អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅតាមដងទន្លេមេគង្គនៅខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែង រំឭកអំពីព្រឹត្តិការណ៍ទឹកជំនន់ឆ្នាំ១៩៧៨

កម្ពស់ទឹកទន្លេមេគង្គហក់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលជាចំណុចដល់គួរឱ្យព្រួយបារម្ភចំពោះប្រជាពលរដ្ឋរស់នៅតាមតំបន់ទន្លេ។ ទោះបីជាស្ថានភាពទឹកជំនន់តាមទន្លេមេគង្គ មិនទាន់ឡើងដល់កម្រិតប្រកាសអាសន្ន ប៉ុន្តែប្រជាជនក៏គួរមានការប្រុងប្រយ័ត្នជាមុន ព្រោះកម្ពស់ទឹកបានហូរចូលទៅតាមដៃទន្លេ និងព្រែករួចទៅហើយ ដែលបណ្ដាលឱ្យមានការជន់លិចតាមតំបន់មួយចំនួនដែលស្ថិតនៅក្បែរទន្លេមេគង្គ។ ការលិចលង់នៅរដូវវស្សាឆ្នាំរោង បានរំឭកដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់រស់នៅតាមដងទន្លេមេគង្គនៅខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែង អំពីព្រឹត្តិការណ៍ទឹកជំនន់ឆ្នាំ១៩៧៨។ ខាងក្រោមនេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅខេត្តកំពង់ចាម និង ខេត្តស្ទឹងត្រែង៖

ខ្ញុំឈ្មោះ ឌឹម គឹមសាន គឺជាមេភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ទឹកជំនន់ឆ្នាំនេះ បានបណ្ដាលឱ្យមានការលិចផ្លូវ ចម្ការ និងទីកន្លែងជាច្រើនទៀតនៅតាមមូលដ្ឋាន។ ទឹកជំនន់ បានរំឭកខ្ញុំអំពីព្រឹត្តិការណ៍នៃទឹកជំនន់ឆ្នាំ១៩៧៨ ដែលត្រូវនឹងឆ្នាំរោង។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តែងនិយាយថា ក្នុងរបបខ្មែរក្រហមមានទឹកធំនោះ គឺទឹកជំនន់ឆ្នាំ១៩៧៨។ នាគ្រានោះ ភូមិរបស់ខ្ញុំត្រូវបានទឹកជន់លិច មិនមានដីដើម្បីធ្វើស្រែ និងដំាដំណាំនោះឡើយ។ អ្នកភូមិត្រូវបន្តធ្វើការងារនៅតាមផ្ទះរៀងៗខ្លួនអស់រយៈពេល១ខែ។ ជាញឹកញាប់ កងឈ្លបខ្មែរក្រហមត្រូវបានបញ្ជូនមកដើម្បីតាមដានអ្នកភូមិ ថាតើអ្នកភូមិណាមិនធ្វើការ ឬនិយាយអ្វីខ្លះ។ ក្នុងរយៈពេលជាង១ខែនៃទឹកជំនន់ឆ្នាំ១៩៧៨នេះ អ្នកភូមិមានពេលសម្រាកនៅលើផ្ទះ និងអាចទៅហូបបាយនៅរោងបាយរួមដែលស្ថិតនៅទីទួលមួយនៅក្នុងភូមិ។ បើទោះបីជាមិនទៅធ្វើការងារនៅតាមការដ្ឋានក៏ដោយ អ្នកភូមិនៅតែបន្តការងាររើសគ្រាប់ពោត និងមិនហ៊ានឈប់សម្រាកទេ។ នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចូលមកដល់រំដោះប្រជាជនចេញពីរបបខ្មែរក្រហម។ ខ្ញុំបានរួចផុតពីសេចក្ដីស្លាប់ និងបន្តធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃនេះ។

ខ្ញុំឈ្មោះ ម៉ៅ វណ្ណា អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំគឺជាអតីតនាយកសាលាបឋមសិក្សាទីប្រជុំ ដែលស្ថិតនៅភូមិទី៨នេះ។ រាល់គ្រាដែលមានទឹកជំនន់រដូវវស្សាលិចភូមិ ខ្ញុំតែងតែនឹកឃើញឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំដែលត្រូវបានខ្មែរក្រហមសម្លាប់រួចទម្លាក់ចូលទន្លេក្នុងរដូវគ្រោះទឹកជំនន់ ឆ្នាំ១៩៧៨។ ខ្មែរក្រហមយកប្រជាជនទៅសម្លាប់នៅវត្តក្បាលកោះ និងបរិវេណជុំវិញ។ ប្រជាជន៧៥ (ប្រជាជនថ្មី) ជាច្រើនគ្រួសារត្រូវបានកងឈ្លបខ្មែរក្រហមដឹកយកទៅសម្លាប់នៅវត្តក្បាលកោះ។ មានការកាប់សម្លាប់ប្រជាជនកាន់តែច្រើនឡើងចាប់ពីឆ្នាំ១៩៧៧ រហូតដល់ឆ្នាំ១៩៧៨ គឺនៅពេលដែលកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកដល់។ អតីតកម្មាភិបាលភូមិភាគបូព៌ាកម្រិតមូលដ្ឋាន ប្រជាជន៧៥ ដែលនៅសេសសល់ និង ប្រជាជន៧៣ដែលប្រព្រឹត្តកំហុសឆ្គងត្រូវបានចាប់ និងដឹកយកទៅសម្លាប់នៅវត្តក្បាលកោះ។ បើទោះបីជាមានទឹកជំនន់លិចភូមិ និងទីតាំងសម្លាប់វត្តក្បាលកោះ នាខែវស្សាឆ្នាំ១៩៧៨ ក៏ខ្មែរក្រហមនៅតែបន្តសម្លាប់ប្រជាជន ដោយដឹកតាមកាណូត ដើម្បីសម្លាប់ និងបោះចោលចូលទឹកទន្លេ។ ឪពុកម្ដាយ និងបងប្អូនប្រុសស្រីរបស់ខ្ញុំ ក៏ជាជនរងគ្រោះ ដែលត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍សម្លាប់ប្រជាជនបោះចូលទន្លេ នៅពេលដែលមានទឹកជំនន់ឆ្នាំ១៩៧៨។

ខ្ញុំឈ្មោះ ទាវ ផាយ ភេទស្រី អាយុ៦៨ឆ្នាំ កើតនៅខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ក្នុងនោះស្រី៣នាក់។ ប្ដីខ្ញុំឈ្មោះ សើង សាវ៉ាង ក្រោយរៀបការយើងមានកូនចំនួន៣នាក់។ កាលពីវ័យកុមារខ្ញុំរៀនបានត្រឹមថ្នាក់ទី១១(ចាស់)។ ខ្ញុំមករស់នៅនិគមជនអូរស្វាយ ចាប់តាំងពីឆ្នាំ១៩៦៧ ដែលនៅពេលនោះ ខ្ញុំទើបតែមានអាយុ១១ឆ្នាំ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំនិងគ្រួសារបានផ្លាស់ទៅរស់នៅទំពាំងទា-ទំពាំងមាន់ ដើម្បីរែកដី លើកភ្លឺស្រែ និងទំនប់។ ខ្ញុំត្រូវងើបពីម៉ោង៤ព្រឹកទៅធ្វើស្រែ និងលើកទំនប់ រហូតដល់ម៉ោង៦ល្ងាចទើបឈប់សម្រាក។ ខ្ញុំទទួលបានរបបអាហារពីរពេលក្នុងមួយថ្ងៃ គឺបាយលាយជាមួយគល់ចេក មើមក្ដួច និងពោត។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបាត់បង់បងប្រុសម្នាក់ឈ្មោះ គង់ រេន។ ខ្ញុំមិនដឹងថាគាត់ធ្វើខុសអ្វីនោះទេ ទើបបានជាខ្មែរក្រហមយកគាត់ទៅសម្លាប់ចោល។ ខ្ញុំក៏ធ្លាប់ឃើញ ខ្មែរក្រហមរៀបការឱ្យអ្នកភូមិដែរផងដែរ ដែលការរៀបការមានចំនួនចាប់ពី៧គូទៅដល់១០គូ។ ក្នុងពិធីរៀបការនាពេលនោះ អង្គការមិននិយាយអ្វីច្រើននោះទេ គឺឱ្យប្តីប្រពន្ធធ្វើការប្ដេជ្ញាចិត្តចំពោះអង្គការ និងខិតខំបម្រើអង្គការ ខំបង្កបង្កើនផលស្រូវឱ្យបាន៣តោនក្នុងមួយហិកតា។ នៅឆ្នាំ១៩៧៨ មានទឹកជំនន់មួយយ៉ាងធំដែលបណ្ដាលឱ្យមានការលិចលង់នៅតាមកន្លែងមួយចំនួន។ នាគ្រានោះ អង្គការបានជម្លៀសគ្រួសារខ្ញុំទៅរស់នៅភូមិសាមខួយ។ បើទោះបីជាមិនអាចធ្វើស្រែដែលត្រូវបានជន់លិច ក៏អង្គការឱ្យខ្ញុំរកទីទួលមិនលិចទឹកដើម្បីដាំដុះ និងធ្វើស្រែ។ នៅពេលនោះ ការហូបចុកកាន់តែខ្វះខាត។ ទឹកជំនន់ឆ្នាំ១៩៧៨ មានរយៈពេលប្រហែលកន្លះខែ ទើបស្រកទៅវិញ។ សូ្រវ និងពោតត្រូវបានខូចខាតទាំងអស់។

អត្ថបទ៖ លី ដេវីត និង ស្រេង លីដា បុគ្គលិកប្រចាំខេត្តកំពង់ចាម និង ស្ទឹងត្រែង

រូបថត លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម