កិច្ចសហការរវាងរដ្ឋបាលស្រុកបូរីអូរស្វាយ-សែនជ័យ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីកែប្រែតំបន់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ទៅសន្តិភាព ការអភិវឌ្ឍន៍ និងការថែរក្សាកេរដំណែលនៃ សង្គមរាស្រ្តនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)

ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានកិច្ចសហការពីរដ្ឋបាលស្រុកបុរីអូរស្វាយ-សែនជ័យ កាលពីឆ្នាំ២០២៤ កន្លងមក បានសាងសង់អគារមរតកសង្គមរាស្រ្តនិយមសម្តេច សម្តេចឳ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បណ្ណាល័យបណ្តែតទឹក ទូកដឹកអ្នកដំណើរ ដើម្បីបម្រើដល់ការអប់រំរបស់សិស្សានុសិស្ស និងផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជននៅក្នុងសហគមន៍ទាំងមូលដំណាក់​ កាលទី១នេះ ឧបត្ថម្ភដោយទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសទួកគី (TIKA)។

បន្ទាប់ពីចប់កិច្ចសហការដំណាក់កាលទី១ជាមួយសមិទ្ធផលជាច្រើនដែលបានកសាងរួច នៅ​ឆ្នាំ២០២៥ នេះ ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយ-សែនជ័យ ចាប់ផ្តើមគម្រោងអភិវឌ្ឍន៍បុរីអូរស្វាយ-សែនជ័យ ដំណាក់កាលទី២ ដែលជាគម្រោង «កែប្រែសណ្ឋានដីបន្សល់ទុកពីសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ទៅជាសណ្ឋានដីសន្តិភាព និងការអភិវឌ្ឍន៍»។ គម្រោងនេះរួមមាន ការកសាងផ្លូវមាត់ទន្លេ ផ្លូវលំហែហាត់ប្រាណក្នុងភូមិ កសិដ្ឋានសហគមន៍ រោងពាណិជ្ជកម្មសហគមន៍ ផ្ទះលំហែសហគមន៍ សួនច្បារប្រវត្តិសាស្រ្ត រូបចម្លាក់ បង្កាន់ដៃសុវត្ថិភាពច្រាំងទន្លេ និងស្លាកសញ្ញាសហគមន៍។

ជាមួយនឹងទីតាំងតែមួយគត់នៅតាមព្រំដែនកម្ពុជា និងឡាវ សហគមន៍បុរីអូរស្វាយ-សែនជ័យ គឺជាសហគមន៍កោះដែលមានប្រវត្តិវប្បធម៌ដ៏សម្បូរបែប ជីវចម្រុះ និងបរិស្ថានទន្លេ-កោះ ដែលមានសក្តានុពលយ៉ាងសំខាន់សម្រាប់ទេសចរណ៍កម្ពុជា និងបរទេស។

សហគមន៍បុរីអូរស្វាយ-សែនជ័យ មានកោះចំនួនប្រាំមួយ (កោះនីមួយៗមានភូមិរបស់ខ្លួន) កំពង់ផែ និងមន្ទីរពេទ្យតូចមួយដែលសាងសង់ដោយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ សហគមន៍នេះមានប្រជាជនប្រហែល ២០.០០០នាក់។ ដោយសារសហគមន៍ភាគច្រើនគឺជាកោះ និងមានទីតាំងស្ថិតនៅតំបន់ដាច់ស្រយាលតាមព្រំដែន ដែលជាទូទៅសហគមន៍នេះត្រូវនៅឯកោពីប្រភពធនធាន សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជាប់ទាក់ទងជាមួយប្រទេសកម្ពុជា និងតំបន់អភិវឌ្ឍន៍។ បើទោះបីជាសហគមន៍នេះមានភាពលេចធ្លោជាបន្ទាយយោធាប្រវត្តិសាស្ត្រដែលបង្កើតឡើងដោយសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋក៏ដោយ ក៏ប្រវត្តិសាស្ត្ររបស់តំបន់នេះមិនទាន់មានឯកសារច្បាស់លាស់នៅឡើយ ហើយ​សម្រាប់ហេតុផលនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងស្វែងយល់ពីលទ្ធភាពនៃការកំណត់តំបន់នេះ ជាតំបន់ការពារដោយរាជរដ្ឋាភិបាលកម្ពុជា។

សហគមន៍បុរីអូរស្វាយ-សែនជ័យ មានសារសំខាន់សម្រាប់ហេតុផលពីរយ៉ាងគឺ ៖ ទីមួយ) ក្នុងនាមជាបន្ទាយយោធាមួយរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្រាប់ការពារព្រំដែនកម្ពុជា ដែលព្រះរាជវង្សានុវង្សកម្ពុជាចាត់ទុកថាគឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានរូបសំណាកអតីតព្រះមហាក្សត្រ។ ក្នុងន័យនេះដែរ សហគមន៍បុរីអូរស្វាយ-សែនជ័យ មានសំណង់វប្បធម៌ និងប្រវត្តិសាស្រ្តផ្ទាល់ និងជាកេរដំណែលរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងនាមជាអ្នកបង្កើតប្រទេសកម្ពុជាសម័យទំនើប។ ទាហាន​​ចាស់ៗសម័យសង្គមរាស្រ្តនិយមមួយ​ចំនួន​ដែល​មក​ពី​ក្រៅសហគមន៍បុរីអូរស្វាយ-សែនជ័យ បាន​បន្ត​រស់​នៅ​ក្នុង​តំបន់នេះ​ជាមួយ​ក្រុម​គ្រួសារ​របស់ខ្លួន។ ទីពីរ) ដោយ​សារសហគមន៍នេះមានទឹកទន្លេដ៏ស្រស់ស្អាត បរិស្ថានបរិសុទ្ធ និងមានជីវចម្រុះដ៏សម្បូរបែប ធ្វើឱ្យសហគមន៍នេះមានភាពកាន់តែលេចធ្លោ និងមានតម្លៃជាតំបន់អេកូទេសចរណ៍ ជាមួយនឹងឱកាសពាណិជ្ជកម្មបន្ថែមតាមរយៈកាដាំដុះ និងពាណិជ្ជកម្មកាហ្វេនៅជាប់ជាមួយព្រំដែនឡាវ។

ភ្ញៀវទេសចរកម្ពុជានឹងចាប់អារម្មណ៍សហគមន៍បុរីអូរស្វាយ-សែនជ័យ ដោយសារជាស្នាព្រះហស្តរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ មកកសាងក្នុងតំបន់នេះដំបូង ហើយបានបន្សល់នូវសំណង់វប្បធម៌ និងប្រវត្តិសាស្រ្ត រួមបញ្ចូលស្តូបបុរីអូរស្វាយរបស់ព្រះអង្គ។ ភ្ញៀវទេសចរបរទេសនឹងត្រូវបានទាក់ទាញទៅកាន់បរិស្ថាន និងជីវចម្រុះ បន្ថែមពីលើតំបន់ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា និងឡាវ។ កោះមួយក្នុងចំណោមកោះជាច្រើនដែលអ្នកស្រុកក្នុងតំបន់នេះហៅថា «កោះទន្សាយ» មានឆ្នេរខ្សាច់សក្បុស និងជាផ្នែកសំខាន់នៃតំបន់ទន្លេ ដែលត្រូវបានការពារដោយអនុសញ្ញា «រ៉ាមសា» ស្តីពីតំបន់ដីសើមដែលមានសារសំខាន់ជាអន្តរជាតិ  ជាពិសេសជាជម្រកសត្វស្លាប។ វិស័យទេសចរណ៍មិនមែនជាមធ្យោបាយសម្រាប់សហគមន៍ក្រីក្រ និងដាច់ស្រយាលនោះទេ ប៉ុន្តែវាគឺជាមធ្យោបាយមួយដើម្បីកែលម្អសេដ្ឋកិច្ចសង្គមរបស់សហគមន៍ ដែលសក្តានុពលសម្រាប់ទេសចរណ៍នៅតែមិនទាន់ត្រូវបានប្រើប្រាស់។ ទេស​ចរណ៍អាចបង្កើតឱកាសការងារដោយផ្ទាល់ក្នុងវិស័យផ្សេងៗ ដូចជា បង្កើតប្រាក់ចំណូលតាមរយៈការលក់ផលិតផល និងសេវាកម្មក្នុងស្រុកដល់ភ្ញៀវទេសចរ ជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ការអភិរក្សវប្បធម៌ ដែលទាំងអស់នេះអាចរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍។

មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុក បានធ្វើការស្រាវជ្រាវលើគម្រោង «ការអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ និងទេសចរណ៍បរិស្ថាន» ប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍ទន្លេ-កោះចំនួន៦ តាមបណ្តោយព្រំដែនកម្ពុជា និងឡាវ ដែលប្រជាជនស្គាល់ថា បុរីអូរស្វាយ-សែនជ័យ។

អត្ថបទ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

លោកអភិបាលនៃគណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក បរិច្ចាគសៀវភៅជូន «អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សាធារណជនក្នុងការសិក្សាស្រាវជ្រាវ