វណ្ណ ថន៖ អតីតគ្រូបង្រៀននៅជំរំណងចាន់

នៅឆ្នាំ១៩៨២ ខ្ញុំបានបញ្ចប់វគ្គបណ្តុះបណ្តាលគរុកោសល្យនៅជំរំបន្ទាយអំពិល និងត្រឡប់មកបង្រៀនកូនសិស្សនៅជំរំណងចាន់។ សាលារៀននៅជំរំណងចាន់គឺជាសាលាបឋមសិក្សាចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៥។ សាលារៀននៅជំរំណងចាន់សង់ឡើងអំពីឫស្សី កូនឈើ ដំបូលប្រក់ស្បូវ និងជញ្ជាំងបាំងស្លឹកចាក ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ យូអ៊ិនប្រូ។ អតីតគ្រូបង្រៀននៅជំរំណងចាន់ម្នាក់បានរៀបរាប់រឿងរ៉ាវរបស់ខ្លួនដូចខាងក្រោម៖

ខ្ញុំឈ្មោះ វណ្ណ ថន ហៅ វណ្ណ សុជាតិ ឬ វណ្ណ ម៉ារ៉ា ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានស្រុកកំណើតនៅសង្កាត់លេខ៥ ក្រុងភ្នំពេញ។ ឪពុកខ្ញុំឈ្មោះ វណ្ណ ភាជណ៍ គឺជាអតីតទាហានបារាំង (ស្លាប់) និងម្តាយឈ្មោះ កង សេវ ស្លាប់ដោយសារជំងឺនៅឆ្នាំ១៩៩៧។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ក្នុងនោះមានប្រុស៣នាក់។ ខ្ញុំគឺជាកូនទី៣ ក្នុងគ្រួសារ។ ខ្ញុំបានរៀនដល់ថ្នាក់ទី១ទំនើប នៃវិទ្យាល័យព្រះយុគន្ធរ។ ខ្ញុំប្រឡងជាប់បាក់អងក្នុងឆ្នាំ១៩៧០។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៧០ រដ្ឋាភិបាលនៃរបបសាធារណរដ្ឋខ្មែរបានជ្រើសរើសនាយទាហានសកម្ម ហេតុនេះខ្ញុំសម្រេចចិត្តឈប់រៀន និងចុះឈ្មោះប្រឡងចូលរៀននាយទាហានសកម្ម។ បន្ទាប់ពីខ្ញុំប្រឡងជាប់នាយទាហានសកម្ម ខ្ញុំត្រូវបានរដ្ឋាភិបាលនៃរបបសាធារណរដ្ឋខ្មែរបញ្ជូនទៅរៀនវគ្គទាហានសកម្មនៅឡុងហាយ ប្រទេសវៀតណាមរយៈពេល២ឆ្នាំ។

នៅឆ្នាំ១៩៧២ ខ្ញុំបានបញ្ជប់វគ្គសិក្សា និងត្រឡប់មកធ្វើការនៅដេអិន ក្នុងអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងការពារជាតិដោយមានឧត្តមសេនីយ៍ មាស សំអុន គឺជាអគ្គនាយក។ ខ្ញុំមានតួនាទីជានាយកការិល័យទទួលបន្ទុកយោធភូមិភាគទី៤រូមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ។ ខ្ញុំមានតួនាទីមួយទៀត គឺជាអ្នកបើកបររថយន្តផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ មាស សំអុន។

នៅចុងឆ្នាំ១៩៧៣ ខ្ញុំ និងនាយទាហានម្នាក់ទៀតបានដឹកប្រាក់ទៅបើកឱ្យទាហានប្រចាំការនៅតំបន់កន្ទុយនាគក្នុងខេត្តរតនគិរី។ បន្ទាប់មក កងទ័ពខ្មែរក្រហមបានវាយផ្តាច់ផ្លូវឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ដែលធ្វើឱ្យខ្ញុំនិងនាយទាហានផ្សេងទៀតមិនអាចធ្វើដំណើរមកភ្នំពេញបាន។ ខ្ញុំត្រូវជាប់នៅតំបន់កន្ទុយនាគរយៈពេល២ខែ ទើបអាចឆ្លងចូលទៅក្រុងវៀងច័ន្ទ ប្រទេសឡាវ និងជិះយន្តហោះត្រឡប់មកភ្នំពេញវិញ។

នៅខែមីនា ឆ្នាំ១៩៧៤ ខ្ញុំដឹកប្រាក់ទៅបើកឱ្យទាហានជើងទឹកប្រចាំនៅរាម ក្រុងកំពង់សោម។ បន្ទាប់មក ខ្ញុំបានធ្វើដំណើរតាមម៉ារីនទៅកាន់កោះពូលូវ៉ៃចាស់។ ទាហាន លន់ នល់ និងទាហានធីវគីបានឈរជើងប្រចាំការនៅលើកោះពូលូវ៉ៃចាស់ និងថ្មី។ ក្នុងពេលស្នាក់នៅលើកោះពូលូវ៉ៃ ខ្ញុំបានរងរបួសស្រាលដោយសារអំបែងគ្រាប់នៅពេល ទាហាន លន់ នល់ និងទាហានធីវគី បានវាយប្រយុទ្ធជាមួយកងទ័ពវៀតកុង។ នៅខែមេសា ឆ្នាំ១៩៧៤ ខ្ញុំបានរៀបការជាមួយប្រពន្ធទី១ឈ្មោះ ខែក សំអឿន ដែលជាបុគ្គលិកពេទ្យប្រចាំនៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់មកយើងមានកូនប្រុសម្នាក់ឈ្មោះ វណ្ណ យូសាវុធដា។

នៅដើមឆ្នាំ១៩៧៥ ខ្ញុំត្រូវអង្គភាពបញ្ជូនទៅសមរភូមិព្រែកហូរ ហើយត្រូវជាប់នៅក្នុងសមរភូមិរហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទើបខ្ញុំអាចចូលមកទីក្រុងភ្នំពេញបាន។ ពេលធ្វើដំណើរត្រឡប់មកក្រុងភ្នំពេញខ្ញុំពាក់ខោខូវប៉យ ពាក់អាវយឺតដៃខ្លី។ កាលនោះផ្ទះខ្ញុំនៅជិតស្ថានទូតចិន។ នៅតាមផ្លូវ ខ្ញុំឮខ្មែរក្រហមប្រកាសតាមវិទ្យុជាតិ តាមឧគ្ឃោសនសព្ទឱ្យប្រជាជនចាកចេញពីទីក្រុងភ្នំពេញ ពីព្រោះអាមេរិកាំងនឹងមកទម្លាក់គ្រាប់បែក។ ប្រពន្ធ និងកូនខ្ញុំបានចាកចេញទៅប្រទេសបារាំងតាំងពីពីរទៅបីថ្ងៃមុន។ ខ្ញុំរៀបចំខោអាវដាក់ពីក្រោយម៉ូតូជិះចេញមកតាមច្រកស្ទឹងមានជ័យបន្តទៅផ្លូវជាតិលេខ២។ ខ្ញុំបន្តមកស្នាក់នៅក្រោមសំយាបផ្ទះប្រជាជនមូលដ្ឋាននៅក្នុងស្រុកព្រៃកប្បាស។ នៅព្រៃកប្បាស ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យចូលក្នុងកងចល័ត១០៦។ នៅទីនេះ ខ្មែរក្រហមបានសួរប្រវត្តិរូបខ្ញុំ។ ខ្ញុំបានឆ្លើយថា ឪពុកម្តាយខ្ញុំរស់នៅខេត្តកំពង់ចាម ប៉ុន្តែដោយសារជីវភាពក្រីក្រ ខ្ញុំបានឡើងមកភ្នំពេញប្រកបរបររកស៊ីធាក់ស៊ីភ្លូ។ មុនពេលខ្មែរក្រហមសួរប្រវត្តិរូបខ្ញុំ គឺខ្ញុំបានដឹងថា ខ្មែរក្រហមបានចាប់លោកស័ក្តិ៣ឈ្មោះ ឆាយ សាខុន និងកូនស្រីឈ្មោះ ផល្លា យកទៅសម្លាប់បាត់ហើយ។

មានថ្ងៃមួយ ប្រធានកងចល័តបានចាត់តាំងខ្ញុំឱ្យទៅឃ្វាលគោមួយហ្វូងធំ។ ខ្ញុំមិនអាចមើលការខុសត្រូវឃ្វាលគោបានសព្វគ្រប់នោះឡើយ បណ្តាលឱ្យគោដើរលើភ្លឺស្រែ និងបាក់ភ្លឺស្រែអស់មួយចំនួន។ បន្ទាប់ពីនោះ ប្រធានកងចល័តឈ្មោះ ញ៉ បាននិយាយរិះគន់ខ្ញុំថា ពេលឃ្វាលគោមិនយកចិត្តទុកដាក់      បណ្តាលឱ្យគោដើរជាន់ខូចខាតភ្លឺស្រែ។  ប៉ុន្តែ ញ៉ មិនហ៊ានយកខ្ញុំទៅសម្លាប់ទេ ពីព្រោះផ្ទះខ្ញុំស្នាក់នៅស្ថិតនៅជាប់ជាមួយផ្ទះគណៈស្រុកព្រៃកប្បាស ហើយគណៈស្រុកព្រៃកប្បាសតែងតែហៅខ្ញុំទៅអង្គុយនិយាយលេងជាមួយគាត់។

នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានចាត់តាំងខ្ញុំ និងសមាជិកកងចល័ត១០៦ ឱ្យទៅធ្វើការងារលើកទំនប់ ជីកប្រឡាយនៅតំបន់ឆ្ងាយៗដូចជានៅស្រុកត្រាំកក់ ស្រុកគិរីវង់​ និងស្រុកកោះអណ្តែត។ ថ្ងៃមួយគណៈស្រុកព្រៃកប្បាសបានប្រើនីរសារឈ្មោះ វក ឱ្យទៅតាមខ្ញុំមកកន្លែងស្នាក់នៅរបស់គាត់។ ពេលខ្ញុំទៅដល់ផ្ទះគណៈស្រុក គាត់ប្រាប់ខ្ញុំឱ្យឡើងលើផ្ទះយកបាយហូប។ ពេលខ្ញុំឡើងលើផ្ទះហូបបាយ ខ្ញុំបានឃើញស្រាល្អៗជាច្រើនដប។

នៅក្នុងឆ្នាំ១៩៧៨ ពេលខ្ញុំធ្វើការលើកទំនប់នៅក្នុងស្រុកគិរីវង់ ខ្ញុំ និងយុវជនផ្សេងៗទៀត បានព្យាយាមលួចរត់ឆ្លងតាមព្រែកយួនទៅប្រទេសវៀតណាមជាច្រើនដង ប៉ុន្តែមិនបានជោគជ័យ។ មានពេលមួយ ឈ្លបខ្មែរក្រហមបានចាប់ខ្ញុំនិងយុវជនផ្សេងទៀត នៅខណៈពេលដែលយើងកំពុងលួចរត់ទៅប្រទេសវៀតណាម។ ឈ្លបខ្មែរក្រហមក្មេងៗនិងវ័យជំទង់បានបណ្តើរខ្ញុំ និងយុវជនដទៃទៀតយកទៅសម្លាប់ ប៉ុន្តែសំណាងល្អខ្ញុំបានរត់គេចខ្លួនចូលទៅក្នុងគំនរចំបើង។ នៅខែមេសា ឆ្នាំ១៩៧៨ ខ្ញុំ និងយុវជនមួយចំនួនបានរត់គេចខ្លួនតាមព្រែកយួននៅម្តុំទម្លាប់ភ្នំដិនចូលទៅប្រទេសវៀតណាមម្តងទៀតបានជោគជ័យ។ ខ្ញុំបានស្នាក់នៅជំរំជនភៀសខ្លួនបានមួយរយៈពេលក៏ស័្មគ្រចិត្តចូលបម្រើកងទ័ព។ នៅពេលនោះខ្ញុំបានប្តូរឈ្មោះថា វណ្ណ សុជាតិ និងបានក្លាយជាប្រធានកងវរសេនាតូចលេខ៧០១។ នៅចុងឆ្នាំ១៩៧៨ កងវរសេនាតូចលេខ៧០១ បានអមដំណើរជាមួយកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជាតាមផ្លូវជាតិលេខ១សំដៅមកទីក្រុងភ្នំពេញ។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងវរសេនាតូច៧០១ បានចូលមកទីក្រុងភ្នំពេញដោយឆ្លងទូកពីអរិយក្សត្រមកមុខវាំង។ បន្ទាប់មកកងវរសេនាតូចលេខ៧០១ ត្រូវបញ្ជូនមកព្រំដែនកម្ពុជា-ថៃ ដើម្បីវាយប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហម។ នៅខែតុលា ឆ្នាំ១៩៧៩ កងវរសេនាតូចលេខ៧០១ បានផ្លាស់មកឈរជើងប្រចាំការនៅសូរិយាចាស់ម្តុំនិមិត្ត ដើម្បីប្រយុទ្ធជាមួយកងទ័ពសេរីការ និងខ្មែរក្រហមនៅអូរហ្វាងហាន ឫស្សីស្រុក និងអាងសីលា។ ដោយសារខ្ញុំមានទំនាស់ជាមួយកងទ័ពវៀតណាមតាំងពីពេលចូលមកដល់ទីក្រុងភ្នំពេញនៅខែមករា ឆ្នាំ១៩៧៩ ខ្ញុំបានសម្រេចចិត្តដឹកនាំកងកម្លាំងក្នុងកងវរសេនាតូច៧០១ទាំងអស់ទៅចុះចូលជាមួយកងទ័ពសេរីការ គឺចលនានេនរោង ឬ បក្សីចាំក្រុងដែលជាចលនាអ្នកតស៊ូប្រចាំនៅជំរំណងចាន់ស្ថិតក្នុងទឹកដីខ្មែរ ទល់មុខភូមិណងចាន់របស់ប្រទេសថៃ។ នៅតំបន់ណងចាន់នេះព្រំដែនខណ្ឌចែករវាងប្រទេសកម្ពុជា និងប្រទេសថៃគឺអូរព្រំដែន។ មេដឹកនាំនៅជំរំណងចាន់រួមមាន៖ ជា រិទ្ធីឈុត ប្រធាន និង ជា ឆៃយ៉ា អនុប្រធាន។ ជំរំណងចាន់បានបែងចែកជាពីរផ្នែកគឺ៖

I.ផ្នែករដ្ឋបាល៖ នៅក្នុងឆ្នាំ១៩៨០ ជំរំណងចាន់មានជនភៀសខ្លួនប្រហែល៣ម៉ឺននាក់ និងត្រូវបែងចែកជា១០សង្កាត់។ នៅក្នុងនោះក្រុមគ្រួសារទាហាននៃជំរំណងចាន់ត្រូវដាក់ឱ្យស្នាក់នៅក្នុងសង្កាត់ទី៦ និងទី៧។ រដ្ឋបាលជំរំណងចាន់មានតួនាទីគ្រង់គ្រងជនភៀសខ្លួន និងក្រុមគ្រួសារកងទ័ពដែលស្នាក់នៅក្នុងជំរំណងចាន់ទាំងមូល។ ប្រធានរដ្ឋបាលជំរំណងចាន់មានឈ្មោះ ជុំ ឈាង។ បន្ទាប់ពីកងទ័ពវៀតណាមវាយបែកជំរំណងចាន់ចាស់នៅអំឡុងឆ្នាំ១៩៨៣ ជុំ ឈាង បានផ្លាស់ទៅធ្វើប្រធានជំរំដងរែក។ បន្ទាប់ពីបោះឆ្នោតសកលអាណត្តិទី១ ឆ្នាំ១៩៩៣ ជុំ ឈាង បានក្លាយជាអភិបាលខេត្តមណ្ឌលគិរី។

II.ផ្នែកទាហាន៖ ទាហានដែលប្រចាំនៅជំរំណងចាន់ត្រូវបានហៅឈ្មោះថា តំបន់ប្រតិបត្តិការសឹកអូរជ្រៅ។ ជា រិទ្ធីឈុត គឺជាអ្នកដឹកនាំផ្ទាល់នៅតំបន់ប្រតិបត្តិការសឹកអូរជ្រៅ។ តំបន់ប្រតិបត្តិការសឹកអូរជ្រៅមានរចនាសម័្ពន្ធដូចខាងក្រោម៖

១) សេនាធិការតំបន់ប្រតិបត្តិការសឹកអូរជ្រៅមាននាយសេនាធិការឈ្មោះ មាស សំអឿន និងនាយសេនាធិការរងឈ្មោះ ធឿន ហៅ ស្រម៉ូម។

២) តំបន់ប្រតិបត្តិការសឹកអូរជ្រៅមានការិយាល័យចំនួន៦ដូចខាងក្រោម៖

  • ការិយាល័យទី១៖ ឈ្មោះ ម៉ក់ វុន មានតួនាទីជាប្រធាន(សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក)
  • ការិយាល័យទី២៖ ឈ្មោះ តា ឌឹម មានតួនាទីជាប្រធាន (ស្លាប់)
  • ការិយាល័យទី៣៖ ឈ្មោះ ឯម សារ៉ាយ មានតួនាទីជាប្រធាន(សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក)
  • ការិយាល័យទី៤៖ ឈ្មោះ តាណក់ មានតួនាទីជាប្រធាន និងឈ្មោះ ណែម អ៊ាន់ មានតួនាទីជាអនុប្រធាន
  • ការិយាល័យទី៥៖ ទទួលបន្ទុកបុណ្យសព (ភ្លេចឈ្មោះ)
  • ការិយាល័យទី៦៖ ឈ្មោះ សុវណ្ណ មានតួនាទីជាប្រធាន (ស្លាប់)

៣) តំបន់ប្រតិបត្តិការសឹកអូរជ្រៅមានរចនាសម័្ពន្ធកងទ័ពចំនួន៧កងវរសេនាតូចដូចខាងក្រោម៖ • កងវរសេនាតូច ដែលមានប្រធានឈ្មោះ សុន អនុប្រធានឈ្មោះ ស៊ូ គឹមឈាង និងសុខ វិជ័យ(បច្ចុប្បន្នគ្រូប្រដាល់)។

  • កងវរសេនាតូច ដែលមានប្រធានឈ្មោះ លី (ជនជាតិចាម)។
  • កងវរសេនាតូច ដែលមានប្រធានឈ្មោះ ឃុត សាខន។
  • កងវរសេនាតូច ដែលមានប្រធានឈ្មោះ ឡៃ វីរៈ (សព្វថ្ងៃរស់នៅក្រុងសេរីសោភ័ណ) និង អនុប្រធានឈ្មោះ ឈួយ ម៉ារីន (ស្លាប់)។
  • កងវរសេនាតូច ដែលមានប្រធានឈ្មោះ ជា ឆៃយ៉ា (ជា ឆៃយ៉ា មានតួនាទីជាអនុប្រធានជំរំណងចាន់ដែរ)។
  • កងអនុសេនាតូចដែលមានប្រធានឈ្មោះ ប៊ិន ភារម្យ។
  • កងវរសេនាតូច ដែលមានប្រធានឈ្មោះ ភ្នំ (កន្សែងលឿង)។

៤) អង្គភាពពេទ្យ ដឹកនាំដោយ តូច លន់ ហៅ ខន (បច្ចុប្បន្នឧត្តមសេនីយ៍ឯក តូច លន់ ធ្វើការនៅក្រសួងមហាផ្ទៃ) ពេលនោះខ្ញុំបម្រើការងារនៅក្នុងការិយាល័យទី២ ចំណែកកងកម្លាំងអតីតកងវរសេនាតូចលេខ៧០១ ត្រូវបែងចែកទៅតាមកងវរសេនាតូចមួយចំនួន ដូចជា៖ កងវរសេនាតូចរបស់ សុន កងវរសេនាតូចរបស់ ឃុត សាខន កងវរសេនាតូចរបស់ ឡៃ វីរៈ កងវរសេនាតូចរបស់ ជា ឆៃយ៉ា កងវរសេនាតូចរបស់ ប៊ិន ភារម្យ និងកងវរសេនាតូចរបស់ ភ្នំ ជាដើម។

នៅឆ្នាំ១៩៨០ ខ្ញុំបានរៀបការជាលើកទីពីរជាមួយប្រពន្ធខ្ញុំឈ្មោះ អ៊ាម សុខនី ដែលជាជនភៀសខ្លួននៅជំរំណងចាន់។ នៅក្នុងឆ្នាំ១៩៨០ ដដែល ខ្ញុំ និងមនុស្សជាង៧០នាក់ទៀត ត្រូវបានជ្រើសរើសនៅតាមជំរំតស៊ូនានានៅក្នុងទឹកដីខ្មែរដូចជា ជំរំណងចាន់ ជំរំរិទ្ធីសែន ជំរំបន្ទាយអំពិល ជំរំសម្លឆ្ងាញ់ ជំរំដងរែក ជំរំអូរបុក និងជំរំណាំយឺន ដើម្បីរៀនវគ្គគរុកោសល្យនៅជំរំបន្ទាយអំពិល។ ខ្ញុំបានរៀនវគ្គគរុកោសល្យនៅជំរំបន្ទាយអំពិលរយៈពេល២ឆ្នាំជាមួយនឹងសិក្ខាកាមជាង៧០នាក់ផ្សេងទៀត។ គ្រូបង្រៀនវគ្គគរុកោសល្យនៅជំរំបន្ទាយអំពិលរួមមាន៖ លោកគ្រូ មាគ ឡាញ់, លោកគ្រូ ឆូយ យី, លោកគ្រូ ស៊ុត ប៉េងគុណ, លោកគ្រូ អ៊ុង ដារ៉ា និង លោកគ្រូ ហ៊ុយ ប៉ោហ៊ីម។

នៅឆ្នាំ១៩៨២ ខ្ញុំបានរៀនចប់វគ្គ និងត្រឡប់មកបង្រៀនកូនសិស្សនៅជំរំណងចាន់។ សាលារៀននៅជំរំណងចាន់ គឺជាសាលាបឋមសិក្សាសង់ឡើងអំពីឫស្សី កូនឈើ ដំបូលប្រក់ស្បូវ និងជញ្ជាំងបាំងស្លឹកចាក ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។ សាលារៀនបឋមសិក្សានៅជំរំណងចាន់រួមមាន៥ថ្នាក់៖ ថ្នាក់ទី១ បង្រៀនដោយលោកគ្រូ កង សុវណ្ណ។ ថ្នាក់ទី២ បង្រៀនដោយលោកគ្រូ រ័ត្ន វាសនា។ ថ្នាក់ទី៣ បង្រៀនដោយលោកគ្រូ វណ្ណ ថន (ខ្ញុំផ្ទាល់)។ ថ្នាក់ទី៤ បង្រៀនដោយលោកគ្រូ មាស រ៉េន រិទ្ធ និង ថ្នាក់ទី៥ បង្រៀនដោយលោកគ្រូ ជា សំផា។

នៅឆ្នាំ១៩៨៣ កងទ័ពវៀតណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជាបានវាយចូលកម្ទេចជំរំណងចាន់។ ជនភៀសខ្លួន និងគ្រួសារទាហានទាំងអស់បានភៀសខ្លួនទៅរស់នៅជំរំណងចាន់ទី២ (ជំរំព្រៃចាន់) នៅក្នុងទឹកដីខ្មែរក្បែរទំនប់ព្រំដែនខណ្ឌចែកប្រទេសកម្ពុជា និងប្រទេសថៃ។ នៅពេលនោះជនភៀសខ្លួនបានកើនឡើងរហូតដល់៧ ទៅ ៨ម៉ឺននាក់ ក្នុងនោះជនភៀសខ្លួនប្រហែល៥ម៉ឺននាក់បានបន្ត ស្នាក់នៅជំរំណងចាន់ទី២។ ចំណែកជនភៀសខ្លួនប្រមាណ៣ម៉ឺននាក់ផ្សេងទៀត បានចាកចេញទៅរស់នៅជំរំរិទ្ធីសែន (ជំរំចាស់, ជំរំថ្មី) ហៅ ជំរំ០០៧។

ជំរំណងចាន់ទី២ មានចម្ងាយប្រហែល៤ ទៅ៥ គីឡូម៉ែត្រពីជំរំណងចាន់ចាស់។ នៅជំរំណងចាន់ទី២ មិនមានសាលារៀនទេ គ្រូទាំងអស់ត្រូវបង្រៀនកូនសិស្សនៅក្រោមដើមឈើ។ ជនភៀសខ្លួន និងគ្រួសារទាហានទាំងអស់បានស្នាក់នៅជំរំណងចាន់ទី២ ប្រហែលជា៤ ទៅ ៥ខែ ទើបត្រឡប់មកជំរំណងចាន់ចាស់វិញ។ ជំរំណងចាន់ចាស់ គឺផ្លាស់មកនៅត្រង់តំបន់ព្រះព្នៅ ពីព្រោះទីតាំងចាស់ត្រូវបានបំផ្លាញអស់ហើយ។

នៅឆ្នាំ១៩៨៤ ជនភៀសខ្លួន និងគ្រួសារទាហានទាំងអស់បានភៀសខ្លួនទៅស្នាក់នៅត្រង់អូរក្នុងតំបន់អូរបីជាន់ ទឹកដីខ្មែររយៈពេលប្រហែល៣ខែ ទើបយូអ៊ិនប្រូ យកឡានមកដឹកទៅរស់នៅជំរំណងចាន់នៃជំរំសាយធូរក្នុងទឹកដីថៃ។ នៅក្នុងជំរំសាយធូរក្នុងទឹកដីថៃ មានជំរំណងចាន់ចំនួន៣កន្លែង គឺជំរំណងចាន់ទី១ ជំរំណងចាន់ទី២ ជំរំណងចាន់ទី៣។

នៅឆ្នាំ១៩៨៥ ខ្ញុំបានទទួលអាហាររូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យជូឡាឡុងកនប្រទេសថៃ ជំនាញគ្រង់គ្រងអប់រំ។

នៅឆ្នាំ១៩៨៧ ខ្ញុំបានបញ្ចប់ថ្នាក់អនុបណ្ឌិត និងត្រឡប់មកធ្វើនាយកសាលាបឋមសិក្សានៅជំរំណងចាន់ទី១,ទី២ និង ទី៣ នៅក្នុងជំរំសាយធូរ។ ចំណែកអគ្គនាយកអប់រំនៅជំរំសាយធូរមានឈ្មោះ មាគ ឡាញ់។

នៅឆ្នាំ១៩៩២ ខ្ញុំ និងគ្រួសារបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសកម្ពុជាវិញ។ ខ្ញុំបានបម្រើការងារនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យរហូតដល់ចូលនិវត្តន៍នៅឆ្នាំ២០១២។

អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖