សិស្សានុសិស្សអនុវិទ្យាល័យត្រពាំងប្រីយ៍ ស្វែងយល់ពីប្រវត្ដិសាស្រ្ដខ្មែរក្រហម (១៩៧៥-១៩៧៩) និងការប្រើប្រាស់ឯកសារ នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សិស្សានុសិស្សនៃអនុវិទ្យាល័យត្រពាំងប្រីយ៍ ចំនួន៥នាក់ បានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីស្វែងយល់ពីរឿងរ៉ាវក្នុងសម័យខ្មែរក្រហម និងសិក្សាពីការប្រើប្រាស់ឯកសារប្រវត្ដិសាស្រ្ដខ្មែរក្រហម។ ការស្វែងយល់នេះគឺ បន្ថែមពីការយល់ដឹងពីរបៀបប្រើប្រាស់នៃឯកសារក្នុងបណ្ណាសារដ្ឋានរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង គឺជាទីកន្លែងផ្ដល់នូវចំណេះ​ដឹងដល់សិស្សានុសិស្ស និស្សិត អ្នកស្រាវជ្រាវ យុវជនយុវនារី ដែលមានបំណងស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យឆ្នាំ (១៩៧៥-១៩៧៩) រួមទាំងឯកសារស្រាវជ្រាវជាច្រើនទៀត។

ជាកិច្ចស្វាគមន៍ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានឱ្យសិស្សានុ សិស្សចូលទៅអង្គុយនៅលើកៅអីជុំវិញតុវែង ដើម្បីធ្វើការណែនាំខ្លួនជាមុន បន្ទាប់មកបង្ហាញពីខ្លឹមសារសំខាន់ៗនៅក្នុង «សៀវភៅ​របាយការណ៍ស្រ្តីនៅតំបន់អន្លង់វែង» រួមទាំងកិច្ចការងារដែលមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានអនុវត្តកន្លងមក។

បន្ទាប់មកទៀត សិស្សានុសិស្សបានទស្សនាពិព័រណ៍រូបថត រួមមាន៖ ការដង្ហែសព ឈិត ជឿន ហៅ តាម៉ុក, កម្មាភិបាលខ្មែរក្រហមរត់ឡើងភ្នំដងរែក, ពិធីសមាហរណកម្មរបស់កងទ័ពខ្មែរក្រហមចូលទៅក្នុងរាជរដ្ឋាភិបាលកម្ពុជានៅតំបន់អន្លង់វែងក្នុងឆ្នាំ១៩៩៩, ការធ្វើមាតុភូមិនិវត្ដន៍របស់ប្រជាជនកម្ពុជានៅក្នុងសម័យអ៊ុនតាក់ឆ្នាំ១៩៩២ និង រូបថតមេដឹកនាំខ្មែរក្រហមចំនួន៥រូប ដែលត្រូវយកមកកាត់ទោសក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមការងារបានបង្ហាញឯកសារចម្លើយសារភាពដែលបានរក្សាទុកក្នុងទូដែក ដល់សិស្សានុសិស្សឱ្យបានយល់ដឹងអំពីការសួរចម្លើយ និងចម្លើយសារភាពនៅក្នុងរបបខ្មែរក្រហម។

អន្លង់វែងជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ដែលបានសេសសល់ទុកស្លាកស្នាម    សង្គ្រាម រួមមានទីតាំងប្រវត្ដិសាស្រ្ដ និងរឿងរ៉ាវដែលបន្ដនិយាយពីប្រភពឯកសាររស់ (អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម) ទៅកាន់មនុស្សជំនាន់ក្រោយដល់ពេលបច្ចុប្បន្ន។ បន្ថែមពីនេះ អន្លង់វែងត្រូវបានស្គាល់ថាជាទីកន្លែងប្រវត្តិសាស្រ្តដ៏សំខាន់មួយនៅប្រទេសកម្ពុជា។

នៅផ្នែកចុងក្រោយ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានផ្ដល់ «សៀវភៅរបាយការណ៍ស្រ្តីនៅអន្លង់វែង» រួមទាំងអាវយឺត ដល់សិស្សានុសិស្ស មុនពេលត្រឡប់ទៅវិញ។ សិស្សានុសិស្សទាំង៥នាក់ ធ្វើការអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលបានផ្ដល់ឯកសារ និងសៀវភៅ មួយចំនួនដល់ខ្លួនក្នុងការសិក្សាស្រាវជ្រាវពង្រឹងចំណេះដឹងបន្ថែមទៀត។

អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖