មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សមកពីអនុវិទ្យាល័យថ្លាត

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សិស្សានុសិស្សចំនួន១០នាក់ ក្នុងនោះមានស្រី៤នាក់ និងប្រុស៦នាក់ មកពីអនុវិទ្យាល័យថ្លាត ក្នុងស្រុកអន្លង់វែង បានចូលរួមវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» រៀបចំឡើងដោយមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។

វេទិកានេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំពីប្រវត្ដិសាស្រ្ដសម័យខ្មែរក្រហម ការយល់ដឹងអំពីដំណើរការកសាងសន្ដិភាព និងការផ្សះផ្សានៅកម្ពុជា។ ឆ្លើយតបនឹងគោលបំណងខាងលើនេះ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានផ្ដោតសំខាន់ទៅលើប្រធានបទ៖ « ប៉ុល ពត និងសង្គ្រាម៥ថ្ងៃ» នៅក្នុងតំបន់អន្លង់វែង ដែលឈានទៅដល់ការដួលរលំចលនាខ្មែរក្រហមទាំងស្រុង ហើយកម្ពុជាឆ្ពោះទៅរកការបញ្ចប់សង្គ្រាមទាំងស្រុង។

អន្លង់វែង គឺជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ហើយក៏ជាទីកន្លែងឆ្លុះបញ្ចាំងអំពីអតីតកាល អំពើប្រល័យពូជសាសន៍ សង្គ្រាម និងការតស៊ូឥតស្រាកស្រាន្តរបស់ប្រជាជនកម្ពុជាឈានទៅរកសន្ដិភាព និងការផ្សះផ្សា។ ប៉ុល ពត គឺជាក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម ដែលបន្ដដឹកនាំចលនាតស៊ូរបស់ខ្លួននៅក្នុងព្រៃដើម្បីគ្រប់គ្រងកម្ពុជាឡើងវិញ បើទោះបីជាត្រូវបានផ្ដួលរំលំដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្ដវៀតណាមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយក៏ដោយ។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុល ពត បានមកដល់អន្លង់វែង ហើយត្រូវបានទទួលស្វាគមន៍ដោយ ឈិត ជឿន ហៅតាម៉ុក ដែលជាមេទ័ពគ្រប់គ្រងក្នុងតំបន់នេះ។ តាម៉ុក បានសាងសង់ផ្ទះមួយខ្នងឲ្យ ប៉ុល ពត នៅលើទីទួលមួយជាប់បឹងអន្លង់វែង (បច្ចុប្បន្នចម្ងាយប្រមាណ១០០ម៉ែត្រស្ថិតនៅខាងកើតសារមន្ទីររបស់ តាម៉ុក)។ នៅមុនឆ្នាំ១៩៩៣ ប៉ុល ពត បានផ្លាស់ទីទៅរស់នៅក្នុងតំបន់ស្រែគំរូដែលស្ថិតនៅតាមបណ្ដោយជើងភ្នំដងរែកយ៉ាងសម្ងាត់បំផុត។ នៅទីនោះមានផ្ទះចំនួន៥ខ្នង និងមានដើមឈើធំៗព័ទ្ធជុំវិញ។

លុះដល់ខែតុលា ឆ្នាំ១៩៩៣ ប៉ុល ពត បានផ្លាស់ទីទៅរស់នៅក្បាលទន្សោងដែលជាកន្លែងលាក់ខ្លួនចុងក្រោយ រហូតដល់អន្លង់វែងមានការប្រេះឆារវាង ប៉ុល ពត និង តាម៉ុក ដោយសារតែហេតុការណ៍នៃការសម្លាប់ សុន សេន អតីតរដ្ឋមន្រ្ដីក្រសួងការពារជាតិ និងក្រុមគ្រួសារ។ សូ សារឿន (តា០៥) និង មៀច សាន (តា០៦) ក៏ជាអ្នកទទួលខុសត្រូវធំបំផុតក្នុងការសម្លាប់នេះ ដោយបានដឹកនាំកម្លាំងប្រមាណ២០ទៅ៣០នាក់ ទៅសម្លាប់ សុន សេន និងក្រុមគ្រួសារនៅវេលាម៉ោង១១យប់។ តាម៉ុក បានដឹកនាំកម្លាំងរបស់ខ្លួនទៅប្រយុទ្ធជាមួយកម្លាំងរបស់ ប៉ុល ពត រហូតចាប់បាន ប៉ុល ពត និងមេដឹកនាំសំខាន់ៗនៅក្បែរ ប៉ុល ពត រួមមាន ៖ ខៀវ សំផន, នួន ជា, ជួន ជឿន, ចាន់ យូរ៉ាន់, ទេព ឃុនណាល់ និងទីប្រឹក្សាផ្សេងទៀត។ មេដឹកនាំខ្មែរក្រហមខាងលើបានលាក់ខ្លួននៅរូងភ្នំនៅអូរស្វាយ។ កងកម្លាំងតាម៉ុកបានឡោមព័ទ្ធនៅទីនោះ និងបានអញ្ជើញ ប៉ុល ពត និងមេទ័ពរបស់ខ្លួនដោយគួរសមថា៖ «យើងខ្ញុំសូមអញ្ជើញអ៊ំឲ្យត្រឡប់ទៅជាមួយយើងវិញ។ តាម៉ុក ចង់ជួបជាមួយអ៊ំ»។ ប៉ុល ពត ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៩៧។

រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៧ ប៉ុល ពត និងមេទ័ពសំខាន់ៗរបស់ខ្លួនត្រូវបានតាម៉ុកកាត់ទោសនៅចំពោះមុខតុលាការប្រជាជនដែលមានប្រជាជនប្រមាណ៤០០ទៅ៥០០នាក់ និងកងទ័ពប្រហែល១០០នាក់ចូលរួម។ ប៉ុល ពត ត្រូវបានកាត់ទោសពីបទសម្លាប់សុន សេន និងប៉ុនប៉នសម្លាប់តាម៉ុក និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាតិរវាងតាម៉ុក និងហ្វ៊ុនស៊ិនប៉ិច។

ផ្នែកចុងក្រោយនៃវេទិកាថ្នាក់រៀន ទាក់ទងនឹងដំណើរការនៃការផ្សះផ្សានៅកម្ពុជាមុនពេលបង្កើតតុលាការខ្មែរក្រហម។ នៅក្នុងផ្នែកនេះ គឺបង្ហាញអំពីទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត, ទិវាចងចាំថ្ងៃទី២០ ខែឧសភា, ញត្តិរណសិរ្សថ្កោលទោសរបបខ្មែរក្រហម, ច្បាប់ស្ដីពីការដាក់ខ្មែរក្រហមឱ្យនៅក្រៅច្បាប់ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៤។ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលខ្មែរក្រហមបានធ្វើពហិកាមិនព្រមចូលរួមក្នុងការបោះឆ្នោត, គោលនយោបាយឈ្នះ ឈ្នះ៖ ការធានាអាយុជីវិត ទ្រព្យសម្បត្ដិ និងតួនាទី និងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបខ្មែរក្រហម នៅក្នុងតុលាការខ្មែរក្រហម។

នៅក្នុងវេទិកាថ្នាក់រៀនេះ ជំរុញឱ្យសិស្សានុសិស្សមានការចាប់អារម្មណ៍ និងចង់ចេះចង់ដឹងបន្ថែមទៀតទាក់ទងទៅនឹងឬសគល់នៃសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការសម្លាប់ប្រជាជននៅក្នុងរបបខ្មែរក្រហមអស់ជិត២លាននាក់។

អត្ថបទ ៖ សួត វិចិត្រ និង មេក វិន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

លោកអភិបាលនៃគណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក បរិច្ចាគសៀវភៅជូន «អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សាធារណជនក្នុងការសិក្សាស្រាវជ្រាវ

កិច្ចសហការរវាងរដ្ឋបាលស្រុកបូរីអូរស្វាយ-សែនជ័យ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីកែប្រែតំបន់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ទៅសន្តិភាព ការអភិវឌ្ឍន៍ និងការថែរក្សាកេរដំណែលនៃ សង្គមរាស្រ្តនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)