មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំកម្មវិធីពិនិត្យសុខភាពបឋម និងវេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១២០នៅខេត្តកំពង់ចាម

ចន្លោះពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំកម្មវិធីពិនិត្យសុខភាពបឋម និងវេទិកាពិគ្រោះយោបល់ផ្នែកសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសរុបចំនួន១២០ ក្នុងនោះមានប្រុស៤៨នាក់ និងស្រី៧២នាក់ មកពីស្រុកចំនួន៣នៃខេត្តកំពង់ចាម គឺស្រុកជើងព្រៃ ស្រុកព្រៃឈរ និងស្រុកស្រីសន្ធរ។ វេទិកាដែលផ្ដល់ការពិនិត្យសុខភាពបឋម និងពិគ្រោះយោបល់ផ្នែកសុខភាពនេះប្រព្រឹត្តទៅដោយមានការចូលរួមពីវេជ្ជបណ្ឌិត ឡាវ ហាវ៉ាន, ក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត គឹម សុខសុធី, ម៉ាន់ សុឃីម និង ចន្ថា សិលារដ្ឋ ព្រមទាំងក្រុមការងារគម្រោង «ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។

នៅក្នុងឆ្នាំ២០២៣នេះ អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រចាំខេត្តកំពង់ចាម ចុះជួបសួរសុខទុក្ខ និងស្ដាប់បទពិសោធន៍របស់អ្នករស់រានមានជីវិតសរុបចំនួន៤០៩នាក់ដែលរស់នៅស្រុកទាំង៥ក្នុងខេត្តកំពង់ចាម រួមមាន ស្រុកកំពង់សៀម, ស្រុកកោះសូទិន, ស្រុកស្រីសន្ធរ, ស្រុកជើងព្រៃ និងស្រុកព្រៃឈរ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបាននិយាយចែករំលែកអំពីស្ថានភាពសុខភាពបច្ចុប្បន្នរបស់ខ្លួន និងនិយាយប្រាប់អំពីបទពិសោធន៍ និងការបាត់បង់ក្នុងរបបខ្មែរក្រហម។

សែម ស៊ីថា អ្នកស្ម័គ្រចិត្តកម្ពុជា ដែលបានចុះជួបជាមួយអ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហមនៅស្រុកស្រីសន្ធរ បញ្ជាក់ថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតែចងចាំមិនភ្លេចអំពីបទពិសោធន៍ដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ វេទិកាដែលផ្ដល់ការពិនិត្យសុខភាពបឋម និងពិគ្រោះយោបល់ផ្នែកសុខភាពនេះ គឺពិតជាសំខាន់សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលអាចដឹងអំពីស្ថានភាពសុខភាព និងក្រើនរំឭកអំពីការថែទាំសុខភាពរបស់ខ្លួន។

ម៉ាន់ សុឃីម និស្សិតពេទ្យស្ម័គ្រចិត្ត បានលើកឡើងថា «ក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះពិនិត្យពិនិត្យសុខភាពបឋម និងពិគ្រោះយោបល់ផ្នែកសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានអាយុចន្លោះពី៥០-៨០ឆ្នាំ នៅស្រុកជើងព្រៃ ស្រុកព្រៃឈរ និងស្រុកស្រីសន្ធរ នៃខេត្តកំពង់ចាម»។ សុឃីម បន្តថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីស្រុកជើងព្រៃ និងស្រុកព្រៃឈរ ដែលមានអាយុចន្លោះពី៥០-៦០ឆ្នាំ ទទួលបានការពិនិត្យសុខភាពបឋម រួមមាន ការវាស់សម្ពាធឈាម វាស់កម្រិតជាតិស្ករក្នុងឈាម វាស់ជីពចរ វាស់ចង្វាក់បេះដូងដោយម៉ាស៊ីន ECG និងវាស់អុកស៊ីសែនក្នុងឈាម។ ក្រោយពីការពិនិត្យសុខភាពបឋម គួបផ្សំនឹងការសាកសួរព័ត៌មានបន្ថែម យើងសង្កេតឃើញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនមានបញ្ហាសុខភាពទាក់ទងនឹងជំងឺលើសសម្ពាធឈាម  ជំងឺទឹកនោមផ្អែម ជំងឺក្រពះពោះវៀនរាំរ៉ៃ និងប្រហែល៥%ទៀតមានជំងឺថប់អារម្មណ៏។

ចំណែកឯអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកស្រីសន្ធរ ដែលមានអាយុចាប់ពី៦០-៨០ឆ្នាំ ទទួលបានការពិនិត្យសុខភាពបឋមដោយក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត។  មិនខុសពីស្រុកជើងព្រៃ និងព្រៃឈរ, អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកស្រីសន្ធរ មានបញ្ហាសុខភាពទាក់ទងការខ្វះជាតិស្ករច្រើនជាងមានជំងឺទឹកនោមផ្អែម។ ជាការសង្កេតឃើញ ពួកគាត់ភាគច្រើននៅមានការលំបាកច្រើន ដោយសារតែកង្វះខាតថវិកា ហើយភូមិដែលពួកគាត់រស់នៅគឺស្ថិតនៅឆ្ងាយពីកន្លែងផ្ដល់សេវាពិនិត្យសុខភាព។ បន្ថែមលើនេះទៀត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកស្រីសន្ធរ មិនមានការយល់ដឹងអំពីការថែទាំសុខភាព ដែលតម្រូវឲ្យលោកវេជ្ជបណ្ឌិត និងក្រុមនិស្សិតពេទ្យស្ម័គ្រចិត្តយើងពន្យល់គាត់អំពីការថែទាំសុខភាព និងការពិគ្រោះយោបល់ផ្នែកសុខភាពបន្ថែមទៀត។

កម្មវិធីនេះមិនត្រឹមតែផ្ដល់ការពិនិត្យសុខភាពបឋម និងការពិគ្រោះយោបល់ផ្នែកសុខភាពនោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិយាយចែករំលែកនូវរឿងរ៉ាវជីវិតដែលខ្លួនចងចាំមិនភ្លេច និងគ្រាលំបាកនៅក្នុងរបបខ្មែរក្រហមរៀងៗខ្លួន។ ខាងក្រោមនេះ គឺជាសក្ខីកម្មរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ៖

ធាម បូវិន អាយុ៦១ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មកពីភូមិអណ្ដូងក្រាំង ឃុំស្រមរ ស្រុកជើងព្រៃ បង្ហាញអារម្មណ៍សប្បាយចិត្តបន្ទាប់ពីទទួលបានការពិនិត្យសុខភាពបឋម និងចែករំលែករឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហមថា «នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានជម្លៀសមករស់នៅភូមិទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាមវិញ។ ខ្ញុំត្រូវបានចាត់ចូលក្នុងកងចល័តកុមារជំទង់។ កងចល័តកុមារជំទង់ចែកចេញជា២កង គឺកងកុមារមូលដ្ឋានចាស់ និងកងកុមារថ្មី។ ខ្ញុំត្រូវបានបញ្ជូនទៅលើកភ្លឺស្រែ និងរកបន្លែដាក់រោងបាយសហករណ៍។ ខ្ញុំត្រូវធ្វើការពីម៉ោង៦ព្រឹករហូតម៉ោង១១ព្រឹក និងធ្វើការបន្តពីម៉ោង១រសៀលដល់ម៉ោង៥ល្ងាច។ ប្រសិ​នបើខ្ញុំធ្វើការមិនរួចរាល់តាមផែនការទេ គឺខ្ញុំត្រូវធ្វើបន្តទាល់តែរួចទើបបានឈប់។ ចំណែកការហូបចុក គឺមិនគ្រប់គ្រាន់ទេ។ ខ្ញុំមានការលំបាកនៅខែវស្សា ព្រោះទឹកលិចកន្លែងស្នាក់នៅ។ មានតែទីទួលមួយប៉ុណ្ណោះដែលលិចមិនដល់។ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅវាយកណ្ដុរ និងយាមស្រូវ។ អ្វីដែលខ្ញុំរន្ធត់ខ្លាំងនោះគឺ នៅចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩ ខ្ញុំឃើញមនុស្សជាច្រើនត្រូវបានចាប់យកវាយសម្លាប់ចោល។ ហេតុការណ៍ដែលធ្វើឲ្យខ្ញុំកាន់តែរន្ធត់នោះគឺ កុមារផ្សេងទៀតដែលធ្វើការជាមួយខ្ញុំក្នុងកងកុមារជំទង់ ក៏ត្រូវបានយកទៅវាយសម្លាប់ចោលជាមួយឪពុកម្ដាយដែលជាប្រជាជនថ្មីដែរ។ នៅពេលនោះ បងប្រុសរបស់ខ្ញុំក៏រងគ្រោះដែរ។ ខ្ញុំនៅតែចងចាំបងប្រុសរបស់ខ្ញុំ។ ខ្ញុំអាចរស់រានមានជីវិត បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះពីរបបខ្មែរក្រហម។ ខ្ញុំរីករាយក្នុងការរស់នៅជាមួយសង្គមសន្តិភាពនាពេលបច្ចុប្បន្ន និងមិនចង់ឲ្យរបបនេះវិលត្រឡប់មកវិញម្តងទៀតទេ»។

ជា វណ្ណា អាយុ៧៦ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និយាយអំពីបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហមថា «នៅពីក្មេង ខ្ញុំទៅរៀនសូត្ររហូតចប់បាក់ឌុប។ នៅឆ្នាំ១៩៧០ ក៏មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ បន្ទាប់មក ខ្ញុំត្រូវបានជ្រើសរើសឲ្យចូលក្រុមកម្មង់ដូសិស្ស ប៉ុន្តែត្រូវបានឪពុករបស់ខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំទៅធ្វើកុម្មង់ដូទេ ទើបក្រោយមកខ្ញុំឈប់រៀន និងមកនៅផ្ទះវិញ។ នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនកុមារ។ ខ្ញុំបង្រៀនកុមារ ថ្នាក់ទី២ និងថ្នាក់ទី៣។ ការបង្រៀនរបស់ខ្ញុំ ចាប់ផ្ដើមពីម៉ោង៧ព្រឹក ដល់ម៉ោង១១ព្រឹក ចំណែកឯពេលរសៀលគឺជាម៉ោងអនុវត្ត ដែលខ្ញុំត្រូវដឹកនាំកុមារទាំងអស់ ទៅធ្វើពលកម្ម ដូចជា កាច់ពោត និងជីកដំឡូង។ ខ្ញុំសូមបញ្ជាក់ថា មុនពេលមករៀន កុមារទាំងអស់ត្រូវងើបនៅម៉ោង៤ទៀបភ្លឺទៅកើបអាចម៍គោ។ អ្វីដែលខ្ញុំបង្រៀន គឺលេខ និងអក្សរខ្មែរ។ ខ្ញុំក៏ធ្លាប់ត្រូវបានបញ្ជូនឲ្យទៅរៀនវគ្គគរុកោសល្យដែរ។ ខ្ញុំគឺជាគ្រូមូលដ្ឋានក្នុងភូមិ និងមានរបបហូបគ្រប់គ្រាន់។ ទោះបីយ៉ាងណា ខ្ញុំបានបាត់បង់កូនម្នាក់ និងអ៊ំៗចំនួនក្នុងរបបខ្មែរក្រហម។ អ្វីដែលខ្ញុំចង់ឲ្យក្មេងជំនាន់ក្រោយដឹងពីរបបខ្មែរក្រហមនោះគឺ គ្មានការអប់រំត្រឹមត្រូវនោះទេនៅពេលនោះ ហើយប្រជាជនត្រូវទទួលរងការលំបាក និងជិះជាន់កម្លាំងពលកម្ម»។

វ៉ា គឹមអៀន អាយុ៦២ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចែករំលែកការចងចាំអំពីដំណើរជីវិតរបស់ខ្លួនក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហមថា «កាលពីកុមារ ខ្ញុំមិនបានរៀនសូត្រទេ ពីព្រោះខ្ញុំពេញវ័យ នៅពេលដែលសង្រ្គាមផ្ទុះឡើង។ នៅឆ្នាំ១៩៧៣ ពេលដែលសង្រ្គាមបានផ្ទុះឡើងខ្លាំង ខ្ញុំត្រូវបានដាក់ឲ្យចូលធ្វើការនៅកងចល័តនៅក្នុងតំបន់រំដោះម្ដុំព្រៃស្រឡាច។ នៅពេលនោះ មិនមានប្រជាជនរស់នៅជិតផ្លូវជាតិនោះឡើយ។ នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានបញ្ជូនទៅលើកដីនៅតំបន់បឹងធំ និងការដ្ឋានមួយចំនួនទៀតនៅក្នុងស្រុកព្រៃឈរ។ នៅក្នុងឆ្នាំ ១៩៧៦ ខ្ញុំត្រូវបានផ្លាស់ទៅធ្វើការងារនៅចម្ការកៅស៊ូនៅតំបន់ស្វាយមាស ម្តុំស្រុកចំការលើ ខេត្តកំពង់ចាម។ នៅចម្ការកៅស៊ូ ខ្ញុំត្រូវបានបង្រៀនឲ្យជារជ័រកៅស៊ូ និងដាំដំណាំជាច្រើនមុខទៀត។ នៅក្នុងឆ្នាំ១៩៧៧ នៅពេលកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចូលមក មានមនុស្សជាច្រើនត្រូវបានស្រាវជ្រាវ និងយកទៅសម្លាប់ចោល។ ពេលខ្លះ កម្មាភិបាលខ្មែរក្រហមមកពីនិរតីបានចុះមកចាប់ប្រជាជនទៅសម្លាប់ចោលនៅក្នុងចម្ការកៅស៊ូជ្រៅៗ។ ខ្ញុំបានរួចផុតជីវិតពីការចុះចាប់សម្លាប់នាពេលនោះ និងវិលត្រឡប់មករស់នៅភូមិកំណើតវិញ»។

ឈឺម ឈិន អាយុ៧៧ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រំឭកអំពីការចងចាំពីរបបខ្មែរក្រហមថា «នៅពីក្មេង ខ្ញុំទៅរៀនសូត្ររហូតដល់ថ្នាក់ទី១។ នៅឆ្នាំ១៩៧៥ ខ្ញុំធ្វើជាគ្រូបង្រៀនកុមារនៅថ្នាក់ទី៥។ ក្នុងមួយថ្នាក់គឺមានកុមារសរុបចំនួន២៥-៣០នាក់។ នៅព្រឹកព្រលឹម ខ្ញុំត្រូវដឹកនាំកុមារទាំងអស់ទៅកើបអាចម៍គោតាមផ្ទះអ្នកភូមិ។ ខ្ញុំបង្រៀនកុមារអំពី លេខ និងអក្សរ ចាប់ពីម៉ោង៧ដល់ម៉ោង១១ព្រឹក។ នៅពេលរសៀល គឺជាពេលចេញទៅឃ្វាលគោល។ បទពិសោធន៍ដែលខ្ញុំចាំមិនភ្លេចនៅរបបខ្មែរក្រហម គឺការហូបតែបបររាវ»។

អត្ថបទ ៖ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖