ខណៈយើងបោះជំហានឈានចូលឆ្នាំ២០២៥ ដែលជាខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌលឯកសារកម្ពុជា ខ្ញុំសូមឆ្លៀតឱកាសនេះ ឆ្លុះបញ្ចាំងអំពីប្រវត្តិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងនាពេលអនាគត និងអ្វីដែលអ្នកអាចចូលរួមចំណែកបាននៅក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅក្នុងសតវត្សរ៍ទី២១នេះ។
មជ្ឈមណ្ឌលឯកសារកម្ពុជា ចាប់បដិសន្ធិឡើងនៅក្នុងឆ្នាំ១៩៩៥ ដើម្បីប្រមែប្រមូលវត្ថុតាងប្រវត្តិសាស្ត្រ និងចងក្រងឯកសារប្រវត្តិសាស្ត្រ ពាក់ព័ន្ធជាមួយនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ ការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ពិតជាចាំបាច់ចំពោះដំណើការសវនាការរបស់សាលាក្តីរួមគ្នារវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា គឺ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាឃ្លាំងផ្ទុកដ៏សំខាន់មួយនៃឯកសារដែលមានសារប្រយោជន៍ជាសារវន្តស្តីអំពីឧក្រិដ្ឋកម្មឃោរឃៅនៃរបបខ្មែរក្រហម រួមមានផែនទីបង្ហាញទីតាំងរណ្តៅសាកសព និងមន្ទីរសន្តិសុខខ្មែរក្រហម ក៏ដូចជាប្រវត្តិសាស្ត្រផ្ទាល់មាត់របស់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ទោះបីជាយ៉ាងណាក្ដី មជ្ឈមណ្ឌលឯកសារកម្ពុជា គឺមិនមែនមានតួនាទីត្រឹមជាបណ្ណសារដ្ឋានតែប៉ុណ្ណោះទេ។ ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមក មជ្ឈមណ្ឌលឯកសារកម្ពុជា បានដើរតួនាទីជាគំរូមួយ សម្រាប់ស្ថាប័ននានា ប្រទេសដទៃទៀត និងពិភពលោក ក្នុងការអប់រំអំពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបំពេញមុខងារជាទីប្រឹក្សាសម្រាប់ប្រទេសជាច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់មជ្ឈិមបូព៌ា, តំបន់អាហ្វ្រិក, តំបន់អាស៊ី និងតំបន់អាមេរិកខាងត្បូង ទៅលើប្រធានបទស្តីអំពីការចងក្រងឯកសារទាក់ទងទៅនឹងឧក្រិដ្ឋកម្មឃោរឃៅ។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាកម្លាំងចលករដ៏សំខាន់នៃការបង្កើតជាមូលន័យថ្មីនៃយុត្តិធម៌ ដូចជា ការគាំពារចំពោះសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់អ្នករស់រានមានជីវិតពីឧក្រិដ្ឋកម្មឃោរឃៅនានា។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានគាំទ្រចំពោះបុព្វហេតុទប់ស្កាត់វត្តមាននៃឧក្រិដ្ឋកម្មឃោរឃៅនៅក្នុងប្រទេសកម្ពុជា, នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង និងនៅទូទាំងពិភពលោក។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានពង្រីកខ្លួន ពីបន្ទប់ការិយាល័យតូចមួយដែលមានកុំព្យូទ័រ១គ្រឿង នៅក្នុងទីក្រុងភ្នំពេញ ទៅជាមជ្ឈមណ្ឌលឯកសារ, អគារសិក្សាស្រាវជ្រាវ និងទីតាំងប្រវត្តិសាស្ត្រនៅតាមបណ្ដាខេត្តចំនួន១៩ គ្របដណ្តប់ស្ទើរទូទាំងខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើសពីនេះទៅទៀត ដោយរួមសហប្រតិបត្តិការជាមួយនឹង ការិយាល័យរបស់ទីប្រឹក្សាពិសេសស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបរៀងបង្កើតជាកម្មវិធីសិក្សាគាំពារដល់ការអប់រំស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរ ឃៅនៅក្នុងប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ថ្វីត្បិតតែសម្រេចបាននូវជោគជ័យនិងសមិទ្ធផលគួរជាទីកត់សម្គាល់ទាំងនេះក្តី មជ្ឈមណ្ឌលឯកសារកម្ពុជា នៅតែរក្សាជំហរ ងើយស្កក ឱនដាក់គ្រាប់ ក្នុងការបន្តបំពេញការងារឆ្លើយតបចំពោះតម្រូវការចាំបាច់របស់អ្នករស់រានមានជីវិតពីឧក្រិដ្ឋកម្មឃោរឃៅនិងក្រុមគ្រួសារ ក៏ដូចជាការជម្នះរាល់ឧបសគ្គសំខាន់ៗចំពោះមុខ ដើម្បីធានាផ្តល់នូវកម្មវិធីមួយប្រកបដោយនិរន្តរភាព ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅពីការកើតមាននាពេលអនាគត នៅក្នុងប្រទេសកម្ពុជា, នៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីភាគខាងត្បូង និងនៅទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា រំពឹងយ៉ាងមុតមាំក្នុងការអនុវត្តសកម្មភាពនៅតាមមូលដ្ឋាន ពង្រីកកិច្ចសហការជាដៃគូនិងកិច្ចសហប្រតិបត្តិការអន្តរជាតិព្រមទាំងពង្រឹងជំហរមធ្យ័តក្នុងការបង្កើនការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ។
ខ្ញុំសង្ឃឹមថានៅក្នុងឆ្នាំថ្មីនេះ អ្នកនឹងឆ្លៀតឱកាសទៅកាន់ទីតាំងណាមួយ ក្នុងចំណោមមជ្ឈមណ្ឌលតាមបណ្ដាខេត្តទាំង១៦ និងទីតាំងសិក្សាស្រាវជ្រាវទាំង៣ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំរំពឹងថា អ្នកអាចចូលរួមជាមួយគ្នាក្នុងការសាទរកេដំណែលដ៏មានសារសំខាន់នេះ។ កាយវិការដ៏សប្បុរសទាំងអស់នេះ គឺជាការគាំទ្រចំពោះការសម្រេចបានចក្ខុវិស័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការបង្កើតជាទីតាំងអចិន្ត្រៃយ៍របស់ខ្លួន ដែលនោះគឺជា វិទ្យាស្ថាន-សារមន្ទីរ មួយដែលបំពេញមុខងារទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅនៅក្នុងប្រទេសកម្ពុជា, នៅក្នុងតំបន់ និងនៅទូទាំងពិភពលោក។
សូមប្រសិទ្ធពរជ័យឆ្នាំថ្មី ឆ្នាំ២០២៥! សូមឲ្យឆ្នាំថ្មី ផ្តល់ឲ្យអ្នកមានសុខភាពល្អបរិបូរណ៍, មានការចងចាំដ៏ប្រពៃ និងជោគជ័យជាច្រើន។
ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា