វេទិកាពិភាក្សាស្តីពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិក្តុលលើ និង ភូមិកូនក្រពី

ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣  ក្រុមការងារគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយមន្ទីរពេទ្យខេវី បានចុះពិនិត្យសុខភាពបឋមជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន១៣០នាក់ នៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ និងភូមិក្តុលលើ ឃុំទន្លូង ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការពិនិត្យសុខភាព និងពិគ្រោះជំងឺដោយលោកវេជ្ជបណ្ឌិត ដោក រដ្ឋា មានរយៈពេលពីរថ្ងៃ។ លទ្ធផលនៃការពិនិត្យសុខភាពបានរកឃើញជំងឺចំនួន៤ប្រភេទធំៗ គឺ៖ ១) ជំងឺលើសឈាម ៩៨ ភាគរយ ២) ជំងឺក្រពះពោះវៀន ៧០ ភាគរយ ៣) ជំងឺសន្លាក់ ៧០ ភាគរយ និង ៤) ជំងឺទឹកនោមផ្អែម មានប្រមាណ ២០ភាគរយ តែប៉ុណ្ណោះ។

វេទិកាពិនិត្យសុខភាពប្រព្រឹត្តទៅរយៈពេលពីរថ្ងៃជាប់គ្នា ដោយមានការចូលរួមពីមេឃុំទន្លូង, មេភូមិក្តុលលើ, ជំទប់ទី១ ឃុំជាំតាម៉ៅ និងមេភូមិកូនក្រពើ។ នៅក្នុងឱកាសនោះ វេជ្ជបណ្ឌិត ដោក រដ្ឋា បានពន្យល់យ៉ាងក្បោះក្បាយពីមូលហេតុដែលបង្កឲ្យមានជំងឺ ការទប់ស្កាត់កុំឲ្យកើតមានជំងឺ ការថែទាំអ្នកជំងឺ ការណែនាំពីវិធីសាស្ត្រព្យាបាល និងកត្តាហានិភ័យ ក៏ដូចជាផលពិបាកផ្សេងៗ ក្រោយពីកើតជំងឺទាំងបួនខាងលើនេះ គឺជំងឺលើសឈាម ជំងឺក្រពះពោះវៀន ជំងឺរលាកសន្លាក់ និងជំងឺទឹកនោមផ្អែម។

១) ជំងឺលើសសម្ពាធឈាម ៖ គឺជាជំងឺដែលបង្កឡើងដោយការរួមតូចនៃសរសៃឈាម ដែលបណ្តាលឲ្យចរន្តឈាមមិនអាចដឹកនាំឈាមចូលក្នុងបេះដូង និងចូលក្នុងខួរក្បាលបានល្អ ទើបអ្នកជំងឺភាគច្រើនមានអាការ ធីងធោង វិលមុខ និងរួយក។ ពេលដែលអ្នកជំងឺមានអាការដូចខាងលើ ត្រូវទៅមន្ទីរពេទ្យពិនិត្យ និងពិគ្រោះជំងឺដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ ទើបអាចរក្សាសម្ពាធឈាមឲ្យនៅក្នុងស្ថានភាពល្អប្រសើរឡើងវិញបាន ដោយមិនឈានទៅរកកម្រិតធ្ងន់ធ្ងរ ដែលអាចបណ្តាលឲ្យពិការមួយចំហៀងខ្លួន ការស្ពឹកស្រពន់ វៀចមុខ ឬវៀចមាត់ ក្នុងករណីខ្លះ អ្នកជំងឺអាចត្រូវឈាមបុកចូលខួរក្បាលខ្លាំងដែលបណ្តាលឲ្យស្លាប់តែម្តង។ ដូច្នេះ សូមកុំខ្លាចក្នុងការទៅទទួលសេវាពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិត ព្រោះយោងតាមវេជ្ជបណ្ឌិតបានឲ្យដឹងថា ថ្នាំព្យាបាលជំងឺលើសឈាមមានការចែកដោយឥតគិតថ្លៃ ជាពិសេស គឺប្រជាជនដែលប្រើប្រាស់ប័ណ្ណក្រីក្រ និងប័ណ្ណ ប.ស.ស. ។

២) ជំងឺទឹកនោមផ្អែម ៖ គឺជាជំងឺដែលសរីរាង្គលែងអាចបញ្ចេញអង្គធាតុអាំងស៊ុយលីន ដើម្បីដឹកនាំជាតិស្ករពីក្នុងឈាមទៅឲ្យសរីរាង្គផ្សេងទៀតបាន ទើបជាតិស្ករក្នុងឈាមមានការកើនឡើង។ ផលវិបាកនៃជំងឺទឹកនោមផ្អែមមានដូចជា ធ្វើឲ្យមានជំងឺស្ទះសរសៃឈាមខួរក្បាល ពិការភ្នែកប្រសិនបើបែកសរសៃឈាមបាតភ្នែក ស្ទះសរសៃឈាមបេះដូង ខូចតម្រងនោម ប្រសិនបើមានរបួសពិបាកព្យាបាលដោយសារកម្រិតស្ករក្នុងឈាមខ្ពស់ពេក។ អ្នកជំងឺទឹកនោមផ្អែមមានអាការ ដូចជា ស្ពឹកស្រពន់ចុងដៃចុងជើង ព្រិលឬស្រវាំងភ្នែក នោមច្រើននៅពេលយប់ ស្រេកទឹកខ្លាំង និងហេវហត់អស់កម្លាំង។ ជំងឺទឹកនោមផ្អែមចែកជា៤ប្រភេទគឺ ១) ជំងឺទឹកនោមផ្អែមដែលកើតលើក្មេងទើបតែកើតអាយុ ៤ ទៅ ៥ខែ ២) ជំងឺទឹកនោមផ្អែមដែលកើតលើមនុស្សវ័យកណ្តាល និងវ័យចាស់ ៣) ជំងឺទឹកនោមផ្អែមដែលកើតឡើងដោយការខូចលំពែងដោយប្រការណាមួយ ឬការវះកាត់លំពែងដែលមិនអាចផលិតអង្គធាតុអាំងស៊ុយលីន បានដែលអាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែម ៤) ជំងឺទឹកនោមផ្អែមកើតពេលស្ត្រីមានផ្ទៃពោះ តែវាអាចបាត់ទៅវិញពេលដែលឆ្លងទន្លេរួច តែក្នុងករណីនេះ គឺមានគ្រោះថ្នាក់ណាស់ដល់កូនក្នុងផ្ទៃ ដោយអាចបង្ករឲ្យស្លាប់កូនក្នុងពោះដោយគ្មានមូលហេតុជាដើម។ ដូច្នេះហើយ ស្ត្រីមានផ្ទៃពោះចាំបាច់ត្រូវទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតឲ្យបានដឹងមុន ដើម្បីព្យាបាលបានទាន់ពេលវេលា។

៣) ជំងឺរលាកសន្លាក់ ៖ ភាគច្រើនកើតលើស្ត្រីដែលមានវ័យចាប់ពីអាយុ៤៥ឆ្នាំ ជាវ័យអស់ឈាមរដូវ ដែលងាយនឹងធ្វើឲ្យមានការពុកឆ្អឹង និងស្ងួតខ្លាញ់សន្លាក់ជាដើម។ ដូច្នេះអ្នកជំងឺត្រូវតមមិនធ្វើការងារធ្ងន់ៗ លើករបស់ធ្ងន់ៗជាដើម និងត្រូវពិសារអាហារដែលមានសារធាតុកាល់ស្យូម ដូចជា ទឹកដោះគោ ដែលជួយឆ្អឹង។ ក្នុងនោះដែរអ្នកជំងឺត្រូវទៅមន្ទីរពេទ្យដើម្បីពិគ្រោះ និងពិនិត្យជំងឺឲ្យបានត្រឹមត្រូវ ជៀសវាងការទិញថ្នាំឈឺសន្លាក់ ឬថ្នាំបំបាត់ការឈឺចាប់ផឹកដោយគ្មានវេជ្ជបញ្ជា ដែលអាចបណ្តាលឲ្យមានការឈឺក្រពះរហូតដល់រ៉ាំរ៉ៃ ឬធ្លាយក្រពះ។

៤) ជំងឺក្រពះពោះវៀន ៖ គឺជាជំងឺម្យ៉ាងដែលបណ្តាលមកពីការហូបអាហារមិនទៀងទាត់ ព្រោះពេលដែលទឹកអាស៊ីតក្រពះបញ្ចេញមកក្នុងក្រពះ គឺក្រពះនឹងត្រូវកិនសាច់ខ្លួនឯងជំនួសអាហារ ហើយបង្កឲ្យមានការរលាកក្រពះ ដែលជំងឺនេះមិនអាចវិនិច្ឆ័យដោយគ្រាន់តែការពិនិត្យឈាម ឬការមើលអេកូសាសន៍បាននោះទេ។ ការពិនិត្យរោគវិនិច្ឆ័យរកមេរោគជំងឺក្រពះ គឺធ្វើឡើងដោយការប្រើឧបករណ៍សុងក្រពះតាមមាត់ ដើម្បីច្រឹបសាច់ក្រពះដែលរលាកមកពិនិត្យដោយឧបករណ៍មេក្រូស្កុប ទើបអាចធ្វើការព្យាបាលបានជាសះស្បើយ។ ករណីខ្លះពេទ្យប្រើឧបករណ៍ផ្លុំមេរោគក្រពះ ដែលអាចទទួលបានលទ្ធផលត្រឹមតែ ៧០ភាគរយ ក្នុងការស្វែងរកមេរោគក្រពះ។ ប្រសិនបើការព្យាបាលមិនបានត្រឹមត្រូវ អាចបណ្តាលឲ្យមានការរលាកបំពង់អាហារដោយសារតែហ្គាសដែលភើចេញពីក្រពះជាប្រចាំ អាចបណ្តាលឲ្យមានដុះសាច់ជិតបំពង់អាហារ ដែលតម្រូវឲ្យធ្វើការវះកាត់ទាញយកពោះវៀនតូច មកតភ្ជាប់ជាមួយបំពង់អាហារ។ ប្រសិនបើសាច់មហារីករាលដាលដល់សារីរាង្គផ្សេងហើយ គឺមានតែប្រើវិធីសាស្ត្រចោះពោះដាក់ទុយោចូលក្រពះដើម្បីផ្តល់អាហារចិញ្ចឹមរាង្គកាយតែប៉ុណ្ណោះ។

ក្រោយពីការពន្យល់ពីបញ្ហាសុខភាព វេជ្ជបណ្ឌិត ដោក រដ្ឋា បានផ្តាំផ្ញើឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផ្លាស់ប្តូររបបអាហារ ព្រោះថ្នាំអាចជួយព្យាបាលបានមួយចំណែកតែប៉ុណ្ណោះ។ បន្ថែមលើនេះ វេជ្ជបណ្ឌិត ដោក រដ្ឋា ក៏បានក្រើនរំឭកប្រជាជនឲ្យទទួលការព្យាបាលត្រឹមត្រូវនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ឬ មណ្ឌលសុខភាពដោយប្រើប្រាស់ប័ណ្ណក្រីក្រឬប័ណ្ណ ប.ស.ស ឬ ថវិកាផ្ទាល់ខ្លួន។

នៅក្នុងឱកាសនោះ លោកស្រី គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ផ្តាំផ្ញើដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកុំទិញថ្នាំដោយគ្មានវេជ្ជបញ្ជា ព្រោះថ្នាំគឺជាអាវុធមុខពីរ។ ការទទួលទានអាហារបានត្រឹមត្រូវ គឺជួយដល់ប្រជាជនមានសុខភាពល្អជៀសផុតពីការកើតជំងឺផ្សេងៗ។ ក្រោយពីទទួលបានសេវាពិនិត្យសុខភាព និងពិគ្រោះជំងឺពីវេជ្ជបណ្ឌិត ដែលបានរៀបចំដោយក្រុមការងារនៃគម្រោង «ការលើកកម្ពស់សិទ្ធ និង ការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» មក អ្នកជំងឺបានទៅទិញថ្នាំលេបតាមវេជ្ជបញ្ជា និងមានការធូរស្បើយពីជំងឺ។

ជាក់ស្តែង មិន ថែម បានលើកឡើងថា មុនពេលគាត់ទទួលការពិនិត្យ និងពិគ្រោះជំងឺពីគ្រូពេទ្យ គាត់ឈឺកដៃខ្លាំងពុំអាចធ្វើការងារបានច្រើន និងមិនអាចច្រត់ដៃបានទេ បន្ទាប់ពីពិគ្រោះជាមួយគ្រូពេទ្យ ហើយគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យទៅទិញថ្នាំកាលពីសប្តាហ៍មុនមកលេប ពេលនេះគាត់លែងឈឺដៃដូចមុន ហើយអាចទៅស្ទូងដកធ្វើការងារប្រចាំថ្ងៃ។

ចំណែក ជិស្មាន់  បានលើកឡើងថា ពេលពិនិត្យសុខភាពគ្រូពេទ្យរកឃើញថាគាត់មានសម្ពាធឈាមឡើងដល់១៩ ដែលធ្វើឲ្យគាត់មានអាការពិបាកក្នុងខ្លួនខ្លាំង ប៉ុន្តែក្រោយពីបានលេបថ្នាំតាមវេជ្ជបញ្ជាមក សម្ពាធឈាមរបស់គាត់បានចុះមកល្អប្រសើរជាងមុន និងលែងមានអាការវិលមុខរួយកទៀត។

ជាចុងបញ្ចប់នៃវេទិកាពិភាក្សាស្តីពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្រុមការងារ បានរៀបចំអាហារថ្ងៃត្រង់ជូនដល់អ្នកចូលរួមទាំងអស់ដើម្បីហូបជុំគ្នា។

អត្ថបទ ៖ គឹម សុវណ្ណដានី បុគ្គលិកគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖