នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកា ថ្នាក់រៀន ស្ដីពីការជម្លៀសប្រជាជនដោយបង្ខំនៅដំណាក់កាលទី៣ (ការជម្លៀសប្រជាជននៅភូមិភាគបូព៌ាទៅភាគភូមិពាយ័ព្យរួមមានខេត្តពោធិ៍សាត់ និង បាត់ដំបងចាប់ពីចុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍សម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំចំនួន៤៤នាក់ ក្នុងនោះមានស្រី១៩នាក់ នៅអាគារCJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ចាប់ផ្ដើមបើកវេទិកាថ្នាក់រៀនលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានស្នើសុំឲ្យអ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់ ចែករំលែកនូវចំណេះដឹងដែលខ្លួនបានសិក្សារៀនសូត្រអំពីប្រវត្តិសាស្រ្តខ្មែរក្រហមជាមុន។ បន្ទាប់ពីការចែករំលែកចំណេះដឹងរួចមក លោក ឡុង ដានី ក៏ផ្ដល់ឱកាសឲ្យអ្នកស្ម័គ្រចិត្តសួរសំណួរទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ដូចតទៅ ៖ ១) តើហេតុអ្វីបានខ្មែរក្រហមឡើងកាន់អំណាចបានងាយស្រួល? ២) តើហេតុអ្វីបានជាប្រទេសជិតខាងមិនជួយពេលដែលប្រទេសកម្ពុជាធ្លាក់ក្នុងសង្រ្គាម និងរបបខ្មែរក្រហម? ៣) តើហេតុអ្វីបានជារបបខ្មែរក្រហម ផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរបាន? ៤) តើក្នុងរបបខ្មែរក្រហម អង្គការបង្ខំឲ្យប្រជាជនធ្វើការអ្វីខ្លះ? ៥) តើនៅក្នុងរបបខ្មែរក្រហមមានការប្រើប្រាស់គ្រឿងយន្តសម្រាប់ធ្វើកសិកម្មដែរឬទេ? ៦) តើការកើតមានរបបខ្មែរក្រហមទាក់ទងនឹងប្រទេសជិតខាងដែរឬទេ? ៧) តើមេដឹកនាំខ្មែរក្រហមចង់បានអ្វី ទើបអនុវត្តគោលការណ៍៨ចំណុច? ៨) តើហេតុអ្វីបានជាខ្មែរក្រហមបញ្ជូនកងទ័ពទៅតាមព្រំដែនជាពិសេសប្រទេសវៀតណាម? ៩) តើនៅក្នុងរបបខ្មែរក្រហមប្រជាជនជួបការលំបាកអ្វីខ្លះ? ១០) តើខ្មែរក្រហមបណ្ដុះបណ្ដាលយុវជនយ៉ាងដូចម៉េច ទើបយុវជនហ៊ានសម្លាប់ឪពុកម្ដាយដើម្បីអង្គការ? ១១) តើហេតុអ្វីបានជាកម្មាភិបាលជាន់ខ្ពស់នៅរបបខ្មែរក្រហមសង្ស័យលើប្រជាជននិងកម្មាភិបាលភូមិភាគបូព៌ា? ១២) តើហេតុអ្វីបានជាខ្មែរក្រហមស្អប់វៀតណាម? ១៣) តើនៅក្នុងរបបខ្មែរប្រហម ផលិតផលដែលផលិតបានយកទៅណា? ១៤) តើហេតុអ្វីខ្មែរក្រហមបោះពុម្ពលុយហើយមិនចាយ? ១៥) តើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទទួលបានប្រាក់បៀវត្សរ៍ដែរឬទេ?
រាល់សំណួរដែលទទួលបានពីអ្នកស្ម័គ្រចិត្តកម្ពុជាគឺលោក ឡុង ដានី ឆ្លើយបកស្រាយ និងធ្វើបទបង្ហាញជូនក្នុងវេទិកាថ្នាក់រៀន។ ប៉ុន្តែចំណុចសំខាន់ក្នុងថ្នាក់រៀននាថ្ងៃនេះគឺ ផ្តោតលើប្រធានបទការជម្លៀសប្រជាជនដោយបង្ខំក្នុងដំណាក់កាលទី៣ក្នុងរបបខ្មែរក្រហម។ លោក ឡុង ដានី បន្តថា កងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដោយដំបូងប្រជាជនមានភាពសប្បាយរីករាយពេលដឹងថាកងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ឬហៅថារបប លន់ នល់។ ប៉ុន្តែមិនបានប៉ុន្មានម៉ោងផង ប្រជាជនប្តូរមកជាការភ័យខ្លាច។ កងទ័ពខ្មែរក្រហមបាញ់គំរាម និងបង្ខំឲ្យប្រជាជនចាកចេញពីផ្ទះសម្បែងរយៈពេល៣ថ្ងៃ។ កងទ័ពខ្មែរក្រហមធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យប្រជាជនចាកចេញពីទីក្រុងភ្នំពេញ មិនថាចាស់ជរា ក្មេងៗ ឬស្រ្ដីមានផ្ទៃពោះជិតគ្រប់ខែនោះទេ ហើយនេះគឺជាការជម្លៀសដំណាក់កាលទី១។ ការជម្លៀសដំណាក់កាលទី២ គឺចាប់ពីខែកញ្ញា ១៩៧៥ ដល់ឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសប្រជាជនពីភូមិភាគនិរតី បស្ចិម ទៅភូមិភាគពាយ័ព្យ ដោយខ្មែរក្រហមដឹកប្រជាជនតាមរទេះគោ រថយន្ត ទូក និងកាណូតមកដាក់នៅតាមស្ថានីយរថភ្លើងនានា ដើម្បីជម្លៀសទៅកាន់គោលដៅភូមិភាគពាយ័ព្យ។ ការជម្លៀសដំណាក់កាលទី៣ គឺចាប់ពីចុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ ដោយជម្លៀសប្រជាជនចេញពីភូមិភាគបូព៌ា នៅពេលដែលខ្មែរក្រហមបានប្រកាសសង្រ្គាមជាមួយវៀតណាម និងបានចោទកម្មាភិបាលភូមិភាគបូព៌ាថាជាជនក្បត់។ ខ្មែរក្រហមមានគោលដៅជម្លៀសប្រជាជនពីភូមិភាគបូព៌ាឲ្យអស់។
ផ្សាភ្ជាប់នឹងប្រធានបទខាងលើ គឺខ្មែរក្រហមយកផ្លូវរថភ្លើងជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម។ បន្ទាប់មក លោក ឡុង ដានី ក៏បង្ហាញអ្នកស្ម័គ្រចិត្តកម្ពុជាពីដំណើរទស្សនកិច្ចសិក្សាតាមផ្លូវរថភ្លើងពីស្ថានីយក្រុងភ្នំពេញឆ្ពោះទៅកាន់ស្ថានីយរថភ្លើងខេត្តកំពត។ អ្នកស្ម័គ្រចិត្តកម្ពុជា ដែលបានចូលរួមក្នុងវេទិកាថ្នាក់រៀននៅថ្ងៃនេះ ត្រូវបែងចែកជាក្រុម ដើម្បីចុះទៅសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជានារីកម្មករស្រែអំបិក នៅសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត និងការដ្ឋានលើកទំនប់ម្លេច ស្ថិតនៅក្នុងឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ អ្នកស្ម័គ្រចិត្តកម្ពុជានឹងត្រូវធ្វើដំណើរទស្សនកិច្ចសិក្សាតាមផ្លូវរថភ្លើងនៅ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍របស់អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំ ក្នុងវេទិកាថ្នាក់រៀន៖
នាងខ្ញុំឈ្មោះ យូ គីមលឹញ គឺជាសិស្សមកពីវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែនក្តុលផ្សារ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលទទួលបានចំណេះដឹងថ្មីៗជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រដ៏ឈឺចាប់ ព្រៃផ្សៃ របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លើសពីនេះទៅទៀត ថ្នាក់សិក្សានេះក៏បានបណ្តុះស្មារតីនាងខ្ញុំផ្ទាល់ ក៏ដូចជាយុវជនដទៃទៀតឲ្យដឹងថា អំពើហិង្សាក៏ដូចជាការដឹកនាំតាមរបបផ្តាច់ការ ធ្វើប្រទេសជាតិធ្លាក់ចូលទៅក្នុងស្ថានភាពអួអាប់។
ខ្ញុំបាទឈ្មោះ សិលា បញ្ញាវុធ គឺជាសិស្សនៃវិទ្យាល័យ ជា ស៊ីម កណ្ដោលជ្រុំ ខេត្តត្បូងឃ្មុំ។ ថ្ងៃនេះខ្ញុំពិតជាមានការសប្បាយរីករាយជាខ្លាំង ដែលបានធ្វើដំណើរពីខេត្តត្បូងឃ្មុំមកកាន់ទីក្រុងភ្នំពេញ។ នៅតាមផ្លូវ ខ្ញុំបានជួបបងប្អូនសិស្សានុសិស្សជាច្រើន និងបានស្គាល់គ្នា។ ខ្ញុំក៏មានបញ្ហាបន្តិចបន្តួចដែរ ព្រោះមិត្តភក្តិដែលមកពីសាលាជាមួយគ្នាពុលឡានហើយក្អួតជាច្រើនដង។ លុះមកដល់ភ្នំពេញ ខ្ញុំនិងអ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់បានធ្វើដំណើរទៅកាន់សាលាភូមិន្ទភ្នំពេញដើម្បីចូលរួមវេទិកាថ្នាក់រៀន និងធ្វើការសំណេះសំណាល ជាមួយលោកគ្រូ ឡុង ដានី ដែលធ្វើបទបង្ហាញពីរបបខ្មែរក្រហម។
នាងខ្ញុំឈ្មោះ អ៊ីម ចរិយា គឺជាសិស្សមកពីវិទ្យាល័យក្រែក។ នាងខ្ញុំសប្បាយរីករាយ និងប្លែកអារម្មណ៍ដែលបានធ្វើដំណើរមកភ្នំពេញ និងបានជួបជុំឣ្នកស្ម័គ្រចិត្តកម្ពុជាផ្សេងទៀត។ សម្រាប់វេទិកាថ្នាក់រៀននៅថ្ងៃនេះ លោកគ្រូ ឡុង ដានី បានធ្វើបទបង្ហាញ និងបង្រៀនឣំពីរបបប្រល័យពូជសាសន៍ ធ្វើឲ្យនាងខ្ញុំយល់ដឹងកាន់តែច្បាស់។ ខ្ញុំសំណូមពរឲ្យមានថ្នាក់រៀនបែបនេះនៅពេលក្រោយៗទៀត។
ខ្ញុំបាទឈ្មោះ វ៉ន ភារុណ គឺជាសិស្សមកពីខេត្តត្បូងឃ្មុំ។ ខ្ញុំមានអារម្មណ៍រំភើបដែលបានចូលរួមវេទិកាថ្នាក់រៀនស្តីអំពី ប្រវត្តិសាស្ត្រខ្មែរក្រហម ព្រោះដឹងពីរបបនេះកាន់តែច្បាស់ជាងមុន និងដឹងពីប្រទេសប្រវត្តិសាស្រ្តប្រទេសកម្ពុជាដែរ។ ជាចុងក្រោយ ខ្ញុំសូមអរគុណលោក ឡុង ដានី និងក្រុមការងារដែលរៀបចំវេទិកាថ្នាក់រៀនបានយ៉ាងល្អ។
អត្ថបទ និង រូបថត ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម