ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៤នាក់ នៅភូមិឈើទាលជ្រុំ

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន៤៤ក្បាល ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជនចំនួន ៤៤នាក់ ក្នុងនោះស្រី ២៤នាក់ រស់នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក ព្រុំ នួន មេភូមិឈើទាលជ្រុំ បានឡើងថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលបានមកសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិឈើទាលជ្រុំ និងនាំយកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ មកចែកជូនប្រជាពលរដ្ឋក្នុងភូមិរបស់លោក។ លោក ព្រុំ នួនបានផ្តាំផ្ញើកូនក្មួយសិស្សានុសិស្សត្រូវព្យាយាមស្ដាប់ ស្រាវជ្រាវ អានសៀវភៅនេះឲ្យចប់ ព្រោះអាចជាជំនួយដល់ការប្រឡងសញ្ញាប័ត្រទុតិយភូមិនៅឆ្នាំខាងមុខ។

បន្ទាប់មកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាវែង បានឡើងណែនាំខ្លួន និងក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ព្រមទាំងសម្តែងការអរគុណដល់លោក ព្រំ នួន និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរនៅថ្ងៃនេះ។ មុនពេលចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» លោក ឡុង ដានី បានធ្វើការបង្ហាញអំពីទីតាំងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលចាប់បើកដំណើរការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលបំណងដូចខាងក្រោម ៖

១) ផ្សព្វផ្សាយពីប្រវត្តិសាស្រ្តសង្គ្រាម ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០-១៩៩០ ដល់ក្មេងៗជំនាន់ក្រោយឲ្យបានដឹងអំពីប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា។

២) ពង្រឹងសន្តិភាពតាមរយៈការអប់រំដល់ក្មេងៗជំនាន់ក្រោយឲ្យបានដឹងពីផលវិបាកពេលប្រទេសជាតិមានសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ព្រមទាំងវិធីសាស្រ្តទប់ស្កាត់កុំឲ្យអំពើនេះកើតឡើងវិញម្តងទៀត។

៣) ជំរុញឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែកបទពិសោធន៍ និងរឿងរ៉ាវជីវិតដែលធ្លាប់ឆ្លងកាត់នៅក្នុងសម័យសង្គា្រម និងរបបខ្មែរក្រហមដល់យុវជន។

៤) ជួយសម្របសម្រួលលើគម្រោង «ការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

តមកលោក ឡុង ដានី បានស្នើឲ្យយុវជនចំនួន៤នាក់ឡើងអានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ដើម្បឲ្យប្រជាពលរដ្ឋយល់ដឹងខ្លះៗអំពីព្រះរាជដំណើររបស់ហ្លួងម៉ែ និងសម្តេចតា យាងមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៣។ ខ្លឹមសារក្នុងសៀវភៅកំណត់ហេតុនេះ បានបង្ហាញពីភាពទន់ភ្លន់ និងសេចក្តីថ្លៃថ្នូររបស់ហ្លួងម៉ែ ព្រមទាំងព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនរបស់ហ្លួងម៉ែក្នុងព្រះរាជដំណើរពីទីក្រុងប៉េកាំងមកទីក្រុងហាណូយ បន្តព្រះរាជដំណើរដោយរថយន្តតាមផ្លូវលំហូជីមិញចូលមកកាន់ប្រទេសកម្ពុជា។ គោលបំណងក្នុងការចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» នេះ ក៏ចង់ឲ្យយុវជនឈ្វេងយល់ពីរបៀបសរសេរ និងសារសំខាន់នៃកំណត់ហេតុផ្ទាល់ខ្លួនដែរ។

ក្រោយចប់វិធីចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឡើងមានមតិយោបល់ដូចខាងក្រោម ៖

ង៉ែត រី អាយុ៥៩ឆ្នាំ មានប្រសាសន៍ថា «ខ្ញុំពិតជារំភើប និងសប្បាយចិត្តជាខ្លាំងដែល មជ្ឈមណ្ឌលផ្សះផ្សាវាលវែងចុះមកបង្ហាញអំពីប្រវត្តិសាស្រ្ត និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ដល់រូបខ្ញុំ និងអ្នកភូមិទាំងមូល ពិសេសក្មេងៗជំនាន់ក្រោយឲ្យយល់ដឹងអំពីប្រវត្តិសាស្រ្ត និងចងចាំអំពីដំណើរទស្សនកិច្ចរបស់ហ្លួងម៉ែ មកកាន់តំបន់រំដោះនៃប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៣»។

អែម ឆើត មានអាយុ៥៩ឆ្នាំ មានប្រសាសន៍ថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានទទួលសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ពីក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។  ពេលខ្ញុំស្ដាប់ក្មួយៗអានកំណត់ហេតុរបស់សម្ដេចម៉ែរួចមក ខ្ញុំបានទទួលចំណេះដឹងច្រើនអំពីដំណើរយាងរបស់សម្ដេចទាំងទ្វេមកប្រទេសកម្ពុជា និងសង្រ្គាមក្នុងឆ្នាំ១៩៧៣»។  

អត្ថបទ ៖ មឿន ស្រីណុច និង ឡាំ ស្រីនីត អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖