មជ្ឈមណ្ឌលឯកសារកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្ដីពី «ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដល់សិស្សវិទ្យាល័យស្គន់

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាស្រាវជ្រាវស្ដីពី «ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដោយមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ប៉ោង ព្រីន និងសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ស្គន់ ចំនួន៤៥នាក់។ វេទិកាស្រាវជ្រាវនេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សដែលជាក្មេងជំនាន់ក្រោយ ស្ដាប់រឿងរ៉ាវផ្ទាល់ពីវាគ្មិនដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អំពីបទពិសោធន៍ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម និងការសិក្សាឈ្វេងយល់បន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលបានប្រព្រឹត្តអំពើឃោរឃៅទៅលើប្រជាជនកម្ពុជា។

ជាកិច្ចចាប់ផ្ដើមលោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានធ្វើបទបង្ហាញជាសង្ខេបអំពីប្រវត្តិសាស្រ្តខ្មែរក្រហម(១៩៧៥-១៩៧៩) ផ្ដោតទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ ចាប់ពីរដ្ឋប្រហារ លន់ នល់ នៅឆ្នាំ១៩៧០, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងការកាប់សម្លាប់ទៅលើប្រជាជន។ កម្មវិធីបន្ទាប់ គឺជាកិច្ចសន្ទនាអន្តរជំនាន់រវាងវាគ្មិនឈ្មោះ ប៉ោង ព្រីន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព និងសិស្សានុសិស្សដែលជាយុវជនជំនាន់ អំពីស្ថានភាពរស់នៅ និងធ្វើការងារប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម។

លោក ប៉ោង ព្រីន ចាប់ផ្ដើមរំឭកពីពេលវេលាមួយថ្ងៃដែលខ្មែរក្រហមបង្ខំឲ្យគាត់ធ្វើការងារដូចតទៅ ៖ ខ្ញុំពិការជើងម្ខាងដោយសារតែត្រូវគ្រាប់កាំភ្លើងពេលដែលមានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ បើទោះបីជាខ្ញុំពិការជើងយ៉ាងណាក្ដី ខ្មែរក្រហមបានបង្ខំឱ្យខ្ញុំធ្វើការងារដូចអ្នកភូមិផ្សេងទៀតដែរ។ ខ្ញុំត្រូវបានខ្មែរក្រហមប្រើឱ្យជីកដី កាប់ឧស និងធ្វើកាមែលសម្រាប់សហករណ៍។ ខ្ញុំធ្វើការងារគ្រប់បែបយ៉ាង មិនមានពេលសម្រាក។ ខ្ញុំធ្លាប់ឃើញខ្មែរក្រហមដឹកមនុស្សយកទៅសម្លាប់ ធ្វើឲ្យខ្ញុំមានអារម្មណ៍តក់ស្លត់យ៉ាងខ្លាំង។ ខ្ញុំខិតខំធ្វើការងារទាំងដែលខ្លួនពិការ និងមិនហ៊ានប្រកែកឡើយ។ ខ្ញុំចង់ផ្ដែផ្ដាំដល់ចៅៗត្រូវតែចងចាំពីប្រវត្តិសាស្រ្តខ្មែរក្រហម ដែលធ្វើបាបប្រជាជន មិនថាជាជនធម្មតា ឬជនពិការ គឺគ្មានការសណ្ដោះប្រណីឡើយ។ ចៅត្រូវតែខិតខំរៀនសូត្រដើម្បីចូលរួមការពារកុំឱ្យរបបប្រល័យពូជសាសន៍កើតឡើងម្ដងទៀត»។

បន្ទាប់ពីការនិយាយចែករំលែកអំពីបទពិសោធន៍របស់លោក ប៉ោង ព្រីន ដែលជាជនពិការ និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សិស្សានុសិស្សបានចោទជាសំណួរជាច្រើនទៅលើការចងចាំមិនភ្លេចពីការធ្វើបាបរបស់ខ្មែរក្រហម, ការជម្លៀសប្រជាជន និងស្ថានភាពសុខភាពប្រចាំថ្ងៃដល់វាគ្មិន។ បន្ទាប់មក សិស្សានុសិស្សបានទៅទស្សនកិច្ចសិក្សាទៅកាន់ស្ដូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងសហគមន៍ស្រុកកោះសូទិន និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានជួបសន្ទនាផ្ទាល់ជាមួយតំណាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង២ទីតាំង។ ស្ដូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ គឺជាទីកន្លែងដែលផ្ដល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសម្រាប់ធ្វើការចែករំលែកបទពិសោធន៍ និងរឿងរ៉ាវដែលបានកើតឡើងក្នុងមូលដ្ឋានទៅកាន់យុវជន-យុវនារីដែលកើតក្រោយរបបខ្មែរក្រហម។

ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់សិស្សានុសិស្សបន្ទាប់ពីចូលរួមវេទិកាស្រាវជ្រាវ និង ដំណើរ​ទស្សនកិច្ចសិក្សា៖

ខា រតនា រៀនថ្នាក់ទី១០នៃវិទ្យាល័យហ៊ុន សែន ស្គន់ នៅស្រុកជើងព្រៃ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ៖ «ខ្ញុំទទួលបានចំណេះដឹងថ្មីៗទាក់ទងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ទាំងមេរៀន និងការស្ដាប់រឿងរ៉ាវរបស់អ៊ំៗដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំបានឃើញការដាក់តាំងពិព័រណ៍រូបថតប្រវត្តិសាស្រ្ត។ អ្វីដែលខ្ញុំគិតថាល្អខ្លាំងនោះ គឺការដែលអាចស្ដាប់រឿងរ៉ាវរបស់លោកតា ប៉ោង ព្រីន ដែលបាននិយាយចែករំលែកបទពិសោធន៍ជីវិតផ្ទាល់របស់លោកតា។ លោកតា ប៉ោង ព្រីន រំឭកអំពីខ្សែជីវិតលំបាកវេទនារបស់ខ្លួន ចាប់តាំងពីការចូលប្រយុទ្ធក្នុងសង្រ្គាមរវាងកងកម្លាំងខ្មែរក្រហម និងកងទ័ព លន់ នល់, ការពិការជើងដោយសារតែកងទ័ពខ្មែរក្រហមបាញ់ត្រូវគាត់ និងការបង្ខំឱ្យគាត់ធ្វើការងារគ្មានពេលសម្រាក បើទោះបីជាគាត់ជាជនពិការក៏ដោយ។ ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំទទួលបាននាពេលនេះទៅចែករំលែកជាមួយមិត្តភក្តិ និងប្អូនៗជំនាន់ក្រោយ»។

ស៊ង សុវណ្ណវតី រៀនថ្នាក់ទី១០នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ នៅស្រុកជើងព្រៃ លើកឡើងថា ៖ «វេទិកាស្រាវជ្រាវនេះ គឺជាកម្មវិធីថ្មីមួយដែលខ្ញុំបានចូលរួម។ ខ្ញុំទទួលបានចំណេះដឹង និងការយល់ឃើញថ្មីចំពោះប្រវត្តិសាស្រ្តខ្មែរក្រហម និងជាពិសេសមានចិត្តអាណិតអាសូរដល់ប្រជាជនកម្ពុជាដែលរស់នៅឆ្លងកាត់សង្រ្គាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ តាមរយៈវេទិកានេះ ខ្ញុំមិនត្រឹមតែអាចរៀនមេរៀនប្រវត្តិសាស្រ្តខ្មែរក្រហម ទាំងទឹ្រស្ដី និងការរៀនផ្ទាល់ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនោះទេ ខ្ញុំថែមទាំងអាចមានឱកាស សួរសំណួរជាច្រើនទៅកាន់លោកគ្រូ និងអ៊ំៗដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ថែមលើនេះទៀត ខ្ញុំបានចុះទៅសិក្សាស្វែងយល់ដោយផ្ទាល់នៅទីតាំងស្ដូបរំឭកវិញ្ញាណក្ខន្ធជងរងគ្រោះនៃរបបខ្មែរក្រហមសម្រាប់សហគមន៍នៅភូមិគគរ និងភូមិកោះសូទិន។ បើទោះបីជាទីតាំងសម្លាប់ប្រជាជននៅក្នុងមូលដ្ឋានទាំង២នេះក្លាយទៅជាដីចម្ការ និងលំនៅដ្ឋានរបស់ប្រជាជន ការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅតែបន្តដើម្បីនិយាយប្រាប់ក្មេងជំនាន់ក្រោយដូចជាខ្ញុំឱ្យបានដឹងទាំងអស់គ្នា»។

អត្ថបទ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖