងការគ្រប់គ្រងផ្នែកស៊ីវិល។ ប្រទេសថៃធ្លាប់តស៊ូជាមួយរដ្ឋប្រហារយោធា ពីអតីតកាល ហើយខ្ញុំអាចមើលឃើញពីរបៀបបញ្ហានេះដែលបន្តកើតមានរហូតមកដល់សព្វថ្ងៃ។
សំណួរ៖ (ប្រាក់ ចាន់ថុល/គិរីផូស) តើការវាយប្រហារតាមផ្លូវអាកាស និងទំហំនៃការជម្លៀសជនស៊ីវិលដែលបង្ហាញពីការកើនឡើងនៃជម្លោះ ខុសប្លែកគ្នាពីមុន និងមានអ្វីគួរឱ្យព្រួយបារម្ភជាងនេះដែរឬទេ?
ចម្ល្លើយ៖ (ឆាំង យុ/មជ្ឈមណ្ឌលឯកសារកម្ពុជា) វាពិតជាដូច្នេះមែន ហើយលើសពីការកើនឡើងទៅទៀត វាគឺជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់ចំពោះកម្ពុជា ជាមួយនឹងក្ដីសង្ឃឹមថាកងទ័ពកម្ពុជានឹងវាយតបត ដែលបង្កឱ្យមានសង្គ្រាមពេញទំហឹង។ ប្រទេសថៃកំពុងអនុវត្តនូវអំពើឈ្លានពានដ៏ហួសហេតុស្រដៀងនឹងកូនក្មេងដែលមិនចេះស្ដាប់បង្គាប់ មិនត្រឹមតែរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាការទះកំផ្លៀងចំពោះសហរដ្ឋអាមេរិក អាស៊ាន និងបណ្ដាប្រទេសដទៃទៀតដែលបានព្យាយាមសម្របសម្រួលឱ្យមានសន្តិភាព។
សំណួរ៖ (ប្រាក់ ចាន់ថុល/គិរីផូស) តើអ្វីជាបញ្ហាប្រឈមក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែង?
ចម្លើយ៖ (ឆាំង យុ/មជ្ឈមណ្ឌលឯកសារកម្ពុជា) បញ្ហាប្រឈមក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែង ជាដំបូងបង្អស់ និងសំខាន់បំផុតនោះ គឺការធានាថានឹងមានផលវិបាកធ្ងន់ធ្ងរចំពោះអ្នកដែលប្រព្រឹត្តអំពើឈ្លានពាន។ កម្ពុជាមិនអាចធ្វើរឿងនេះតែឯងបានទេ ដូច្នេះសហគមន៍អន្តរជាតិត្រូវតែចូលរួម។ សហរដ្ឋអាមេរិក និងអាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើបញ្ហានេះ ប៉ុន្តែជាអកុសលយោធាថៃមិនជឿថាមានឆន្ទៈអន្តរជាតិគ្រប់គ្រាន់ដើម្បីជំទាស់នឹងសកម្មភាពរបស់ខ្លួន។ ខ្ញុំមិនមែនលើកទឹកចិត្តឱ្យមានអន្តរាគមន៍យោធាទេ។ ខ្ញុំគិតថាសហរដ្ឋអាមេរិក និងអាស៊ានមានមធ្យោបាយជាច្រើនទៀតដើម្បីដោះស្រាយជម្លោះនេះឱ្យបានជ្រះស្រឡះ។
រូបភាព៖ ប្រាសាទតាក្របី គឺជាប្រាសាទខ្មែរត្រូវបានសាងសង់ឡើងក្នុងសម័យអង្គរ ដែលជាយុគសម័យមាសនៃប្រវត្តិសាស្ត្រកម្ពុជា។ រមណីយដ្ឋានសាសនានេះមានតាំងពីសតវត្សរ៍ទី១១ ហើយត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈ ដែលជាអាទិទេពក្នុងសាសនាហិណ្ឌូ និងបានប្រែក្លាយទៅជាតំបន់ដ៏ទាក់ទាញផ្នែកទេសចរណ៍នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ប្រាសាទនេះត្រូវបានបំផ្លាញដោយកងទ័ពថៃនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
រូបថត ៖ ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ យោធភូមិភាគទី២ បានជួបប្រជុំគ្នានៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ (ក្រសួងការពារជាតិកម្ពុជា)



