ហោអដ្ឋិធាតុ

ប្រវត្តិសាវតារ​នៃ​ហោ​អដ្ឋិធាតុ ឬបណ្ណាល័យ​អដ្ឋិធាតុ ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​នឹង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​ប្រទេស​កម្ពុជា ក៏ដូចជា ការ​តស៊ូរបស់​ប្រជាជន​កម្ពុជា ក្នុង​ការ​ជាសះស្បើយពី​​អតីតកាល​របស់​ខ្លួន។

នៅក្នុង​ឆ្នាំ​២០១៥ បងស្រីរបស់ខ្ញុំ ឈ្មោះ កែវ កុលធីតា ឯកស័ក​ បាន​ទទួល​មរណភាព​ក្រោយ​ពី​បាន​ព្យាយាម​ជម្នះ​នឹង​ជំងឺ​មហារីក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ បងស្រី​របស់​ខ្ញុំ គឺ​ជា​មនុស្ស​គ​ថ្លង់​ពី​កំណើត។ គាត់​ជា​កូន​ស្រី​ពៅ​គេ​បង្អស់​ក្នុងចំណោម​បង​ស្រី​ប្រាំ​នាក់របស់​ខ្ញុំ​។ គាត់​មាន​អាយុ​ខុស​គ្នា​ជាមួយ​ខ្ញុំត្រឹម​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​ គាត់​និង​ខ្ញុំ​ហាក់​បី​ដូចជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា។ មរណភាព​របស់​គាត់​ គឺជា​ពេលវេលា​ដ៏​លំបាក​លំបិន​មួយ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​​បាន​បួស​ជា​សង្ឃនៅវត្តលង្កា ក្រោយការលាចាកលោកទៅ​របស់​គាត់​។ ក្រោយពី​មរណភាព​របស់គាត់ ព្រះសង្ឃ​បាន​លើក​ទឹកចិត្ត​ឲ្យ​ខ្ញុំ​​តាំង​សម្មាធិ ហើយ​ខ្ញុំ​ក៏បាន​​ដើរជុំវិញ​បរិវេណ​ព្រះវិហារ​។ នៅពេល​ដែល​ខ្ញុំ​ដើរ​ជុំ​វិញ​បរិវេណព្រះវិហារ​​ ដោយ​ចៃដន្យ ខ្ញុំ​បាន​សង្កេត​ឃើញ​ពន្លឺ​លេចចេញពី​ប្រឡោះ​តូច​មួយ​នៅក្បែរ​ឆព្វណ្ណរង្សី​នៃ​ព្រះពុទ្ធប្បដិមា។ ខ្ញុំបាន​​ស្នើសុំ​​ព្រះ​សង្ឃនៅ​ក្នុង​វត្ត ​ឲ្យជួយ​​រំកិល​ព្រះពុទ្ធប្បដិមា ដើម្បី​ដឹងថា​តើ​ពន្លឺ​លេចឡើង​នោះ មានប្រភពមកពីណា។ ព្រះសង្ឃប្រមាណជាង​១៥អង្គរួមគ្នា ទើបអាច​រំកិល​ព្រះពុទ្ធប្បដិមា​ធ្វើឡើងពីស៊ីម៉ង់ត៍មួយ​អង្គនេះរួច។ ក្រោយពីរំកិល​ពុទ្ធ​ប្បដិមា យើង​បាន​ប្រទះ​ឃើញ​រូង​បង្កប់​មួយ​ នៅពីក្រោយទ្វារ​មួយ​ផ្ទាំង​ដែល​ជាប់​សោរ និង​ច្រវាក់​។ ​រូង​នៅពីក្រោយទ្វារនេះ​ជាប់សោរនិង​ច្រវាក់នោះ​ មាន​សណ្ឋាន​ងងឹត ​និង​គួរ​ឲ្យ​ព្រឺក្បាល។ ទោះបីជាយ៉ាងនេះក្តី​ យើង​បាន​សម្រេចចិត្ត​បើកទ្វារ​នោះ ដើម្បី​ពិនិត្យថា​តើ​មានអ្វី​នៅពីក្រោយ​។ នៅពេល​ដែល​យើង​បើកទ្វារ ហើយប្រើ​ពិល​ដើម្បីឆ្លុះមើល យើងបាន​ឃើញ​កោដ្ឋ ដែល​ត្រូវបានគរ​ជាគំនរៗ រុំ​ព័ទ្ធជុំជិត​ទៅដោយ​សំបុកពីងពាង, ធូលី និងពីងពាងជាច្រើន​។

គណៈកម្មាធិកា​រ​វត្តលង្កា​ បាន​អនុញ្ញា​ត​ឲ្យ​ខ្ញុំ​​រើយក​កោដ្ឋទាំងអស់​ចេញពីក្នុង​រូងនោះ រួច​ចាត់ថ្នាក់​និង​ថតរូប​ទុកជាឯកសារ​។ យើង​កំណត់​បាន​ថា​មាន​កោដ្ឋ​សរុប​ចំនួន​ ៤៦៤។ កោដ្ឋ​ភាគច្រើន មានសភាព​បាក់បែក ​ធ្វើឲ្យយើង​មិនអាច​កំណត់​អំពី​ព័ត៌មាន​ដែល​សរសេរបិទភ្ជាប់​ទៅនឹង​កោដ្ឋ​ទាំងនោះបាន​ កុំ​ថាឡើយ​កំណត់​ពីអាយុ​នៃ​កោដ្ឋ​ទាំងនោះ។ កោដ្ឋ​ខ្លះ​មាន​កាល​បរិច្ឆេទ​បិទភ្ជាប់ ដែល​យើង​អាច​សន្មតថា កោដ្ឋ​ទាំងនេះ ត្រូវបាន​បន្សល់ពីជំនាន់​សង្គ្រាម​ស៊ីវិល ដែល​កើត​មានឡើង​ក្នុង​អំឡុង​ទសវត្សរ៍ឆ្នាំ​១៩​៨០ ចំណែក​ឯកោដ្ឋ​ខ្លះ​ត្រូវ​បាន​បន្សល់ទុក​ពីដើម​ទសវត្សរ៍ឆ្នាំ​១៩៩០។ ទោះបីជា​យ៉ាង​ណាក្តី ឆ្លងកាត់​ការ​សិក្សា​ស្រាវជ្រាវ​របស់​យើង យើង​ជឿជាក់​ថា ភាគច្រើន​នៃ​កោដ្ឋ​ទាំង ​នេះ ត្រូវបាន​បោះ​បង់ចោល​នៅក្នុង​អំឡុង​ពេល​នៃ​ការជម្លៀសប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ នៅក្នុង​ឆ្នាំ១៩៧៥។

ភ្លាម​ៗ​បន្ទាប់​ពី​ខ្មែរក្រហមកាន់​កាប់​​ទីក្រុង​ភ្នំពេញ​នៅថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​ បាន​បង្ខិត​បង្ខំ​ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំងអស់​ឲ្យចាកចេញ និង​ធ្វើការ​នៅក្នុង​សហករណ៍​ដែល​ខ្មែរ​ក្រហម​បាន​បង្កើតឡើង។​ ប្រជាជន​ ត្រូវ​បាន​បង្ខំ​ឲ្យចាកចេញពី​ទីក្រុង​ ដោយ​នាំ​យកទៅជាមួយ​នូវ​របស់​របរ​បន្តិចបន្តួច ​ដែល​ខ្លួន​អាចកាន់​យកទៅជាមួយ​បាន។ ប្រជាជន​ខ្លះ បាន​នាំ​យក​អដ្ឋិធាតុ​សាច់​សារលោហិត​របស់​ខ្លួន​ ទៅប្រគេន​រក្សាទុក​នៅឯវត្ត​លង្កា ដោយ​ប្រហែល​ជា​រំពឹងថា ខ្លួន​អាចសុំ​យក​អដ្ឋិធាតុ​ទាំងនោះ​ត្រលប់​មកវិញ នៅពេល​ដែល​ខ្លួន​វិល​មកកាន់​ទីក្រុង​ភ្នំពេញ។

ព្រះសង្ឃ​ ដែល​ទទួល​​រក្សា​ទុក​កោដ្ឋ​ទាំងនេះ កាលពីអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ បានទទួល​អនិច្ចធម្ម។ ក្រោយពី​ព្រះតេជគុណ​អង្គនោះ ទទួលអនិច្ចធម្មទៅ ព័ត៌មាន​ស្តីអំពី​រូងតម្កល់​កោដ្ឋ​នេះ ក៏បាន​សាប​សូន្យ​ទៅតាម​ព្រះអង្គ ពីព្រោះថា​ ពុំ​មាន​ព្រះសង្ឃមួយអង្គណា​ នៅក្នុង​វត្ត​លង្កា​ បាន​ជ្រាប​អំពី​រូង​សម្ងាត់នេះឡើយ​ នៅមុនពេល​ត្រូវ​បាន​ពើបប្រ​ទះ​ឃើញ​សា​ជាថ្មី​ នៅក្នុង​ឆ្នាំ​២០១៥។

ដោយមាន​ការ​គាំទ្រយ៉ាង​សប្បុរស​ពី​សំណាក់​ស្ថានទូត​អាមេរិក, ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ និង​ទាហាន​ជើងទឹកសហរដ្ឋ​​អាមេរិក​ ប្រចាំនៅ​ប្រទេស​ជប៉ុន​ យើងបាន​សាងសង់ទូឈើ ​សម្រាប់​ដាក់​តម្កល់​កោដ្ឋទាំងអស់នេះ។ បច្ចុប្បន្ន កោដ្ឋ​ទាំងនេះ ត្រូវបាន​តម្កល់​រក្សាទុក​នៅក្នុង​ទូ​ ចំនួន១០ នៅ​វត្តលង្កា។ ចាប់តាំងពីពេល​ដែលយើង​បាន​ស្រាវ​ជ្រាវ​រកឃើញ​កោដ្ឋ​ទាំងនេះ និង​បាន​តម្កល់​ទុក​នៅ​ទីតាំង​សមរម្យជាងមុន ​នៅវត្ត​លង្កា យើងបាន​ធ្វើ​សេចក្តីប្រកាស​អំពី​វត្តមាន​នៃ​កោដ្ឋ​ទាំងនេះ ដោយ​សង្ឃឹម​ថា ក្រុម​គ្រួសារ​នៃ​កោដ្ឋ​ អាច​មក​ទទួល​យក​ត្រឡប់​ទៅវិញ។ តាមលំអាន​នៃ​​ទំនៀមទម្លាប់ក្នុង​​ព្រះពុទ្ធសាសនា​ កោដ្ឋ​ទាំង​អស់​នេះ ពុំ​អាច​ត្រូវ​បោះបង់ចោលទេ។ កោដ្ឋទាំងនេះ ត្រូវ​ទទួល​បាន​សេចក្តី​គោរព​ឲ្យបាន​សម​ស្របតាម​ប្រពៃណី។ ទោះបីជា​យ៉ាង​ណាក្តី អស់រយៈពេល​ជាង​៨ឆ្នាំ​បន្ទាប់​ពី​ការ​រកឃើញកោដ្ឋទាំងនេះ មានតែ​ក្រុម​គ្រួសារ​ចំនួន​៩ តែ​ប៉ុណ្ណោះ ដែល​បាន​មកទទួល​យក​អដ្ឋិធាតុនៃ​​សាច់​សារលោហិត​របស់​ខ្លួន​ត្រលប់ទៅ​វិញ។ យើង​ជឿជាក់ថា ចំពោះ​កោដ្ឋ​ដែល​បាន​រក្សាទុក​នៅក្នុង​អំឡុងពេល​នៃ​ការ​ជម្លៀស​ចេញពីទីក្រុង​ភ្នំពេញ ​ក្រុម​គ្រួសារ​នៃ​អដ្ឋិធាតុ ដែល​បាន​យក​កោដ្ឋ​មក​តម្កល់​ទុក​នៅក្នុង​អំឡុង​ពេល​នៃ​ការ​ជម្លៀស​កាល​ពីឆ្នាំ​១៩៧៥នោះ អាច​បាត់បង់​ជីវិត​ទៅអស់ហើយ​ ទើបពុំ​អាច​មកទទួល​យកកោដ្ឋ​ទាំងនេះ​ត្រលប់ទៅវិញ។

ឆ្លងកាត់​ការពិភាក្សា​រវាងព្រះចៅអធិការ​វត្ត​លង្កា សម្តេចព្រះ​ធម្មលិខិត​ បណ្ឌិត សៅរ៍ ចាន់ថុល្ល និង​គណៈកម្មាធិការ​សង្ឃគ្រប់គ្រង​វត្តលង្កា ព្រះតេជគុណ បាន​សម្រេចប្រទាន​បន្ទប់​មួយចំនួន​នៅអគារ​កំពុង​សាង​សង់​ថ្មី ក្នុងបរិវេណ​វត្ត​លង្កា ដើម្បី​តម្កល់​កោដ្ឋទាំងនេះ ព្រមទាំងធ្វើជា​បណ្ណាល័យ​និង​ទីតាំង​សម្រាប់​ភ្ញៀវ​ក្នុង​ការ​សិក្សា​រៀន​សូត្រ, សម្មាធិ និង​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ, វប្បធម៌ និង​អត្ថន័យ​ផ្នែក​​សាសនា របស់​កោដ្ឋ​ទាំងនេះ នៅក្នុង​បរិបទនៃ​អត្តសញ្ញាណ​របស់​កម្ពុជា, ទំនៀមទម្លាប់​ក្នុង​ព្រះ​ពុទ្ធសាសនា និង​មនុស្សជាតិ​។ គណៈកម្មាធិការ​សង្ឃ ក៏បាន​ប្រទាន​នូវ​បន្ទប់​តូចចំនួន២ ទុក​សម្រាប់​ភ្ញៀវស្នាក់នៅ ព្រមទាំង​បន្ទប់​មួយទៀត​សម្រាប់​ថ្វាយ​បង្គំព្រះ​ពុទ្ធ​ជា​ម្ចាស់​។ បន្ទប់​ទាំងនេះ រួមគ្នា​បង្កើត​បាន​ជា​ហោអដ្ឋិធាតុ ឬបណ្ណាល័យ​អដ្ឋិធាតុ​​ នៅក្នុង​វត្ត​លង្កា ដែល​ជា​ទីតម្កល់​​កោដ្ឋ​ និង​ជា​បណ្ណាល័យ​តម្កល់​សៀវ​ភៅ អមជាមួយនឹង​ឯកសារ​ប្រវត្តិសាស្ត្រ ​និង​សាសនា។

ជាក់​ស្តែង ការអភិរក្ស និង​ការការពារ​កោដ្ឋ​ទាំងអស់នេះ គឺ​ស្របទៅតាមចក្ខុវិស័យ​របស់​លោក រ៉ាហ្វាអ៊ែល លេមឃីន តាំង​ពី​ឆ្នាំ​១៩៤៤ មក​ម៉្លេះ ក្នុង​ការ​រារាំង​ទប់​ស្កាត់ និង​ផ្តន្ទាទោស​លើ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍។ នៅមុន​ពេល​ដែល​យើង​សម្រេច​កំណត់បាន​នូវ​និយមន័យ​ផ្លូវ​ច្បាប់​នៃ​ឧក្រិដ្ឋ​ប្រល័យពូជសាសន៍​ដូច​សព្វ​ថ្ងៃ លោក លេមឃីន បាន​កំណត់​ថា ការ​បំផ្លិច​បំផ្លាញលើ​វត្ថុ និង​បេតិកភណ្ឌ​វប្បធម៌ គឺជា​ទង្វើមួយ​ដែល​ចាត់​ចូល​ជា​អំពើ​ប្រល័យ​ពូជសាសន៍​លើ​វប្បធម៌។ កិច្ច​ការ​ដែលបម្រើ​ដល់​ការ​កំណត់​អត្តសញ្ញាណ, ការគោរព និង​ការអភិរក្ស​កោដ្ឋ​ទាំងអស់ ដែល​ស្ទើរ​តែបាត់​បង់ទៅដោយសារ​តែ​របប​ខ្មែរក្រហម បង្កឡើង​កាលពីជាង​៥០ឆ្នាំ​មុន ក្នុង​អំឡុងពេល​ជម្លៀសប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ គឺជា​កិច្ចការ​បំពេញបន្ថែម​ចំពោះ​ការតស៊ូ​ឥតឈប់​ឈរ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ប្រល័យពូជសាសន៍​លើ​វប្បធម៌ ដែល​បាន​កើតមានពីអតីតកាល ព្រមទាំងបាន​បន្ត​រហូត​មក​ដល់សព្វ​ថ្ងៃ។

អត្ថបទ ៖​ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖