នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង រៀបចំវេទិកាព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលប្រព្រឹត្តទៅនៅមណ្ឌលសុខភាព ព្រះនរោត្តម សីហនុរាជា និង សម្តេចព្រះវររាជមាតា នរោត្ត មុនីនាថ សីហនុ អូរស្វាយ។ វេទិកាព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនេះ ធ្វើឡើងដោយមានចូលរួមរបស់លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយ សែនជ័យ, លោកស្រី សម្បត្តិ រចនា អភិបាលរងស្រុក, អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២០០នាក់, លោក-លោកស្រី វេជ្ជបណ្ឌិតមកពី មន្ទីរពេទ្យ ខេវី ត្បូងឃ្មុំ, អ្នកស្ម័គ្រចិត្តកម្ពុជា និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា។ វេទិកានេះមានគោលបំណងដើម្បីផ្ដល់ការណែនាំអំពីការថែទាំសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកំពុងប្រឈមបញ្ហាសុខភាព និងជំងឺប្រចាំកាយ។
ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បើកវេទិកាដោយបានលើកឡើងអំពីសារសំខាន់នៃការថែទាំសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលកំពុងប្រឈមបញ្ហាសុខភាពប្រចាំថ្ងៃ និងការចូលរួមបន្តនិយាយរឿងរ៉ាវរបស់ខ្លួនក្នុងរបបខ្មែរក្រហមទៅកាន់ក្មេងជំនាន់ក្រោយដើម្បីទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។ លោក ស៊ាង ចិន្ដា បន្ថែមថា «ការបន្តនិយាយចែករំលែកបទពិសោធន៍ជីវិតប្រចាំថ្ងៃរបស់អ៊ំៗលោកយាយលោកតា ដែលជាអ្នករស់រានមានជីវិតរបបខ្មែរក្រហម គឺពិតជាមានភាពចាំបាច់ និងមិនអាចខ្វះបានដើម្បីឲ្យក្មេងជំនាន់ក្រោយយល់ដឹងអំពីអ្វីដែលបានកើតឡើងនៅក្នុងសហគមន៍ និងប្រទេសជាតិរបស់ខ្លួនក្នុងរបបខ្មែរក្រហម និងចូលរួមទប់ស្កាត់កុំឲ្យរបបនេះកើតឡើងជាថ្មីម្ដងទៀត។ ដើម្បីអាចបន្តនិយាយបទពិសោធន៍ដែលមិនអាចបំភ្លេចបានរបស់ខ្លួនក្នុងរបបខ្មែរក្រហម, អ៊ំៗលោកយាយលោកតា ត្រូវតែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ និងយល់ដឹងបន្ថែមអំពីរបៀបថែទាំងសុខភាព»។
បន្ទាប់ពីការថ្លែងបើកវេទិកាបានបញ្ចប់ លោក-លោកស្រីវេជ្ជបណ្ឌិតមកពីមន្ទីពេទ្យ ខេវី ត្បូងឃ្មុំ ផ្ដល់របាយការណ៍ក្រោយពីបានធ្វើការពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការណែនាំអំពីការវិធីបង្ការកុំឲ្យស្ថានភាពសុខភាពធ្ងន់ធ្ងរ និងរបៀបថែទាំសុខភាពឲ្យបានល្អ ដូចខាងក្រោម៖
វេជ្ជបណ្ឌិត ហាន ម៉េងហុង បង្ហាញការចាប់អារម្មណ៍ថា «ជាបឋមខ្ញុំ សូមគោរពលោកអភិបាលស្រុក និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលការពិនិត្យសុខភាពបឋមជូនដល់អ៊ំៗលោកយាយលោកតាឲ្យបានរលូនតាំងពីថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃបញ្ចប់។ ខ្ញុំមានសេចក្ដីសប្បាយរីករាយដែលបានជួបជុំជាមួយអ៊ំៗលោកយាយលោកតាដែលមានអាយុច្រើនគឺពី៨០ទៅ៩០ឆ្នាំ ហើយមានសុខភាពល្អច្រើន។ តាមរយៈការពិនិត្យរបស់ខ្ញុំ៣ថ្ងៃនេះ ខ្ញុំឃើញថាជំងឺលោកយាយលោកតាគឺមានលើសឈាម ទឹកនោមផ្អែម និងជំងឺផ្សេងទៀត។ ប៉ុន្តែនៅពេលនេះ ខ្ញុំសូមលើកឡើងអំពីជំងឺរបេង។ នៅពេលដែលខ្ញុំពិគ្រោះជាមួយអ៊ំៗលោកយាយលោកតាខ្លះដែលនៅតែគិតថារបេងគឺជាជំងឺតំណពូជ។ ជំងឺនេះមិនសូវសម្បូរប៉ុន្មានទេ។ តាមរយៈការពិនិត្យរបស់ខ្ញុំមាន៤ទៅ៥នាក់ដែរ តែគាត់បានប្រើប្រាស់ថ្នាំរួចហើយ និងក៏បានជាសះស្បើយផងដែរ។ ខ្ញុំសូមបញ្ជាក់ថាជំងឺរបេងមិនមែនជាជំងឺតំណរពូជទេ តែជាជំងឺឆ្លងតាមរយៈអ្នកកើតជំងឺនេះនៅក្បែរខ្លួនយើង។ ប្រសិនបើឆ្លងជំងឺនេះ សូមព្យាយាមស្វែងរកមន្ទីរពេទ្យសម្រាប់ព្យាបាលឲ្យបានជាសះស្បើយ។ ជាចុងក្រោយ ខ្ញុំសូមជូនពរអ៊ំៗលោកយាយលោកតាឲ្យមានសុខភាពល្អនិងពុទ្ធពរទាំងឡាយបួនប្រការ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
វេជ្ជបណ្ឌិត នួន សុភក្រ្តា លើកឡើងថា «ខ្ញុំពិតជាសេចក្ដីរីករាយដែលបានជួបលោកយាយលោកតាបងប្អូននៅទីនេះ ជាពិសេសបានពិនិត្យសុខភាពជូនពុកម៉ែបងប្អូនក្នុងរយៈពេល៣ថ្ងៃនេះ។ ពុកម៉ែបងប្អូនភាគច្រើនជួបប្រឈមជំងឺមនុស្សចាស់ ដូចជាលើសឈាម ទឹកនោមផ្អែម និងបញ្ហាឆ្នឹងខ្នង ឈឺចង្កេះ សន្លាក់។ ចំពោះបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងបញ្ហាសុខភាពទាំងអស់នេះ ខ្ញុំអាចនិយាយបានថា គឺទាក់ទងរបៀបនៃការរស់នៅ និងហូបចុកប្រចាំថ្ងៃ ឬការធ្វើការងារធ្ងន់។ ដើម្បីឲ្យសុខភាពល្អ ខ្ញុំសូមផ្ដល់មតិខ្លះជូនពុកម៉ែបងប្អូនកុំឲ្យជួបជំងឺនិងតទៅកូនចៅទៀត ឬកាត់បន្ថយជំងឺនេះអ្នកកើត១០០នាក់នៅសល់២០ទៅ៣០នាក់។ ចំពោះការហូបចុកប្រចាំថ្ងៃ សូមពុកម៉ែបងប្អូនពិសារបន្ថយជាតិប្រៃ កុំពិសារសាច់ច្រើនពេក កុំពិសារជាតិស្រវឹង និងបារីច្រើនពេក។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់ លោកអភិបាលស្រុក លោកគ្រូអ្នកគ្រូ និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា អ្នកស្ម័គ្រចិត្តទាំងអស់ ចំពោះការរៀបចំនូវកម្មវិធីពិនិត្យសុខភាពបឋម និងវេទិកាណែនាំអំពីការថែទាំសុខភាពជូនដល់ពុកម៉ែបងប្អូនដែលមានអាយុកាន់តែច្រើនដែលពិតជាមានសារសំខាន់សម្រាប់គាត់ណាស់។ »
ជាកិច្ចបញ្ចប់ លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយ សែនជ័យ មានអនុសាសន៍ និងមតិបិទវេទិកានេះថា «ជាដំបូង ខ្ញុំសូមគោរពអង្គពិធីទាំងមូល និងសូមអរគុណប្អូនចិន្ដា តំណាងឲ្យបង ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា, លោកគ្រូ/លោកស្រីវេជ្ជបណ្ឌិត, អ្នកស័្មគ្រចិត្តកម្ពុជា, លោកស្រីមេឃុំ និងលោកប្រធានមណ្ឌលសុខភាព។ កម្មវិធីដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅទីនេះមានគោលដៅច្បាស់លាស់ ដែលផ្ដោតទៅសុខភាពរបស់ប្រជាពលរដ្ឋ ដែលមានវ័យចំណាស់អាយុ៦០ឆ្នាំឡើង។ លោកគ្រូនិងអ្នកគ្រូពេទ្យបានពិនិត្យយ៉ាងយកចិត្តទុកដាក់ និងផ្ដល់ការណែនាំអំពីការថែទាំសុខភាព។ តើបងប្អូនយើងដែលមានវ័យ៦០ឆ្នាំឡើងនេះគួរធ្វើអ្វីដើម្បីថែរក្សាសុខភាពរបស់យើងឲ្យមានលក្ខណៈល្អប្រសើរ ដើម្បីបន្តឱកាសមើលស្រុកទេសមានការរីកចម្រើនទៅមុខទៀត។ ការថែទាំសុខភាពរបស់បងប្អូនយើងដែលមានវ័យ៦០ឆ្នាំឡើងនេះ គឺពិតជាសំខាន់មិនត្រឹមតែអាចឲ្យមានសុខភាពល្អ តែថែមទាំងអាចចូលរួមចំណែកការអភិវឌ្ឍន៍ និងការការពារសន្តិភាព កុំឲ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍កើតឡើងនាពេលអនាគត តាមរយៈការនិយាយប្រាប់អំពីបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម»។
នៅចុងបញ្ចប់នៃវេទិកា អ្នករស់រានមានជីវិតម្នាក់ៗបានទទួលសៀវភៅបោះពុម្ពផ្សាយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា រួមមាន៖ សៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទស្សនាវដ្ដីស្វែងរកការពិត។
អត្ថបទ និង រូបថត ៖ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម