មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់អទិភាពដល់យុវជនជំនាន់ក្រោយ ក្រោមអាយុ២៥ឆ្នាំ ឲ្យធ្វើកិច្ចការការងារស្ម័គ្រចិត្តដើម្បីជំនួយដល់កិច្ចការងារសង្គម តាមរយៈការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការសិក្សាស្រាវជ្រាវអំពីបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នកស្ម័គ្រចិត្តចំនួន៩២នាក់ ក្នុងនោះមានស្រី៥៨នាក់ ត្រូវបានជ្រើសរើសចេញពីស្រុកពារាំង ស្រុកមេសាង ស្រុកកំចាយមារ និងស្រុកពាមរក៍ មកចូលរួមវគ្គបណ្តុះបណ្តាល កាលពីថ្ងៃទី៦ និងទី៧ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ក្នុងគោលបំណងបង្កើននូវចំណេះដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងគន្លឹះសំខាន់មួយចំនួន ក្នុងការអនុវត្តសកម្មភាពការងារនៅតាមមូលដ្ឋាន។
វគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើ «ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំក្នុងដំណើរការអនុវត្តសកម្មភាពការងារជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការបំពេញកម្រងសំណួរ ស្តីអំពីការវាយតម្លៃបុគ្គលិកលក្ខណៈរបស់អ្នកស្ម័គ្រចិត្ត។ ផ្សាភ្ជាប់ទៅនឹងប្រធានបទខាងលើ អ្នកស្ម័គ្រចិត្តទាំងអស់តម្រូវឲ្យបំពេញនូវកម្រងសំណួរវាស់ស្ទង់សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់អ្នកស្ម័គ្រចិត្ត ក្នុងការបំពេញភារកិច្ចជាអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលជាសាខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ការបំពេញនូវកម្រងសំណួរនេះ នឹងជួយដល់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ក្នុងការវាយតម្លៃថាតើអ្នកស្ម័គ្រចិត្តអាចធ្វើការក្នុងគម្រោងបានដែរឬយ៉ាងណា។ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនេះបានជំរុញឲ្យសិស្ស-និស្សិតមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង ព្រមទាំងបណ្តុះឲ្យអ្នកស្ម័គ្រចិត្តនូវការតាំងចិត្ត ការប្តេជ្ញាចិត្ត ការប្រាកដប្រជា និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ។ បន្ថែមពីលើនេះ អ្នកស្ម័គ្រចិត្តបានយល់ដឹងអំពីតម្លៃនៃការងារស្ម័គ្រចិត្ត និងតម្លៃនៃការជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ជាដំបូង លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានណែនាំខ្លួន និងគម្រោងការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ដែលត្រូវអនុវត្ត គឺគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។ លោកបានលើកទឹកចិត្តឲ្យអ្នកស្ម័គ្រចិត្តទាំងអស់អានសៀវភៅណែនាំអំពីការថែទាំសុខភាព និងជំងឺទាំង១០ប្រភេទដែលកើតមានចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានប្រគល់ជូនដើម្បីយកទៅចែករំលែក និងផ្សព្វផ្សាយព័ត៌មានស្តីអំពីការថែទាំងសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម កំឡុងពេលដែលពុំមានវេជ្ជបណ្ឌិតនៅក្បែរ។ បន្ថែមពីលើផ្នែកសុខភាព លោក ផេង ពង្សរ៉ាស៊ី ក៏ធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ការសិក្សាពីគោលនយោបាយ៨ចំណុចរបស់ខ្មែរក្រហមសម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា ក្នុងការយល់ដឹងនូវប្រវត្តិសាស្ត្ររបស់ខ្លួន និងបានផ្តល់ជាគំនិតបន្ថែមក្នុងការធ្វើបទសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតនៅតាមមូលដ្ឋាន។ ការធ្វើបទបង្ហាញនេះបានធ្វើឲ្យអ្នកស្ម័គ្រចិត្តមានការយល់ដឹងពីទុក្ខលំបាករបស់ប្រជាជនខ្មែរក្នុងរបបខ្មែរក្រហម។
ដំណើរការអនុវត្តកិច្ចការគម្រោង ឬការចុះទៅសម្ភាសន៍អ្នកភូមិ អ្នកស្ម័គ្រចិត្តកម្ពុជា ទទួលបាននូវវិធីសាស្រ្តល្អៗមួយចំនួនដូចជា ១) ការធ្វើទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ២) ការត្រៀមលក្ខណៈសម្បត្តិ ទាំងផ្នែកសម្ភារ និងការរៀបចំខ្លួនឲ្យមានឥរិយាបថល្អដើម្បីចុះទៅសម្ភាសន៍ ៣) វិធីសាស្ត្រសម្ភាសន៍ ៤) វិធីសាស្ត្រសង្ខេប និង៥) វិធីសាស្ត្រក្នុងការបញ្ជូនឯកសារមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា។ វិធីសាស្ត្រដែលបានបង្ហាញខាងលើ គឺអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់មុនធ្លាប់អនុវត្តរួចហើយពេលចុះទៅសម្ភាសន៍អ្នកភូមិរួមមាន ៖ ការថតរូប, ការថតវីដេអូ, ការថតសំឡេង ការសង្ខេបរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ចុងក្រោយលោក ផេង ពង្សរ៉ាស៊ី បង្រៀនអ្នកស្ម័គ្រចិត្តកម្ពុជាដោយផ្ទាល់ពីរបៀបប្រើទូរស័ព្ទដៃដើម្បីរក្សាទុកឯកសារ និងការបញ្ជូនឯកសារមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា។
អ្នកស្ម័គ្រចិត្តមានការសប្បាយរីករាយជាខ្លាំង នៅពេលដែលបានមកចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ជាពិសេសគឺចំណេះដឹងថ្មីចំពោះកិច្ចការងារស្ម័គ្រចិត្ត។ អ្នកស្ម័គ្រចិត្តបានជួបនឹងមនុស្សថ្មី ធ្វើឲ្យពួកគាត់មានភាពក្លាហាន និងបង្កើតទំនាក់ទំនងល្អជាមួយមនុស្សដែលខ្លួនពុំធ្លាប់បានជួបគ្នាពីមុនមក។ អំឡុងពេលសិក្សារៀនសូត្រ អ្នកស្ម័គ្រចិត្តភាគច្រើន ជាពិសេសអ្នកស្ម័គ្រចិត្តដែលកំពុងរៀននៅវិទ្យាល័យ បានបង្ហាញពីការយកចិត្តទុកដាក់ទៅលើវគ្គបណ្តុះបណ្តាល ជាពិសេសគឺរបៀបនៃការសម្ភាសន៍ និងការសរសេរសេចក្តីសង្ខេបរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នកស្ម័គ្រចិត្តមានការរំពឹងថា នៅពេលដែលពួកគាត់ចុះជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ពួកគាត់នឹងទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀតពីប្រវត្តិសាស្ត្រខ្មែរក្រហមដើម្បីជំនួយដល់ការប្រឡងសញ្ញាបត្រទុតិយភូមិនៅថ្ងៃខាងមុខ។
ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាល អ្នកស្ម័គ្រចិត្តបង្ហាញពីចំណាប់អារម្មណ៍ដូចខាងក្រោម ៖
សេន ពន្លឺ អាយុ២៥ឆ្នាំ រស់នៅភូមិស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង
បន្ទាប់ពីបានចូលរៀនវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃមកខ្ញុំទទួលបានចំណេះដឹងថ្មីជាច្រើន ដូចជា ការប្រើប្រាស់សំណួរដែលត្រូវសួរទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការប្រាស្រ័យទាក់ទងជាមួយ តា យាយចាស់ៗ ការសង្ខេបរឿងរ៉ាវ ការថតសំឡេង និងការផ្ញើឯកសារទៅកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំយល់ថាកម្មវិធីបណ្តុះបណ្តាលនេះ ពិតជាល្អសម្រាប់សហគមន៍ ក្មេងជំនាន់ក្រោយ រួមទាំងអ្នកស្ម័គ្រចិត្តកម្ពុជា។ ចំណែកការងារស្ម័គ្រចិត្ត គឺបានជួយដល់ តាយាយដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទទួលបាននូវភាពកក់ក្តៅបន្ទាប់ពីបានផ្តល់បទសម្ភាស៍រួច។ អ្នករស់រានមានជីវិតយល់ថា ទោះបីយ៉ាងណាក្មេងៗជំនាន់ក្រោយនៅតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយចំពោះគាត់ ដោយមិនទុកគាត់ចោលឲ្យនៅឯកាឡើយ បន្ទាប់ពីគាត់ឆ្លងកាត់សម័យកាលដ៏ជូរចត់។
ទ្រី ឡៃអ៊ី ភេទស្រី អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ពាមរក៍
នៅថ្ងៃនេះ ខ្ញុំសិក្សាឈ្វេងយល់អំពីកិច្ចការងារស្ម័គ្រចិត្តមួយចំនួន ដូចជា ចេះទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន វិធីសាស្ត្រក្នុងការជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចេះសួរសំណួរពេលដែលចុះទៅសម្ភាសន៍ មានឥរិយាបថល្អអំឡុងពេលជួបចាស់ទុំ រៀបចំសម្ភារសម្រាប់សម្ភាសន៍ឲ្យបានគ្រប់ចំនួន ដូចជា ត្រៀមទូរសព្ទដើម្បីថតសំឡេង សៀវភៅដើម្បីកត់ត្រា និងចុងក្រោយគឺរបៀបនៃការរក្សាទុកឯកសារឲ្យបានត្រឹមត្រូវ។
ហោ ចាន់ថេន ភេទប្រុស មានអាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ពាមរក៍
សម្រាប់វគ្គបណ្តុះបណ្តាលនេះ ខ្ញុំទទួលបានចំណេះដឹងជាច្រើន ដូចជា បានយល់ដឹងពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ បានទទួលការអប់រំទូន្មានប្រៀនប្រដៅពីលោកគ្រូ ចេះគោរព និងមានឥរិយាបថល្អចំពោះចាស់ទុំ។ ខ្ញុំគិតថាកម្មវិធីនេះបានជួយជំរុញឲ្យសិស្សខិតខំសិក្សាស្រាវជ្រាវរកសាក្សីប្រវត្តិសាស្រ្ត ដើម្បីចងក្រងទុកជាឯកសារសម្រាប់កូនចៅជំនាន់ក្រោយ។ មួយវិញទៀត គម្រោង «ការលើកកម្ពស់សិទ្ធិនិងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នឹងជួយដល់អ្នកដែលបានឆ្លងកាត់របបខ្មែរក្រហម។
ណឹម ស្រីណែត ភេទស្រី អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ពាមរក៍
ខ្ញុំពិតជាសប្បាយចិត្តរីករាយ នៅពេលដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលថ្ងៃនេះ។ ខ្ញុំទទួលបាននូវចំណេះដឹងថ្មីៗជាច្រើន រួមមាន ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្ត្រសម្ភាសន៍អ្នករស់រានមានជីវិត។ បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះខ្ញុំនឹងខិតខំប្រឹងប្រែង ព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីធ្វើកិច្ចការងារស្ម័គ្រចិត្តឲ្យបានល្អ។
អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្កលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា