អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង៩០០នាក់រស់នៅក្នុងស្រុកចំនួន៤នៃខេត្តកំពង់ចាម ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

ចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយលោក ស៊ាង ចិន្ដា, ទូច វណ្ណេត, សាំង ចាន់ធូ និង លី ដេវីត ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង៩០០នាក់កំពុងរស់នៅក្នុងស្រុកចំនួន៤នៃខេត្តកំពង់ចាម រួមមាន  ស្រុកជើងព្រៃ ស្រុកកំពង់សៀម ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន។

ការចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងគោលបំណងផ្ដល់នូវឯកសារប្រវត្តិសាស្រ្តដ៏មានតម្លៃ ដែលជាស្នាព្រះហត្ដផ្ទាល់របស់ហ្លួងម៉ែ ទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីរំឭកអំពីបរិបទប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងរឿងរ៉ាវដែលបានកើតឡើងអំឡុងពេលនោះ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បង្ហាញនូវអារម្មណ៍រំភើបរីករាយ និងរំឭកអំពីបទពិសោធន៍ដែលពួកគាត់ធ្លាប់ឆ្លងកាត់សង្រ្គាម និងរបបខ្មែរក្រហមដូចខាងក្រោម ៖

ឈឹម ឈិន អាយុ៧១ឆ្នាំ រស់នៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រៀបរាប់ថា ៖ «កាលពីក្មេងខ្ញុំមិនបានទៅរៀនសូត្រទេ ព្រោះតែជីវភាពគ្រួសារពេលនោះគឺលំបាកខ្លាំងណាស់។ ខ្ញុំកើតនៅក្នុងគ្រួសារកសិករ។ នៅពេលដែលប្រទេសមានសង្គ្រាម គ្រួសាររបស់ខ្ញុំបានរត់ភៀសខ្លួនចេញពីភូមិ។ រហូតដល់ឆ្នាំ១៩៧៤ ទើបខ្ញុំវិលត្រឡប់មកភូមិវិញ។ កងទ័ពរំដោះខ្មែរក្រហមបានឈ្នះលើរបប លន់ នល់ នៅឆ្នាំ១៩៧៥ ហើយខ្ញុំត្រូវបានអង្គការចាត់ចូលធ្វើការក្នុងកងចល័តធ្វើស្រែ និងចម្ការ។ អង្គការមិនផ្តល់របបអាហារឲ្យខ្ញុំហូបគ្រប់គ្រាន់ទេ ប៉ុន្តែខ្ញុំត្រូវធ្វើការពីព្រលឹមទល់ព្រលប់។ ក្រោយមក អង្គការបញ្ជូនខ្ញុំទៅធ្វើការនៅកងឃ្វាលគោក្នុងកសិដ្ឋានវិញ។ ខ្ញុំតែងតែលួចចាប់ត្រីនៅតាមបឹង។ ខ្ញុំមិនដែលប្រកែកតវ៉ាជាមួយបទបញ្ជារបស់អង្គការដាក់ឲ្យធ្វើនោះទេ ពីព្រោះតែខ្ញុំខ្លាចស្លាប់។ ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំធ្វើយ៉ាងណាឲ្យតែរួចផុតពីសេចក្ដីស្លាប់។ ខ្ញុំរួចផុតពីទុក្ខវេទនា និងការកាប់សម្លាប់ បន្ទាប់ពីប្រទេសត្រូវបានរំដោះ»

 ឆេង ទុយ អាយុ៨៦ឆ្នាំ រស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រសាសន៍ថា ៖ «កាលពីកុមារភាពខ្ញុំចូលរៀននៅសាលាបឋមសិក្សាគគរត្រឹមថ្នាក់ទី៣។ ខ្ញុំឈប់រៀន និងមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅឆ្នាំ១៩៧០ កងទ័ពរំដោះខ្មែរក្រហមចូលមកក្នុងភូមិផ្សព្វផ្សាយទាក់ទាញអ្នកភូមិឲ្យចូលរួមបដិវត្តន៍។ ខ្ញុំក៏ស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ និងធ្វើជាប្រធានកងដឹកជញ្ជូនស្បៀងទៅឲ្យកងទ័ពរំដោះខ្មែរក្រហមដែលកំពុងតែឈរជើងនៅតាមសមរភូមិមុខ។ នៅឆ្នាំ១៩៧២ កងដឹកជញ្ជូនរបស់ខ្ញុំត្រូវបានបញ្ជូនទៅសមរភូមិវាយចូលកាន់កាប់ទីរួមខេត្តកំពង់ចាម ដោយពេលនោះកងទ័ពរំដោះខ្មែរក្រហមបានដាក់កម្លាំងឈរជើងព័ទ្ធជុំវិញទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៤ កងដឹកជញ្ជូនត្រូវបានរំសាយ។ ខ្ញុំត្រូវបានថ្នាក់លើបញ្ជូនទៅការដ្ឋានលើកទំនប់នៅភូមិរកាគយ ប៉ុន្តែក្រោយមកទំនប់បានបាក់ដោយសារតែទឹកជំនន់។ នៅដើមឆ្នាំ១៩៧៦ ខ្ញុំទៅធ្វើស្រែនៅទួលស្រែ។ ចាប់ពីឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមភូមិភាគនិរតីបានចូលមកគ្រប់គ្រង។ នៅពេលនោះ ខ្ញុំត្រូវបានបញ្ជូនទៅលើកទំនប់វិញ។ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចាប់ផ្ដើមចាប់អ្នកភូមិជាច្រើននាក់យកទៅសម្លាប់នៅវត្តគគរ។ ខ្ញុំរួចផុតពីសេចក្ដីស្លាប់ បន្ទាប់ប្រទេសត្រូវបានរំដោះពីខ្មែរក្រហម»

ឌីម ចាន់នី អាយុ៦៨ឆ្នាំ រស់នៅឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រំឭកថា ៖ «ខ្ញុំមានឪពុកឈ្មោះ ឌីម ផុន និង ម្ដាយឈ្មោះ ទីម យ៉យ។ ខ្ញុំគឺជាកូនទី៨ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន១០នាក់។ ឪពុកម្ដាយខ្ញុំគឺជាអ្នកធ្វើស្រែចម្ការដាំដំណាំគ្រប់មុខទៅតាមរដូវកាល។ នៅពេលសង្រ្គាមផ្ទុះឡើង គ្រួសាររបស់ខ្ញុំមិនបានរត់ភៀសខ្លួនទេ ប៉ុន្តែត្រូវជីករណ្ដៅត្រង់សេការពារខ្លួនពីការទម្លាក់គ្រាប់បែក និងការផ្លោងគ្រាប់ពីទាហាន លន់ នល់។ កាលនោះខ្ញុំត្រូវធ្វើការងារនៅកងដឹកជញ្ជូន។ ពេលខ្មែរក្រហមកាន់កាប់ប្រទេសបានទាំងស្រុងនៅឆ្នាំ១៩៧៥ ខ្ញុំត្រូវផ្លាស់ទៅធ្វើការងារនៅរោងសិប្បកម្ម។ អ្វីដែលខ្ញុំចាំមិនភ្លេចក្នុងរបបខ្មែរក្រហម គឺការធ្វើការងារគ្មានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់ សម្រាប់ខ្ញុំដែលទើបតែសម្រាលកូន។ ខ្ញុំបានទាស់សរសៃ ចំណែកឯប្ដីរបស់ខ្ញុំត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលទាំងមិនទាន់បានឃើញមុខកូន។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបានរួចផុតពីការស្លាប់នៅក្នុងរបបឃោរឃៅខ្មែរក្រហម»

 ដិន សារ៉ន អាយុ៧០ឆ្នាំ រស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រៀបរាប់ថា៖ «ខ្ញុំរៀនដល់ថ្នាក់ទី៩ចាស់នៅសាលាវត្តតាណកទន្លេ និងបួសជាព្រះសង្ឃនៅវត្តតាណកទន្លេ។ នៅឆ្នាំ១៩៧២ ខ្ញុំលាចាកសិក្ខាបទ និងស្ម័គ្រចិត្តចូលបដិវត្តន៍។ ខ្ញុំធ្វើការនៅកងដឹកជញ្ជូនស្បៀងទៅសមរភូមិមុខ និងសែងកងទ័ពរំដោះខ្មែរក្រហមដែលរងរបួសនៅសមរភូមិមុខទៅព្យាបាល។ នៅឆ្នាំ១៩៧៣ បងប្រុសរបស់ខ្ញុំដែលជាកងទ័ពរំដោះឈរជើងស្រុកកំពង់សៀមបានយកខ្ញុំមកធ្វើការនៅកងភស្តុភារបន្ទាយរការគយ។ នៅឆ្នាំ១៩៧៤ ខ្ញុំត្រូវបានដកទៅនៅពាមក្នុង ដើម្បីធ្វើការនៅផ្នែកកសិកម្ម ដែលមានសមាជិកចំនួន១៥នាក់។ នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅរោងចក្រឧស្សាហកម្មផលិតឧបរកណ៍កសិកម្ម។ នៅចន្លោះពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ ខ្ញុំត្រូវបានបញ្ជូនបន្តទៅធ្វើការនៅឡផលិតធ្យូង ដែលមានសមាជិកចំនួន៣០នាក់។ នៅពេលនោះ កងរបស់ខ្ញុំត្រូវកាប់ឈើខ្លឹមដើម្បីយកទៅដុតធ្វើជាធ្យូង។ ខ្ញុំត្រូវក្រោកធ្វើការពីព្រលឹមរហូតដល់ព្រលប់។ នៅដែលពេលរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ខ្ញុំក៏ត្រឡប់មកភូមិកំណើតវិញ។ ខ្ញុំចំណាយពេល២ខែទើបធ្វើដំណើរទៅដល់ផ្ទះ»

អត្ថបទ និង រូបថត ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖