ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនលោកគ្រូ-អ្នកគ្រូ និងសិស្ស នៅវិទ្យាល័យពាមជាំង

នៅវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើដំណើរទៅដល់វិទ្យាល័យពាមជាំងដើម្បីចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងធ្វើការវាយតម្លៃចំពោះសិស្សានុសិស្សដែលធ្លាប់បានមកទស្សកិច្ចសិក្សា និងចូលរួមវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិតេយ្យ (១៩៧៥ -១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។

ជាកិច្ចចាប់ផ្ដើមលោក ហែម ធារី នាយកវិទ្យាល័យពាមជាំង បានថ្លែងបើកកម្មវិធី និងស្វាគមន៍លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មព្រមទាំងក្រុមការងារទាំងអស់ដែលបានអញ្ជើញមកវិទ្យាល័យពាមជាំង ដើម្បីចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់​ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចំនួន ១៩០នាក់ ក្នុងនោះមានស្រី១០០នាក់។ លោក ហែម ធារី បានបន្តថា ខ្ញុំបាទតំណាងឲ្យលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណដល់ហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានអនុញ្ញាតឲ្យក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ មកចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យពាមជាំងនៅថ្ងៃនេះ។

បន្ទាប់មកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មបានអរគុណដល់លោកនាយកវិទ្យាពាមជាំង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានរៀបចំទទួល និងស្វាគមន៍ក្រុមការងារយ៉ាងកក់ក្តៅ។ មុនពេលចែកសៀវភៅសាក្សីប្រវត្តិសាស្ត្រជូនដល់លោកគ្រូ អ្នកគ្រូ និងប្អូន លោក ឡុង ដានី សង្ខេបអំពីប្រវត្តិមជ្ឈមណ្ឌលឯកសារកោះថ្ម គឺត្រូវបានត្រូវបង្កើតឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម។ ការបើកដំណើការមជ្ឈមណ្ឌលឯកសារកោះថ្មមានគោលបំណងដូចខាងក្រោម ៖

១) បង្ហាញអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩០។

២) ពង្រឹងការកសាងសន្តិភាព និងទប់ស្កាត់ជម្លោះតាមរយៈកម្មវិធីអប់រំជាឱកាសសម្រាប់យុវជនរស់ នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលក្នុងការចូលរួម។

៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែក និងបង្រៀនក្មេងៗនូវបទពិសោធន៍របស់ពួកគាត់ធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។

៤) ប្រមែរប្រមូលចងក្រងរឿងរ៉ាវ និងបទពិសោធន៍ពីអ្នករស់រានមានជីវិតដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម។

៥) ជួយសម្របសម្រួលលើគម្រោងលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ជាចុងក្រោយ លោក ឡុង ដានី បានបន្ថែមថា សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់​ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គឺជាព្រះរាជសំណេរដើម និងមិនបានកែសម្រួល ដោយឆ្លុះបញ្ចាំងអំពីព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមានតាជាតិខ្មែរក្នុងសេរីភាព និងសេចក្តីថ្លៃថ្លូ ក្នុងអំឡុងពេលដែលព្រះអង្គអមព្រះរាជដំណើរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យាងដំណើរតាមយន្តហោះចេញពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដុងហូយ ខេត្តគ័ងប៊ិញនៃ ប្រទេសវៀតណាម និងយាងបន្តដោយរថយន្តតាមបណ្តោយផ្លូវលំហូជីមិញទៅកាន់ខេត្តសៀមរាប ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៣។ ព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេដែលត្រូវចំណាយពេលជាងមួយខែនេះ បានបង្ហាញពីសេចក្តីថ្លៃថ្នូរ និងភាពទន់ភ្លន់របស់ព្រះមហាក្សត្រី ទោះជាព្រះរាជដំណើររបស់ព្រះអង្គស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ី អាគ្នេយ៍នាពេលនោះក្តី។ ព្រះមហាក្សត្រី គឺជាសាក្សីផ្ទាល់ចំពោះប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងរយៈ កាលជាង៧ទសវត្សរ៍កន្លងមក ហើយព្រះអង្គគឺជាឥស្សរជនប្រវត្តិសាស្ត្រដ៏លេចធ្លោមួយព្រះក្នុងអំឡុង ពេលនោះ។ ព្រះរាជសំណេរនៅក្នុងសៀវភៅកំណត់ហេតុរបស់ទ្រង់ផ្តល់នូវព្រះរាជតម្រិះសង្ខេបអំពីជំពូកដ៏សំខាន់នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា។

អត្ថបទ ៖ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖