នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» ដែលផ្តោតសំខាន់ទៅលើប្រធានបទការជម្លៀសប្រជាជនចេញពីទីក្រុង ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ។ គោលបំណងនៃការរៀបចំវេទិកានេះ គឺចង់ឲ្យយុវជនរៀនសូត្របន្ថែមពីបរិបទប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងនិយមន័យការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងកត្តាគ្រោះថ្នាក់នានាដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍នាពេលអនាគត។ វេទិកានេះនឹងធ្វើឲ្យយុវជនអាចផ្លាស់ប្តូរការគិតពីការប្រព្រឹត្តអំពើហិង្សា មកជាការកសាងសន្តិភាព ក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិ។ វេទិកាថ្នាក់រៀននេះមានយុវជនចូលរួមចំនួន៣១នាក់ ក្នុងនោះស្រីមានចំនួន២៨នាក់ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជាកិច្ចចាប់ផ្តើមលោក ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្មបានដឹកនាំយុវជនដើរទស្សនាពិព័រណ៍រូបថត ស្តីពីសង្គ្រាមកាលពីចុងទសវត្សរ៍ឆ្នាំ១៩៦០ រូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបថតអំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ រូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀតទៅប្រទេសវៀតណាមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីសុំការអន្តរាគមន៍កសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាប្រមាណ៥លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។
បន្ទាប់មកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) ដោយផ្តោតលើប្រធានបទការជម្លៀសប្រជាជនចេញពីទីក្រុង ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ។ លោក ឡុង ដានី បានលើកឡើងថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំមានបីដំណាក់កាល ៖
ដំណាក់កាលទី១) ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីក្រុងនានាចាប់តាំងពីថ្ងៃទី១៧ ខែមសា ឆ្នាំ១៩៧៥។
ដំណាក់កាលទី២) ការផ្លាស់ទីប្រជាជននៅតាមទីជនបទ ក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចិម ភូមិភាគបូព៌ា (រួមបញ្ចូលទាំងការផ្លាស់ទីតាមរថភ្លើងពីភូមិភាគនិរតី និងភូមិភាគបស្ចិម ទៅកាន់ភូមិភាគពា័ព្យ) ចាប់តាំងពីចុងឆ្នាំ១៩៧៥។
ដំណាក់កាលទី៣) ការផ្លាស់ទីប្រជាជនចេញពីភូមិភាគបូព៌ានៅក្នុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨។ លោកបានបញ្ជាក់បន្ថែមទៀតថា កាលពី៤៩ឆ្នាំមុន គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ។ នៅខណៈពេលខ្មែរក្រហមមកដល់ទីក្រុងភ្នំពេញបានរយៈពេលតែ២ទៅ៣ម៉ោង មេដឹកនាំខ្មែរក្រហមបានបញ្ជាឲ្យកងទ័ពរបស់ខ្លួនជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីក្រុងនានាទៅធ្វើការងារពលកម្មដ៏លំបាកវេទនានៅតាមវាលស្រែនៃតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។ កងទ័ពខ្មែរក្រហមបានយកលេសដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញថា សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់នៅទីក្រុងភ្នំពេញ ប្រជាជនត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញតែរយៈពេល៣ថ្ងៃនឹងបានវិលត្រឡប់មកផ្ទះវិញ ដូច្នេះប្រជាជនទាំងអស់មិនចាំបាច់ទ្រព្យសម្បត្តិច្រើនទៅតាមខ្លូន និងចាក់សោផ្ទះទេ។ ប៉ុន្តែការពិតខ្មែរក្រហមមិនបានអនុញ្ញាតឲ្យប្រជាជនត្រឡប់មកផ្ទះវិញពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩)។
បន្ទាប់ពីដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនជម្លៀសច្រើនលើសលប់បានស្លាប់ដោយសារការសម្លាប់ ធ្វើការងារហួសកម្លាំង និងអត់អាហារ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានរកឃើញថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសបង្ខំប្រជាជនចេញពីទីក្រុងភ្នំពេញយ៉ាងហោចណាស់ចំនួនប្រហែល២លាននាក់ រួមមាន៖ បុរស ស្រ្តី មនុស្សចាស់ ក្មេង ព្រះសង្ឃ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកជំងឺ អ្នករបួស ស្រ្តីទើបសម្រាលកូន។ ប្រជាជនទាំងនោះមិនត្រូវបានខ្មែរក្រហមផ្តល់កន្លែងស្នាក់នៅ និងស្បៀងអាហារហូបចុកគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យមានការលំបាកវេទនា និងស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។
តាមការប៉ាន់ប្រមាណ មានប្រជាជនចំនួនចន្លោះពី២ពាន់ ទៅ២ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតនៅអំឡុងពេលបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញ និងការធ្វើដំណើរតាមផ្លូវទៅកាន់ទីជនបទនានា។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមរួមមាន នួន ជា និង ខៀវ សំផន ត្រូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជារកឃើញថា បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជា ការធ្វើមនុស្សឃាត ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ រួមទាំងអំពើអមនុស្សធម៌ផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធនឹងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
នៅក្នុងឱកាសនោះ សិស្សានុសិស្សនៃវិទ្យាល័យ ប៉ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ មានការយកចិត្តស្ដាប់រាល់ការធ្វើបទបង្ហាញរបស់ក្រុមការងាររមជ្ឈមណ្ឌលឯកសារកោះថ្ម រួមទាំងពិព័ររូបថត រូបគំនូរ រូបផែនទីនៅលើជញ្ជាំង និងប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ ដល់ ១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ។ សិស្សានុសិស្សបានកត់ត្រាចំណុចសំខាន់ៗ និងសួរសំណួរទៅកាន់លោក ឡុង ដានី អំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យដើម្បីបកស្រាយសំណួចប់ ដែលធ្វើឲ្យសិស្សានុសិស្សកាន់តែមានសកម្មភាពផុសផុល និងមានភាពស្និតស្នាល។ បន្ថែមពីលើនេះសិស្សានុសិស្សក៏បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនខាងក្រោម៖
នាងខ្ញុំឈ្មោះ ហុង ស្រីនុត គឺជាសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ ក្នុងនាមខ្ញុំជាកូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរួប បន្ទាប់ពីបានស្ដាប់ លោកគ្រូឧទ្ទេស ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មបានធ្វើបទបង្ហាញរួចមក ខ្ញុំយល់ឃើញថា នៅសម័យកម្ពុជាប្រជាធិបតេយ្យ ពិតជាឃោឃៅខ្លាំងណាស់ សម្លាប់ប្រជាជនស្លូតត្រង់ ប្រើឲ្យធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃ បំបែកបំបាក់គ្រួសារ មិនឲ្យរស់នៅជួបជុំគ្នា មិនឲ្យហូបគ្រប់គ្រាន់ និងពេលឈឺគ្មានថ្នាំព្យាបាល។ របបខ្មែរក្រហមបន្សល់ទុកស្រ្តីមេម៉ាយ ជនពិការជាច្រើននាក់ដែលធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងភាពក្រីក្រជាច្រើនឆ្នាំ។ ក្នុងនាមខ្ញុំជាក្មេងជំនាន់ក្រោយ ខ្ញុំត្រូវតែខិតខំសិក្សារៀនសូត្រឲ្យមានចំណេះដឹងទូលំទូលាយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងលុបបំបាត់នូវការរើសអើងផ្សេងៗ ជាពិសេស គឺការលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់ទាំងអស់។ ជាចុងក្រោយនាងខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌឯកសារកោះថ្ម ដែលបានរៀបចំកម្មវិធីនេះឡើងដែលធ្វើឲ្យខ្ញុំយល់ដឹងច្រើនពីរបបកម្ពុជាប្រជាធិបតេយ្យ។
នាងខ្ញុំឈ្មោះ លីន ស៊ីវម៉ី ភេទស្រី គឺជាសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលបានមកចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ នៅពេលដែលខ្ញុំមកដល់ ខ្ញុំបានឃើញរូបភាពពិព័រណ៌ជាច្រើន ហើយលោកគ្រូឧទ្ទេសបានណែនាំខ្ញុំជាក្មេងជំនាន់ក្រោយឲ្យបានដឹងអំពី របបខ្មែរក្រហមដ៏ឃោរឃៅ។ ជាចុងក្រោយ ខ្ញុំចង់ឲ្យមជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំកម្មវិធីវេទិកាថ្នាក់រៀនបន្តទៀត។
អត្ថបទ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា