មជ្ឈមណ្ឌលឯកសារកោះថ្ម ចូលគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជាការចងចាំ និងដឹងគុណចំពោះយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនប្រមាណ ៥លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅមហាចេតិយ តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៊ិច-១៦

នៅវេលាម៉ោង៨កន្លះព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជាការចងចាំ និងដឹងគុណចំពោះយុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងមាតុភូមិ សង្គ្រោះអាយុជីវិតប្រជា​ជនប្រមាណ៥លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅមហាចេតិយតំបន់ប្រវត្តិ​សាស្រ្តយោធាតេជោកោះថ្ម អ៊ិច-១៦។

ក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឲ្យកងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជាចំនួន៤៩រូប បានពលីនៅអំឡុងពេលវាយប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហម មានជំងឺ និងបាត់បង់អាយុជីវិតនៅពេលកំពុងហ្វឹកហាត់យុទ្ធសាស្ត្រកងទ័ពនៅតំបន់ឡុងយ៉ាវ ប្រទេសវៀតណាម ចន្លោះពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សពរបស់យុទ្ធជនពលីកម្ពុជាត្រូវបានបញ្ចុះនៅចន្លោះថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ ប្រទេសវៀតណាម។

នៅព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២២ ផ្នូរសពយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប ត្រូវបានប្រារព្ធពិធីបើកតាមប្រពៃណីសាសានា ដើម្បីលាងសម្អាតអដ្ឋិធាតុ និងលើកដាក់ក្នុងមឈូសមាស។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ទើបមានពិធីប្រគល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាទាំង៤៩រូប ធ្វើមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់ប្រទេសកម្ពុជាវិញ។ កងយោធពលខេមរភូមិន្ទ មន្រ្តីរាជការ និងប្រជាជនកម្ពុជាបាននៅរង់ចាំទទួលអដ្ឋិធាតុរបស់យុទ្ធជនទាំង៤៩រូប នៅច្រកព្រំដែនកោះថ្ម អ៊ិច-១៦ ស្ថិតនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អដ្ឋិធាតុរបស់យុទ្ធជនទាំង៤៩រូប ត្រូវប្រារព្ធពិធីបូជា រួចរើសធាតុដាក់តម្កល់ក្នុងកោដ្ឋ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដោយមានតំណាងរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ចូលរួមដង្ហែទៅតម្កល់ក្នុងមហាចេតិយតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៊ិច-១៦ ដែលទើបសាងសង់រួចរាល់។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដល់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

នៅចុងទស្សវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងរង់ចាំនូវចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ បើគ្មានមេដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវបនប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណីឡើយ។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧  ទីតាំងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ វ៉ា ប៉ោអ៊ាន, នុច ថន, ញឹក ហួន និង ស៊ូ គីម ស្រ៊ាង (ហៅសាញ់)  ចាប់ផ្តើមធ្វើដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភគាំទ្រក្នុងការរំដោះជាតិ ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។ ទីតាំងដែលសមមិត្ត ហ៊ុន សែន និងសមមិត្ត៤នាក់ទៀតឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ពាំងខ្ត័រ និងអាងដាច់ដែលមានដើមទ្រយឹងធំស្កឹមស្កៃនៅក្បែរនោះ ដែលនៅទល់ខាងមុខគឺជាស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម។

សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។  សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែនកម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាមឬទេ? តើអាចត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខចិត្តជួយក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ? ក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ តើវៀតណាមអាចចាប់បញ្ជូនខ្លួនមកឲ្យ ប៉ុល ពត វិញដែរឬទេ?

សមមិត្ត ហ៊ុន សែន បានដើរទៅដល់ផ្លូវលំក្រាលគ្រួសក្រហម ក៏បានសម្រេចលាក់អាវុធរួចរៀបចំដាំបបរដោយអង្ករដែលនៅសល់ក្នុងទៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវថ្នល់ទៅរកជួបកងកម្លាំងវៀតណាម និងប្រជាជនវៀតណាម។ បើសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់មិនសម្រេចលាក់អាវុធ ពេលបានជួបជាមួយកងកម្លាំងវៀតណាមច្បាស់ជាផ្ទុះអាវុធជាមិនខាន។ ពេលធ្វើដំណើរបានប្រមាណ១៤គីឡូម៉ែត្រពីព្រំដែន សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់បានជួបជាមួយកម្មករចម្ការកៅស៊ូ។ ដំបូងវៀតណាមសង្ស័យថា សមមិត្ត ហ៊ុន សែន និងសមមិត្ត៤នាក់ទៀត គឺជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត និងបានធ្វើការសាកសួរ។ ក្រោយមក ភាគីវៀតណាមចាប់ផ្តើមជឿជាក់ខ្លះៗលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមែនជាក្រុមវាយឆ្មក់របស់ ប៉ុល ពត ទេ។ ភាគីវៀតណាមក៏បានដាំបាយឆ្នាំងលេខ១០ និងធ្វើម្ហូបសម្រាប់មនុស្ស៥នាក់ដែលមិនបានហូបបាយ គឺហូបតែបបរអស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្តទាំងប្រាំត្រូវបានវៀតណាមដឹកតាមរថយន្តធុនធ្ងន់ ម៉ាក GMC ពីភូមិឡាំងជីនទៅដល់ស្រុកឡុកនិញ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ អង្គភាព១២៥ ដែលមានឈ្មោះផ្លូវការថា កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅធូឌឹក ប្រទេសវៀតណាម។

កោះថ្មនារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់នៃរបត់ប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងជាពេលវេលាដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

អត្ថបទ និង រូបថត ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌល​ឯកសារកោះថ្ម

អត្ថបទផ្សេងទៀត៖