នៅសល់រយៈពេលត្រឹមតែ១៦ថ្ងៃទៀតប៉ុណ្ណោះ សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់នឹងត្រូវចូលរួមប្រឡងថ្នាក់ជាតិបញ្ចប់ការសិក្សាទុតិយភូមិ។ ដូច្នេះដើម្បីបានឈ្វេងយល់ឲ្យកាន់តែច្បាស់ថែមទៀតអំពីប្រវត្តិសាស្ត្រខ្មែរក្រហម សិស្សានុសិស្សវិទ្យាល័យ ក្រាំងស្លា បានស្នើសុំឲ្យមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ បើកវគ្គបំប៉នដល់ពួកគាត់អំពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សិស្សានុសិស្សចំនួន៤០នាក់មកពីវិទ្យាល័យក្រាំងស្លា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានមកកាន់មជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ ដើម្បីទទួលបានការពិភាក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ គោលបំណងសំខាន់បំផុតក្នុងការរៀបចំវេទិកានេះឡើងគឺមិនត្រឹមតែផ្តល់លទ្ធភាពដល់យុវជនជំនាន់ក្រោយឲ្យឈ្វេងយល់កាន់តែស៊ីជម្រៅពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការរិះរកវិធីសាស្រ្តទប់ស្កាត់ដើម្បីកុំឲ្យរបបនេះកើតឡើងជាលើកទីពីរ។
ដើម្បីបម្រើដល់គោលបំណងដូចបានរៀបរាប់ខាងលើ វេទិកាថ្នាក់រៀននេះ អនុវត្តតាមរបៀបវារៈសំខាន់ៗចំនួន៣ចំណុចគឺ ៖ ទី១) ផ្តល់ចំណេះដឹងបន្ថែមទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទី២) ពិភាក្សាអំពីវិធានការនានាដើម្បីទប់ស្កាត់ការវិលត្រឡប់នៃរបបខ្មែរក្រហម និង ទី៣) បំផុសស្មារតីឲ្យសិស្សានុសិស្សចេះអត់ឱន និងអធ្យាស្រ័យគ្នា។
ជាដំបូង សិស្សានុសិស្សបានទស្សនាផ្ទាំងពិព័រណ៍រូបថតពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងរបបខ្មែរក្រហមដែលបានតាំងបង្ហាញ នៅផ្នែកខាងមុខការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ បន្ទាប់មក សិស្សានុសិស្សទាំងអស់ចាប់ផ្តើមបំពេញកម្រងសំណួរវាស់ស្ទង់ចំណេះដឹងដែលមានស្រាប់របស់ខ្លួនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម។
តមក លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវបានណែនាំខ្លួន និងប្រាប់អំពីចក្ខុវិស័យនៃការបង្កើតមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ មុនចាប់ផ្ដើមធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងវិធីសាស្រ្តក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ លោក ផេង ពង្សរ៉ាស៊ី បានលើកជាសំណួរ «តើប្អូនបានដឹងអ្វីខ្លះពីរបបខ្មែរក្រហម?» ទៅកាន់អ្នកចូលរួមទាំងអស់ ដើម្បីចង់ដឹងពីចំណេះដឹងពីមុនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ការបំផុសសំណួរនេះ គឺដើម្បីនាំអ្នកចូលរួមទាំងអស់ឲ្យផ្តោតសំខាន់លើប្រធានបទ។ បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី បានឡើងឡើងនូវសំណួរមួយទៀត «តើប្អូនៗចង់ដឹងអ្វីខ្លះទៀតពីរបបខ្មែរក្រហម?»។ សំណួរនេះ បានផ្តល់ឲ្យសិស្សានុសិស្សនូវឱកាសក្នុងការដោះស្រាយចម្ងល់របស់ខ្លួនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលខ្លួនមានតាំងពីយូរមកហើយ ដែលមិនទាន់ត្រូវបានដោះស្រាយ។
ខាងក្រោមនេះ គឺជាចម្ងល់របស់អ្នកចូលរួមអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ៖
១) តើហេតុអ្វីបានជា ប៉ុល ពត ប្រកាន់យកលទ្ធិជ្រុលនិយម។
២) តើនរណាខ្លះគឺជាមេដឹកនាំខ្មែរក្រហម?
៣) តើមូលហេតុអ្វីបានជាមេដឹកនាំខ្មែរក្រហមបង្ខំប្រជាជនឲ្យធ្វើការគ្មានពេលឈប់សម្រាក និងកាប់សម្លាប់ប្រជាជនយ៉ាងព្រៃផ្សៃ?
៤) តើមូលហេតុអ្វីបានជារបបខ្មែរក្រហមកើតឡើងនៅប្រទេសកម្ពុជា?
៥) នៅពេលខ្មែរក្រហមឡើងកាន់អំណាចបានផ្ដល់ផលប៉ះពាល់អ្វីខ្លះ?
៦) តើខ្មែរក្រហមកើតឡើងដោយសារអ្វី?
៧) តើរបបខ្មែរក្រហមមានច្បាប់ទម្លាប់ទេ?
៨) តើហេតុអ្វីបានជាប្រទេសកម្ពុជាធ្លាក់ក្នុងរបបប្រល័យពូជសាសន៍?
៩) តើខ្មែរក្រហមដួលរលំដោយសារអ្វី?
១០) តើមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើងនៅក្នុងរបបខ្មែរក្រហម?
១១) តើមានប្រទេសផ្សេងទៀតប្រព្រឹត្តដូចរបបខ្មែរក្រហមដែរឬទេ?
១២) តើគោលនយោបាយអព្យាក្រឹតមានអ្វីខ្លះ?
១៣) តើខ្មែរក្រហមមានចេញមកពីណា?
១៤) តើបង្កើតរបបខ្មែរក្រហមឡើងដើម្បីអ្វី?
១៥ តើហេតុអ្វីបានជាខ្មែរក្រហមសម្លាប់អ្នកចេះដឹងដែលជាខ្មែរដូចគ្នា? តើពាក្យ «ការកសាង» និង «ការជម្លៀសប្រជាជន» មានន័យដូចម្ដេច?
១៦) តើខ្មែរក្រហមប្រព្រឹត្តអ្វីខ្លះមកលើប្រជាជន?
១៧) តើហេតុអ្វីបានជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានការគំរាមកំហែងដល់ប្រជាជន?
១៨) តើហេតុអ្វីបានជាប្រទេសមហាអំណាចមិនជួយអន្តរាគមន៍ពេលខ្មែរក្រហមកាប់សម្លាប់មនុស្ស?
១៩) តើហេតុអ្វីបានជាខ្មែរក្រហមមានសត្រូវ និងមិនត្រូវគ្នាជាមួយប្រទេសថៃ, អាមេរិក, សូវៀត និង វៀតណាម?
២០) តើហេតុអ្វីដែលជំរុញឲ្យ ប៉ុល ពត សម្លាប់មនុស្សយ៉ាងរង្គៀល?
២១) ប៉ុល ពត បានបង្ខិតបង្ខំឲ្យមនុស្សធ្វើការ និងដាំដំណាំស្រូវបីតោនក្នុងមួយហិកតា តើហេតុអ្វីបានជាប្រជាជនគ្មានអាហារហូប?
២២) តើ ប៉ុល ពត មានប្រវត្តិយ៉ាងណា?
២៣) តើនរណាសម្លាប់ប្រជាជន? ហេតុអ្វីបានជាមានការសម្លាប់?
២៤) តើហេតុអ្វីបានជាសង្រ្គាមវៀតណាម និងខ្មែរក្រហមឆាបឆេះឡើងនៅឆ្នាំ១៩៧៨?
២៥) តើហេតុអ្វីបានជាខ្មែរក្រហមប្រកាន់យកគោលនយោបាយ «មហាលោតផ្លោះមហាអស្ចារ្យ» សម្លាប់បញ្ញវន្ត និងប្រជាជនស្លូតត្រង់ដែលសុទ្ធតែជាជនជាតិខ្មែរដូចគ្នា?
២៦) តើហេតុអ្វីបានជា ប៉ុល ពត និងក្រុមរបស់ ប៉ុល ពត បាននិយាយថាខ្លួនមិនបានសម្លាប់ខ្មែរ? តើវាពិតដែរឬទេ?
២៧) តើហេតុអ្វីបានជាកើតមានរបបខ្មែរក្រហម? តើនរណាគឺជាអ្នកដឹកនាំក្នុងរបបនេះ?
២៨) តើហេតុអ្វីបានជាខ្មែរក្រហមមានឱកាសឡើងកាន់អំណាច?
២៩) តើរបបខ្មែរក្រហមកៀបសង្កត់ប្រជាជនដូចម្តេចខ្លះ?
៣០) តើគោលនយោបាយរបស់ខ្មែរក្រហមដូចម្តេចខ្លះ?
សំណួរទាំងអស់ខាងលើ សិស្សានុសិស្សត្រូវបានកត់ត្រានៅក្នុងក្រដាស ឬសៀវភៅកំណត់ហេតុរបស់ខ្លួន រួចប្រគល់ឲ្យគ្រូឧទ្ទេស ផេង ពង្សរ៉ាស៊ី ដើម្បីឆ្លើយ។ លោក ផេង ពង្សរ៉ាស៊ី មិនបានឆ្លើយសំណួរទាំងនេះភ្លាមៗទេ ព្រោះចង់ឲ្យសិស្សានុសិស្សយកចិត្តទុកដាក់ឈ្វេងយល់ពីមាតិកាប្រវត្តិសាស្ត្រសង្ខេប ដែលលោកនឹងធ្វើបទបង្ហាញនាពេលបន្តិចទៀត និងចង់ដឹងថាតើការធ្វើបទបង្ហាញនេះ ពិតជាបានឆ្លើយតបទៅនឹងសំណួរខ្លះៗហើយឬនៅ។ ដោយសារតែសិស្សានុសិស្សទាំងអស់ចង់ឈ្វេងយល់បន្ថែមពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងរបបខ្មែរក្រហម លោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញសង្ខេបអំពីគោលការណ៍៨ចំណុចរបស់ខ្មែរក្រហម។ បន្ទាប់មក លោក ផេង ពង្សរ៉ា បានចាក់បញ្ចាំងវីដេអូខ្លីមួយមានចំណងជើងថា «កុមារកម្ពុជា» ឲ្យសិស្សទស្សនា។ សិស្សានុសិស្សបានទស្សនាយ៉ាងយកចិត្តទុកដាក់ និងបានបង្ហាញនូវអារម្មណ៍អាណិតអាសូរទៅដល់ក្មេងៗដែលដើរដោយគ្មានគោលដៅ និងមិនមានអាហារហូបគ្រប់គ្រាន់។ ពេលការចាក់បញ្ចាំងត្រូវបានបញ្ចប់ លោក ផេង ពង្សរ៉ាស៊ី បានពន្យល់ពីខ្សែវីដេអូទៅកាន់សិស្សានុសិស្ស។ ចុងបញ្ចប់នៃការពិភាក្សាពីមាតិកាប្រវត្តិសាស្រ្ត លោក ផេង ពង្សរ៉ាស៊ី បានដោះស្រាយរាល់ចម្ងល់ដែលសិស្សបានសួរទាំង៣០សំណួរ។
ទស្សនកិច្ចសិក្សាទៅកាន់មន្ទីរសន្តិសុខក្រាំងតាចាន់
នៅវេលារសៀលថ្ងៃដដែល លោក ផេង ពង្សរ៉ាស៊ី បានបន្តធ្វើបទបង្ហាញអំពីនិយមន័យអំពើប្រល័យពូជសាសន៍ កត្តាគ្រោះថ្នាក់មួយចំនួនដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍ និង វិធីសាស្ត្រសំខាន់ៗមួយចំនួនក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃអំពើប្រល័យពូជសាសន៍។
បន្ទាប់ពីការធ្វើបទបង្ហាញនេះបញ្ចប់ទៅ លោក ផេង ពង្សរ៉ាស៊ី និងក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានដឹកនាំសិស្សទាំងអស់ទៅកាន់ទីតាំងឃុំឃាំង និងសម្លាប់មនុស្សនៅក្រាំងតាចាន់ ដែលបច្ចុប្បន្នជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្រាំងតាចាន់។ នៅទីនោះ សិស្សានុសិស្សបានទស្សនាកន្លែងជាច្រើនរាប់ទាំងកន្លែងដែលខ្មែរក្រហមនាំអ្នកទោសចូល កន្លែងឃុំឃាំង កន្លែងសម្លាប់ គុកក្រោមដី និងសារមន្ទីរតម្កល់អដ្ឋិធាតុអ្នកស្លាប់។ មុននឹងការទស្សនាកន្លែងនានាក្នុងបរិវេណមន្ទីរក្រាំងតាចាន់ លោក ផេង ពង្សរ៉ាស៊ី បានពន្យល់ណែនាំសិស្សពីដើមហេតុដែលនាំឲ្យមានការបង្កើតមន្ទីរសន្តិសុខនេះ ព្រមទាំងមូលហេតុផ្សេងៗដែលនាំឲ្យមានការឃុំឃាំង និងសម្លាប់មនុស្សនៅទីនោះ។
មុនពេលចប់កម្មវិធី សិស្សានុសិស្សបង្ហាញចំណាប់អារម្មណ៍ដូចក្រោម ៖
ខ្ញុំឈ្មោះ ហ៊ត សៅរ៍រី ភេទស្រី អាយុ១៨ឆ្នាំ មកពីវិទ្យាល័យ ក្រាំងស្លា។ ថ្ងៃនេះ ខ្ញុំបានសិក្សាច្រើនទាក់ទងនឹងអំពើប្រល័យពូជសាសន៍ គោលគំនិតរបស់មេដឹកនាំខ្មែរក្រហម និងការដួលរលំនៃរបបខ្មែរក្រហម។ តាយាយរបស់ខ្ញុំធ្លាប់បាននិយាយអំពីជីវិតរបស់គាត់ក្នុងរបបខ្មែរក្រហម។ តាយាយរបស់ខ្ញុំប្រាប់ថា ពួកគាត់ធ្លាប់បានឃើញខ្មែរក្រហមបាញ់សម្លាប់ប្រជាជននៅនឹងមុខគាត់ ប៉ុន្តែគាត់មិនតវ៉ាឬប្រឆាំងខ្មែរក្រហមឡើយ។ តាមដែលនាងខ្ញុំបានរៀននៅសាលា គឺដូចទៅនឹងយាយតារបស់ខ្ញុំធ្លាប់និយាយប្រាប់។ ខ្ញុំយល់ថាចំពោះវេទិកាក្នុងថ្ងៃនេះគឺល្អ ព្រោះបានផ្ដល់ចំណេះដឹងបន្ថែមទៀតបន្ទាប់ពីបានសិក្សានៅសាលារួចមក។
ខ្ញុំឈ្មោះ ព្រុំ ស្រីមួយ ភេទស្រី អាយុ១៩ឆ្នាំ មកពីវិទ្យាល័យ ក្រាំងស្លា។ ខ្ញុំទទួលបានចំណេះដឹងជាច្រើនពីវេទិកានេះ។ យាយតារបស់ខ្ញុំ ធ្លាប់បានប្រាប់ខ្ញុំអំពីជីវិតដែលគាត់ឆ្លងកាត់របបខ្មែរក្រហម គឺដូចដែលនាងខ្ញុំបានរៀនក្នុងថ្ងៃនេះដែរ។ ខ្ញុំបានយល់ខ្លះៗអំពីមូលហេតុដែលបណ្ដាលឲ្យមានរបបខ្មែរក្រហម និងការដួលរលំរបបខ្មែរក្រហម។ នៅក្នុងឆ្នាំ១៩៧៩ ពេលកំពុងមានការទម្លាក់គ្រាប់បែក ឪពុករបស់ខ្ញុំកំពុងតែរត់គេចពីរបបខ្មែរក្រហម។ នាងខ្ញុំយល់ថាវេទិកានេះល្អ និងបានបង្រៀនសិស្សពីប្រវត្តិសាស្រ្តខ្មែរចន្លោះពីឆ្នាំ១៩៧៥-១៩៧៩។ ជាចុងក្រោយ ខ្ញុំសូមអរគុណចំពោះដល់វេទិកានេះ ដែលធ្វើឲ្យនាងខ្ញុំយល់កាន់តែច្បាស់អំពីប្រវត្តិសាស្រ្តខ្មែរក្រហម។
ខ្ញុំឈ្មោះ អន សុភ័ក ភេទប្រុស អាយុ១៨ឆ្នាំ មកពីវិទ្យាល័យ ក្រាំងស្លា។ ខ្ញុំបាទទទួលបានចំណេះដឹងច្រើនពីរបបខ្មែរក្រហម ដែលមានការគៀបសង្កត់ ការគំរាមកំហែង មកលើប្រជាជន។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនខ្មែរធ្វើការហួសកម្លាំង រួមមាន ជីកប្រឡាយ ធ្វើស្រែដោយគ្មានពេលឈប់សម្រាក និងមិនមានអាហារហូបចុកគ្រប់គ្រាន់។ ខ្មែរក្រហមដាក់ផែនការកំណត់ឲ្យប្រជាជនធ្វើស្រែក្នុងមួយហិកតាឲ្យបានបីតោន។ តាយាយរបស់ខ្ញុំធ្លាប់ ឆ្លងកាត់របបខ្មែរក្រហមបាននិយាយថា នៅក្នុងរបបនោះពេលយើងជួបសាច់ញាតិ បងប្អូន គឺយើងធ្វើមិនស្គាល់គ្នា។ ខ្មែរក្រហមបានធ្វើបាប និងដេញបាញ់គាត់ ប៉ុន្តែគាត់មានសំណាងរត់រួចខ្លួន។ តាមដែលខ្ញុំបានរៀន និងបានស្ដាប់តាយាយនិយាយប្រាប់គឺដូចវេទិកាថ្ងៃនេះ។
អត្ថបទ ៖ រឹម ស្រីស្រស់ និង ង៉ាន់ វីន បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា