នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដោយមានការចូលពីយុវជនយុវនារីមកពីស្រុកកំពង់សៀមចំនួន១២នាក់។ គោលបំណងនៃវេទិកាថ្នាក់រៀនគឺ ដើម្បីបង្កើនចំណេះដឹងរបស់យុវជនយុវនារីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម, ផ្ដល់ការយល់ដឹងអំពីអំពើឃោរឃៅដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម និងចូលរួមពិភាក្សាអំពីការចូលរួមចំណែករបស់យុវជនយុវនារី ជាក្មេងជំនាន់ក្រោយ ក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឱ្យកើតឡើងនៅប្រទេសកម្ពុជានាពេលអនាគត។
ដើម្បីសម្រេចបាននូវគោលដៅនេះ វេទិកាថ្នាក់រៀនបានអនុវត្តសកម្មភាពអប់រំដូចជា ៖ ការទស្សនាពិព័រណ៍រូបថត, ការបង្រៀនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម, ដំណើរទស្សនកិច្ចចុះទៅកាន់ស្ដូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍សម្រាប់សហគមន៍កោះសូទិន និងកិច្ចសន្ទនាអន្តរជំនាន់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងសហគមន៍កោះសូទិនផ្ទាល់។
ការទស្សនាពិព័រណ៍រូបថត បន្ទប់ឯកសារ និងបណ្ណាល័យរបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម៖ ត្រូវបានទទួលស្វាគមន៍ដោយបុគ្គលិករបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមឈ្មោះ ទូច វណ្ណេត និង សាំង ចាន់ធូ ដើម្បីដឹកនាំយុវជនយុវនារីឱ្យស្វែងយល់ពីពិព័រណ៍រូបថត ដែលបង្ហាញពីមេដឹកនាំខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, ការបង្ខំប្រជាជនឱ្យធ្វើការងារជាទម្ងន់នៅការដ្ឋានទំនប់ និងអំពើឃោរឃៅដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់មកយុវជនយុវនារី ត្រូវបានណែនាំទៅកាន់បន្ទប់តម្កល់ឯកសារខ្មែរក្រហមក្នុងភូមិភាគបូព៌ា ដើម្បីយល់ដឹងអំពីសារសំខាន់នៃឯកសារ របៀបថែរក្សាឯកសារសម្រាប់កិច្ចការអប់រំ និងការសិក្សាស្រាវជ្រាវ។ បន្ទាប់មក យុវជនយុវនារីត្រូវបាននាំទៅទស្សនាវីដេអូស្តីពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្វើឡើង សម្រាប់ប្រើប្រាស់ជាវិធីសាស្រ្តផ្សព្វផ្សាយទៅដល់សាធារណជន។ ជាចុងក្រោយ លោក ទូច វណ្ណេត និង សាង ចាន់ធូ បាននាំយុវជនយុវនារីទៅកាន់បណ្ណាល័យដែលមានសៀវភៅរាប់រយក្បាល បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ បណ្ណាល័យរបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ផ្តល់លទ្ធភាពជូនដល់សាធារណជននូវប្រភពធនធានដ៏សម្បូរបែបទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម។
បទបង្ហាញស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម៖ ជាកិច្ចបន្ទាប់ មុននឹងចាប់ផ្តើមធ្វើបទបង្ហាញប្រវត្តិសាស្រ្តខ្មែរក្រហម, លោក ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានគូសបញ្ជាក់ពីសារសំខាន់នៃការដឹងអំពីបរិបទប្រវត្តិសាស្ត្រ ដូចជា នៅថ្ងៃទី១៨ ខែមីនា ខាងមុខនេះ គឺជាព្រឹត្តិការណ៍លោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ដើម្បីឡើងកាន់អំណាច។ ភ្លាមៗក្រោយពីរដ្ឋប្រហាររបស់លោក លន់ នល់ សង្រ្គាមរវាងទាហាន លន់ នល់ និងកងកម្លាំងខ្មែរក្រហមបានផ្ទុះឡើង។ លោក ស៊ាង ចិន្ដា បន្តលើកឡើងបរិបទ និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗមកធ្វើបទបង្ហាញ ដូចជា ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, ការរស់នៅប្រចាំថ្ងៃ និងការសម្លាប់ប្រជាជននៅក្នុងរបបខ្មែរក្រហម។ ក្នុងចំណោមបរិបទប្រវត្តិសាស្ត្រដែលបានលើកឡើង លោក ស៊ាង ចិន្តា បានលើកឡើងប្រធានបទស្ដីពី «ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម» មកពិភាក្សាបន្ថែមទៀត។ លោកបានបន្ថែមទៀតថា៖ «ក្នុងអំឡុងពេលជម្លៀសប្រជាជនដោយបង្ខំ ប្រជាជនរស់នៅទីក្រុងភ្នំពេញត្រូវចាកចេញទៅទីជនបទ និងមិនមានពេលវេលាដើម្បីរៀបចំរបស់របរនោះឡើយ។ នៅក្រោមកម្តៅព្រះអាទិត្យ និងការធ្វើដំណើរដោយថ្មើរជើង ប្រជាជនជម្លៀសបានធ្លាក់ខ្លួនឈឺ និងស្លាប់ជាបន្តបន្ទាប់។ ប្រជាជនដែលងាយរងគ្រោះជាងគេ គឺកុមារ, មនុស្សចាស់ និងអ្នកជំងឺ»។ សាច់រឿងរបស់ប្រជាជនដែលរងគ្រោះដោយការជម្លៀសប្រជាជនដោយបង្ខំ បានឆ្លុះបញ្ចាំងពីការតស៊ូដែលប្រជាជនជួបប្រទះក្នុងដំណាក់កាលទី១នៃការជម្លៀសនេះ។ បទបង្ហាញអំពីប្រវត្តិសាស្រ្តខ្មែរក្រហមបានបញ្ចប់ដោយការពិភាក្សាបន្ថែម និងការចូលរួមបង្ហាញអំពីទស្សនយល់ឃើញទៅលើប្រធានបទ។
ទស្សនកិច្ចទៅកាន់គម្រោងសូត្រចាម និងកិច្ចសន្ទនាអន្តរជំនាន់រវាងយុវជននិង អ្នករស់រានមានជីវិតពីខ្មែរក្រហមក្នុងសហគមន៍៖
បន្ទាប់ពីបញ្ចប់ការស្ទង់មតិក្រោយវេទិកាថ្នាក់រៀន យុវជនយុវនារីបន្តចុះទៅកាន់ផ្ទះសហគមន៍តម្បាញសូត្រចាម ក្រោមការគ្រប់គ្រងរបស់ ស្មាន ស្រីយ៉ាស់ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជនជាតិចាម រស់នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ យុវជនយុវនារីយល់ថា ការចែករំលែកសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺពិតជាមានសារសំខាន់ និងជំរុញទឹកចិត្តយុវជនជំនាន់ក្រោយជាខ្លាំង។ ស្មាន ស្រីយ៉ាស់ បានបង្ហាញពីបទពិសោធន៍ជាច្រើនរួមមាន ការទទួលរងរបួស ភាពធន់ និងការរស់ឡើងវិញនៃវប្បធម៌របស់ជនជាតិចាម។ បច្ចុប្បន្ន ស្មាន់ ស្រីយ៉ាស់ មិនត្រឹមតែជាអ្នកនិយាយពីបទពិសោធន៍នៅក្នុងរបបខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកបង្រៀនពីការត្បាញសូត្រចាមដល់ក្មេងៗជំនាន់ក្រោយនៅក្នុងសហគមន៍កោះសូទិន។
ស្តូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម៖ មុននឹងបញ្ចប់វេទិកាថ្នាក់រៀន យុវជនយុវនារីដែលទាំងអស់មានឱកាសទៅទស្សនកិច្ចស្ដូបរំឭកវិញ្ញាណក្ខន្ធសហគមន៍កោះសូទិន។ ទីតាំងនេះបានផ្តល់ឱកាសដល់យុវជនយុវនារី ស្វែងយល់អំពីអំពើឃោរឃៅដែលបានកើតឡើងលើប្រជាជននៅក្នុងរបបខ្មែរក្រហម, ការរំឭកដល់ជនរងគ្រោះដែលបានស្លាប់ និងសម្តែងការអាណិតអាសូរចំពោះប្រជាជនដែលធ្លាប់រស់នៅឆ្លងកាត់របបខ្មែរក្រហម។
ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍របស់យុវជនក្រោយពីចូលរួមវេទិកាថ្នាក់រៀន៖
យុវនារី ហេង ស្រីលីស មកពីស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលើកឡើងថា៖ «នៅពេលដែលខ្ញុំមើលផ្ទាំងពិព័រណ៍ ខ្ញុំឃើញរូបតាម៉ុក ហើយខ្ញុំស្គាល់គាត់។ ខ្ញុំកើតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំផ្លាស់មករស់ស្រុកកំពង់សៀម។ ខ្ញុំដឹងថាតាម៉ុក គឺជាមេដឹកនាំខ្មែរក្រហម។ នៅអន្លង់វែង តាម៉ុក បន្សល់ទុកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា មន្ទីរពេទ្យ សាលារៀន និង អាងស្ដុកទឹកជាដើម។ ប៉ុន្តែអ្វីដែលខ្ញុំទើបតែដឹងពីវេទិកាថ្នាក់រៀននេះ គឺការសម្លាប់ប្រជាជននៅភូមិភាគបូព៌ា និងភូមិភាគឧត្តរ ដោយកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី ដែលដឹកនាំដោយ តាម៉ុក គឺជាអ្នកបញ្ជា។ ខ្ញុំទើបតែដឹងថា អន្លង់វែង គឺជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម មុនពេលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញរហូតមកដល់សព្វថ្ងៃនេះ។ ខ្ញុំបានយល់ដឹងថែមទៀតដែរអំពីជីវិតប្រជាជនខ្មែរអ៊ិស្លាម ដែលរស់នៅស្រុកកោះសូទិន និងបទពិសោធន៍តស៊ូឆ្លងកាត់របបខ្មែរក្រហម។ បន្ទាប់ពីវេទិកាថ្នាក់រៀននេះ ខ្ញុំនឹងសាកសួរយាយតារបស់ខ្ញុំបន្ថែមទៀត»។
យុវនារី ជា ពិសី មកពីស្រុកកំពង់សៀម ខេត្តកំពង់ចាម ចែករំលែកថា៖ «ក្រោយពីខ្ញុំបានចូលរួមវេទិកានៅក្នុងថ្ងៃនេះមក ខ្ញុំទទួលបានចំណេះដឹងបន្ថែមពីប្រវត្តិខ្មែរក្រហម ដូចជាការជម្លៀសប្រជាជនដោយបង្ខំ, ការបែងចែកប្រជាជន, ជីវភាពរស់នៅរបស់ប្រជាជន និងការបង្ខំប្រជាជនឱ្យធ្វើការងារជាទម្ងន់ក្នុងរបបខ្មែរក្រហម។ បន្ទាប់មក ខ្ញុំ បានស្ដាប់សាច់រឿងរបស់អ៊ំស្រី ស្មាន ស្រីយ៉ាស់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បានចែករំលែកបទពិសោធន៍នៃទុក្ខលំបាកវេទនា និងការចាប់ផ្ដើមឡើងវិញនូវការត្បាញសូត្រចាម ដែលស្ទើរតែបាត់បង់ ដោយសារតែរបបខ្មែរក្រហម។ អ្វីដែលខ្ញុំកាន់តែចាប់អារម្មណ៍ទៀតនោះ គឺការទស្សនាផ្ទាល់នូវការតម្បាញសូត្រចាមរបស់អ៊ំស្រី ដែលពិតជាគួរឱ្យស្ងើចសរសើរ និងសោកស្ដាយប្រសិនបើបាត់បង់គ្មានអ្នកបន្ត»។
យុវនារី ឆន យេកនី មកពីស្រុកកំពង់សៀម ខេត្តកំពង់ចាម បង្ហាញទស្សនយល់ឃើញរបស់ខ្លួនថា៖ «ខ្ញុំពិតជាទទួលបានចំណេះដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហមច្រើនជាងមុន។ ខ្មែរក្រហមធ្វើបាបប្រជាជន, បង្ខំប្រជាជនឱ្យធ្វើការហួសកម្លាំង និងផ្តល់អាហារឱ្យប្រជាជនហូបចុកមិនគ្រប់គ្រាន់។ បន្ទាប់ពីវេទិកានៅថ្ងៃនេះ ខ្ញុំក៏បានចុះទៅទស្សនកិច្ចស្តូបរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម នៅស្រុកកោះសូទិន។ ស្ដូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហម ធ្វើឡើងតបតាមការស្នើសុំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅសហគមន៍កោះសូទិន។ ជាចុងក្រោយ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបាននៅក្នុងថ្ងៃនេះទៅចែករំលែកជាមួយអ្នកផ្សេងទៀតដែលខ្ញុំស្គាល់ដើម្បីឱ្យដឹងពីប្រវត្តិសាស្រ្ត និងចូលរួមទប់ស្កាត់កុំឱ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមកើតឡើងនៅកម្ពុជាសារជាថ្មីម្ដងទៀត»។
អត្ថបទ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា