ខ្ញុំបាទ សូមថ្លែងអំណរគុណដល់ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់ ចំពោះការលះបង់ ការបំពេញការងារ និងការប្តេជ្ញាចិត្តចំពោះភាពជាអ្នកដឹកនាំសម្រាប់ប្រទេសរបស់ខ្លួន។ ការធ្វើដំណើរទស្សនកិច្ច ទៅកាន់ទី តាំងដែលជាប់ពាក់ព័ន្ធ នឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺមិនមែនជារឿងងាយស្រួលនោះទេ។ ចំណែកឯការរៀនសូត្រអំពីប្រវត្តិសាស្រ្ត ក៏មិនងាយស្រួលដែរ។ ប្រវត្តិសាស្ត្រគឺមិនមែនជាមុខវិជ្ជាដែលងាយស្រួលរៀន ដោយសារធម្មជាតិរបស់មនុស្សមានលក្ខណៈស្មុគ្រស្មាញ បង្កប់នូវមនោសញ្ចេតនា និងពោរពេញទៅដោយឥរិយាបថដែលមិនអាចរៀបរាប់បានអស់សេចក្តី។ ខណៈពេលដែលមនុស្សអាចបញ្ចេញនូវភាពសាហាវឃោរឃៅខ្លាំងយ៉ាងណាក៏ដោយ មនុស្សក៏អាចបង្ហាញនូវភាពស្រស់ផូរផង់ មានសណ្តានចិត្តល្អ និងភាពជាវីរបុរសថែមទៀតផង។ ដោយសារតែប្រវត្តិសាស្ត្រមិនមែនជារឿងងាយស្រួលបែបនេះហើយ ទើបអនាគតរបស់អ្នកទាំងអស់គ្នាក៏មិនងាយស្រួលដូចគ្នាដែរ។
សោកនាដកម្មនៅក្នុងប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា ត្រូវបានចារឹកទុកក្នុងក្រអៅបេះ ដូងនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ៥លាននាក់។ ខណៈពេលដែលអ្នករស់រានមានជីវិត នៃប្រវត្តិសាស្ត្រនេះបានបន្តបាត់បង់ទៅ វាគឺជាកាតព្វកិច្ចរបស់អ្នកទាំងអស់គ្នាក្នុងការថែរក្សាប្រវត្តិសាស្ត្រ នេះ។ ទស្សនវិទូបារាំងឈ្មោះ ហ្វ្រង់ស្វ័រ ម៉ារី អារ៉ូអិត ឬត្រូវបានស្គាល់ថាជា អឹមដឺ វ៉ុលទែរ បាននិយាយ ថា៖« យើងត្រូវផ្តល់ការគោរព ចំពោះអ្នកដែលនៅរស់រានមានជីវិត ហើយយើងត្រូវផ្តល់ការពិត ចំពោះអ្នក ដែលបាត់បង់ជីវិត។»
បើទោះជាអ្នកទាំងអស់គ្នាកំពុងរស់នៅទីណាក៏ដោយអ្នកទាំងអស់គ្នាមិនត្រូវបណ្តោយឲ្យការពិតអំពីអតីតកាលរបស់ប្រទេសកម្ពុជា ត្រូវបានបំភ្លៃ លុបបំបាត់ ឬសាបរលាបនោះឡើយ។ ការប្តេជ្ញាចិត្តរបស់អ្នក ទាំងអស់គ្នាចំពោះសច្ចៈភាពប្រវត្តិសាស្ត្រ គឺជាផ្នែកមួយនៃការតាំងចិត្តដ៏ធំធេងនៅក្នុងជីវិតរបស់អ្នកទាំង អស់គ្នាដែរគឺ៖ ចូរផ្តល់ភាពស្មោះត្រង់ចំពោះខ្លួនឯងផ្ទាល់ អ្នកដទៃ និងពិភពលោកទាំងមូល។
ខណៈពេលដែលអ្នកទាំងអស់គ្នាកំពុងបោះជំហានឆ្ពោះទៅរកអាជីពថ្មីៗ ការអប់រំជាន់ខ្ពស់ ឬវិថីជីវិតណា មួយក៏ដោយ ដែលអ្នកទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើស បន្ទាប់ពីចាកចេញពីកម្មវិធីយុវជនស្ម័គ្រចិត្ត កម្ពុជា៖ ចូរចងចាំថាអ្នកទាំងអស់គ្នាពិតជាធ្លាប់មានឱកាស និងពេលវេលា ក្នុងការប្រែក្លាយពិភពលោក មួយនោះឲ្យមានភាពប្រសើរឡើងវិញដែរ។ គោលបំណងនៃកម្មវិធីយុវជនស្ម័គ្រចិត្តកម្ពុជាគឺបង្ហាញជូនអ្នក ទាំងអស់គ្នានូវភាពស្មុគ្រស្មាញនៃប្រវត្តិសាស្ត្រនេះផង និងផ្សារភ្ជាប់អ្នកទាំងអស់គ្នា ទៅនឹងអារម្មណ៍ថ្មី ដែលទាក់ទងនឹងអតីតកាលនេះផង ហើយថាតើអតីតកាលនេះអាចតម្រែតម្រង់អនាគតរបស់អ្នកទាំង អស់គ្នាដោយរបៀបណា។ អ្នកទាំងអស់គ្នាគួរចាប់យកឱកាសនៃការភ្ជាប់ទំនាក់ទំនង ជាមួយប្រវត្តិសាស្ត្រ នេះដើម្បីធ្វើជាផ្នែកមួយនៃដំណើរជីវិតរបស់ខ្លួនដែរ ដោយសារតែប្រវត្តិសាស្ត្រមិនត្រឹមតែសំខាន់ សម្រាប់ ខ្លួនអ្នកផ្ទាល់ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏កាន់តែសំខាន់ចំពោះការសម្រេចបាននូវអនាគតដ៏ល្អប្រសើរជាងមុនសម្រាប់ប្រទេសជាតិ និងពិភពលោកថែមទៀតផង។ រៀងរាល់ដែលមានថ្ងៃថ្មី ការសម្រេច ចិត្តថ្មី និងការបោះជំហានទៅមុខ គឺសុទ្ធសឹងតែជាឱកាសថ្មីក្នុងការគោរពដល់អតីតកាលតាមរយៈការ ទទួលយកនូវការពិតក្នុងជីវិត។
សូមបួងសួងដល់ទេវតាឆ្នាំថ្មីប្រទានសព្វសាធុការពរដល់អ្នកទាំងអស់គ្នា សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ពីខ្ញុំបាទ ឆាំង យុ
នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជា