ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានផ្តល់ជូនរទេះរុញចំនួន៣គ្រឿងដល់អាជ្ញាធរឃុំទន្លូង ដែលបានស្នើសុំ តាមលិខិតយោងរបស់លោក ប៉ឹង ប៊ុនថន មេឃុំទន្លូង ចុះលេខ២៤៤៨/២៤ទល ក្នុងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ មកកាន់មជ្ឈមណ្ឌលឯកសារកោះថ្ម សម្រាប់ផ្តល់ជូនដល់ជនពិការភាព ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងប្រជាពលរដ្ឋដែលមានពិការភាពពីកំណើត។
តាមប្រសាសន៍លោក ប៉ឹង ប៊ុនថន មេឃុំទន្លូងបានលើកឡើងថា ជនពិការភាពត្រូវការសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ និងសំឡេងគាំទ្រក្នុងសហគមន៍ឬសង្គមទាំងមូលដូចប្រជាជនដែលមានការសម្បទាគ្រប់គ្រាន់ដែរ។ យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ គាំទ្រចំពោះជនពិការ ដែលស្តែងឲ្យឃើញពីចិត្តព្រួយបារម្ភ លើកទឹកចិត្តដើម្បីឲ្យជនពិការមានក្តីសង្ឃឹមបន្ត។
ជាកិច្ចបន្ទាប់លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានលើកឡើងថា កន្លងមកក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានផ្តល់ជូនរទេះរុញចំនួន៨គ្រឿង និងកាសជំនួយត្រចៀកចំនួន១០៩គ្រឿង សម្រាប់ជនពិការភាពកាលពីសម័យសង្គ្រាមក្រោយរបបខ្មែរក្រហម និងជនពិការពីកំណើតមួយចំនួននៅក្នុងឃុំទន្លូង ឃុំជាំក្រវៀន ឃុំជាំតាម៉ៅ និងអង្គការជនពិការខេត្តត្បូងឃ្មុំ។ ការផ្តល់ជូនរទេះរុញនេះគឺជាផ្នែកមួយជួយសម្រួលដល់ជីវភាពក្រុមគ្រួសារ សិទ្ធិសេរីភាពក្នុងការដើរហើរ និងការបញ្ចេញមតិរបស់បុគ្គលម្នាក់ៗ ទោះជាជនពិការភាពក៏ដោយ។ ចំណែកជនពិការដែលជាអ្នករស់រានមានជិវិតពីរបបខ្មែរក្រហម គឺជាមនុស្សសំខាន់ក្នុងការចែករំលែករឿងរ៉ាវដែលគាត់បានចងចាំមិនភ្លេចពីរបបខ្មែរក្រហម និងបញ្ហាសុខភាពនៅពេលបច្ចុប្បន្ននេះ ដល់យុវជនជំនាន់ក្រោយដែលជាកូនចៅរបស់គាត់ផ្ទាល់។
លោក ឡុង ដានី និង ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម សង្ឃឹមថាពេលទទួលបានរទេះរុញនេះ ជនដែលមានពិការភាពនឹងមានក្តីសង្ឃឹម សប្បាយរីករាយ អាចចូលរួមជួបជុំក្នុងសហគមន៍ មានសិទ្ធិក្នុងការបញ្ចេញមតិយោបល់ផ្សេងៗក្នុងការអភិវឌ្ឍន៍សង្គម និងជួយទប់ស្កាត់កុំឲ្យមានអំពើប្រល័យពូជសាសន៍កើតឡើងសារជាថ្មី។
ជាចុងក្រោយ លោក ប៉ឺង ប៊ុនថន ថ្លែងថា អំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានផ្តល់រទេះរុញចំនួន៣គ្រឿង តាមការស្នើរសុំរបស់រដ្ឋបាលឃុំ។ លោក ប៉ឺង ប៊ុនថន លើកឡើងថា «ខ្ញុំពិតជារីករាយ ដែលមជ្ឈមណ្ឌលឯកសារកោះថ្មបានយកចិត្តទុកដាក់លើជនពិការ។ ក្នុងនាមខ្ញុំជាមេឃុំទន្លូង ខ្ញុំពិតជារីករាយក្នុងសហការជាមួយមជ្ឈមណ្ឌលឯកសារកោះថ្ម»។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា