ចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយលោក ស៊ាង ចិន្ដា, ទូច វណ្ណេត, សាំង ចាន់ធូ និង លី ដេវីត ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង៩០០នាក់កំពុងរស់នៅក្នុងស្រុកចំនួន៤នៃខេត្តកំពង់ចាម រួមមាន ស្រុកជើងព្រៃ ស្រុកកំពង់សៀម ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន។
ការចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងគោលបំណងផ្ដល់នូវឯកសារប្រវត្តិសាស្រ្តដ៏មានតម្លៃ ដែលជាស្នាព្រះហត្ដផ្ទាល់របស់ហ្លួងម៉ែ ទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីរំឭកអំពីបរិបទប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងរឿងរ៉ាវដែលបានកើតឡើងអំឡុងពេលនោះ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បង្ហាញនូវអារម្មណ៍រំភើបរីករាយ និងរំឭកអំពីបទពិសោធន៍ដែលពួកគាត់ធ្លាប់ឆ្លងកាត់សង្រ្គាម និងរបបខ្មែរក្រហមដូចខាងក្រោម ៖
ឈឹម ឈិន អាយុ៧១ឆ្នាំ រស់នៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រៀបរាប់ថា ៖ «កាលពីក្មេងខ្ញុំមិនបានទៅរៀនសូត្រទេ ព្រោះតែជីវភាពគ្រួសារពេលនោះគឺលំបាកខ្លាំងណាស់។ ខ្ញុំកើតនៅក្នុងគ្រួសារកសិករ។ នៅពេលដែលប្រទេសមានសង្គ្រាម គ្រួសាររបស់ខ្ញុំបានរត់ភៀសខ្លួនចេញពីភូមិ។ រហូតដល់ឆ្នាំ១៩៧៤ ទើបខ្ញុំវិលត្រឡប់មកភូមិវិញ។ កងទ័ពរំដោះខ្មែរក្រហមបានឈ្នះលើរបប លន់ នល់ នៅឆ្នាំ១៩៧៥ ហើយខ្ញុំត្រូវបានអង្គការចាត់ចូលធ្វើការក្នុងកងចល័តធ្វើស្រែ និងចម្ការ។ អង្គការមិនផ្តល់របបអាហារឲ្យខ្ញុំហូបគ្រប់គ្រាន់ទេ ប៉ុន្តែខ្ញុំត្រូវធ្វើការពីព្រលឹមទល់ព្រលប់។ ក្រោយមក អង្គការបញ្ជូនខ្ញុំទៅធ្វើការនៅកងឃ្វាលគោក្នុងកសិដ្ឋានវិញ។ ខ្ញុំតែងតែលួចចាប់ត្រីនៅតាមបឹង។ ខ្ញុំមិនដែលប្រកែកតវ៉ាជាមួយបទបញ្ជារបស់អង្គការដាក់ឲ្យធ្វើនោះទេ ពីព្រោះតែខ្ញុំខ្លាចស្លាប់។ ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំធ្វើយ៉ាងណាឲ្យតែរួចផុតពីសេចក្ដីស្លាប់។ ខ្ញុំរួចផុតពីទុក្ខវេទនា និងការកាប់សម្លាប់ បន្ទាប់ពីប្រទេសត្រូវបានរំដោះ»។
ឆេង ទុយ អាយុ៨៦ឆ្នាំ រស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រសាសន៍ថា ៖ «កាលពីកុមារភាពខ្ញុំចូលរៀននៅសាលាបឋមសិក្សាគគរត្រឹមថ្នាក់ទី៣។ ខ្ញុំឈប់រៀន និងមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅឆ្នាំ១៩៧០ កងទ័ពរំដោះខ្មែរក្រហមចូលមកក្នុងភូមិផ្សព្វផ្សាយទាក់ទាញអ្នកភូមិឲ្យចូលរួមបដិវត្តន៍។ ខ្ញុំក៏ស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ និងធ្វើជាប្រធានកងដឹកជញ្ជូនស្បៀងទៅឲ្យកងទ័ពរំដោះខ្មែរក្រហមដែលកំពុងតែឈរជើងនៅតាមសមរភូមិមុខ។ នៅឆ្នាំ១៩៧២ កងដឹកជញ្ជូនរបស់ខ្ញុំត្រូវបានបញ្ជូនទៅសមរភូមិវាយចូលកាន់កាប់ទីរួមខេត្តកំពង់ចាម ដោយពេលនោះកងទ័ពរំដោះខ្មែរក្រហមបានដាក់កម្លាំងឈរជើងព័ទ្ធជុំវិញទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៤ កងដឹកជញ្ជូនត្រូវបានរំសាយ។ ខ្ញុំត្រូវបានថ្នាក់លើបញ្ជូនទៅការដ្ឋានលើកទំនប់នៅភូមិរកាគយ ប៉ុន្តែក្រោយមកទំនប់បានបាក់ដោយសារតែទឹកជំនន់។ នៅដើមឆ្នាំ១៩៧៦ ខ្ញុំទៅធ្វើស្រែនៅទួលស្រែ។ ចាប់ពីឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមភូមិភាគនិរតីបានចូលមកគ្រប់គ្រង។ នៅពេលនោះ ខ្ញុំត្រូវបានបញ្ជូនទៅលើកទំនប់វិញ។ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចាប់ផ្ដើមចាប់អ្នកភូមិជាច្រើននាក់យកទៅសម្លាប់នៅវត្តគគរ។ ខ្ញុំរួចផុតពីសេចក្ដីស្លាប់ បន្ទាប់ប្រទេសត្រូវបានរំដោះពីខ្មែរក្រហម»។
ឌីម ចាន់នី អាយុ៦៨ឆ្នាំ រស់នៅឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រំឭកថា ៖ «ខ្ញុំមានឪពុកឈ្មោះ ឌីម ផុន និង ម្ដាយឈ្មោះ ទីម យ៉យ។ ខ្ញុំគឺជាកូនទី៨ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន១០នាក់។ ឪពុកម្ដាយខ្ញុំគឺជាអ្នកធ្វើស្រែចម្ការដាំដំណាំគ្រប់មុខទៅតាមរដូវកាល។ នៅពេលសង្រ្គាមផ្ទុះឡើង គ្រួសាររបស់ខ្ញុំមិនបានរត់ភៀសខ្លួនទេ ប៉ុន្តែត្រូវជីករណ្ដៅត្រង់សេការពារខ្លួនពីការទម្លាក់គ្រាប់បែក និងការផ្លោងគ្រាប់ពីទាហាន លន់ នល់។ កាលនោះខ្ញុំត្រូវធ្វើការងារនៅកងដឹកជញ្ជូន។ ពេលខ្មែរក្រហមកាន់កាប់ប្រទេសបានទាំងស្រុងនៅឆ្នាំ១៩៧៥ ខ្ញុំត្រូវផ្លាស់ទៅធ្វើការងារនៅរោងសិប្បកម្ម។ អ្វីដែលខ្ញុំចាំមិនភ្លេចក្នុងរបបខ្មែរក្រហម គឺការធ្វើការងារគ្មានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់ សម្រាប់ខ្ញុំដែលទើបតែសម្រាលកូន។ ខ្ញុំបានទាស់សរសៃ ចំណែកឯប្ដីរបស់ខ្ញុំត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលទាំងមិនទាន់បានឃើញមុខកូន។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបានរួចផុតពីការស្លាប់នៅក្នុងរបបឃោរឃៅខ្មែរក្រហម»។
ដិន សារ៉ន អាយុ៧០ឆ្នាំ រស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រៀបរាប់ថា៖ «ខ្ញុំរៀនដល់ថ្នាក់ទី៩ចាស់នៅសាលាវត្តតាណកទន្លេ និងបួសជាព្រះសង្ឃនៅវត្តតាណកទន្លេ។ នៅឆ្នាំ១៩៧២ ខ្ញុំលាចាកសិក្ខាបទ និងស្ម័គ្រចិត្តចូលបដិវត្តន៍។ ខ្ញុំធ្វើការនៅកងដឹកជញ្ជូនស្បៀងទៅសមរភូមិមុខ និងសែងកងទ័ពរំដោះខ្មែរក្រហមដែលរងរបួសនៅសមរភូមិមុខទៅព្យាបាល។ នៅឆ្នាំ១៩៧៣ បងប្រុសរបស់ខ្ញុំដែលជាកងទ័ពរំដោះឈរជើងស្រុកកំពង់សៀមបានយកខ្ញុំមកធ្វើការនៅកងភស្តុភារបន្ទាយរការគយ។ នៅឆ្នាំ១៩៧៤ ខ្ញុំត្រូវបានដកទៅនៅពាមក្នុង ដើម្បីធ្វើការនៅផ្នែកកសិកម្ម ដែលមានសមាជិកចំនួន១៥នាក់។ នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅរោងចក្រឧស្សាហកម្មផលិតឧបរកណ៍កសិកម្ម។ នៅចន្លោះពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ ខ្ញុំត្រូវបានបញ្ជូនបន្តទៅធ្វើការនៅឡផលិតធ្យូង ដែលមានសមាជិកចំនួន៣០នាក់។ នៅពេលនោះ កងរបស់ខ្ញុំត្រូវកាប់ឈើខ្លឹមដើម្បីយកទៅដុតធ្វើជាធ្យូង។ ខ្ញុំត្រូវក្រោកធ្វើការពីព្រលឹមរហូតដល់ព្រលប់។ នៅដែលពេលរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ខ្ញុំក៏ត្រឡប់មកភូមិកំណើតវិញ។ ខ្ញុំចំណាយពេល២ខែទើបធ្វើដំណើរទៅដល់ផ្ទះ»។
អត្ថបទ និង រូបថត ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម