ថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ប្រជាជនភូមិក្តុលលើ បានប្រារព្ធពិធីឆ្លងផ្តាច់ចង្ហាន់វេនព្រះសង្ឃគង់ចាំព្រះវស្សាតាមប្រពៃណី នៅផ្ទះសហគមន៍ក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម។
ឃុំទន្លូងមានចំនួន១៣ភូមិ ក្នុងចំណោម១៣ភូមិ គឺភូមិក្តុលលើ រួមទាំងក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានប្រារព្ធពិធី «ផ្តាច់ចង្ហាន់វេនព្រះសង្ឃគង់ចាំព្រះវស្សា» ។ ពិធីផ្តាច់ចង្ហាន់វេនព្រះសង្ឃគង់ចាំព្រះវស្សា គឺជាប្រពៃណីតាមតំបន់ ភូមិ ស្រុក។ ជារៀងរាល់ឆ្នាំ ប្រជាជនភូមិក្តុលលើ តែងតែប្រារព្ធពិធី នេះមិនដែលខកខានមួយឆ្នាំណាឡើយ។
ប្រជាជនភូមិក្តុលលើ ប្រមាណ១៥៥គ្រួសារ រួមមានលោកយាយ លោកតា អ៊ំ ពូ មីង យុវជន យុវនារី នាំគ្នាមកកន្លែងកម្មវិធីបុណ្យ ដើម្បីជួយជាកម្លាំង ឬ សម្ភារផ្សេងៗ។ លោកតា លោកយាយ មានចំណេះដឹងផ្នែកគ្រឿងសក្ការៈ ថ្វាយព្រះ ចាប់ផ្តើមស្វះស្វែងរកទៀន ធូប ដើមចេក រៀបចំធ្វើស្លាធម៌ បាយសី និងចងផ្កាប្រាក់។ ចំណែកយុវជន មកជួយជាកម្លាំងរកបន្លែបង្កា ដើម្បីដាំស្លជាដើម។
នៅម៉ោង១០:៣០នាទីព្រឹក ព្រះសង្ឃ២៥អង្គ និមន្តពីវត្តហត្ថិវនារាម ហៅ វត្តក្តុល គោចរបិណ្ឌបាតនៅទីតាំងផ្ទះសហគមន៍ក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង គឺជាកន្លែងប្រជាពុទ្ធបរិស័ទមកជួបជុំធ្វើបុណ្យ។ ព្រះភិក្ខុ យស ផារី ព្រះចៅអធិការវត្តហត្ថិវនារាម ហៅ វត្តក្តុល មានសង្ឃដីកា បន្ទាប់ពីគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ នៅថ្ងៃស្អែក ថ្ងៃទី១៥កើត ខែអស្សុជ ព្រះភិក្ខុសង្ឃគ្រប់អង្គនៅតាមទីវត្តអារាមនានាតែងប្រារព្ធពិធីបុណ្យបែបសាសនាមួយដែលមានឈ្មោះថា បវារណា ឬហៅថាបុណ្យចេញព្រះវស្សា ដែលជាពិធីមួយស្របតាមពុទ្ធវិន័យរបស់ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង។ ពិធីបវារណាចេញវស្សានេះ គឺជាឱកាសដ៏ពិសេសមួយសម្រាប់ព្រះភិក្ខុសង្ឃគ្រប់អង្គធ្វើការអប់រំណែនាំ ដើម្បីឆ្លុះបញ្ចាំងពីទោសកំហុសគ្នាទៅវិញទៅមក ក្នុងគោលបំណងដើម្បីបានសង្រួម និងប្រតិបត្តិនូវធម៌វិន័យតទៅមុខទៀត។ ក្នុងអំឡុងពេល៣ខែ ដែលព្រះសង្ឃគង់ចាំព្រះវស្សា ដើម្បីសិក្សា និងបដិបត្តិព្រះធម៌ជុំគ្នា ការប៉ះទង្គិច ឬ ប្រព្រឹត្តកំហុសដោយប្រការណាមួយតែងកើតមានដោយចៀសមិនរួចឡើយ។
ព្រះភិក្ខុ យស ផារី ព្រះចៅធអិការវត្តហត្ថិវនារាម ហៅវត្តក្តុល ថ្លែងអំណរគុណដល់ប្រជាជនភូមិក្តុលលើ និងក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ក្នុងការមូលមតិគ្នាធ្វើពិធីបុណ្យឆ្លងផ្តាច់ចង្ហាន់វេនព្រះសង្ឃគង់ចាំព្រះវស្សារយៈពេល៣ខែ បន្ទាប់មកព្រះសង្ឃនិមន្តធ្វើបទនមស្សការ ចម្រើនព្រះបរិត្ត និងប្រគេនយាគូរព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។
ក្រោយពីបញ្ចប់នៃកិច្ចពិធីបណ្យ អ្នកភូមិក្ដុលលើ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖
ខ្ញុំឈ្មោះ ហម សំបុក ភេទស្រី អាយុ៥៨ឆ្នាំ គឺជាជនជាតិដើមភាគតិចស្ទៀង។ ក្នុងថ្ងៃនេះ ខ្ញុំមានអារម្មណ៍ សប្បាយរីករាយ ដែលបានចូលរួមពិធីបុណ្យផ្តាច់ចង្ហាន់វេនព្រះសង្ឃគង់ចាំព្រះវស្សា។ ក្នុងនាមខ្ញុំជាអ្នកកាន់ព្រះពុទ្ធសាសនា ខ្ញុំបានស្វែងយល់ពីបុណ្យ និងបាប ធ្វើឱ្យខ្ញុំមានចិត្តជ្រះថ្លា ជាមួយបុណ្យ។ ថ្ងៃនេះ ខ្ញុំបានឧទ្ទិសកុសល ដល់ម្តាយដែលបានស្លាប់ដោយអត់បាយ ក្នុងសម័យខ្មែរក្រហម និងឪពុកដែលបានស្លាប់ដោយសារជំងឺ ឬ ញាតិសន្តានដែលបានចែកឋាន។
ខ្ញុំឈ្មោះ ម៉ុន ដាវ៉ាន់ ភេទស្រី អាយុ២០ឆ្នាំ ជាជនជាតិដើមភាគតិចស្ទៀង រស់នៅភូមិក្តុលលើ ឃុំទន្លូង។ ខ្ញុំ ធ្លាប់ចូលរួមក្នុងកម្មវិធីបុណ្យឆ្លងផ្តាច់បាយវេនព្រះសង្ឃគង់ចាំព្រះវស្សា មិនដែលលួសមួយឆ្នាំណាឡើយ។ ការងារដែលខ្ញុំមកចូលរួមជួយមានដូចជា៖ បេះបន្លែ រកផ្លែឈើ សាច់ ត្រី និងជួយធ្វើម្ហូប។ រយៈពេល៣ខែ ព្រះសង្ឃគង់ចាំព្រះវស្សា អ្នកភូមិតែងតែធ្វើចង្ហាន់យកទៅវត្តក្តុល ឬហៅថាគ្រប់គ្រងចង្ហាន់ព្រះសង្ឃ។ ជាទូទៅបន្ទាប់ពីយប់កម្មវិធីឆ្លងបុណ្យ យប់ឡើងគឺយើងជួបជុំគ្នាដោយមាន ចាក់ធុងបាសរាំកម្សាន្តក្នុងភូមិ ប៉ុន្តែជាក់ស្តែងឆ្នាំនេះភូមិខ្ញុំអត់ចាក់ធុងបាសទេ ដោយសារប្រទេសជាតិកំពុងមានជម្លោះតាមព្រំដែនខ្មែរ-ថៃ។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា