សារ៉ាយ លន់៖ ជំងឺសន្លាក់ខ្ញុំបានធូរស្រាលពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីបានជួបពិគ្រោះជាមួយគ្រូពេទ្យ និងលេបថ្នាំដែលគ្រូពេទ្យបានប្រាប់

ខ្ញុំឈ្មោះ សារ៉ាយ លន់ ភេទស្រី អាយុ៧៣ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិក្ប៉ម ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំនៅផ្ទះមើលចៅ។ គ្រួសារខ្ញុំមានជីវភាពមធ្យម។ ចំ ណែកសុខភាពរបស់ខ្ញុំ គឺឈឺបូសអន្ទង់, ខ្លាញ់រុំបេះដូង, លើសឈាម និងសន្លាក់។

ខ្ញុំធ្លាប់បានជួបជាមួយក្រុមការងារ និងចូលរួមកម្មវិធីរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា បានចំនួនបីដងមកហើយ។ លើកដំបូង ខ្ញុំបានជួបសម្ភាសន៍អំពីប្រវត្តិឆ្លងកាត់របបខ្មែរក្រហមជាមួយអ្នកស្ម័គ្រចិត្តកម្ពុជា។ លើកទីពីរ ខ្ញុំបានចូលរួមក្នុងកម្មវិធីពិនិត្យ និងពិគ្រោះយោបល់ពីបញ្ហាសុខភាពនៅក្នុងឃុំក្ដាញ់ ហើយលើកចុងក្រោយ ខ្ញុំបានចូលរួមក្នុងការជួបជុំក្នុងកម្មវិធីវេទិកាអប់រំពីការថែទាំសុខភាព និងហូបអាហារជាមួយក្រុមគ្រូពេទ្យ ព្រមទាំងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

ខ្ញុំនៅចាំបានថា ខ្ញុំធ្លាប់បាននិយាយអំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមទៅដល់អ្នកមកជួបសម្ភាសន៍ខ្ញុំថា ខ្មែរក្រហមប្រើខ្ញុំឲ្យរែកជីលាមកមនុស្សយកទៅដាក់ស្រែ និងដាក់បន្លែ។ ខ្ញុំប្រាប់បន្តទៀតថា ខ្ញុំធ្លាប់ត្រូវបានជម្លៀសរហូតមកដល់ព្រំប្រទល់ប្រទេសថៃ។ ខ្ញុំពេញចិត្តចំពោះការជួបនិយាយជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាដែលបានមកសម្ភាសន៍ខ្ញុំ ព្រោះថាខ្ញុំចង់និ យា​យប្រាប់រឿងពិតទៅកាន់កូនចៅជំនាន់ក្រោយឲ្យបានដឹង។

មុនពេលមានការជួបជុំលើកទីពីរ ប្រធានភូមិបានមកដល់ផ្ទះខ្ញុំ និងបានអញ្ជើញខ្ញុំឲ្យចូលរួមក្នុងវេទិកាអប់រំអំពីការថែទាំសុខភាព ការពិនិត្យសុខភាព និងពិគ្រោះយោបល់អំពីបញ្ហាសុខភាព ដែលធ្វើឡើងនៅភូមិសម្ដេចពាន់។ ប្រធានភូមិបានប្រាប់ពីគោលបំណងដែលគាត់មកអញ្ជើញខ្ញុំថា ដើម្បីឲ្យទៅទទួលសេវាពិនិត្យសុខភាពរកប្រភេទជំងឺដែលមានក្នុងខ្លួន និងឲ្យចូលរួមក្នុងកម្មវិធីអប់រំសុខភាព។ សមាជិកគ្រួសារខ្ញុំទាំងអស់ មិនបានរារាំង ឬហាមឃាត់ខ្ញុំមិនឲ្យទៅចូលរួមកម្មវិធីនេះទេ។ កូនចៅខ្ញុំត្រេកអរណាស់ពេលដែលបានដឹងដំណឹងនេះ ថែមទាំងបានជូនខ្ញុំទៅដល់ទីតាំងប្រជុំដើម្បីឲ្យខ្ញុំបានទៅពិនិត្យសុខភាពទៀតផង។ ខ្ញុំពេញចិត្តនឹងចូលរួមក្នុងកម្មវិធីនេះណាស់។ មុននឹងចូលរួមក្នុងកម្មវិធីនេះ ខ្ញុំបានគិតថា ខ្ញុំនឹងទទួលសេវាពិនិត្យសុខភាពដោយមិនអស់ប្រាក់ និងការអប់រំពីសុខភាព។

ក្នុងពេលធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីនេះនៅភូមិសម្តេចពាន់ ខ្ញុំមិនភ័យព្រួយពីការចំណាយប្រាក់ដើម្បីធ្វើដំណើរទៅកាន់ទីតាំងពិនិត្យសុខភាពឡើយ ព្រោះក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ប្រាក់មកខ្ញុំមួយចំនួនដើម្បីចាយវាយលើការធ្វើដំណើររបស់ខ្ញុំ។ ខ្ញុំមិនមានការធុញទ្រាន់ក្នុងការចូលរួមក្នុងកម្មវិធីនេះទេ ព្រោះខ្ញុំចង់ដឹង និងចង់ស្ដាប់ក្រុមគ្រូពេទ្យប្រាប់អំពីសុខភាពក្នុងខ្លួនរបស់ខ្ញុំ។ ខ្ញុំនៅចាំថា កម្មវិធីនេះបានផ្ដល់សេវាពិនិត្យសុខភាពដល់ខ្ញុំដោយមិនអស់ប្រាក់ និងផ្ដល់ការអប់រំពីបញ្ហាសុខភាពទៀតផង។ កាលនោះ ខ្ញុំទទួលបានចំណេះដឹងពីកម្មវិធីខ្លះៗដែរ ដូចជា ៖ ខ្ញុំបានយល់ដឹងពីការថែទាំសុខភាព ជាពិសេសការថែទាំជំងឺប្រចាំកាយដែលកំពុងកើតមានរាល់ថ្ងៃដោយខ្លួនឯង។ ខ្ញុំបានយល់ដឹងពីការជ្រើសរើសម្ហូបអាហារដែលជំនួយដល់សុខភាព និងម្ហូបអាហារដែលគួរជៀសវាង។ ខ្ញុំបានយល់ដឹងពីការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមប្រភេទជំងឺ។ ខ្ញុំបានយល់ដឹងពីសារសំខាន់នៃការពិនិត្យសុខភាពជាប្រចាំ (រៀងរាល់៦ខែម្ដង) និងបានយល់ដឹងពីការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ។ ខ្ញុំទទួលផលប្រយោជន៍មួយចំនួនចេញពីកម្មវិធីនេះដូចជា សេវាពិនិត្យសុខភាពដោយមិនអស់ប្រាក់, ការអប់រំពីបញ្ហាសុខភាព និងទទួលបានថវិកាសម្រាប់សោហ៊ុយធ្វើដំណើរទៅចូលរួមក្នុងកម្មវិធី។

បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីនេះ និងបានលេបថ្នាំតាមវេជ្ជបញ្ជារួចមក ជំងឺខ្លាញ់រុំបេះដូងរបស់ខ្ញុំបានធូរស្រាលជាងមុន ហើយកម្លាំងពលំរបស់ខ្ញុំ ក៏គ្រាន់បើជាងមុនដែរ។ ខ្ញុំធ្លាប់មានជំងឺសន្លាក់ពីមុនដែរ ហើយធ្លាប់បានទៅព្យាបាល ប៉ុន្តែមិនបានធូរស្រាលឡើយ។ មុនពេលចូលរួមក្នុងកម្មវិធីនេះ ខ្ញុំឈឺខ្លាំងណាស់។ ប៉ុន្តែខ្ញុំបានធូរស្រាលពីជំងឺនេះម្តងបន្តិចៗ បន្ទាប់ពីខ្ញុំបានទៅជួបគ្រូពេទ្យក្នុងកម្មវិធីជួបជុំដើម្បីពិនិត្យនិងពិគ្រោះយោបល់ពីបញ្ហាសុខភាពនៅភូមិសម្តេចពាន់រួចមក។

ខ្ញុំបានចែករំលែកព័ត៌មានពីការថែទាំសុខភាពដល់អ្នកជិតខាង និងបងប្អូនរបស់ខ្ញុំ ឲ្យ បានយល់ដឹងពីការថែទាំសុខភាពខ្លួនឯង ពីការប្រើប្រាស់ថ្នាំឲ្យត្រឹមត្រូវតាមប្រភេទជំងឺ​ ពីសារសំខាន់នៃការនិត្យសុខភាពជាប្រចាំ និងពីការធ្វើលំហាត់ប្រាណ។

មកដល់ពេល​នេះ និងទៅអនាគត ខ្ញុំនៅតែបន្តប្រើប្រាស់ចំណេះដឹងដែលបានមកពីការចូលរួមក្នុងកម្មវិធីនេះតទៅទៀត ដូចជាការអនុវត្តទៅលើការថែទាំសុខភាព ជាពិសេសការថែទាំជំងឺប្រចាំកាយដែលកំពុងកើតមានរាល់ថ្ងៃ ការហូបអាហារតម ឬ ការជ្រើសរើសម្ហូបអាហារដែលអាចទ្រទ្រង់ដល់សុខភាព និងម្ហូបអាហារដែលគួរជៀសវាង ការប្រើប្រាស់ថ្នាំឲ្យត្រឹមត្រូវតាមវេជ្ជបញ្ជាគ្រូពេទ្យ ការតាមដានសុខភាពជាប្រចាំ និងការទៅត្រួតពិនិត្យសុខភាពជារៀងរាល់៦ខែម្ដង រួមទាំងការហាត់ប្រាណជាប្រចាំផង។

ចំពោះការចូលរួមក្នុងការចូលរួមវេទិកាអប់រំពីការថែទាំសុខភាព ការពិនិត្យសុខភាព និងពិគ្រោះយោបល់ពីបញ្ហាសុខភាពនេះ ខ្ញុំមានអារម្មណ៍ល្អនិងពេញចិត្តណាស់ ដែលក្រុមគ្រូពេទ្យយកចិត្តទុកដាក់ពិនិត្យ និងពិគ្រោះជំងឺជាមួយមនុស្សចាស់ក្នុងភូមិ។ ខ្ញុំមានសំណូមពរចំពោះការបង្កើតកម្មវិធី ឲ្យជួយចាស់ជរាបន្តទៀត។ ខ្ញុំមិនមានចំណុចណាមួយដែលត្រូវកែលម្អសម្រាប់ការអនុត្តកម្មវិធីនេះទេ ព្រោះសម្រាប់ខ្ញុំពេញចិត្តនឹងកម្មវិធីនេះណាស់។

រឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម

ខ្ញុំកើតក្នុងគ្រួសារក្រីក្រមួយ ដែលមានឪពុកឈ្មោះ សារ៉ាយ លៀង ប្រកបរបរធ្វើស្រែ និងម្ដាយឈ្មោះ តីង ប៉ា។ ខ្ញុំមានបងប្អូនបង្កើតចំនួនពីរនាក់។ ខ្ញុំរៀបការជាមួយប្តីខ្ញុំឈ្មោះ មឿន ញ៉ឹល និងមានកូនចំនួន៣នាក់ ក្នុងចំណោមនោះស្លាប់កូនស្រីពៅម្នាក់។

ក្នុងរបបខ្មែរក្រហមខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅក្នុងកងស្រួច។ ខ្មែរក្រហមបានប្រើខ្ញុំឲ្យធ្វើការរែកជីដាក់ស្រែ និងស្រោចដំណាំនៅវាំងកែវ ស្ថិតក្នុងឃុំក្ដាញ់។ ក្រោយមកខ្មែរក្រហមបានបញ្ជូនឲ្យស្ទូងស្រូវនៅកំពង់ចក ស្ថិតនៅខាងកើតឃុំព្រៃល្វា។ ខ្ញុំសម្រាលបានកូនស្រីម្នាក់ ហើយត្រូវបានដាក់ក្នុងមណ្ឌលកុមារ។ ក្រោយពីខ្ញុំសម្រាលកូនបានបីថ្ងៃ ខ្មែរក្រហមប្រើខ្ញុំឲ្យរែកដីបន្តទៀត។ ចំណែកឯកូនស្រីរបស់ខ្ញុំដែលទើបសម្រាលបានបីថ្ងៃនោះ ក៏បានស្លាប់បាត់បង់ជីវិតដោយសារមិនមានទឹកដោះបៅ។ ខ្ញុំឈឺចាប់ណាស់ ពេលដែលខ្ញុំត្រឡប់មកពីធ្វើការវិញ ហើយដឹងថាកូនរបស់ខ្ញុំបានស្លាប់។ នេះគឺជារឿងរ៉ាវដែលខ្ញុំចងចាំ មិនអាចបំភ្លេចបានក្នុងមួយជីវិតរបស់ខ្ញុំ។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

អត្ថបទផ្សេងទៀត៖