សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងអ្នកស្រាវជ្រាវជាន់ខ្ពស់វៀតណាមសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) សហការជាមួយមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

សប្តាហ៍នេះ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី១៨ តាមរយៈផ្លូវរថភ្លើងដោយផ្តោតលើប្រធានបទ «ផ្លូវដែកខ្មែរក្រហម ៖ ដំណើរទស្សនកិច្ចសិក្សាអំពីអំពើប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យ ការជម្លៀសប្រជាជនដោយបង្ខំ ដំណាក់កាលទី២ និងទី៣ ក្នុងរបបខ្មែរក្រហម»។ ដំណើរទស្សនកិច្ចសិក្សានេះ គឺមានការចូលរួមពីយុវជន គ្រូបង្រៀនប្រវត្តិសាស្រ្តកម្ពុជា, សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់វៀតណាម មកពីសាកលវិទ្យាល័យជាតិវៀតណាម ដើម្បចុះធ្វើការសិក្សាស្រាវជ្រាវលើប្រវត្តិសាស្រ្តខ្មែរក្រហម និងរឿងរ៉ាវរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានចូលរួមប្រយុទ្ធក្នុងសង្រ្គាមផ្តួលរំលំរបបខ្មែរក្រហម។

ចាប់ពីចុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំក្នុងដំណាក់កាលទី២ និងទី៣ ចេញពីភូមិភាគបូព៌ាតាមផ្លូវរថភ្លើង សំដៅទៅកាន់ភូមិភាគពាយ័ព្យ (បច្ចុប្បន្នគឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន)។ យោងតាមឯកសាររបស់របបខ្មែរក្រហមដែលរក្សាទុកនៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រជាជនចន្លោះពី ៤០០,០០០នាក់ ទៅ ៥០០,០០០នាក់ ត្រូវបានខ្មែរក្រហមជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ។ ក្នុងនោះមានប្រជាជនប្រមាណ ៥០,០០០នាក់ ត្រូវបានជម្លៀសចេញពីភូមិភាគបូព៌ា រួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទៅកាន់ភូមិភាគពាយ័ព្យ។ កម្មាភិបាលខ្មែរក្រហមម្នាក់ដែលធ្វើការនៅស្ថានីយរថភ្លើងក្នុងរបបខ្មែរក្រហម បានឃើញមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសតាមខ្សែរថភ្លើងពីទីក្រុងភ្នំពេញ ទៅកាន់ស្ថានីយរថភ្លើងផ្សេងៗទៀតក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង នៃភូមិភាគពាយ័ព្យ។

ដំណើរទស្សនកិច្ចសិក្សាតាមរថភ្លើងនេះ គឺបើកទូលាយសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជន, គ្រូបង្រៀនប្រវត្ថិសាស្រ្តកម្ពុជា ជាមួយនឹងអ្នកស្រាវជ្រាវជាន់ខ្ពស់ និងគ្រូបង្រៀនផ្នែកប្រវត្តិសាស្រ្តវៀតណាម ដើម្បីឈ្វេងយល់ពីគ្នាទៅវិញទៅមក។ យុវជន គ្រូបង្រៀនកម្ពុជា, អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់វៀតណាម និងសាស្រ្តាចារ្យប្រវត្តិសាស្រ្តវៀតណាម នឹងមានឱកាសសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅទីតាំងឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្រោមរបបខ្មែរក្រហម នៅស្រុកកណ្តៀង, ស្រុកបាកាន និងស្រុកវាលវែង ខេត្តពោធិ៍សាត់។

អ្នកស្រាវជ្រាវជាន់ខ្ពស់វៀតណាមនឹងធ្វើដំណើរតាមរថយន្តក្រុង ដើម្បីទៅទស្សនាស្តូបតម្កល់ធាតុជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម និងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលដឹងអំពីព័ត៌មានពាក់ព័ន្ធនឹងទីតាំងទាំងនោះ ព្រមទាំងទៅទស្សនាទីតាំងប្រវត្តិសាស្ត្រផ្សេងទៀត រួមមាន ទីតាំងប្រវត្តិសាស្ត្រយោធាតេជោភ្នំមាន់ (A4) និងទីតាំងប្រវត្តិសាស្ត្រយោធាតេជោ ស្ពានជ័យជម្នះ ដែលជាអតីតទីស្នាក់ការកណ្តាល និងជាសមរភូមិប្រយុទ្ធដ៏ស្វិតស្វាញរវាងកងកម្លាំងសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជាសម្ព័ន្ធមិត្តជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ព​ខ្មែរ​ក្រហម។ នៅទីនោះ សាស្រ្តាចារ្យប្រវត្តិសាស្រ្តវៀតណាម និងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់វៀតណាម នឹងជួបសម្ភាសន៍ជាមួយអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមពីរនាក់ ដែលបច្ចុប្បន្នរស់នៅស្រុកវាលវែង ដើម្បីឈ្វេងយល់អំពីរឿងរ៉ាវជីវិតក្នុងសមរភូមិរបស់គាត់។

ចាប់ពីដើមឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចសិក្សាតាមរយៈផ្លូវរថភ្លើង យ៉ាងហោចណាស់១៧ដងរួចមកហើយ ផ្តោតលើប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងដំណាក់កាលលើកទី២ និងទី៣ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)» ដោយមានការចូលរួមពីយុវជនសរុបចំនួន ១,០៦៦នាក់។ ប៉ុន្តែនេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​សាស្រ្តាចារ្យ និងអ្នក​សិក្សាស្រាវជ្រាវជាន់ខ្ពស់ជនជាតិបរទេស​ត្រូវ​បាន​អញ្ជើញឱ្យចូលរួមសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្តខ្មែរក្រហម តាមរយៈផ្លូវរថភ្លើង។ ទីក្រុងហាណូយ គឺជាចំណុចចាប់ផ្តើមនៃដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវនេះ ហើយមជ្ឈ​មណ្ឌល​ឯកសារកម្ពុជាចង់ឃើញវត្ដមានចូលរួមពីសំណាក់អ្នកសិក្សាស្រាវ​ជ្រាវជាន់ខ្ពស់ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងអ្នកអប់រំផ្សេងទៀតមកពីក្នុងតំបន់ ចូលរួមដំណើរទស្សនកិច្ចសិក្សានេះ ដើម្បីសរសេរបោះពុម្ពផ្សាយឱ្យមនុស្សគ្រប់ជាតិសាសន៍អាចសិក្សារៀនសូត្រ និងចូលរួមផ្សព្វផ្សាយប្រវត្តិ​សាស្រ្តនៃរបបខ្មែរក្រហម ដើម្បីធានាថា រឿងរ៉ាវរបស់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហ​មមិនត្រូវបានបំភ្លេចចោល។ មជ្ឈមណ្ឌលឯកសារកម្ពុជា​ធ្វើការផ្តោត​លើ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រោះ​វា​មាន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ទៅ​នឹងផ្នត់គំនិត ​និង​ការ​ផ្សះផ្សា​ពី​អំពើ​ប្រល័យពូជសាសន៍»។

បណ្ឌិត ហុ័ង ធីង៉ា គឺសាស្រ្តាចារ្យប្រវត្តិសាស្រ្ត មកពីមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យជាតិវៀតណាម បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្ដល់ឱកាសឱ្យគាត់បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវតាមរថភ្លើងនេះ។ លោក​ស្រី​បណ្ឌិតបាន​បន្ថែម​ថា ដំណើរ​ទស្សនកិច្ចសិក្សា​នេះ​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សិក្សាលើប្រវត្តិសាស្រ្តខ្មែរក្រហម​បន្ថែម​ទៀត​រវាង​កម្ពុជា និង​វៀតណាម​ទៅ​ថ្ងៃ​អនាគត។

តាមការប៉ាន់ប្រមាណ គឺមានកងទ័ពស្ម័គ្រចិត្តវៀតណាមប្រមាណ ១៥០,០០០នាក់ បានចូលមកប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៨ ដើម្បីរួមជាមួយរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ប្រយុទ្ធប្រឆាំងនឹងកងទ័ពខ្មែរក្រហម។ ភាគីវៀតណាមជឿជាក់ថា កងទ័ពស្ម័គ្រចិត្តរបស់ខ្លួនយ៉ាងតិច២០,០០០នាក់ បានបាត់បង់ជីវិតក្នុងសង្គ្រាមនៅកម្ពុជា នៅពេលដែលវាយផ្តួលរំលំកងទ័ពខ្មែរក្រហម និងរបបកម្ពុជាប្រជាធិបតេយ្យ​របស់ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

អត្ថបទ ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖